៣០
ព្រះបន្ទូលសន្យានៅពេលអ៊ីស្រាអែលវិលមករកព្រះអម្ចាស់វិញ
១ «សេចក្ដីទាំងប៉ុន្មានដែលខ្ញុំថ្លែងប្រាប់ ទោះបីព្រះពរ ឬបណ្ដាសាក្ដី មុខជាកើតមានដល់អ្នក។ ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក និរទេសអ្នកទៅនៅក្នុងចំណោមប្រជាជាតិទាំងឡាយ ប្រសិនបើអ្នកនឹកឃើញសេចក្ដីទាំងនោះ ២ ហើយវិលមករកព្រះអម្ចាស់ ជាព្រះរបស់អ្នក គឺទាំងអ្នក ទាំងកូនចៅរបស់អ្នក នាំគ្នាស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គយ៉ាងអស់ពីចិត្ត អស់ពីគំនិត ស្របតាមសេចក្ដីទាំងប៉ុន្មានដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ៣ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងស្ដារស្ថានភាពរបស់អ្នក ព្រះអង្គនឹងអាណិតអាសូរអ្នក ហើយប្រមូលអ្នក ពីក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន ដែលព្រះអង្គកំចាត់កំចាយអ្នកទៅនោះ។ ៤ ទោះបីគេកៀរអ្នកទៅដល់ជើងមេឃក្ដី ក៏ព្រះអម្ចាស់ ជាព្រះរបស់អ្នក ទៅប្រមូលអ្នកនាំយកមកវិញដែរ។ ៥ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងនាំអ្នកវិលត្រឡប់មកស្រុក ដែលជាកម្មសិទ្ធិរបស់ដូនតាអ្នក។ អ្នកនឹងកាន់កាប់ស្រុកនេះ ព្រះអង្គប្រទានពរអោយអ្នកមានអំណរសប្បាយ ហើយកើនចំនួនច្រើនលើសដូនតារបស់អ្នកទៅទៀត។ ៦ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងនាំអ្នក ព្រមទាំងពូជពង្សរបស់អ្នក ថ្វាយចិត្តគំនិតដល់ព្រះអង្គ ដើម្បីអោយអ្នកស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក យ៉ាងអស់ពីចិត្ត អស់ពីគំនិត ធ្វើដូច្នេះ ទើបអ្នករស់រានមានជីវិត។
៧ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងធ្វើអោយបណ្ដាសាទាំងនេះធ្លាក់ទៅលើខ្មាំងសត្រូវរបស់អ្នក ព្រមទាំងអស់អ្នកដែលស្អប់ និងបៀតបៀនអ្នក។ ៨ រីឯអ្នកវិញ អ្នកនឹងវិលមករកព្រះអម្ចាស់ ហើយស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គ ព្រមទាំងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដូចខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ។ ៩ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានអោយអ្នកបានចំរុងចំរើន ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។ ព្រះអង្គនឹងប្រទានអោយអ្នកមានកូនចៅជាច្រើន ហ្វូងសត្វរបស់អ្នកនឹងកើនចំនួនច្រើនឡើង ហើយដីរបស់អ្នកក៏បង្កើតភោគផលយ៉ាងច្រើនដែរ ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យប្រទានអោយអ្នកមានសុភមង្គល ដូចដូនតារបស់អ្នក។ ១០ ក៏ប៉ុន្តែ អ្នកត្រូវស្ដាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក ដោយកាន់តាមបទបញ្ជា និងច្បាប់របស់ព្រះអង្គ ដែលមានចែងទុកក្នុងគម្ពីរនៃក្រឹត្យវិន័យនេះ ហើយត្រូវវិលមករកព្រះអម្ចាស់ ជាព្រះរបស់អ្នក យ៉ាងអស់ពីចិត្ត អស់ពីគំនិត។
១១ បទបញ្ជាដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ មិនមែនហួសកម្លាំងរបស់អ្នក ហើយក៏មិននៅឆ្ងាយដែរ។ ១២ បទបញ្ជានេះមិនមែនស្ថិតនៅលើមេឃ បណ្ដាលអោយអ្នកពោលថា “តើបាននរណាឡើងទៅលើមេឃយកបទបញ្ជានេះមកថ្លែងប្រាប់យើង ដើម្បីអោយយើងប្រតិបត្តិតាម?”។ ១៣ បទបញ្ជានេះក៏មិនស្ថិតនៅខាងនាយសមុទ្រ បណ្ដាលអោយអ្នកពោលថា “តើបាននរណាឆ្លងទៅឯនាយសមុទ្រ យកបទបញ្ជានេះមកថ្លែងប្រាប់យើង ដើម្បីអោយយើងប្រតិបត្តិតាម?”។ ១៤ ផ្ទុយទៅវិញ ព្រះបន្ទូលនេះនៅក្បែរអ្នក នៅក្នុងមាត់ និងក្នុងចិត្តរបស់អ្នក ដើម្បីអោយអ្នកប្រតិបត្តិតាម។
១៥ មើល៍ថ្ងៃនេះ ខ្ញុំអោយអ្នកជ្រើសរើសយកជីវិត ឬសេចក្ដីស្លាប់ អំពើល្អ ឬអំពើអាក្រក់ ១៦ ដ្បិតខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ អោយស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយដើរតាមមាគ៌ារបស់ព្រះអង្គ កាន់តាមបទបញ្ជា ច្បាប់ និងវិន័យរបស់ព្រះអង្គ។ ធ្វើដូច្នេះ ទើបអ្នករស់រានមានជីវិត និងកើនចំនួនច្រើនឡើង ហើយព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានពរដល់អ្នកនៅក្នុងស្រុកដែលអ្នកចូលទៅកាន់កាប់។ ១៧ ប៉ុន្តែ បើអ្នកបែរចិត្តចេញពីព្រះអង្គ មិនព្រមស្ដាប់បង្គាប់ព្រះអង្គ ដោយបណ្ដោយខ្លួនទៅក្រាបថ្វាយបង្គំ និងគោរពបំរើព្រះឯទៀតៗ ១៨ នោះខ្ញុំប្រាប់អោយអ្នករាល់គ្នាដឹងនៅថ្ងៃនេះថា អ្នករាល់គ្នាមុខជាវិនាសសូន្យ គឺអ្នកពុំអាចមានអាយុយឺនយូរនៅក្នុងស្រុក ដែលអ្នកត្រូវឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់នោះឡើយ។ ១៩ ថ្ងៃនេះ ខ្ញុំសូមយកមេឃ និងដី ធ្វើជាសាក្សីទាស់នឹងអ្នករាល់គ្នា គឺខ្ញុំអោយអ្នកជ្រើសរើសយកជីវិត ឬសេចក្ដីស្លាប់ ព្រះពរ ឬបណ្ដាសា។ ចូរជ្រើសរើសយកជីវិតចុះ ដើម្បីអោយអ្នក និងពូជពង្សរបស់អ្នកបានរស់រាន។ ២០ ចូរស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ចូរស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គ និងជំពាក់ចិត្តលើព្រះអង្គ។ ព្រះអង្គជាជីវិតរបស់អ្នក ព្រះអង្គប្រទានអោយអ្នកមានអាយុយឺនយូរ ដើម្បីអោយអ្នករស់នៅលើទឹកដីដែលព្រះអម្ចាស់បានសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងប្រទានអោយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នក»។