បទ​ចំរៀង​របស់​ព្រះបាទ​សាឡូម៉ូន
១ នេះ​ជា​បទ​ចំរៀង​ដ៏​ពីរោះ​ជាង​គេ​បំផុត
តែង​ឡើង​ដោយ​ព្រះបាទ​សាឡូម៉ូន។​
២ សូម​បង​ថើប​អូន​អោយ​អស់​ចិត្ត​មក
ដ្បិត​សេចក្ដី​ស្រឡាញ់​របស់​បង
វិសេស​ជាង​ស្រា​ទំពាំងបាយជូរ​ទៅ​ទៀត។
៣ ក្លិន​របស់​បង​ក្រអូប​ណាស់
ហើយ​នាម​របស់​បង​ក៏​សាយ​ក្លិន​ក្រអូប​ដែរ។
ហេតុ​នេះ​ហើយ​បាន​ជា​ស្ត្រី​ក្រមុំ​ទាំងឡាយ
នាំ​គ្នា​ស្រឡាញ់​បង។
៤ សូម​បង​ដឹក​ដៃ​អូន
យើង​ប្រញាប់​ទៅ​ជា​មួយ​គ្នា។
បង​ជា​ស្ដេច​របស់​អូន
សូម​នាំ​អូន​ចូល​ក្នុង​បន្ទប់​របស់​បង​ផង
យើង​នឹង​រួម​សប្បាយ​ជា​មួយ​គ្នា។
យើង​នឹង​លើក​តម្កើង​សេចក្ដី​ស្រឡាញ់​របស់​បង
ដែល​វិសេស​ជាង​ស្រា​ទំពាំងបាយជូរ។
ស្រីៗ​នាំ​គ្នា​ស្រឡាញ់​បង​ដូច្នេះ
ពិត​ជា​ត្រឹម​ត្រូវ​មែន។
៥ ស្ត្រីៗ​នៅ​ក្រុង​យេរូសាឡឹម​អើយ
ខ្ញុំ​មាន​សម្បុរ​ខ្មៅ​មែន
តែ​ខ្ញុំ​មាន​រូប​ឆោម​ល្អ​ណាស់
គឺ​ល្អ​ដូច​ពន្លា​នៅ​ស្រុក​កេដារ
និង​ដូច​កំរាល​ព្រំ​របស់​ព្រះបាទ​សាឡូម៉ូន។
៦ កុំ​មើលងាយ​ខ្ញុំ ដោយ​ឃើញ​ខ្ញុំ​ខ្មៅ​ឡើយ
ខ្ញុំ​ខ្មៅ​ដូច្នេះ ព្រោះ​ត្រូវ​ពន្លឺ​ថ្ងៃ។
បង​ប្រុស​របស់​ខ្ញុំ​នាំ​គ្នា​ខឹង​នឹង​ខ្ញុំ
ហើយ​បង្ខំ​ខ្ញុំ​អោយ​យាម​ចំការ​ទំពាំងបាយជូរ
តែ​ខ្ញុំ​ពុំ​បាន​យាម​ចំការ​ទំពាំងបាយជូរ
របស់​ខ្ញុំ​ផ្ទាល់​ទេ។
៧ ម្ចាស់​ចិត្ត​របស់​អូន​អើយ សូម​ប្រាប់​អូន​មក​ថា
តើ​បង​ឃ្វាល​ហ្វូង​ចៀម​របស់​បង​នៅ​ទី​ណា
នៅ​ពេល​ថ្ងៃ​ត្រង់ តើ​បង​អោយ​ហ្វូង​ចៀម
សំរាក​នៅ​កន្លែង​ណា?
សូម​កុំ​ទុក​អោយ​អូន​ដើរ​រក​បង
នៅ​ក្បែរ​ហ្វូង​ចៀម​មិត្តភក្ដិ​របស់​បង​ឡើយ!
 
៨ ស្ត្រី​ដែល​មាន​រូប​ឆោម​ល្អ​ដាច់​គេ​អើយ
ប្រសិន​បើ​នាង​មិន​ដឹង​ទេ
ចូរ​ដើរ​តាម​ដាន​របស់​ហ្វូង​ចៀម
ហើយ​ឃ្វាល​ពពែ​របស់​នាង
នៅ​ក្បែរ​ខ្ទម​របស់​ពួក​គង្វាល​ចុះ!
 
៩ អូន​សម្លាញ់​អើយ អូន​មាន​រូប​ឆោម​ល្អ
ដូច​សេះ​ដែល​ទឹម​រាជរថ​របស់
ព្រះចៅ​ផារ៉ោន។
១០ គ្រឿង​អលង្ការ​របស់​អូន
ធ្វើ​អោយ​ថ្ពាល់​របស់​អូន​កាន់​តែ​ស្អាត
ហើយ​ខ្សែ​ក​របស់​អូន
ក៏​បង្ហាញ​សាច់​ដ៏​ល្អ​របស់​អូន​ដែរ។
១១ យើង​នឹង​ធ្វើ​ក្រវិល​មាស
ដែល​មាន​លំអ​ដោយ​ប្រាក់​អោយ​នាង​ពាក់។
 
១២ ពេល​ព្រះរាជា​កំពុង​សោយ​ព្រះស្ងោយ
ទឹក​អប់​ទេព្វិរូ​របស់​ខ្ញុំ​បាន​សាយ​ក្លិន​ក្រអូប។
១៣ ព្រះរាជា​ជា​ម្ចាស់​ចិត្ត​របស់​ខ្ញុំ ប្រៀប​បាន​នឹង
ផ្កា​មួយ​បាច់​នៅ​លើ​ទ្រូង​របស់​ខ្ញុំ។
១៤ ម្ចាស់​ចិត្ត​របស់​ខ្ញុំ​ប្រៀប​បាន​នឹង​លំអង​ផ្កា
ដែល​ដុះ​នៅ​តាម​ប្រភព​ទឹក​អេនកេឌី​
 
១៥ ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់!
អូន​ល្អ​ដាច់​គេ!
កែវ​ភ្នែក​របស់​អូន​មាន​សំរស់​ដូច​សត្វ​ព្រាប។
១៦ ម្ចាស់​ចិត្ត​អូន​អើយ
បង​ក៏​ស្អាត គួរ​អោយ​ស្រឡាញ់​ដែរ!
ស្លឹក​ឈើ​ដ៏​ខៀវ​ខ្ចី​នេះ​ជា​គ្រែ​របស់​យើង។
១៧ មែក​តាត្រៅ​ទាំង​នេះ​ជា​ពិដាន​ផ្ទះ​របស់​យើង
ហើយ​ដើម​កកោះ​ទាំង​នេះ
ជា​ជញ្ជាំង​ផ្ទះ​របស់​យើង។​