៩២
ទូលបង្គំ​សប្បាយ​ចិត្ត​នឹង​កិច្ចការ​ដែល​ព្រះអង្គ​ធ្វើ
ទំនុកតម្កើង។ ចំរៀង​តម្កើង​ព្រះជាម្ចាស់​នៅ​ថ្ងៃ​សប្ប័ទ*
១ ឱ​ព្រះអម្ចាស់​អើយ
ជា​ការ​ប្រពៃ​ណាស់
ដែល​ទូលបង្គំ​លើក​តម្កើង​ព្រះអង្គ
ស្មូត្រ​ទំនុកតម្កើង​សរសើរ​ព្រះនាម
របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត!
២ ទូលបង្គំ​ប្រកាស​អំពី​ព្រះហឫទ័យ
មេត្តា​ករុណា​របស់​ព្រះអង្គ តាំង​ពី​ព្រលឹម​មក
ហើយ​ប្រកាស​អំពី​ព្រះហឫទ័យ​ស្មោះស្ម័គ្រ
របស់​ព្រះអង្គ​នៅ​ពេល​យប់
៣ ដោយ​លេង​ឃឹម ដេញ​ចាប៉ី និង​ដេញ​ពិណ។
៤ ឱ​ព្រះអម្ចាស់​អើយ កិច្ចការ​ដែល​ព្រះអង្គ​ធ្វើ
បាន​នាំ​អោយ​ទូលបង្គំ​មាន​អំណរ​ដ៏​លើសលប់
ទូលបង្គំ​សប្បាយ​ចិត្ត​នឹង​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ។
៥ ឱ​ព្រះអម្ចាស់​អើយ
ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ​ប្រសើរ​ឧត្ដុង្គឧត្ដម​ណាស់
ព្រះតម្រិះ​របស់​ព្រះអង្គ​ជ្រៅ​ពន់​ប្រមាណ!
៦ មនុស្ស​ល្ងីល្ងើ​មិន​យល់​អ្វី​ទាំង​អស់
ហើយ​មនុស្ស​ឆោត​ល្ងង់​ក៏​មិន​ដឹង​អ្វី​ដែរ។
៧ មនុស្ស​អាក្រក់​លូត​លាស់​ឡើង​ដូច​ស្មៅ
ហើយ​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ប្រព្រឹត្ត
អំពើ​ទុច្ចរិត​ក៏​រីក​ដុះដាល​ឡើង​ដែរ
ប៉ុន្តែ គេ​នឹង​ត្រូវ​វិនាស​អន្តរាយ​រហូត​ត​ទៅ។
៨ រីឯ​ព្រះអង្គ​វិញ នៅ​ស្ថាន​លើ
ព្រះអង្គ​នៅ​តែ​ជា​ព្រះអម្ចាស់​ជានិច្ច!
៩ ឱ​ព្រះអម្ចាស់​អើយ
ខ្មាំង​សត្រូវ​របស់​ព្រះអង្គ​កំពុង​តែ​វិនាស
អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
នឹង​ត្រូវ​ខ្ចាត់ខ្ចាយ​អស់​ទៅ។
១០ ព្រះអង្គ​ប្រទាន​អោយ​ទូលបង្គំ
មាន​កម្លាំង​ដូច​ដំរី​
ព្រះអង្គ​បាន​ចាក់​ប្រេង​ថ្មី​មក​លើ​ទូលបង្គំ។
១១ ទូលបង្គំ​ឃើញ​ខ្មាំង​សត្រូវ​បរាជ័យ
ព្រម​ទាំង​ឮ​សំរែក​របស់​អស់​អ្នក
ដែល​ស្អប់​ទូលបង្គំ។
១២ មនុស្ស​សុចរិត​នឹង​បាន​រីក​ដុះដាល​ឡើង
ដូច​ដើម​ត្នោត
ហើយ​ចំរើន​ធំ​ឡើង​ដូច​ដើម​តាត្រៅ
នៅ​ស្រុក​លីបង់។
១៣ ពួក​គេ​ប្រៀប​បាន​នឹង​ដើម​ឈើ​ដុះ
នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់
ហើយ​លូត​លាស់​នៅ​ក្នុង​ព្រះវិហារ
របស់​ព្រះជាម្ចាស់។
១៤ ទោះ​បី​គេ​មាន​វ័យ​ចាស់​ជរា​ក្ដី
ក៏​គេ​នៅ​តែ​អាច​បង្កើត​កូន​បាន​ដដែល
គឺ​ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​មាន​ពន្លក​ថ្មី
និង​មាន​ស្លឹក​លាស់​ខៀវ​ខ្ចី​ជានិច្ច។
១៥ ការ​ទាំង​នេះ​សំដែង​អោយ​ឃើញ​ថា
ព្រះអម្ចាស់​ជា​ថ្មដា​របស់​ខ្ញុំ
ទ្រង់​មាន​ព្រះហឫទ័យ​ទៀង​ត្រង់​ជានិច្ច
ឥត​ប្រែប្រួល​សោះ​ឡើយ។