៨
ព្រះអម្ចាស់នឹងស្ដារក្រុងយេរូសាឡឹមឡើងវិញ
១ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ៖ ២ «ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: យើងមានចិត្តស្រឡាញ់ក្រុងស៊ីយ៉ូនពន់ពេកក្រៃ យើងជំពាក់ចិត្តយ៉ាងខ្លាំង! ៣ ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងនឹងវិលត្រឡប់ទៅក្រុងស៊ីយ៉ូនវិញ យើងនឹងស្នាក់នៅក្នុងក្រុងយេរូសាឡឹម។ ពេលនោះ គេនឹងហៅយេរូសាឡឹមថា “ក្រុងដ៏ស្មោះត្រង់” ហើយហៅភ្នំរបស់ព្រះអម្ចាស់នៃពិភពទាំងមូលថា “ភ្នំដ៏វិសុទ្ធ”។ ៤ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: មនុស្សចាស់ជរា ទាំងប្រុសទាំងស្រីនឹងអង្គុយនៅតាមទីធ្លាក្រុងយេរូសាឡឹម។ ម្នាក់ៗកាន់ឈើច្រត់ ព្រោះតែមានវ័យជរាណាស់ទៅហើយ។ ៥ នៅតាមទីធ្លាក្រុងក៏មានក្មេងប្រុសស្រីរត់លេងពាសពេញដែរ។ ៦ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: នៅគ្រានោះប្រជាជនដែលនៅសេសសល់យល់ថា ហេតុការណ៍នេះដូចជាអស្ចារ្យពេក ក៏ប៉ុន្តែ យើងយល់ថាមិនមែនជាការអស្ចារ្យពេកទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ៧ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: យើងនឹងសង្គ្រោះប្រជារាស្ត្ររបស់យើងដែលនៅស្រុកខាងកើត និងស្រុកខាងលិច។ ៨ យើងនឹងនាំពួកគេមករស់នៅក្នុងក្រុងយេរូសាឡឹមវិញ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់យើង ហើយយើងជាព្រះរបស់ពួកគេប្រកបដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីសុចរិត។
៩ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: ចូរមានចិត្តក្លាហានឡើង អ្នករាល់គ្នាឮសេចក្ដីផ្សេងៗដែលព្យាការីប្រកាសប្រាប់ក្នុងនាមយើង នៅគ្រាដែលគេចាក់គ្រឹះសង់ដំណាក់របស់យើង ជាព្រះអម្ចាស់នៃពិភពទាំងមូល។ ១០ កាលពីមុន គ្មាននរណាអោយថ្លៃឈ្នួលមនុស្ស ឬសត្វដែលបំពេញការងារទេ ហើយព្រោះតែខ្មាំងសត្រូវក៏គ្មាននរណាធ្វើដំណើរដោយសុខសាន្តដែរ ដ្បិតយើងបានបណ្ដោយអោយមនុស្សទាំងអស់ប្រហារគ្នាទៅវិញទៅមក។ ១១ ប៉ុន្តែ ឥឡូវនេះ យើងមិនប្រព្រឹត្តចំពោះប្រជាជនដែលនៅសេសសល់ ដូចយើងធ្លាប់ប្រព្រឹត្តពីអតីតកាលឡើយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ១២ យើងនឹងផ្ដល់អោយស្រុកបានប្រកបសេចក្ដីសុខសាន្ត: ដើមទំពាំងបាយជូរនឹងមានផ្លែផ្កាឡើងវិញ ដីនឹងផ្ដល់ភោគផល ហើយមេឃក៏បង្អុរទឹកភ្លៀងមកដែរ។ យើងនឹងអោយប្រជាជនដែលនៅសេសសល់ទទួលភោគសម្បត្តិទាំងនោះទុកជាមត៌ក។ ១៣ កូនចៅយូដា និងកូនចៅអ៊ីស្រាអែលអើយ អ្នករាល់គ្នាធ្លាប់បង្ហាញអោយប្រជាជាតិនានាឃើញបណ្ដាសាយ៉ាងណា យើងក៏នឹងសង្គ្រោះអ្នករាល់គ្នា ដើម្បីបង្ហាញព្រះពរអោយពួកគេឃើញយ៉ាងនោះដែរ! កុំភ័យខ្លាចអ្វីឡើយ ចូរមានចិត្តក្លាហានឡើង!
