និមិត្តហេតុ​អស្ចារ្យ​អំពី​រទេះ​បួន
១ ខ្ញុំ​ក្រឡេក​មើល​ទៅ​សា​ជា​ថ្មី ខ្ញុំ​និមិត្ត​ឃើញ​រទេះ​បួន ចេញ​ពី​ចន្លោះ​ភ្នំ​លង្ហិន​ពីរ។ ២ រទេះ​ទី​មួយ​ទឹម​ដោយ​សេះ​សម្បុរ​ក្រហម រទេះ​ទី​ពីរ​ទឹម​ដោយ​សេះ​សម្បុរ​ខ្មៅ ៣ រទេះ​ទី​បី​ទឹម​ដោយ​សេះ​សម្បុរ​ស ហើយ​រទេះ​ទី​បួន ទឹម​ដោយ​សេះ​សម្បុរ​ពព្លាក់ ពណ៌​ត្នោត។ ៤ ខ្ញុំ​ក៏​សួរ​ទេវតា​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ​ថា៖ «លោក​ម្ចាស់​រទេះ​សេះ​ទាំង​នេះ​មាន​ន័យ​ដូច​ម្ដេច​ដែរ?»។ ៥ ទេវតា​តប​មក​វិញ​ថា៖ «រទេះ​សេះ​ទាំង​បួន​ជា​ខ្យល់​ពី​ទិស​ទាំង​បួន បក់​ចេញ​មក​ពី​កន្លែង​ដែល​ព្រះអម្ចាស់​នៃ​ផែនដី​ទាំង​មូល​គង់​នៅ»។ ៦ សេះ​សម្បុរ​ខ្មៅ​អូស​រទេះ​ចេញ​ទៅ​កាន់​ស្រុក​ខាង​ជើង សេះ​សម្បុរ​ស​ចេញ​មក​តាម​ក្រោយ​។ សេះ​សម្បុរ​ពព្លាក់​ចេញ​ទៅ​ស្រុក​ខាង​ត្បូង។ ៧ សេះ​សម្បុរ​ត្នោត​ចេញ​មក ហើយ​សុំ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី។ ព្រះអម្ចាស់​ប្រាប់​ថា: ចូរ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី​ចុះ! រទេះ​សេះ​នោះ​ក៏​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី។ ៨ ព្រះអង្គ​ហៅ​ខ្ញុំ​ប្រាប់​ថា៖ «មើល! រទេះ​សេះ​ដែល​ធ្វើ​ដំណើរ​ទៅ​ស្រុក​ខាង​ជើង​នឹង​នាំ​វិញ្ញាណ​របស់​យើង​អោយ​ទៅ​សណ្ឋិត​នៅ​ស្រុក​នោះ»។
ព្រះបន្ទូល​ណែនាំ និង​ព្រះបន្ទូល​សន្យា ស្ដី​អំពី​ការ​សង់​ព្រះវិហារ​ឡើង​វិញ
៩ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ១០ «ថ្ងៃ​នេះ​ចូរ​ទៅ​ផ្ទះ​របស់​យ៉ូសៀស​ជា​កូន​របស់​សេផានា ទទួល​យក​តង្វាយ​របស់​ប្រជាជន​ដែល​ជាប់​ជា​ឈ្លើយ​ពី​ដៃ​របស់​ហែលដាយ ថូប៊ីយ៉ា និង​យេដាយ៉ា ដែល​មក​ពី​ស្រុក​បាប៊ីឡូន។ ១១ ចូរ​យក​ប្រាក់ និង​មាស ទៅ​សិត​ធ្វើ​ជា​មកុដ​បំពាក់​អោយ​មហា​បូជាចារ្យ​យេសួរ ជា​កូន​របស់​យូសាដាក។ ១២ ចូរ​ប្រាប់​គាត់​ថា ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ដូច​ត​ទៅ:
“បុរស​ម្នាក់​ឈ្មោះ​ពន្លក
លោក​នៅ​ទី​ណា
អ្វីៗ​ទាំង​អស់​នឹង​លូត​លាស់​ឡើង​នៅ​ទី​នោះ។
លោក​នឹង​សង់​ព្រះវិហារ​របស់​ព្រះអម្ចាស់
១៣ គឺ​លោក​នោះ​ហើយ​ដែល​នឹង​សង់​ព្រះវិហារ
របស់​ព្រះអម្ចាស់
លោក​នឹង​ពាក់​គ្រឿង​ឥស្សរិយយស
ដ៏​ថ្កុំថ្កើង​រុងរឿង
លោក​អង្គុយ​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​លោក។
បូជាចារ្យ​មួយ​រូប​អង្គុយ​លើ​បល្ល័ង្ក​មួយ​ទៀត
ហើយ​លោក​ទាំង​ពីរ​មាន​ទំនាក់ទំនង
យ៉ាង​ជិតស្និទ្ធ​ជា​មួយ​គ្នា។
១៤ មកុដ​ទាំង​នេះ​ត្រូវ​ទុក​នៅ​ក្នុង​ព្រះវិហារ​របស់​ព្រះអម្ចាស់ ដើម្បី​រំលឹក​ដល់​ហែលដាយ​ ថូប៊ីយ៉ា និង​យេដាយ៉ា ព្រម​ទាំង​ហេន​ជា​កូន​របស់​សេផានា។ ១៥ អស់​អ្នក​ដែល​បែកខ្ញែក​ទៅ​ស្រុក​ឆ្ងាយ​នឹង​នាំ​គ្នា​វិល​មក​វិញ ដើម្បី​បំពេញ​ការងារ​សង់​ព្រះវិហារ​របស់​ព្រះអម្ចាស់”។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល ពិត​ជា​ចាត់​ខ្ញុំ​អោយ​មក​រក​អ្នក​រាល់​គ្នា​មែន។ ហេតុការណ៍​នេះ នឹង​សំរេច​ជា​រូប​រាង ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ដោយ​ចិត្ត​ស្មោះ»។