១១
ក្រុងដ៏វិសុទ្ធ និងបន្ទាល់ពីររូប
១ បន្ទាប់មក ទេវតា*បានប្រគល់ដើមត្រែងមួយមកខ្ញុំ ស្រដៀងនឹងដំបងសំរាប់វាស់ហើយប្រាប់ថា៖ «ចូរក្រោកឡើងទៅវាស់ព្រះវិហារ*របស់ព្រះជាម្ចាស់ វាស់អាសនៈ និងរាប់អស់អ្នកដែលថ្វាយបង្គំព្រះអង្គនៅទីនោះផង។ ២ ក៏ប៉ុន្តែ ត្រូវទុកទីលានដែលនៅខាងក្រៅព្រះវិហារដោយឡែក កុំវាស់អោយសោះ ដ្បិតព្រះអង្គបានប្រគល់លាននោះអោយជាតិសាសន៍នានា ហើយពួកគេនឹងជាន់ឈ្លីក្រុងដ៏វិសុទ្ធអស់រយៈពេលសែសិបពីរខែ។
៣ យើងនឹងអោយបន្ទាល់របស់យើងទាំងពីររូបស្លៀកបាវ ទៅថ្លែងព្រះបន្ទូល ក្នុងរយៈពេលមួយពាន់ពីររយហុកសិបថ្ងៃនោះ។ ៤ អ្នកទាំងពីរនេះ គឺជាដើមអូលីវទាំងពីរ និងជាជើងចង្កៀងទាំងពីរដែលស្ថិតនៅខាងមុខព្រះអម្ចាស់នៃផែនដី។ ៥ ប្រសិនបើមាននរណាម្នាក់ ចង់ធ្វើទុក្ខអ្នកទាំងពីរនោះនឹងមានភ្លើងចេញពីមាត់គាត់ មកឆេះបំផ្លាញមារសត្រូវរបស់គាត់ជាមិនខាន។ ប្រាកដណាស់ ប្រសិនបើអ្នកណាចង់ធ្វើទុក្ខអ្នកទាំងពីរ អ្នកនោះពិតជាត្រូវស្លាប់បែបនេះឯង។ ៦ អ្នកទាំងពីរមានអំណាចធ្វើអោយមេឃរាំង គ្មានភ្លៀងធ្លាក់ក្នុងអំឡុងពេលដែលគាត់ថ្លែងព្រះបន្ទូល ហើយក៏មានអំណាចធ្វើអោយទឹកក្លាយទៅជាឈាម ព្រមទាំងធ្វើអោយគ្រោះកាចគ្រប់យ៉ាងអាចកើតមាននៅលើផែនដីពេលណាក៏បាន តាមតែគាត់ចង់។
៧ ពេលអ្នកទាំងពីរបានផ្ដល់សក្ខីភាពរបស់ខ្លួនចប់សព្វគ្រប់ហើយ មានសត្វតិរច្ឆានឡើងពីនរកអវិចីមកច្បាំងនឹងគេ វានឹងឈ្នះ ហើយប្រហារជីវិតគេទៀតផង។ ៨ សាកសពរបស់អ្នកទាំងពីរនឹងត្រូវទុកចោលនៅតាមទីផ្សារ ក្នុងក្រុងដ៏ធំនោះ ជាក្រុងដែលមានឈ្មោះជានិមិត្តរូប ថា “សូដុម” ឬ“អេស៊ីប” គឺនៅក្រុងនោះហើយដែលគេឆ្កាងព្រះអម្ចាស់របស់អ្នកទាំងពីរ។ ៩ មនុស្សម្នាពីចំណោមប្រជាជននានា ពីចំណោមកុលសម្ព័ន្ធ ពីចំណោមភាសា និងពីចំណោមជាតិសាសន៍ទាំងឡាយនឹងឃើញសាកសពរបស់អ្នកទាំងពីរ ក្នុងរវាងបីថ្ងៃកន្លះ ហើយពួកគេមិនអនុញ្ញាតអោយយកសាកសពអ្នកទាំងពីរទៅបញ្ចុះក្នុងផ្នូរឡើយ។ ១០ មនុស្សម្នាដែលរស់នៅផែនដីនឹងមានចិត្តត្រេកអរ ដោយឃើញអ្នកទាំងពីរស្លាប់ គឺគេមានអំណរសប្បាយយ៉ាងខ្លាំង។ ពួកគេនឹងផ្ញើជំនូនអោយគ្នាទៅវិញទៅមក ព្រោះព្យាការី*ទាំងពីររូបបានធ្វើអោយមនុស្សម្នាដែលរស់នៅលើផែនដីរងទុក្ខលំបាកខ្លាំងណាស់។
