៣១
អ្នកបំរើក្នុងទីសក្ការៈ
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ២ «យើងបានជ្រើសរើសបេតសាលាល ជាកូនរបស់យូរី និងជាចៅរបស់ហ៊ើរ ក្នុងកុលសម្ព័ន្ធយូដា។ ៣ យើងបានធ្វើអោយគាត់ពោរពេញដោយព្រះវិញ្ញាណរបស់យើង ដើម្បីអោយគាត់មានប្រាជ្ញាឆ្លាតវាងវៃ ចេះធ្វើគ្រប់កិច្ចការ ៤ គឺគាត់ចេះលើកគំរោង ហើយជាជាងមាស ជាងប្រាក់ និងជាងលង្ហិន ៥ ចេះឆ្នៃ និងដាំត្បូង ចេះឆ្លាក់ឈើ។ សរុបមក គាត់ចេះធ្វើការងារគ្រប់មុខ។ ៦ យើងក៏បានតែងតាំងអូហូលីអាប់ ជាកូនរបស់អហ៊ីសាម៉ាក ពីកុលសម្ព័ន្ធដាន់អោយជួយគាត់ដែរ។ យើងអោយសិប្បករឯទៀតៗមានប្រាជ្ញា ដើម្បីបំពេញការងារទាំងអស់ដែលយើងបានបង្គាប់អោយអ្នកធ្វើ ៧ គឺធ្វើពន្លាជួបព្រះអម្ចាស់ ហិបដាក់បន្ទះថ្មនៃសន្ធិសញ្ញា គំរបហិប និងគ្រឿងបរិក្ខារទាំងអស់ សំរាប់ប្រើប្រាស់នៅក្នុងពន្លា ៨ តុ និងគ្រឿងបរិក្ខារសំរាប់ប្រើប្រាស់ជាមួយតុ ជើងចង្កៀងធ្វើអំពីមាសសុទ្ធ និងគ្រឿងបរិក្ខារ សំរាប់ប្រើប្រាស់ជាមួយជើងចង្កៀង អាសនៈដុតគ្រឿងក្រអូប ៩ អាសនៈសំរាប់ថ្វាយតង្វាយដុតទាំងមូល និងគ្រឿងបរិក្ខារសំរាប់ប្រើប្រាស់ជាមួយអាសនៈ អាងទឹក និងកំណល់។ ១០ សម្លៀកបំពាក់សំរាប់ពិធីបុណ្យ គឺសម្លៀកបំពាក់សក្ការៈរបស់បូជាចារ្យអើរ៉ុន និងសម្លៀកបំពាក់កូនប្រុសគាត់ សំរាប់បំពេញមុខងារជាបូជាចារ្យ។ ១១ ប្រេងសំរាប់ប្រើក្នុងពិធីលាបប្រេង និងគ្រឿងក្រអូបសំរាប់ដុតនៅទីសក្ការៈ។ ពួកសិប្បករនឹងធ្វើការទាំងអស់ ដូចយើងបានបង្គាប់»។
ថ្ងៃសប្ប័ទ*
១២ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ១៣ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ត្រូវគោរពថ្ងៃសប្ប័ទរបស់យើងអោយបានដិតដល់ ដ្បិតថ្ងៃសប្ប័ទជាទីសំគាល់នៃទំនាក់ទំនងរវាងយើង នឹងអ្នករាល់គ្នា គ្រប់ជំនាន់តរៀងទៅ ព្រមទាំងរំលឹកអោយដឹងថា យើងជាព្រះអម្ចាស់ ដែលបានញែកអ្នករាល់គ្នាជាប្រជារាស្ត្រដ៏វិសុទ្ធរបស់យើង។ ១៤ ដូច្នេះ ចូរគោរពថ្ងៃសប្ប័ទ និងចាត់ទុកថ្ងៃនោះជាថ្ងៃដ៏សក្ការៈ។ អ្នកណាមិនគោរពថ្ងៃសប្ប័ទទុកជាសក្ការៈ អ្នកនោះនឹងត្រូវគេប្រហារជីវិត ហើយអស់អ្នកដែលធ្វើការងារនៅថ្ងៃនោះនឹងត្រូវដកចេញពីចំណោមប្រជាជន។ ១៥ ក្នុងរយៈពេលប្រាំមួយថ្ងៃ អ្នករាល់គ្នាអាចធ្វើការបាន ប៉ុន្តែ ថ្ងៃទីប្រាំពីរជាថ្ងៃសប្ប័ទ គឺថ្ងៃសំរាកដែលត្រូវញែកទុកជាថ្ងៃសក្ការៈ ថ្វាយព្រះអម្ចាស់។ អស់អ្នកដែលធ្វើការនៅថ្ងៃសប្ប័ទនឹងត្រូវគេប្រហារជីវិត។ ១៦ ជនជាតិអ៊ីស្រាអែលត្រូវតែគោរពថ្ងៃសប្ប័ទ ពួកគេត្រូវចាត់ទុកថ្ងៃសប្ប័ទជាទីសំគាល់នៃសម្ពន្ធមេត្រីជានិច្ចនិរន្តរ៍ គ្រប់ជំនាន់តរៀងទៅ។ ១៧ ថ្ងៃសប្ប័ទជាទីសំគាល់នៃទំនាក់ទំនងរវាងយើង នឹងប្រជាជនអ៊ីស្រាអែល ជានិច្ចនិរន្តរ៍ ដ្បិតយើងជាព្រះអម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដីអស់រយៈពេលប្រាំមួយថ្ងៃ ហើយនៅថ្ងៃទីប្រាំពីរយើងឈប់ធ្វើការហើយសំរាក»។
១៨ ពេលព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅលើភ្នំស៊ីណៃចប់សព្វគ្រប់ហើយ ព្រះអង្គបានប្រគល់បន្ទះថ្មទាំងពីរ ជាសន្ធិសញ្ញា គឺបន្ទះថ្មដែលព្រះអង្គបានសរសេរដោយព្រះអង្គុលីរបស់ព្រះអង្គផ្ទាល់ មកលោកម៉ូសេ។