១០៩
សូមអោយអស់អ្នកដែលចោទប្រកាន់ទូលបង្គំត្រូវអាម៉ាស់មុខ
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
១ ឱព្រះដែលទូលបង្គំ
សរសើរតម្កើងអើយ
សូមកុំនៅស្ងៀមទៀតឡើយ!
២ ដ្បិតមនុស្សអាក្រក់ និងមនុស្សមានល្បិច
នាំគ្នាពោលពាក្យប្រឆាំងនឹងទូលបង្គំ
គេនិយាយកុហកទាស់នឹងទូលបង្គំ។
៣ គេពោលពាក្យសំអប់មកលើទូលបង្គំ
ហើយវាយប្រហារទូលបង្គំ
ដោយឥតមានមូលហេតុអ្វីទាល់តែសោះ។
៤ ទូលបង្គំស្រឡាញ់ពួកគេ
ប៉ុន្តែ ពួកគេបែរជាចោទប្រកាន់ទូលបង្គំ
ទូលបង្គំបានអធិស្ឋានអោយពួកគេ។
៥ ពួកគេប្រព្រឹត្តអំពើអាក្រក់មកលើទូលបង្គំ
តបសងនឹងអំពើល្អ ហើយសំដែងចិត្តស្អប់
តបសងនឹងសេចក្ដីស្រឡាញ់។
៦ សូមដាក់មនុស្សកំណាចម្នាក់អោយត្រួត
ពីលើអ្នកនោះ
ហើយម្នាក់ទៀតឈរនៅខាងស្ដាំ
ដើម្បីចោទប្រកាន់។
៧ សូមអោយអ្នកនោះទទួលទោសនៅពេលជំនុំជំរះ
ហើយសូមអោយពាក្យអធិស្ឋានរបស់គេ
ក្លាយទៅជាអំពើបាបទៅវិញ។
៨ សូមកុំអោយគេរស់បានយូរឡើយ
សូមអោយមានម្នាក់ទៀតកាន់តំណែងជំនួស។
៩ សូមអោយកូនចៅរបស់គេក្លាយទៅជាក្មេងកំព្រា
ហើយប្រពន្ធរបស់គេក្លាយទៅជាស្ត្រីមេម៉ាយ!។
១០ សូមអោយកូនរបស់អ្នកនោះ
ក្លាយទៅជាមនុស្សអនាថាដើរសុំទាន
ហើយត្រូវគេដេញចេញពីទីលំនៅ
ដែលរលំបាក់បែក!
១១ សូមអោយម្ចាស់បំណុលមករឹបអូសអ្វីៗ
ដែលគេមាន
ហើយអោយជនបរទេសមកប្លន់យកអ្វីៗ
ដែលគេខំប្រឹងរកបាន!
១២ សូមកុំអោយមាននរណាម្នាក់សំដែងចិត្តមេត្តា
ករុណាចំពោះគេឡើយ
ហើយក៏កុំអោយមាននរណាម្នាក់អាណិត
អាសូរកូនចៅរបស់គេដែលនៅកំព្រាដែរ!
១៣ សូមដកជីវិតពូជពង្សរបស់គេ
ហើយលុបបំបាត់នាមត្រកូលរបស់គេ
នៅជំនាន់ក្រោយ!
១៤ សូមព្រះអម្ចាស់ចងចាំនូវកំហុសដែលដូនតា
របស់គេបានប្រព្រឹត្ត
ហើយកុំអោយព្រះអង្គភ្លេចអំពើបាប
ដែលម្ដាយរបស់គេបានប្រព្រឹត្តដែរ!
១៥ សូមព្រះអម្ចាស់ចងចាំនូវអំពើបាបរបស់ពួកគេជានិច្ច
ពេលពួកគេស្លាប់ សូមព្រះអង្គ
ធ្វើកុំអោយមាននរណានឹកនាដល់ពួកគេឡើយ!
១៦ ដ្បិតជននេះពុំបាននឹកសំដែងចិត្តមេត្តាករុណាសោះ
គេបានធ្វើបាបមនុស្សកំសត់ទុគ៌ត
ព្រមទាំងសម្លាប់អ្នកដែលមានចិត្ត
សោកសង្រេងទៀតផង។
១៧ គេចូលចិត្តដាក់បណ្ដាសា
ដូច្នេះ សូមអោយគេត្រូវបណ្ដាសាចុះ!
