១៨
ដី​ឥដ្ឋ​នៅ​ក្នុង​ដៃ​របស់​ជាង​ស្មូន
១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ៖ ២ «ចូរ​ក្រោក​ឡើង ទៅ​ផ្ទះ​របស់​ជាង​ស្មូន។ នៅ​ទី​នោះ អ្នក​នឹង​ឮ​សេចក្ដី​ដែល​យើង​ប្រាប់​អ្នក​អោយ​ដឹង»។
៣ ខ្ញុំ​ក៏​ទៅ​ផ្ទះ​របស់​ជាង​ស្មូន ឃើញ​គាត់​កំពុង​សិត​ថូ​មួយ​នៅ​លើ​ឈើ​ក្រឡឹង។ ៤ ពេល​ណា​ជាង​ស្មូន​ឃើញ​ថូ​ដែល​គាត់​កំពុង​សូន​នៅ​ក្នុង​ដៃ​មិន​ល្អ គាត់​ក៏​យក​ដី​ឥដ្ឋ​មក​ធ្វើ​ថូ​មួយ​ផ្សេង​ទៀត​ដែល​គាប់​ចិត្ត​គាត់។ ៥ ពេល​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ ៦ «កូន​ចៅ​អ៊ីស្រាអែល​អើយ! យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដូច​ជាង​ស្មូន​នេះ​ដែរ - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ - អ្នក​រាល់​គ្នា​នៅ​ក្នុង​ដៃ​យើង ដូច​ដី​ឥដ្ឋ​នៅ​ក្នុង​ដៃ​របស់​ជាង​ស្មូន។ ៧ ជួន​កាល យើង​សំរេច​ថា រំលើង និង​រំលំ​ប្រជាជាតិ​ណា​មួយ ឬ​នគរ​ណា​មួយ​អោយ​វិនាស។ ៨ ប្រសិន​បើ​ប្រជាជាតិ​ណា​មួយ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​នាំ​អោយ​យើង​សំរេច​ចិត្ត​ដាក់​ទោស​គេ ហើយ​គេ​បែរ​ជា​លះបង់​អំពើ​អាក្រក់​នោះ យើង​នឹង​មិន​ធ្វើ​ទោស​ពួក​គេ តាម​ការ​សំរេច​របស់​យើង​ទេ។ ៩ ជួន​កាល​យើង​សំរេច​ថា កសាង និង​បណ្ដុះបណ្ដាល​ប្រជាជាតិ​ណា​មួយ ឬ​នគរ​ណា​មួយ​ឡើង។ ១០ ប៉ុន្តែ ប្រសិន​បើ​ពួក​គេ​មិន​ព្រម​ស្ដាប់​ពាក្យ​ប្រៀនប្រដៅ​របស់​យើង ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​ទាស់​ចិត្ត​យើង នោះ​យើង​នឹង​លែង​ប្រព្រឹត្ត​ល្អ​ចំពោះ​ពួក​គេ តាម​ការ​សំរេច​របស់​យើង។ ១១ ឥឡូវ​នេះ យេរេមា​អើយ ចូរ​ប្រាប់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម​ថា ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “យើង​កំពុង​រៀបចំ​គំរោងការ​ដាក់​ទោស​អ្នក​រាល់​គ្នា គឺ​យើង​នឹង​នាំ​គ្រោះ​កាច​មួយ​មក​លើ​អ្នក​រាល់​គ្នា។ ដូច្នេះ ម្នាក់ៗ​ត្រូវ​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន ហើយ​កែ​ប្រែ​កិរិយាមារយាទ​ឈប់​ប្រព្រឹត្ត​បែប​នេះ​ត​ទៅ​មុខ​ទៀត!”។
១២ ប៉ុន្តែ ពួក​គេ​ពោល​ថា: “មិន​បាច់​និយាយ​ទៀត​ទេ! យើង​នឹង​ធ្វើ​តាម​គំរោងការ​របស់​យើង ហើយ​យើង​នឹង​ប្រព្រឹត្ត​តាម​ទំនើង​ចិត្ត​របស់​យើង​ត​ទៅ​មុខ​ទៀត!”»។
អ៊ីស្រាអែល​បំភ្លេច​ព្រះអម្ចាស់​របស់​ខ្លួន
១៣ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖
«ចូរ​សាក​សួរ​ក្នុង​ចំណោម​ប្រជាជាតិ​នានា​មើល
តើ​មាន​នរណា​ដែល​ឮ​រឿង​ដូច្នេះ​ទេ?
គឺ​អ៊ីស្រាអែល ដែល​ប្រៀប​ដូច​ជា​ស្រី​ព្រហ្មចារី
បាន​ប្រព្រឹត្ត​អំពើ​ដ៏​ថោក​ទាប​បំផុត!
