១៤៥
ព្រះរាជ្យរបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច
ពាក្យសរសើរតម្កើង។ ទំនុករបស់ស្ដេចដាវីឌ។
១ ឱព្រះនៃទូលបង្គំ ឱព្រះមហាក្សត្រ
នៃទូលបង្គំអើយ
ទូលបង្គំសូមលើកតម្កើងព្រះអង្គ!
ទូលបង្គំសូមសរសើរតម្កើងព្រះនាម
របស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
២ ទូលបង្គំសរសើរតម្កើងព្រះអង្គជារៀងរាល់ថ្ងៃ
ទូលបង្គំកោតសរសើរព្រះនាម
របស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៣ ព្រះអម្ចាស់ប្រសើរឧត្ដមដែលយើងត្រូវតែ
សរសើរតម្កើងយ៉ាងខ្ពង់ខ្ពស់បំផុត។
ព្រះអង្គឧត្ដុង្គឧត្ដមរកអ្វីប្រៀបផ្ទឹមស្មើពុំបាន។
៤ សូមអោយមនុស្សនៅគ្រប់ជំនាន់
លើកតម្កើងស្នាព្រះហស្ដរបស់ព្រះអង្គ
សូមអោយគេរៀបរាប់អំពីកិច្ចការដ៏អស្ចារ្យ
ដែលព្រះអង្គបានធ្វើ
៥ ព្រមទាំងរៀបរាប់ពីភាពថ្កុំថ្កើងនៃសិរីរុងរឿង
របស់ព្រះអង្គផង។
ទូលបង្គំនឹងសញ្ជឹងគិតពីស្នាព្រះហស្ដដ៏អស្ចារ្យ
របស់ព្រះអង្គ។
៦ គេនឹងរៀបរាប់អំពីឫទ្ធានុភាព
ដ៏គួរអោយស្ញែងខ្លាចរបស់ព្រះអង្គ
ហើយទូលបង្គំក៏នឹងថ្លែងអំពីភាពឧត្ដុង្គឧត្ដម
របស់ព្រះអង្គដែរ។
៧ គេនឹងរំលឹកឡើងវិញនូវព្រះហឫទ័យសប្បុរស
ដ៏លើសលប់របស់ព្រះអង្គ
គេនឹងប្រកាសអំពីសេចក្ដីសុចរិត
របស់ព្រះអង្គដោយអំណរ។
៨ ព្រះអម្ចាស់ប្រកបដោយព្រះហឫទ័យ
ប្រណីសន្ដោស និងអាណិតអាសូរ
ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់
ហើយពោរពេញទៅដោយ
ព្រះហឫទ័យមេត្តាករុណា។
៩ ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស
ចំពោះមនុស្សទាំងអស់
ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរ
ដល់សត្វលោកទាំងអស់
ដែលព្រះអង្គបានបង្កើតមក។
១០ ឱព្រះអម្ចាស់អើយ សត្វលោកដែលព្រះអង្គ
បានបង្កើតមកនឹងនាំគ្នាលើកតម្កើងព្រះអង្គ
ហើយប្រជាជនរបស់ព្រះអង្គ
ក៏នឹងនាំគ្នាសរសើរតម្កើងព្រះអង្គដែរ។
១១ គេនឹងរៀបរាប់អំពីព្រះរាជ្យ
ដ៏រុងរឿងរបស់ព្រះអង្គ
គេនឹងថ្លែងអំពីឫទ្ធានុភាពរបស់ព្រះអង្គ
១២ ដើម្បីអោយមនុស្សទាំងអស់បានដឹង
ពីការអស្ចារ្យរបស់ព្រះអង្គ
និងសិរីរុងរឿងដ៏ភ្លឺចិញ្ចែងចិញ្ចាច
នៃព្រះរាជ្យរបស់ព្រះអង្គ
១៣ ព្រះអង្គគ្រងរាជ្យគ្រប់ជំនាន់ទាំងអស់
ព្រះអង្គជាព្រះមហាក្សត្រ
អស់កល្បជាអង្វែងតរៀងទៅ។
ព្រះអម្ចាស់តែងគោរពតាមព្រះបន្ទូល
សន្យារបស់ព្រះអង្គជានិច្ច
ហើយអ្វីៗដែលព្រះអង្គប្រព្រឹត្ត
សុទ្ធតែផុសចេញពីព្រះហឫទ័យសប្បុរស។
១៤ ព្រះអម្ចាស់ជួយគាំទ្រអស់អ្នកដែលជំពប់ដួល
ព្រះអង្គលើកអ្នកដែលអស់សង្ឃឹម
អោយងើបឡើងវិញ។
១៥ ព្រះអម្ចាស់អើយ សត្វលោកទាំងអស់
ទន្ទឹងរង់ចាំ ព្រះអង្គដោយចិត្តសង្ឃឹម
ដ្បិតព្រះអង្គប្រទានអាហារអោយគេ
តាមពេលកំណត់។
១៦ ព្រះអង្គមានព្រះហឫទ័យទូលាយ
ព្រះអង្គប្រទានអោយគេ
បានឆ្អែតតាមបំណងរបស់គេ។
១៧ ព្រះអម្ចាស់ធ្វើគ្រប់កិច្ចការ
ដោយព្រះហឫទ័យសុចរិត
ហើយព្រះអង្គសំដែងព្រះហឫទ័យមេត្តាករុណា
ក្នុងគ្រប់កិច្ចការដែលព្រះអង្គធ្វើ។
១៨ ព្រះអម្ចាស់គង់នៅជិតអស់អ្នកដែលអង្វរព្រះអង្គ
គឺអស់អ្នកដែលអង្វរព្រះអង្គដោយសុទ្ធចិត្ត។
១៩ ព្រះអង្គសំរេចតាមចិត្តប៉ងប្រាថ្នា
របស់អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ
ព្រះអង្គទ្រង់ព្រះសណ្ដាប់ឮសំរែក
ទូលអង្វររបស់គេ ហើយសង្គ្រោះគេ។
២០ ព្រះអម្ចាស់ការពារអស់អ្នកដែលស្រឡាញ់ព្រះអង្គ
តែព្រះអង្គបំផ្លាញមនុស្សអាក្រក់វិញ។
២១ ខ្ញុំសូមថ្លែងពាក្យសរសើរតម្កើងព្រះអម្ចាស់
សូមអោយសត្វលោកទាំងអស់លើកតម្កើង
ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ
រហូតដល់អស់កល្បជាអង្វែងតរៀងទៅ!