គេមិនពេញចិត្តនឹងពរទេ ដូច្នេះ
សូមកុំអោយមាននរណាជូនពរគេឡើយ!
១៨ សូមអោយគេយកបណ្ដាសាគ្របដណ្ដប់ពីលើគេ
សូមអោយបណ្ដាសាចូលទៅក្នុងខ្លួនគេដូចទឹក
ហើយចូលទៅក្នុងឆ្អឹងគេដូចខ្លាញ់!
១៩ សូមអោយបណ្ដាសាបានដូចជាសម្លៀកបំពាក់
បិទបាំងកាយពួកគេ
ហើយរុំព័ទ្ធខ្លួនគេជានិច្ចដូចខ្សែក្រវាត់។
២០ អស់អ្នកដែលចោទប្រកាន់ខ្ញុំ
និងអស់អ្នកដែលនិយាយអាក្រក់ប្រឆាំងនឹងខ្ញុំ
សូមអោយគេទទួលទោសពីព្រះអម្ចាស់
បែបនេះឯង!
២១ ឱព្រះជាអម្ចាស់អើយ សូមព្រះអង្គមេត្តា
ជួយទូលបង្គំដោយយល់ដល់ព្រះនាមព្រះអង្គ
ព្រះអង្គមានព្រះហឫទ័យមេត្តាករុណា
ដ៏លើសលប់ សូមរំដោះទូលបង្គំផង!
២២ ទូលបង្គំជាមនុស្សកំសត់ទុគ៌ត
ទូលបង្គំរបួសដួងចិត្ត។
២៣ ទូលបង្គំកំពុងតែរសាត់បាត់ទៅ
ដូចជាស្រមោលនៅពេលល្ងាច
គេកំចាត់ទូលបង្គំដូចកំចាត់សត្វល្អិត។
២៤ ទូលបង្គំទន់ជង្គង់
ព្រោះតែតមអាហារយូរពេក
ទូលបង្គំស្គមនៅសល់តែស្បែក និងឆ្អឹង។
២៥ ពេលមនុស្សម្នាឃើញទូលបង្គំ គេនាំគ្នា
សើចចំអក និងគ្រវីក្បាលដាក់ទូលបង្គំ។
២៦ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ
សូមជួយទូលបង្គំផង! សូមសង្គ្រោះទូលបង្គំ
ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ!
២៧ សូមអោយអ្នកទាំងនោះទទួលស្គាល់ថា
ព្រះអង្គបានសង្គ្រោះទូលបង្គំ
ដោយឫទ្ធិបារមីរបស់ព្រះអង្គ។
២៨ ទោះបីអ្នកទាំងនោះដាក់បណ្ដាសាទូលបង្គំ
ក៏ដោយ ក៏ព្រះអង្គប្រទានពរអោយទូលបង្គំដែរ
ប្រសិនបើពួកគេវាយប្រហារទូលបង្គំ
ពួកគេមុខជាត្រូវបាក់មុខ
ហើយទូលបង្គំដែលជាអ្នកបំរើរបស់ព្រះអង្គ
នឹងមានអំណរសប្បាយ។
២៩ សូមអោយអស់អ្នកដែលចោទប្រកាន់ទូលបង្គំ
ត្រូវអាម៉ាស់មុខ សូមអោយសេចក្ដីអាម៉ាស់
នៅជាប់ជាមួយពួកគេរហូតតទៅ!
៣០ ខ្ញុំនឹងបន្លឺសំឡេងលើកតម្កើងព្រះអម្ចាស់
ខ្ញុំនឹងសរសើរតម្កើងព្រះអង្គក្នុងចំណោម
បណ្ដាជនដ៏ច្រើនកុះករ!
៣១ ដ្បិតព្រះអង្គការពារជនកំសត់ទុគ៌ត
ដើម្បីសង្គ្រោះគេអោយរួចផុតពីកណ្ដាប់ដៃ
របស់អស់អ្នកដែលចង់ដាក់ទោសគេ។