១៤ គ្មាន​នរណា​បោះ​បង់​ចោល​ទឹក​ដែល​ហូរ​ចេញ
មក​ពី​ថ្មដា និង​ពី​ទឹក​កក​នៅ​ស្រុក​លីបង់​ទេ
គ្មាន​នរណា​លែង​រវីរវល់​នឹង​ទឹក​ដ៏​ត្រជាក់
ដែល​ហូរ​មក​ពី​ឆ្ងាយ​នោះ​ដែរ។
១៥ ក៏​ប៉ុន្តែ ប្រជារាស្ត្រ​របស់​យើង​បាន​បំភ្លេច​យើង
គេ​នាំ​គ្នា​ថ្វាយ​គ្រឿង​សក្ការបូជា
ដល់​ព្រះ​ក្លែងក្លាយ
ដែល​បណ្ដាល​អោយ​ពួក​គេ​ជំពប់​ដួល
នៅ​តាម​ផ្លូវ​ដែល​ពួក​គេ​ធ្លាប់​ដើរ
ហើយ​ធ្វើ​អោយ​ពួក​គេ​ងាក​ចេញ​ពី​ផ្លូវ​របស់​ខ្លួន
ទៅ​ដើរ​តាម​ផ្លូវ​ដែល​មិន​ទាន់​ត្រួសត្រាយ។
១៦ ពួក​គេ​បាន​បំផ្លាញ​ស្រុក​របស់​ខ្លួន
អោយ​ក្លាយ​ទៅ​ជា​ទី​ស្មសាន
ដែល​ធ្វើ​អោយ​មនុស្សម្នា​ស្រឡាំងកាំង។
អស់​អ្នក​ដើរ​កាត់​តាម​នោះ​នាំ​គ្នា​ព្រឺ​សម្បុរ
ហើយ​គ្រវី​ក្បាល។
១៧ ពេល​សត្រូវ​មក​ដល់ យើង​នឹង​ធ្វើ​អោយ
ប្រជារាស្ត្រ​របស់​យើង​ខ្ចាត់ខ្ចាយ
ដូច​ខ្យល់​បក់​ពី​ទិស​ខាង​កើត​ផាត់​ធូលី​ដី​ដែរ។
នៅ​ថ្ងៃ​មហន្តរាយ​យើង​នឹង​បែរ​ខ្នង​ដាក់​ពួក​គេ
គឺ​យើង​មិន​បែរ​មុខ​ទៅ​រក​ពួក​គេ​ឡើយ»។
ការ​ឃុបឃិត​ប្រឆាំង​នឹង​លោក​យេរេមា
១៨ ពួក​គេ​និយាយ​គ្នា​ថា៖ «មក! យើង​រៀបចំ​ផែន​ការ​ប្រឆាំង​នឹង​យេរេមា! ដ្បិត​យើង​មិន​ខ្វះ​បូជាចារ្យ*​សំរាប់​បង្រៀន​វិន័យ* យើង​មិន​ខ្វះ​អ្នក​ប្រាជ្ញ​សំរាប់​ផ្ដល់​យោបល់ ហើយ​យើង​ក៏​មិន​ខ្វះ​ព្យាការី*​សំរាប់​ថ្លែង​ព្រះបន្ទូល​ដែរ។ មក! យើង​នាំ​គ្នា​ប្រហារ​គាត់​ដោយ​ពាក្យ​មួល​បង្កាច់ មិន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ដែល​គាត់​និយាយ​នោះ​ទេ»។
១៩ ឱ​ព្រះអម្ចាស់​អើយ សូម​កុំ​ព្រងើយ​កន្តើយ
នឹង​ទូលបង្គំ​ឡើយ
សូម​ស្ដាប់​ពាក្យ​អ្នក​ដែល​ចោទ​ប្រកាន់​ទូលបង្គំ!
២០ ពុំ​ដែល​មាន​នរណា​ប្រព្រឹត្ត​អំពើ​អាក្រក់
តប​នឹង​អំពើ​ល្អ​ទេ។
រីឯ​ពួក​គេ​វិញ ពួក​គេ​ដាក់​អន្ទាក់
ចាំ​ដក​ជីវិត​របស់​ទូលបង្គំ
សូម​ព្រះអង្គ​នឹក​ចាំ​ថា ទូលបង្គំ​បាន​ឈរ
នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ
ដើម្បី​ទូលអង្វរ​សំរាប់​ពួក​គេ
សូម​ព្រះអង្គ​បង្វែរ​ព្រះពិរោធ​ចេញ​ពី​ពួក​គេ។
២១ ហេតុ​នេះ​សូម​ព្រះអង្គ​បណ្ដាល​អោយ​កូន​ចៅ
របស់​គេ​ជួប​នឹង​ទុរ្ភិក្ស
សូម​អោយ​ពួក​គេ​វិនាស​ដោយ​មុខ​ដាវ
សូម​អោយ​ប្រពន្ធ​របស់​ពួក​គេ​បាត់​បង់​កូន​ចៅ
និង​ក្លាយ​ទៅ​ជា​ស្ត្រី​មេម៉ាយ
ព្រោះ​ប្ដី​របស់​គេ​ស្លាប់។
សូម​អោយ​ពួក​យុវជន​របស់​ពួក​គេ
ស្លាប់​ដោយ​មុខ​ដាវ​ក្នុង​ពេល​ធ្វើ​សឹក​សង្គ្រាម។
២២ សូម​នាំ​ពួក​ចោរ​ប្លន់​មក​បំផ្លាញ​ពួក​គេ
សូម​អោយ​មាន​ឮ​សំរែក​ឈឺ​ចាប់
ចេញ​ពី​ផ្ទះ​របស់​គេ
ដ្បិត​អ្នក​ទាំង​នោះ​បាន​ជីក​រណ្ដៅ
និង​រៀបចំ​អន្ទាក់ ចាំ​ចាប់​ទូលបង្គំ។
២៣ ឱ​ព្រះអម្ចាស់​អើយ
ព្រះអង្គ​ជ្រាប​នូវ​ការ​ឃុបឃិត​ទាំង​ប៉ុន្មាន
ដែល​គេ​ចង់​ប្រហារ​ជីវិត​ទូលបង្គំ។
សូម​កុំ​អត់ទោស​អោយ​ពួក​គេ
សូម​កុំ​លុប​អំពើ​បាប​របស់​ពួក​គេ​ចេញ​ពី
ព្រះភក្ត្រ​របស់​ព្រះអង្គ​ឡើយ!
សូម​អោយ​ពួក​គេ​ជំពប់​ដួល​នៅ​មុខ​ព្រះអង្គ
សូម​ដាក់​ទោស​ពួក​គេ
តាម​ព្រះពិរោធ​របស់​ព្រះអង្គ។