៣០
អាសនៈ​សំរាប់​ដុត​គ្រឿង​ក្រអូប
១ ត្រូវ​ធ្វើ​អាសនៈ​មួយ​ពី​ឈើ​នាងនួន សំរាប់​ដុត​គ្រឿង​ក្រអូប។ ២ អាសនៈ​ត្រូវ​មាន​រាង​បួន​ជ្រុង​ស្មើ ដែល​ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​ហត្ថ និង​កំពស់​ពីរ​ហត្ថ។ ចូរ​ធ្វើ​ស្នែង​ជាប់​នឹង​មុម​ទាំង​បួន​របស់​អាសនៈ។ ៣ អាសនៈ​ទាំង​មូល​ត្រូវ​ស្រោប​ដោយ​មាស​សុទ្ធ គឺ​ទាំង​ផ្នែក​ខាង​លើ ទាំង​ជញ្ជាំង​ដែល​នៅ​ព័ទ្ធ​ជុំវិញ ទាំង​ស្នែង។ រីឯ​គែម​ដែល​នៅ​ជុំវិញ​ត្រូវ​ធ្វើ​ពី​មាស។ ៤ ត្រូវ​ធ្វើ​កង​មាស​ម្ខាង​ពីរៗ ភ្ជាប់​ពី​ក្រោម​គែម​អាសនៈ ដើម្បី​ស៊ក​ឈើ​ស្នែង​សែង​អាសនៈ។ ៥ ត្រូវ​ធ្វើ​ឈើ​ស្នែង​ពីរ​ពី​ឈើ​នាងនួន ហើយ​ស្រោប​មាស​ផង។ ៦ ត្រូវ​ដាក់​អាសនៈ​នេះ​នៅ​ខាង​មុខ​វាំងនន​បាំង​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា គឺ​ចំ​ពី​មុខ​កន្លែង​ដែល​យើង​នឹង​មក​ជួប​អ្នក នៅ​លើ​គំរប​ហិប ដែល​គ្រប​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា។ ៧ រៀង​រាល់​ព្រឹក ពេល​អើរ៉ុន​ចូល​មក​ថែ​ចង្កៀង គាត់​ត្រូវ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​នេះ។ ៨ រៀង​រាល់​ល្ងាច ក្នុង​ពេល​ដែល​គាត់​អុជ​ចង្កៀង គាត់​ក៏​ត្រូវ​ដុត​គ្រឿង​ក្រអូប​ដែរ។ គ្រឿង​ក្រអូប​នេះ​ត្រូវ​តែ​ដុត​ថ្វាយ​ព្រះអម្ចាស់​ជានិច្ច​និរន្តរ៍ គ្រប់​ជំនាន់​ត​រៀង​ទៅ។ ៩ កុំ​ថ្វាយ​គ្រឿង​ក្រអូប​ដែល​មិន​សក្ការៈ ឬ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ និង​ច្រួចស្រា​ទំពាំងបាយជូរ​លើ​អាសនៈ​នេះ​ឡើយ។ ១០ មួយ​ឆ្នាំ​ម្ដង អើរ៉ុន​ត្រូវ​ធ្វើ​ពិធី​ជំរះ​អាសនៈ​អោយ​បាន​បរិសុទ្ធ ដោយ​យក​ឈាម​សត្វ​ដែល​ថ្វាយ​ជា​យញ្ញបូជា​លោះ​បាប ទៅ​លាប​តាម​ស្នែង​របស់​អាសនៈ។ ពិធី​នេះ​ត្រូវ​តែ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ គ្រប់​ជំនាន់​ត​រៀង​ទៅ។ ត្រូវ​ញែក​អាសនៈ​នេះ​ជា​របស់​ដ៏វិសុទ្ធ​បំផុត នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់
ពន្ធដារ​សំរាប់​ទីសក្ការៈ
១១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ១២ «នៅ​ពេល​អ្នក​ជំរឿន​ប្រជាជន​អ៊ីស្រាអែល ពួក​គេ​ម្នាក់ៗ​ត្រូវ​តែ​បង់​ប្រាក់​ថ្វាយ​ព្រះអម្ចាស់ ទុក​ជា​ថ្លៃ​លោះ​ជីវិត​របស់​ខ្លួន។ ដូច្នេះ នឹង​គ្មាន​គ្រោះ​កាច​ណា​កើត​ឡើង​ដល់​ពួក​គេ ក្នុង​ពេល​ជំរឿន​ប្រជាជន​ឡើយ។ ១៣ អស់​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន ម្នាក់ៗ​ត្រូវ​បង់​ប្រាក់​ពីរ​តម្លឹង តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទីសក្ការៈ គឺ​ស្មើ​នឹង​ដប់​កេរ៉ា* ទុក​ជា​តង្វាយ​ថ្វាយ​ព្រះអម្ចាស់១៤ អស់​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន និង​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ត្រូវ​បង់​ប្រាក់​នេះ​ទុក​ជា​តង្វាយ​ថ្វាយ​ព្រះអម្ចាស់១៥ តង្វាយ​ដែល​ត្រូវ​ថ្វាយ​ព្រះអម្ចាស់​នេះ កំណត់​ត្រឹម​ប្រាក់​ពីរ​តម្លឹង។ អ្នក​មាន​មិន​ត្រូវ​បង់​លើស​ចំនួន រីឯ​អ្នក​ក្រ​ក៏​មិន​ត្រូវ​បង់​តិច​ជាង​ដែរ។ ១៦ ពេល​អ្នក​ទទួល​ប្រាក់​ពី​កូន​ចៅ​អ៊ីស្រាអែល​ហើយ ត្រូវ​យក​ប្រាក់​នេះ​ទៅ​ប្រើប្រាស់​សំរាប់​ការងារ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់។ ធ្វើ​ដូច្នេះ ព្រះអម្ចាស់​នឹង​នឹក​ដល់​កូន​ចៅ​អ៊ីស្រាអែល ដែល​បាន​លោះ​ជីវិត​របស់​ខ្លួន»។
អាង​សំរាប់​ពិធី​ជំរះ​កាយ
១៧ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ១៨ «ចូរ​ធ្វើ​អាង​មួយ​អំពី​លង្ហិន ដាក់​នៅ​លើ​កំណល់​ធ្វើ​អំពី​លង្ហិន សំរាប់​ធ្វើ​ពិធី​ជំរះ​កាយ។ ត្រូវ​ដាក់​អាង​នោះ​នៅ​ចន្លោះ​ពន្លា​ជួប​ព្រះអម្ចាស់ និង​អាសនៈ រួច​ចាក់​ទឹក​អោយ​ពេញ​អាង។ ១៩ អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ ត្រូវ​យក​ទឹក​ពី​ក្នុង​អាង​នោះ សំរាប់​ធ្វើ​ពិធី​លាង​ដៃ និង​លាង​ជើង។ ២០ មុន​នឹង​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ ពួក​គេ​ត្រូវ​យក​ទឹក​នោះ​មក​ធ្វើ​ពិធី​ជំរះ​កាយ​ជា​មុន​សិន ដើម្បី​កុំ​អោយ​ពួក​គេ​ត្រូវ​ស្លាប់។ ពេល​ចូល​ទៅ​កាន់​អាសនៈ ដើម្បី​ថ្វាយ​យញ្ញបូជា​ដល់​ព្រះអម្ចាស់ ក៏​ពួក​គេ​ត្រូវ​ធ្វើ​ពិធី​ជំរះ​កាយ​ដែរ។ ២១ ពួក​គេ​ត្រូវ​តែ​ធ្វើ​ពិធី​លាង​ដៃ និង​លាង​ជើង ដើម្បី​កុំ​អោយ​ស្លាប់។ នេះ​ជា​ច្បាប់​ដែល​អើរ៉ុន និង​ពូជពង្ស​របស់​គាត់​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ»។
ប្រេង​ដ៏​សក្ការៈ
២២ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២៣ «ចូរ​យក​គ្រឿង​ក្រអូប​ដែល​មាន​គុណភាព​ល្អ​បំផុត គឺ​ជ័រ​ល្វីងទេស​ទម្ងន់​ដប់ពីរ​នាល ប្រេង​ទេព្វិរូ​ប្រាំ​មួយ​នាល ប្រេង​សម្បុរ​ល្វែង​ប្រាំ​មួយ​នាល ២៤ កំញាន​ដប់ពីរ​នាល គិត​តាម​ទម្ងន់​ដែល​ប្រើ​នៅ​ក្នុង​ទីសក្ការៈ ព្រម​ទាំង​ប្រេង​អូលីវ​ប្រាំ​មួយ​លីត្រ​ទៀត​ផង។ ២៥ ត្រូវ​ផ្សំ​គ្រឿង​ទាំង​នោះ​ធ្វើ​ជា​ប្រេង​ក្រអូប តាម​វិធី​ចំរាញ់​ប្រេង​របស់​អ្នក​ធ្វើ​ទឹក​អប់ ដើម្បី​ប្រើ​សំរាប់​ធ្វើ​ពិធី​លាប​ប្រេង​សក្ការៈ។ ២៦ ត្រូវ​ប្រើ​ប្រេង​នោះ​សំរាប់​លាប​ពន្លា​ជួប​ព្រះអម្ចាស់ និង​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា ២៧ តុ និង​គ្រឿង​បរិក្ខារ​ដែល​ប្រើប្រាស់​ជា​មួយ​តុ ជើង​ចង្កៀង និង​គ្រឿង​បរិក្ខារ​ដែល​ប្រើ​ជា​មួយ​ចង្កៀង​អាសនៈ​ដុត​គ្រឿង​ក្រអូប ២៨ អាសនៈ​សំរាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​គ្រឿង​បរិក្ខារ​សំរាប់​ប្រើប្រាស់​ជា​មួយ​អាសនៈ ព្រម​ទាំង​អាង​ទឹក និង​កំណល់។ ២៩ ពេល​អ្នក​លាប​ប្រេង​ញែក​វត្ថុ​ទាំង​នោះ​ជា​សក្ការៈ វត្ថុ​ទាំង​នោះ​នឹង​បាន​ទៅ​ជា​វិសុទ្ធ*​បំផុត ហើយ​អ្វីៗ​ដែល​មក​ប៉ះ​នឹង​វត្ថុ​ទាំង​នោះ ក៏​នឹង​ទៅ​ជា​វិសុទ្ធ​ដែរ។ ៣០ ចូរ​យក​ប្រេង​នេះ​លាប​លើ​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ ញែក​ពួក​គេ​អោយ​បាន​វិសុទ្ធ ដើម្បី​អោយ​ពួក​គេ​បំពេញ​មុខងារ​ជា​បូជាចារ្យ*​បំរើ​យើង។ ៣១ ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា នេះ​ជា​ប្រេង​សំរាប់​ប្រើ​ក្នុង​ពិធី​លាប​ប្រេង​ដ៏​សក្ការៈ គ្រប់​ជំនាន់​ត​រៀង​ទៅ។ ៣២ មិន​ត្រូវ​ប្រើ​ប្រេង​នេះ​សំរាប់​លាប​តែង​ខ្លួន​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​គ្រឿង​ផ្សំ​នេះ​ទៅ​ធ្វើ​ប្រេង​ដូច​ប្រេង​នេះ​ដែរ ដ្បិត​ប្រេង​នេះ​ជា​ប្រេង​សក្ការៈ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​តែ​ទុក​អោយ​នៅ​ជា​សក្ការៈ​រហូត។ ៣៣ អ្នក​ណា​ផ្សំ​ប្រេង​ដូច​ប្រេង​សក្ការៈ ឬ​យក​ប្រេង​នេះ​ទៅ​លាប​លើ​មនុស្ស​សាមញ្ញ​ធម្មតា ត្រូវ​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​ប្រជាជន»។
គ្រឿង​ក្រអូប​ដ៏​សក្ការៈ
៣៤ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​យក​គ្រឿង​ក្រអូប​ដូច​ជា​ស្លឹក​ពុំ​សែន ខ្លឹមចន្ទន៍ កំបូរ និង​កំញាន​សុទ្ធ ទម្ងន់​ស្មើៗ​គ្នា ៣៥ មក​ផ្សំ​ធ្វើ​គ្រឿង​ក្រអូប តាម​វិធី​ផ្សំ​របស់​អ្នក​ធ្វើ​គ្រឿង​ក្រអូប។ ត្រូវ​ដាក់​អំបិល​លាយ​ជា​មួយ​ផង ដើម្បី​អោយ​គ្រឿង​ក្រអូប​នោះ​ទៅ​ជា​បរិសុទ្ធ និង​សក្ការៈ។ ៣៦ ត្រូវ​យក​គ្រឿង​ក្រអូប​មួយ​ចំណែក​ទៅ​កិន​អោយ​ម៉ដ្ដ ដើម្បី​ដាក់​ពី​មុខ​ហិប​ដែល​មាន​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ ជា​កន្លែង​ដែល​យើង​មក​ជួប​ជា​មួយ​អ្នក។ អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ម្សៅ​នេះ​ជា​ម្សៅ​សក្ការៈ​បំផុត។ ៣៧ មិន​ត្រូវ​ផ្សំ​គ្រឿង​ក្រអូប​សំរាប់​ប្រើប្រាស់​ដូច​គ្រឿង​នេះ​ឡើយ ត្រូវ​ចាត់​ទុក​គ្រឿង​ក្រអូប​នេះ​ជា​សក្ការៈ​ថ្វាយ​ព្រះអម្ចាស់
៣៨ អ្នក​ណា​ផ្សំ​គ្រឿង​ក្រអូប​ដូច​គ្រឿង​ក្រអូប​នេះ ដើម្បី​ប្រើប្រាស់ ត្រូវ​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​ប្រជាជន»។