៩
១ ទេវតា*ទីប្រាំផ្លុំត្រែឡើង ខ្ញុំក៏ឃើញផ្កាយមួយធ្លាក់ចុះពីលើមេឃមកផែនដី ផ្កាយនោះទទួលកូនសោរណ្ដៅនរកអវិចី ២ ហើយបើកទ្វាររណ្ដៅនរកអវិចីនោះ ស្រាប់តែមានផ្សែងហុយឡើងមក ដូចផ្សែងដែលហុយចេញពីឡមួយយ៉ាងធំ។ ពេលនោះ ព្រះអាទិត្យ និងលំហអាកាសប្រែទៅជាងងឹត ព្រោះតែផ្សែងដែលហុយចេញពីរណ្ដៅ។ ៣ មានកណ្ដូបជាច្រើនចេញពីផ្សែងនោះហើរមកលើផែនដី វាបានទទួលអំណាចដូចខ្យាដំរីដែរ។ ៤ កណ្ដូបទាំងនោះបានទទួលបំរាម មិនអោយបំផ្លាញតិណជាតិនានាលើផែនដី រុក្ខជាតិ ឬដើមឈើណាមួយឡើយ ត្រូវបំផ្លាញតែមនុស្សណាដែលគ្មានត្រារបស់ព្រះជាម្ចាស់ បោះសំគាល់នៅលើថ្ងាសប៉ុណ្ណោះ។ ៥ កណ្ដូបទាំងនោះពុំបានទទួលសិទ្ធិសម្លាប់ទេ គឺគ្រាន់តែធ្វើអោយមនុស្សឈឺចុកចាប់ក្នុងរវាងប្រាំខែប៉ុណ្ណោះ កណ្ដូបនឹងធ្វើអោយមនុស្សឈឺចុកចាប់ដូចខ្យាដំរីទិចដែរ។ ៦ នៅគ្រានោះ មនុស្សរកសេចក្ដីស្លាប់ តែរកមិនឃើញ គេចង់ស្លាប់ណាស់ តែសេចក្ដីស្លាប់រត់ចេញឆ្ងាយពីគេ។ ៧ កណ្ដូបទាំងនោះមានរាងដូចសេះ ដែលគេបំពាក់គ្រឿងសឹកចេញទៅច្បាំង នៅលើក្បាលវាមានពាក់កម្រងដូចជាមកុដមាស ហើយមុខវាដូចមុខមនុស្ស។ ៨ វាមានសក់វែងដូចសក់ស្ត្រី ហើយមានធ្មេញដូចធ្មេញសឹង្ហ។ ៩ វាមានគ្រឿងក្រោះដូចអាវក្រោះធ្វើពីដែក។ ពេលវាហើរ ស្នូរស្លាបរបស់វាលាន់ឮសន្ធឹក ដូចរទេះទឹមដោយសេះជាច្រើនបោលទៅធ្វើសឹកសង្គ្រាម។ ១០ កន្ទុយរបស់វាមានទ្រនិចដូចខ្យាដំរី ហើយមានអំណាចនឹងអោយមនុស្សម្នាឈឺចុកចាប់អស់រយៈពេលប្រាំខែ។ ១១ កណ្ដូបទាំងនោះមានយមរាជធ្វើជាស្ដេចដឹកនាំវា ដែលមានឈ្មោះជាភាសាហេប្រឺថា អាបាដូន ជាភាសាក្រិកថា អាប៉ុលីយ៉ូន។
១២ លុះទុក្ខវេទនាទីមួយបានកន្លងផុតទៅ ទុក្ខវេទនាពីរទៀតក៏កើតមកតាមក្រោយ។
១៣ ទេវតាទីប្រាំមួយផ្លុំត្រែឡើង ខ្ញុំក៏បានឮសំឡេងមួយចេញពីស្នែងនៅជ្រុងទាំងបួនរបស់អាសនៈមាស ដែលស្ថិតនៅខាងមុខព្រះជាម្ចាស់។ ១៤ សំឡេងនោះ ពោលមកកាន់ទេវតាទីប្រាំមួយ ដែលមានត្រែនៅដៃថា៖ «ចូរស្រាយទេវតាទាំងបួនរូប ដែលជាប់ចំណងនៅលើទន្លេធំ គឺទន្លេអឺប្រាតនោះទៅ!»។ ១៥ គេក៏ស្រាយទេវតាទាំងបួនរូប ដែលបានប្រុងប្រៀបខ្លួនប្រហារជីវិតមនុស្សមួយភាគបី ត្រូវតាមម៉ោងថ្ងៃ ខែ និងឆ្នាំ។ ១៦ ខ្ញុំបានឮថា ចំនួនទាហានទ័ពសេះនោះ មានទាំងអស់ពីររយលាននាក់។ ១៧ ក្នុងនិមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញនោះ មានសេះ និងពលទាហានដែលជិះពីលើវា ពាក់អាវក្រោះពណ៌ក្រហមដូចភ្លើង ពណ៌បៃតងខ្ចី និងពណ៌លឿងដូចស្ពាន់ធ័រ។ រីឯក្បាលសេះវិញមានរាងដូចជាក្បាលសឹង្ហ ហើយមានភ្លើង ផ្សែង និងស្ពាន់ធ័រចេញពីមាត់វាមកផង។ ១៨ មនុស្សមួយភាគបីបានស្លាប់ ដោយសារគ្រោះកាចទាំងបីមុខនេះ គឺស្លាប់ដោយភ្លើង ដោយផ្សែង និងដោយស្ពាន់ធ័រដែលចេញពីមាត់សេះ ១៩ ដ្បិតអំណាចរបស់សេះទាំងនោះស្ថិតនៅលើមាត់ និងកន្ទុយ។ កន្ទុយរបស់វាប្រៀបបានទៅនឹងពស់ គឺមានក្បាល ហើយវាធ្វើអោយមនុស្សវេទនា ដោយសារតែក្បាលហ្នឹងឯង។
២០ រីឯមនុស្សឯទៀតៗ ដែលមិនបានស្លាប់ដោយគ្រោះកាចទាំងនោះ ពុំព្រមកែប្រែចិត្តគំនិតឈប់ប្រព្រឹត្តអំពើរបស់ខ្លួនទេ គឺគេពុំព្រមឈប់ថ្វាយបង្គំអារក្ស ថ្វាយបង្គំរូបសំណាករបស់ព្រះក្លែងក្លាយធ្វើពីមាស ពីប្រាក់ ពីលង្ហិន ពីថ្ម និងធ្វើពីឈើ ជាព្រះដែលមិនចេះមើល មិនចេះស្ដាប់ ហើយក៏មិនចេះដើរនោះឡើយ។ ២១ គេក៏ពុំព្រមកែប្រែចិត្តគំនិត ឈប់ប្រព្រឹត្តអំពើឃាតកម្ម វិជ្ជាធ្មប់ អំពើប្រាសចាកសីលធម៌ និងអំពើលួចប្លន់ដែលខ្លួនបានប្រព្រឹត្តនោះដែរ។