១០០
ចូរ​គោរព​បំរើ​ព្រះអម្ចាស់​ដោយ​ចិត្ត​រីករាយ
ទំនុកតម្កើង​សំរាប់​ពិធី​ថ្វាយ​តង្វាយ​អរ​ព្រះគុណ។
១ មនុស្ស​នៅ​លើ​ផែនដី
ទាំង​មូល​អើយ
ចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះអម្ចាស់!
២ ចូរ​គោរព​បំរើ​ព្រះអម្ចាស់​ដោយ​ចិត្ត​រីករាយ
ចូរ​នាំ​គ្នា​ចូល​មក​ជិត​ព្រះអង្គ
ដោយ​ច្រៀង​យ៉ាង​សប្បាយ!
៣ ចូរ​ដឹង​ថា ព្រះអម្ចាស់​ពិត​ជា​ព្រះជាម្ចាស់​មែន!
ព្រះអង្គ​បាន​បង្កើត​យើង​មក
យើង​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ
ហើយ​ជា​ប្រជាជន​ដែល​ព្រះអង្គ​ថែរក្សា។
៤ ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះដំណាក់​របស់​ព្រះអង្គ
ដោយ​អរ​ព្រះគុណ
ចូរ​នាំ​គ្នា​ចូល​មក​ក្នុង​ព្រះវិហារ
ដោយ​ពាក្យ​សរសើរ​តម្កើង!
ចូរ​លើក​តម្កើង​ព្រះអង្គ
ចូរ​សរសើរ​តម្កើង​ព្រះនាម​ព្រះអង្គ!
៥ ដ្បិត​ព្រះអម្ចាស់​មាន​ព្រះហឫទ័យ​សប្បុរស
ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​ជានិច្ច
ហើយ​ព្រះហឫទ័យ​ស្មោះស្ម័គ្រ​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។