១០
មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលសង្គ្រោះអ៊ីស្រាអែល
១ ចូរទូលសូមព្រះអម្ចាស់ប្រទាន
ទឹកភ្លៀងមកអ្នករាល់គ្នា
នៅចុងរដូវ!
ព្រះអម្ចាស់នឹងធ្វើអោយមានខ្យល់ព្យុះ
ព្រះអង្គប្រទានទឹកភ្លៀងមកយ៉ាងបរិបូណ៌
ព្រះអង្គធ្វើអោយដំណាំលូតលាស់
នៅតាមចំការរបស់អ្នករាល់គ្នា។
២ រីឯរូបព្រះក្លែងក្លាយ
ដែលអ្នករាល់គ្នាទៅសាកសួរ
ផ្ដល់តែចម្លើយបោកបញ្ឆោតប៉ុណ្ណោះ
ពួកហោរាថ្លែងអំពីនិមិត្តហេតុក្លែងក្លាយ
សុបិននិមិត្តរបស់ពួកគេសុទ្ធតែគ្មានខ្លឹមសារ
ពាក្យលើកទឹកចិត្តរបស់ពួកគេ
ក៏ឥតបានការដែរ។
ហេតុនេះហើយបានជាប្រជាជនត្រូវវេទនា
វង្វេងខ្ចាត់ខ្ចាយដូចហ្វូងចៀម គ្មានគង្វាល។
៣ «យើងខឹងនឹងពួកគង្វាលខ្លាំងណាស់
យើងនឹងដាក់ទោសជនបរទេសដែលដឹកនាំ
ប្រជារាស្ត្ររបស់យើង»។
ព្រះអម្ចាស់នៃពិភពទាំងមូលនឹងយាងមករំដោះ
កូនចៅយូដាដែលជាហ្វូងចៀមរបស់ព្រះអង្គ។
ព្រះអង្គប្រោសប្រទានអោយពួកគេ
ទទួលកិត្តិយស ដូចសេះចំបាំងដ៏ចំណាន។
៤ មេដឹកនាំទាំងអស់នឹងកើតចេញ
ពីកុលសម្ព័ន្ធយូដា
ពួកគេរឹងមាំដូចថ្មគ្រឹះដ៏សំខាន់
រឹងប៉ឹងដូចចម្រឹង និងពូកែដូចធ្នូចំបាំង។
៥ ពួកគេនឹងប្រៀបដូចជាទាហានដ៏អង់អាច
ដែលជាន់ឈ្លីបច្ចាមិត្តដូចភក់ជ្រាំនៅតាមផ្លូវ។
ពួកគេវាយសំរុកទៅលើខ្មាំង
ដ្បិតព្រះអម្ចាស់គង់នៅជាមួយពួកគេ។
រីឯទ័ពសេះរបស់ខ្មាំងសត្រូវ
នឹងត្រូវអាម៉ាស់មុខយ៉ាងខ្លាំង។
៦ «យើងនឹងពង្រឹងកម្លាំងកូនចៅយូដា
យើងនឹងសង្គ្រោះកូនចៅយ៉ូសែប
យើងនឹងស្ដារស្ថានភាពរបស់ពួកគេឡើងវិញ
ដ្បិតយើងនឹងអាណិតអាសូរពួកគេ។
ពួកគេនឹងប្រៀបដូចជាប្រជាជន
ដែលយើងមិនបានបោះបង់ចោលសោះ
ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ
យើងនឹងឆ្លើយតបទៅពួកគេវិញ។
៧ អេប្រាអ៊ីមនឹងប្រៀបដូចជាទាហានដ៏អង់អាច
ពួកគេមានចិត្តសប្បាយ ដូចបានស្រាផឹក។
ពេលឃើញដូច្នេះ
កូនចៅរបស់ពួកគេនឹងមានចិត្តត្រេកអរ
ចិត្តរបស់ពួកគេពោរពេញទៅដោយអំណរ
ព្រោះតែព្រះអម្ចាស់។
៨ យើងនឹងហៅប្រជារាស្ត្ររបស់យើង
អោយមកជួបជុំគ្នា
ដ្បិតយើងបានរំដោះពួកគេ។
ពួកគេនឹងកើនចំនួនច្រើនឡើងដូចពីដើម។
៩ យើងនឹងកំចាត់កំចាយពួកគេ
ទៅនៅក្នុងចំណោមប្រជាជាតិនានា
ពេលនៅឆ្ងាយ ពួកគេនឹងនឹកដល់យើង
ពួកគេនឹងបង្កើតកូនចៅ
ហើយនាំគ្នាវិលត្រឡប់មកវិញ។
១០ យើងនឹងអោយពួកគេវិលមកពីស្រុកអេស៊ីប
យើងនឹងប្រមូលពួកគេពីស្រុកអាស្ស៊ីរី
យើងនឹងនាំពួកគេទៅនៅ
ស្រុកកាឡាដ និងស្រុកលីបង់
រហូតទាល់តែចង្អៀតទឹកដី។
១១ ពួកគេនឹងឆ្លងកាត់សមុទ្រគ្រោះភ័យ
យើងនឹងវាយរលកសមុទ្រ
ហើយសូម្បីតែបាតទន្លេនីល
ក៏រីងស្ងួតដែរ។
យើងនឹងធ្វើអោយស្រុកអាស្ស៊ីរីបាក់អំនួត
ហើយធ្វើអោយស្រុកអេស៊ីបបាត់បង់អំណាច។
១២ យើងនឹងពង្រឹងកម្លាំងប្រជារាស្ត្ររបស់យើង
ពួកគេនឹងធ្វើដំណើរទៅមុខក្នុងនាមយើង»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។