១៩
ក្អមបែក និងមហន្តរាយរបស់ក្រុងយេរូសាឡឹម
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាថា៖ «ចូរទៅទិញក្អមមួយពីជាងស្មូន រួចបបួលព្រឹទ្ធាចារ្យ*ខ្លះក្នុងចំណោមប្រជាជន និងក្នុងចំណោមបូជាចារ្យ*ទៅជាមួយអ្នក ២ ឆ្ពោះទៅជ្រោះហ៊ីនណូមដែលនៅច្រកចូលទ្វារជាងស្មូន។ នៅទីនោះអ្នកនឹងស្រែកប្រកាសនូវសេចក្ដីដែលយើងប្រាប់អ្នក។ ៣ អ្នកត្រូវប្រកាសដូចតទៅ: “ព្រះមហាក្សត្រស្រុកយូដា និងប្រជាជនក្រុងយេរូសាឡឹមអើយ សូមស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!។
ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: យើងនឹងធ្វើអោយមហន្តរាយកើតមាននៅទីនេះ។ អស់អ្នកដែលឮដំណឹងនេះនឹងក្ដុកក្ដួលចិត្តយ៉ាងខ្លាំង។ ៤ ប្រជាជនយូដាបោះបង់ចោលយើង ពួកគេធ្វើអោយកន្លែងនេះក្លាយទៅជាសៅហ្មង គឺពួកគេថ្វាយសក្ការបូជាគោរពដល់ព្រះដទៃ ជាព្រះដែលពុំបានជួយថែរក្សាពួកគេផ្ទាល់ ឬដូនតារបស់ពួកគេ ឬស្ដេចរបស់ជនជាតិយូដាទាល់តែសោះ។ ពួកគេធ្វើអោយកន្លែងនេះប្រឡាក់ពេញដោយឈាមរបស់ជនស្លូតត្រង់។ ៥ ពួកគេសង់ទីសក្ការៈ ដើម្បីយកកូនប្រុសរបស់ខ្លួនទៅបូជាសែនព្រះបាល ជាអំពើមួយដែលយើងពុំបានបង្គាប់សោះ ហើយយើងក៏មិនដែលនឹកឃើញបែបនេះដែរ។ ៦ ហេតុនេះនៅពេលខាងមុខ គេលែងហៅកន្លែងនោះថា “តូផេត”ឬ“ជ្រលងភ្នំហ៊ីនណូម” ទៀតហើយ តែគេនឹងហៅថា “ជ្រលងភ្នំពិឃាត”វិញ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ៧ នៅទីនោះយើងនឹងរំលាយនយោបាយរបស់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។ យើងនឹងធ្វើអោយពួកគេស្លាប់ដោយមុខដាវរបស់ខ្មាំងសត្រូវ ហើយធ្លាក់ក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ យើងនឹងប្រគល់សាកសពរបស់ពួកគេទៅអោយត្មាត និងចចកធ្វើជាចំណី។ ៨ យើងនឹងធ្វើអោយក្រុងនេះក្លាយទៅជាទីស្មសាន ធ្វើអោយមនុស្សដែលឃើញ ស្រឡាំងកាំង។ អស់អ្នកដើរកាត់តាមនោះនាំគ្នាព្រឺសម្បុរ ស្រឡាំងកាំង ព្រោះតែឃើញគ្រោះកាច ដែលកើតមានដល់ទីក្រុង។ ៩ ខ្មាំងសត្រូវ និងអស់អ្នកដែលចង់ប្រហារជីវិតពួកគេមុខជាឡោមព័ទ្ធទីក្រុង បណ្ដាលអោយពួកគេរងទុក្ខវេទនា និងតប់ប្រមល់យ៉ាងខ្លាំង។ ពេលនោះ យើងនឹងធ្វើអោយពួកគេស៊ីសាច់កូនប្រុសកូនស្រីរបស់ខ្លួន ហើយម្នាក់ៗស៊ីសាច់គ្នាឯង”។
១០ បន្ទាប់មក ត្រូវបំបែកក្អមនោះ នៅមុខអស់អ្នកដែលចេញទៅជាមួយ ហើយពោលថា: ១១ “ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា យើងនឹងបំបែកប្រជាជន និងក្រុងនេះដូចគេបំបែកក្អមរបស់ជាងស្មូន ដែលគ្មាននរណាអាចជួសជុលឡើងវិញបានទេ។ គេនឹងកប់ខ្មោចរបស់អ្នកទាំងនោះនៅតូផេត ព្រោះគ្មានកន្លែងណាផ្សេងទៀតឡើយ។ ១២ យើងនឹងធ្វើអោយក្រុងនេះ ព្រមទាំងប្រជាជនបានដូចតូផេតដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ១៣ ផ្ទះនានានៅក្រុងយេរូសាឡឹម ព្រមទាំងវាំងរបស់ស្ដេចស្រុកយូដា ដែលសៅហ្មងក៏នឹងបានដូចកន្លែងតូផេតដែរ គឺផ្ទះទាំងប៉ុន្មានដែលមានកន្លែងថ្វាយគ្រឿងសក្ការបូជានៅរានហាល សំរាប់បួងសួងផ្កាយទាំងឡាយ ព្រមទាំងច្រួចស្រាថ្វាយព្រះដទៃ”»។
១៤ លោកយេរេមាវិលត្រឡប់មកពីតូផេត ជាកន្លែងដែលព្រះអម្ចាស់ចាត់លោកអោយទៅថ្លែងព្រះបន្ទូល។ បន្ទាប់មក លោកទៅឈរនៅក្នុងទីធ្លាព្រះដំណាក់របស់ព្រះអម្ចាស់ ហើយពោលទៅកាន់ប្រជាជនទាំងអស់ដូចតទៅ៖ ១៥ «ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា: “យើងនឹងធ្វើអោយគ្រោះកាចទាំងប៉ុន្មានដែលយើងបានប្រកាសទុក កើតមានដល់ក្រុងនេះ និងក្រុងទាំងប៉ុន្មានដែលនៅជុំវិញ ព្រោះប្រជាជនបានតាំងចិត្តរឹងរូស ពុំព្រមស្ដាប់ពាក្យរបស់យើងទេ”»។