ប្រសាសន៍​ចុង​ក្រោយ និង​មរណភាព​របស់​លោក​ម៉ូសេ
៣១
លោក​យ៉ូស្វេ​ទទួល​មុខងារ​ជំនួស​លោក​ម៉ូសេ
១ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ទៀត​ថា៖ ២ «ឥឡូវ​នេះ ខ្ញុំ​មាន​អាយុ​មួយ​រយ​ម្ភៃ​ឆ្នាំ​ហើយ ខ្ញុំ​ពុំ​អាច​ដឹក​នាំ​អ្នក​រាល់​គ្នា​ទៀត​ទេ។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា ខ្ញុំ​ពុំ​អាច​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ឡើយ។ ៣ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​យាង​នៅ​មុខ​អ្នក ព្រះអង្គ​នឹង​បំផ្លាញ​ប្រជាជាតិ​នានា​ចេញ​ពី​មុខ​អ្នក ដើម្បី​អោយ​អ្នក​ដណ្ដើម​យក​ស្រុក​ពី​ពួក​គេ។ លោក​យ៉ូស្វេ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​អ្នក ដូច​ព្រះអម្ចាស់​មាន​ព្រះបន្ទូល។ ៤ ព្រះអម្ចាស់​នឹង​កំទេច​ប្រជាជាតិ​ទាំង​នោះ ដូច​ព្រះអង្គ​បាន​កំទេច​ស៊ីហុន និង​អុក​ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី ព្រម​ទាំង​ស្រុក​របស់​គេ។ ៥ ព្រះអម្ចាស់​នឹង​ប្រគល់​ប្រជាជាតិ​ទាំង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក ហើយ​អ្នក​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​បញ្ជា​ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក​នៅ​ថ្ងៃ​នេះ។ ៦ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង! កុំ​ភ័យ​ខ្លាច ឬ​តក់ស្លុត​នៅ​ចំពោះ​មុខ​ពួក​គេ​អោយ​សោះ ដ្បិត​ព្រះអម្ចាស់​ផ្ទាល់ ជា​ព្រះ​របស់​អ្នក នឹង​យាង​ទៅ​ជា​មួយ​អ្នក។ ព្រះអង្គ​មិន​បោះ​បង់​ចោល​អ្នក​ជា​ដាច់​ខាត!»។
៧ លោក​ម៉ូសេ​ហៅ​លោក​យ៉ូស្វេ​មក ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​លោក នៅ​ចំពោះ​មុខ​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ថា៖ «ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង! ដ្បិត​អ្នក​ត្រូវ​នាំ​ប្រជាជន​នេះ​ចូល​ទៅ​ក្នុង​ស្រុក ដែល​ព្រះអម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​បុព្វបុរស​របស់​ពួក​គេ ថា​នឹង​ប្រគល់​អោយ​ពួក​គេ។ ដូច្នេះ អ្នក​ត្រូវ​នាំ​ប្រជាជន​នេះ​ទៅ​កាន់​កាប់​ទឹក​ដី ជា​ចំណែក​មត៌ក​របស់​ពួក​គេ។ ៨ ព្រះអម្ចាស់​ផ្ទាល់​នឹង​យាង​នៅ​មុខ​អ្នក ព្រះអង្គ​គង់​នៅ​ជា​មួយ​អ្នក ហើយ​ព្រះអង្គ​មិន​បោះ​បង់​ចោល​អ្នក​ឡើយ។ ហេតុ​នេះ កុំ​ភ័យ​ខ្លាច ឬ​តក់ស្លុត​អោយ​សោះ»។
បញ្ជា​អោយ​អាន​ក្រឹត្យវិន័យ​រៀង​រាល់​ប្រាំពីរ​ឆ្នាំ
៩ លោក​ម៉ូសេ​បាន​សរសេរ​ក្រឹត្យវិន័យ​នេះ​ប្រគល់​ជូន​ពួក​បូជាចារ្យ ជា​កូន​ចៅ​លេវី ដែល​មាន​ភារកិច្ច​សែង​ហិប​នៃ​សម្ពន្ធមេត្រី*​របស់​ព្រះអម្ចាស់ ហើយ​លោក​ក៏​ប្រគល់​ជូន​លោក​ព្រឹទ្ធាចារ្យ*​ទាំង​អស់​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ដែរ។ ១០ លោក​ម៉ូសេ​បង្គាប់​ដល់​ពួក​គេ​ដូច​ត​ទៅ៖ «ប្រាំពីរ​ឆ្នាំ​ម្ដង គឺ​នៅ​ឆ្នាំ​ដែល​ត្រូវ​លុប​បំណុល ក្នុង​ឱកាស​បុណ្យ​បារាំ ១១ ពេល​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​នាំ​គ្នា​ទៅ​ថ្វាយបង្គំ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​កន្លែង​ដែល​ព្រះអង្គ​ជ្រើស​រើស ចូរ​អាន​ក្រឹត្យវិន័យ​នេះ​នៅ​មុខ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ដើម្បី​អោយ​ពួក​គេ​បាន​ឮ។ ១២ ត្រូវ​ប្រមូល​ប្រជាជន ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក ដើម្បី​អោយ​ពួក​គេ​ឮ​ក្រឹត្យវិន័យ​នេះ ហើយ​រៀន​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​កាន់ និង​អនុវត្ត​តាម​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យវិន័យ​នេះ។ ១៣ ចំណែក​ឯ​កូន​ចៅ​របស់​គេ​ដែល​ពុំ​ស្គាល់​គម្ពីរ​វិន័យ​នេះ ក៏​នឹង​បាន​ឮ ហើយ​រៀន​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ក្នុង​ពេល​អ្នក​រាល់​គ្នា​រស់​នៅ​លើ​ទឹក​ដី ដែល​អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​កាន់​កាប់»។
អ៊ីស្រាអែល​នឹង​ក្បត់​សម្ពន្ធមេត្រី​របស់​ព្រះអម្ចាស់
១៤ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ឥឡូវ​នេះ ជិត​ដល់​ថ្ងៃ​ដែល​អ្នក​ត្រូវ​ស្លាប់​ហើយ។ ចូរ​ហៅ​យ៉ូស្វេ​មក ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​ឈរ​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។ យើង​នឹង​ចេញ​បញ្ជា​ដល់​យ៉ូស្វេ»។ លោក​ម៉ូសេ និង​លោក​យ៉ូស្វេ នាំ​គ្នា​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។ ១៥ ពេល​នោះ ព្រះអម្ចាស់​លេច​មក​អោយ​លោក​ទាំង​ពីរ​ឃើញ​ក្នុង​ដុំ​ពពក​ នៅ​ក្នុង​ពន្លា។ ដុំ​ពពក​នោះ​ស្ថិត​នៅ​មាត់​ទ្វារ​ពន្លា។
១៦ ព្រះអម្ចាស់មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «បន្តិច​ទៀត អ្នក​នឹង​ត្រូវ​ស្លាប់។ ពេល​នោះ ប្រជាជន​នឹង​នាំ​គ្នា​ក្បត់​យើង ហើយ​គោរព​ព្រះ​ដទៃ ក្នុង​ស្រុក​ដែល​ពួក​គេ​ចូល​ទៅ​រស់​នៅ។ ពួក​គេ​នឹង​បោះ​បង់​ចោល​យើង ដោយ​ផ្ដាច់​សម្ពន្ធមេត្រី​ដែល​យើង​ចង​ជា​មួយ​ពួក​គេ។ ១៧ នៅ​ថ្ងៃ​នោះ កំហឹង​របស់​យើង​នឹង​ឆាបឆេះ​ទៅ​លើ​ពួក​គេ យើង​នឹង​បោះ​បង់​ចោល​ពួក​គេ យើង​លែង​រវីរវល់​នឹង​ពួក​គេ​ទៀត​ហើយ។ ខ្មាំង​សត្រូវ​នឹង​លេប​បំបាត់​ពួក​គេ ទុក្ខ​វេទនា និង​ភាព​អាសន្ន​ជា​ច្រើន កើត​មាន​ដល់​ពួក​គេ។ ពេល​នោះ ពួក​គេ​មុខ​ជា​ពោល​ថា “ទុក្ខ​វេទនា​កើត​មាន​ដល់​ខ្ញុំ​ដូច្នេះ មក​ពី​ព្រះ​របស់​ខ្ញុំ​លែង​គង់​នៅ​ជា​មួយ​ខ្ញុំ!”។ ១៨ នៅ​ថ្ងៃ​នោះ យើង​លែង​រវីរវល់​នឹង​ពួក​គេ​ទាំង​ស្រុង ព្រោះ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដោយ​បែរ​ទៅ​គោរព​ព្រះ​ឯ​ទៀតៗ។ ១៩ ចូរ​សរសេរ​បទ​ចំរៀង​នេះ​ទុក ព្រម​ទាំង​បង្រៀន​ជន​ជាតិ​អ៊ីស្រាអែល​អោយ​ចេះ​ច្រៀង ហើយ​អោយ​បទ​ចំរៀង​នេះ​ធ្វើ​ជា​សាក្សី​របស់​យើង ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល។ ២០ យើង​នឹង​នាំ​ជន​ជាតិ​នេះ​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ ថា​នឹង​ប្រគល់​អោយ​ពួក​គេ គឺ​ជា​ស្រុក​ដ៏​សម្បូណ៌សប្បាយ។ ពេល​មាន​អាហារ​បរិភោគ​ឆ្អែត បាន​ធំ​ធាត់ ពួក​គេ​នឹង​បែរ​ចិត្ត​ទៅ​រក​ព្រះ​ដទៃ ហើយ​គោរព​បំរើ​ព្រះ​ទាំង​នោះ។ ពួក​គេ​នឹង​ប្រមាថ​មាក់ងាយ​យើង ហើយ​ផ្ដាច់​សម្ពន្ធមេត្រី​ជា​មួយ​យើង។ ២១ នៅ​ពេល​មហន្តរាយ និង​ទុក្ខ​វេទនា​ជា​ច្រើន កើត​មាន​ដល់​ពួក​គេ បទ​ចំរៀង​នេះ​ធ្វើ​ជា​សាក្សី​ទាស់​នឹង​ពួក​គេ សូម្បី​តែ​ពូជពង្ស​របស់​ពួក​គេ​ក៏​ចេះ​ច្រៀង​បទ​នេះ​ដែរ។ មុន​ពេល​យើង​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ទឹក​ដី ដែល​យើង​សន្យា​យ៉ាង​ម៉ឺងម៉ាត់ ថា​ប្រគល់​អោយ​ពួក​គេ យើង​ដឹង​ជា​មុន​ថា ចិត្ត​របស់​ពួក​គេ​ប្រែប្រួល»។
២២ នៅ​ថ្ងៃ​នោះ លោក​ម៉ូសេ​បាន​សរសេរ​បទ​ចំរៀង​នេះ ហើយ​បង្រៀន​ដល់​កូន​ចៅ​អ៊ីស្រាអែល។
២៣ ព្រះអម្ចាស់​បង្គាប់​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន​ថា៖ «ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង ដ្បិត​អ្នក​នឹង​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ថា ប្រគល់​អោយ​ពួក​គេ។ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក»។
២៤ ពេល​លោក​ម៉ូសេ​សរសេរ​ព្រះបន្ទូល​ស្ដី​អំពី​ក្រឹត្យវិន័យ​នេះ​ទុក​ក្នុង​គម្ពីរ ចប់​សព្វ​គ្រប់​ហើយ ២៥ លោក​បង្គាប់​ពួក​លេវី​ដែល​មាន​ភារកិច្ច​សែង​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអម្ចាស់​ថា៖ ២៦ «ចូរ​យក​ក្រឹត្យវិន័យ​នេះ​ទៅ​ទុក​ជា​មួយ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ គម្ពីរ​នេះ​ជា​បន្ទាល់​ទាស់​នឹង​អ្នក ២៧ ដ្បិត​ខ្ញុំ​ដឹង​ថា​អ្នក​មាន​គំនិត​បះបោរ និង​មាន​ចិត្ត​រឹងរូស។ ពេល​ខ្ញុំ​នៅ​រស់ អ្នក​បះបោរ​ប្រឆាំង​នឹង​ព្រះអម្ចាស់​យ៉ាង​នេះ​ទៅ​ហើយ ចុះ​ទំរាំ​បើ​ខ្ញុំ​ស្លាប់ តើ​អ្នក​នឹង​បះបោរ​យ៉ាង​ណា​ទៅ​ទៀត! ២៨ ចូរ​ប្រមូល​ព្រឹទ្ធាចារ្យ*​ទាំង​អស់​នៃ​កុលសម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​មេ​ក្រុម​អោយ​មក​ជួប​ខ្ញុំ ខ្ញុំ​នឹង​អោយ​ពួក​គេ​ឮ​ព្រះបន្ទូល​ទាំង​នេះ។ ខ្ញុំ​ក៏​យក​មេឃ និង​ដី​ធ្វើ​ជា​សាក្សី​ទាស់​នឹង​ពួក​គេ​ដែរ ២៩ ដ្បិត​ខ្ញុំ​ដឹង​ថា ពេល​ខ្ញុំ​លា​ចាក​លោក​នេះ​ទៅ អ្នក​រាល់​គ្នា​នឹង​ក្បត់​ព្រះជាម្ចាស់ ដោយ​ងាក​ចេញ​ពី​មាគ៌ា​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា។ ពេល​អនាគត អ្នក​រាល់​គ្នា​នឹង​ប្រព្រឹត្ត​អំពើ​អាក្រក់​មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ រហូត​បណ្ដាល​អោយ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ ហើយ​ទុក្ខ​វេទនា​នឹង​កើត​មាន​ដល់​អ្នក​រាល់​គ្នា»។
៣០ លោក​ម៉ូសេ​បាន​ថ្លែង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​បទ​ចំរៀង​នេះ អោយ​អង្គ​ប្រជុំ​ទាំង​មូល​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ស្ដាប់ រហូត​ដល់​ចប់។