១២៥
សូម​សំដែង​ព្រះហឫទ័យ​សប្បុរស ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​សប្បុរស
បទ​ចំរៀង​សំរាប់​ឡើង​ទៅ​ព្រះវិហារ។
១ អ្នក​ណា​ផ្ញើ​ជីវិត​លើ​ព្រះអម្ចាស់
អ្នក​នោះ​ប្រៀប​បាន​នឹង​ភ្នំ​ស៊ីយ៉ូន
ដែល​នៅ​ស្ថិតស្ថេរ​រហូត ឥត​រង្គើ​សោះ​ឡើយ។
២ ភ្នំ​នានា​នៅ​ព័ទ្ធ​ជុំវិញ​ក្រុង​យេរូសាឡឹម​យ៉ាង​ណា
ព្រះអម្ចាស់​ក៏​គង់​នៅ​ជុំវិញ​ប្រជារាស្ត្រ​របស់​ព្រះអង្គ
តាំង​ពី​ពេល​នេះ រហូត​ដល់​អស់កល្ប​ជានិច្ច
យ៉ាង​នោះ​ដែរ
៣ ដ្បិត​មនុស្ស​អាក្រក់​ពុំ​អាច​គ្រប់គ្រង
លើ​ទឹក​ដី​របស់​មនុស្ស​សុចរិត​បាន​ទេ
ដូច្នេះ មនុស្ស​សុចរិត​គ្មាន​ចិត្ត​លំអៀង​ទៅ
ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ឡើយ។
 
៤ ព្រះអម្ចាស់​អើយ សូម​សំដែង​ព្រះហឫទ័យ​សប្បុរស
ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​សប្បុរស​
និង​ទៀង​ត្រង់។
៥ រីឯ​អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​វៀចវេរ​វិញ
សូម​ព្រះអម្ចាស់​នាំ​គេ​យក​ទៅ​ធ្វើ​ទោស​ជា​មួយ
អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ។
សូម​អោយ​អ៊ីស្រាអែល​បាន​ប្រកប
ដោយ​សេចក្ដី​សុខសាន្ត!។