១៤ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: ដោយដូនតារបស់អ្នករាល់គ្នាបញ្ឆេះកំហឹងរបស់យើង យើងបានសំរេចចិត្តធ្វើអោយអ្នករាល់គ្នារងទុក្ខទោសដោយឥតនឹកស្ដាយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ១៥ ប៉ុន្តែ នៅពេលនេះ យើងដូរគំនិត ហើយសំរេចចិត្តផ្ដល់អោយអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដាបានចំរុងចំរើន កុំភ័យខ្លាចអ្វីឡើយ! ១៦ ចូរនាំគ្នាប្រតិបត្តិតាមសេចក្ដីទាំងនេះ ចូរនិយាយការពិតចំពោះគ្នាទៅវិញទៅមក។ នៅពេលកាត់ក្ដី ត្រូវវិនិច្ឆ័យតាមសេចក្ដីពិត ហើយសំរុះសំរួលគ្នាតាមយុត្តិធម៌។ ១៧ កុំអោយគិតគូរប្រព្រឹត្តអំពើអាក្រក់ចំពោះគ្នានឹងគ្នាឡើយ។ កុំចូលចិត្តស្បថបំពានអោយសោះ ដ្បិតយើងស្អប់អំពើទាំងនោះណាស់» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៨ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ ១៩ «ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: ពិធីតមអាហារនៅខែទីបួន ខែទីប្រាំ ខែទីប្រាំពីរ និងខែទីដប់ នឹងប្រែទៅជាពិធីបុណ្យដ៏សប្បាយរីករាយសំរាប់កូនចៅយូដា គឺជាឱកាសមួយប្រកបដោយអំណរដ៏មហោឡារិក។ ក៏ប៉ុន្តែ អ្នករាល់គ្នាត្រូវស្រឡាញ់សេចក្ដីពិត និងសេចក្ដីសុខសាន្ត»។
២០ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ជាតិសាសន៍នានា ព្រមទាំងប្រជាជនពីទីក្រុងជាច្រើននឹងនាំគ្នាមកក្រុងយេរូសាឡឹម។ ២១ អ្នកក្រុងមួយនឹងធ្វើដំណើរទៅប្រាប់អ្នកក្រុងមួយទៀតថា: “មក៍! យើងនាំគ្នាទៅទូលអង្វរព្រះអម្ចាស់ យើងនាំគ្នាទៅរកព្រះអម្ចាស់នៃពិភពទាំងមូល!” ម្នាក់ទៀតតបថា “ខ្ញុំក៏ទៅជាមួយដែរ!”។ ២២ ជាតិសាសន៍ជាច្រើន និងប្រជាជាតិមហាអំណាច នឹងនាំគ្នាមករកព្រះអម្ចាស់នៃពិភពទាំងមូលនៅក្រុងយេរូសាឡឹម ដើម្បីទូលអង្វរព្រះអង្គ។
២៣ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: នៅគ្រានោះ មនុស្សដប់នាក់មកពីគ្រប់ជាតិសាសន៍ដែលនិយាយភាសាផ្សេងៗគ្នា នឹងចាប់កាន់ជាយអាវជនជាតិយូដាម្នាក់ ទាំងពោលថា “ពួកយើងនឹងទៅជាមួយអ្នករាល់គ្នាដែរ ព្រោះពួកយើងឮថា ព្រះជាម្ចាស់គង់ជាមួយអ្នករាល់គ្នា”»។