១២៧
ប្រសិនបើព្រះអម្ចាស់មិនសង់ផ្ទះ
បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។ ទំនុករបស់ស្ដេចសាឡូម៉ូន។
១ ប្រសិនបើព្រះអម្ចាស់ មិនសង់ផ្ទះទេនោះ
អស់អ្នកដែលសង់ផ្ទះនឹងខំប្រឹងសង់
ដោយឥតបានផលអ្វីឡើយ!
ប្រសិនបើព្រះអម្ចាស់មិនថែរក្សាទីក្រុងទេនោះ
អ្នកយាមទីក្រុងនឹងខំប្រឹងយាម
ដោយឥតបានផលអ្វីឡើយ!
២ អ្នករាល់គ្នាក្រោកឡើងតាំងពីព្រលឹម
ខំប្រឹងរកស៊ីចិញ្ចឹមជីវិតទាំងពិបាក
រហូតដល់យប់ជ្រៅ តែឥតបានផលអ្វីឡើយ
ដ្បិតព្រះអម្ចាស់ប្រទានអាហារដល់អស់អ្នក
ដែលព្រះអង្គស្រឡាញ់
ក្នុងពេលដែលគេកំពុងតែដេកលក់។
៣ កូនចៅជាកេរមត៌កដែលព្រះអម្ចាស់ប្រទាន
អោយ និងជាព្រះពរមកពីព្រះអង្គ។
៤ កូនប្រុសៗដែលកើតមកក្នុងពេល
ដែលឪពុកនៅក្មេងនៅឡើយ
ប្រៀបបាននឹងព្រួញរបស់អ្នកចំបាំងដូច្នោះដែរ។
៥ អ្នកណាមានកូនប្រុសច្រើន ដូចព្រួញ
ពេញក្នុងបំពង់ អ្នកនោះមានសុភមង្គលហើយ
ដ្បិតពេលណាគេត្រូវតយុទ្ធជាមួយបច្ចាមិត្ត
នៅមាត់ទ្វារក្រុង
គេនឹងមិនត្រូវខ្មាសសោះឡើយ។