១២២
សូមព្រះអម្ចាស់ប្រទានសន្តិភាពមកក្រុងយេរូសាឡឹម
បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។ ទំនុករបស់ស្ដេចដាវីឌ។
១ ខ្ញុំមានអំណរខ្លាំងណាស់
នៅពេលគេប្រាប់ខ្ញុំថា:
ចូរយើងនាំគ្នាទៅព្រះដំណាក់របស់ព្រះអម្ចាស់!។
២ ក្រុងយេរូសាឡឹមអើយ
យើងនាំគ្នាឈានជើងចូលមកដល់មាត់ទ្វារ
របស់អ្នកហើយ!
៣ យេរូសាឡឹមអើយ
អ្នកជាក្រុងមួយដែលសង់ឡើងយ៉ាងរឹងមាំ
និងមានកំពែងដ៏ល្អប្រណីតព័ទ្ធជុំវិញ។
៤ កុលសម្ព័ន្ធនានារបស់ព្រះអម្ចាស់
នាំគ្នាឡើងមកទីនេះ
ដើម្បីលើកតម្កើងព្រះនាមព្រះអម្ចាស់
តាមច្បាប់របស់ជនជាតិអ៊ីស្រាអែល។
៥ នៅទីនេះក៏មានបល្ល័ង្កនៃព្រះរាជវង្ស
របស់ស្ដេចដាវីឌ
ដើម្បីគ្រប់គ្រងប្រជារាស្ត្រ ដោយយុត្តិធម៌ដែរ។
៦ ចូរនាំគ្នាទូលសូមព្រះអម្ចាស់ប្រទានសន្តិភាព
មកក្រុងយេរូសាឡឹម
សូមអោយអស់អ្នកដែលស្រឡាញ់ក្រុងនេះ
អាចរស់នៅយ៉ាងសុខសាន្ត!
៧ សូមអោយអ្នកដែលរស់នៅខាងក្នុងកំពែងក្រុង
បានប្រកបដោយសេចក្ដីសុខ
សូមអោយវិមាននានានៅក្នុងក្រុង
បានសុខក្សេមក្សាន្ត។
៨ ដោយយល់ដល់បងប្អូន និងញាតិមិត្តរបស់ខ្ញុំ
ខ្ញុំពោលថា: សូមអោយក្រុងយេរូសាឡឹម
បានប្រកបដោយសេចក្ដីសុខសាន្ត!
៩ ដោយយល់ដល់ព្រះដំណាក់
របស់ព្រះជាអម្ចាស់នៃយើង
ខ្ញុំទូលសូមអោយអ្នកបានប្រកបដោយសុភមង្គល!