១១ បីថ្ងៃកន្លះក្រោយមក មានដង្ហើមជីវិតមួយចេញពីព្រះជាម្ចាស់ មកចូលក្នុងសាកសពអ្នកទាំងពីរ។ អ្នកទាំងពីរក៏ក្រោកឈរឡើងធ្វើអោយអស់អ្នកដែលបានឃើញភ័យខ្លាចជាខ្លាំង។ ១២ អ្នកទាំងពីរបានឮសំឡេងមួយពីលើមេឃ បន្លឺយ៉ាងខ្លាំងមកកាន់គេថា “សូមឡើងមកនេះ!”។ អ្នកទាំងពីរក៏ឡើងទៅលើមេឃក្នុងពពក* រីឯពួកសត្រូវក៏បានឃើញដែរ។ ១៣ ខណៈនោះ ស្រាប់តែមានរញ្ជួយផែនដីយ៉ាងខ្លាំង ក្រុងរលំអស់មួយភាគដប់ មនុស្សប្រាំពីរពាន់នាក់បានបាត់បង់ជីវិតនៅពេលរញ្ជួយផែនដី។ អ្នកសល់ពីស្លាប់ភ័យញ័ររន្ធត់ នាំគ្នាលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់នៃស្ថានបរមសុខ*»។
១៤ ទុក្ខវេទនាទីពីរនេះបានកន្លងផុតទៅ ទុក្ខវេទនាទីបីនឹងមកដល់ក្នុងពេលឆាប់ៗ។
សំឡេងត្រែទីប្រាំពីរ
១៥ ទេវតា*ទីប្រាំពីរផ្លុំត្រែឡើង ស្រាប់តែមានសំឡេងលាន់ឮរំពងនៅលើមេឃថា៖ «រាជ្យក្នុងលោកនេះ ត្រូវផ្ទេរថ្វាយទៅព្រះអម្ចាស់នៃយើង និងថ្វាយព្រះគ្រិស្ដរបស់ព្រះអង្គ ហើយទ្រង់នឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ!»។
១៦ ពេលនោះ ព្រឹទ្ធាចារ្យ*ទាំងម្ភៃបួនរូបដែលអង្គុយលើបល្ល័ង្កនៅខាងមុខព្រះជាម្ចាស់ ក៏នាំគ្នាក្រាបអោនមុខដល់ដី ហើយថ្វាយបង្គំព្រះជាម្ចាស់ ១៧ ទាំងពោលថា៖
«បពិត្រព្រះជាអម្ចាស់
ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់
ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ
ហើយក៏មានព្រះជន្មគង់នៅ
តាំងពីដើមរៀងមកដែរ!
យើងខ្ញុំសូមអរព្រះគុណព្រះអង្គ
ព្រោះទ្រង់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លា
របស់ព្រះអង្គ
មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។
១៨ ជាតិសាសន៍នានាបាននាំគ្នាខឹង
ហើយពេលដែលព្រះអង្គសំដែងព្រះពិរោធ
ក៏មកដល់ដែរ
គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោស
មនុស្សស្លាប់។
នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់
ពួកព្យាការី*ជាអ្នកបំរើរបស់ព្រះអង្គ
ដល់ប្រជាជនដ៏វិសុទ្ធ*
និងដល់អស់អ្នកដែលគោរពកោតខ្លាច
ព្រះនាមព្រះអង្គ ទាំងអ្នកតូច ទាំងអ្នកធំ
ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញ
អស់អ្នកដែលបានបំផ្លាញផែនដីដែរ»។
១៩ ពេលនោះ ទ្វារព្រះវិហារ*របស់ព្រះជាម្ចាស់នៅស្ថានបរមសុខក៏បើកចំហឡើង ហើយហិបនៃសម្ពន្ធមេត្រី*របស់ព្រះអង្គ ក៏លេចមកនៅក្នុងព្រះវិហារ ហើយក៏មានផ្លេកបន្ទោរ មានឮសូរសំឡេង មានផ្គរលាន់ មានរញ្ជួយផែនដី និងមានព្រឹលធ្លាក់មកយ៉ាងខ្លាំងផងដែរ។