១២០
ខ្ញុំបានរស់នៅជាមួយអស់អ្នកដែលមិនចូលចិត្តសន្តិភាព
បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។
១ នៅពេលមានអាសន្ន
ខ្ញុំស្រែកអង្វរព្រះអម្ចាស់
ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ។
២ ឱព្រះអម្ចាស់អើយ
សូមរំដោះទូលបង្គំអោយរួចផុតពីមនុស្ស
ដែលពោលពាក្យកុហក និងបោកបញ្ឆោត!
៣ អ្នកនិយាយបោកបញ្ឆោតដូច្នេះ
តើបានទទួលអ្វីខ្លះ?
៤ គឺមានតែទទួលព្រួញរបស់អ្នកចំបាំង
និងភ្លើងឆេះសន្ធោសន្ធៅតែប៉ុណ្ណោះ!
៥ ខ្ញុំស្នាក់នៅក្នុងស្រុករបស់មនុស្សកាចសាហាវ
ហើយរស់នៅក្នុងចំណោមមនុស្សព្រៃផ្សៃដូច្នេះ
វេទនាណាស់!
៦ ខ្ញុំបានរស់នៅជាមួយអស់អ្នកដែលមិនចូលចិត្ត
សន្តិភាព ជាយូរឆ្នាំកន្លងមកហើយ។
៧ ពេលខ្ញុំនិយាយពីសន្តិភាព
ពួកគេបែរជាប្រកាសសង្គ្រាមទៅវិញ។