៧
ការថ្វាយយញ្ញបូជាលោះបាប
១ «នេះជាក្រឹត្យវិន័យស្ដីអំពីយញ្ញបូជាលោះបាប គឺជាយញ្ញបូជាដ៏វិសុទ្ធ*បំផុត។ ២ ចូរចាក់កសត្វ ដែលត្រូវថ្វាយជាយញ្ញបូជាលោះបាប នៅកន្លែងដែលគេចាក់កសត្វ សំរាប់ថ្វាយជាតង្វាយដុតទាំងមូល រួចប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ ៣ គេថ្វាយខ្លាញ់ទាំងអស់ កន្ទុយ និងខ្លាញ់ដែលនៅជាប់ពោះវៀន ៤ ក្រលៀនទាំងពីរ និងខ្លាញ់ដែលជាប់ក្រលៀនរហូតដល់ចង្កេះ ព្រមទាំងអ្វីៗជាប់នឹងថ្លើម ដែលគេផ្ដាច់ចេញមកជាមួយក្រលៀន។ ៥ លោកបូជាចារ្យដុតចំណែកទាំងនោះលើអាសនៈ ជាតង្វាយដុត នៅចំពោះព្រះភក្ត្រព្រះអម្ចាស់។ នេះជាយញ្ញបូជាលោះបាប។ ៦ ក្នុងក្រុមគ្រួសាររបស់បូជាចារ្យ មានតែប្រុសៗប៉ុណ្ណោះដែលមានសិទ្ធិបរិភោគសាច់នេះ។ គេត្រូវបរិភោគសាច់នេះនៅកន្លែងដ៏សក្ការៈ ព្រោះជាតង្វាយដ៏វិសុទ្ធបំផុត។ ៧ ក្រឹត្យវិន័យទាំងប៉ុន្មានស្ដីអំពីយញ្ញបូជាលោះបាប ក៏ដូចក្រឹត្យវិន័យស្ដីអំពីយញ្ញបូជារំដោះបាបដែរ។ សាច់របស់សត្វត្រូវបានជាចំណែករបស់បូជាចារ្យ ដែលធ្វើពិធីរំដោះបាប»។
ចំណែកនៃតង្វាយដែលត្រូវបានទៅបូជាចារ្យ
៨ «ប្រសិនបើបូជាចារ្យថ្វាយតង្វាយដុតទាំងមូលរបស់នរណាម្នាក់ ស្បែកសត្វដែលគេថ្វាយនោះ ត្រូវបានជាចំណែករបស់បូជាចារ្យ។
៩ តង្វាយម្សៅទាំងអស់ ទោះបីនំដែលដុតក្នុងឡ ឬដុតក្នុងពុម្ព ឬនំចៀន ត្រូវបានជាចំណែករបស់បូជាចារ្យដែលធ្វើពិធីនោះ។ ១០ រីឯតង្វាយម្សៅទាំងប៉ុន្មាន ដែលលាយជាមួយប្រេង ឬមិនទាន់លាយក្ដី ត្រូវបានជាចំណែកស្មើៗគ្នា សំរាប់កូនទាំងអស់របស់អើរ៉ុន»។
ការថ្វាយយញ្ញបូជាមេត្រីភាព
១១ «នេះជាក្រឹត្យវិន័យស្ដីអំពីយញ្ញបូជាមេត្រីភាព ដែលគេថ្វាយព្រះអម្ចាស់។ ១២ ប្រសិនបើនរណាម្នាក់ថ្វាយតង្វាយ សំរាប់សំដែងការអរព្រះគុណ ត្រូវយកនំធ្វើពីម្សៅឥតមេ លាយជាមួយប្រេង នំក្រៀប លាយជាមួយប្រេង និងធ្វើពីម្សៅម៉ដ្ដលាយជាមួយប្រេង មកថ្វាយជាមួយយញ្ញបូជាសំរាប់អរព្រះគុណ។ ១៣ គេត្រូវយកនំបុ័ងដែលមានមេមកថ្វាយ រួមជាមួយយញ្ញបូជាមេត្រីភាពសំរាប់អរព្រះគុណដែរ។ ១៤ ត្រូវរំលែកនំដែលគេយកមកថ្វាយ ក្នុងប្រភេទនីមួយៗយកនំមួយ ទុកសំរាប់ព្រះអម្ចាស់ គឺជាចំណែករបស់បូជាចារ្យ ដែលធ្វើពិធីប្រោះឈាមសត្វ ថ្វាយជាយញ្ញបូជាមេត្រីភាព។ ១៥ រីឯសាច់សត្វដែលគេថ្វាយជាយញ្ញបូជាមេត្រីភាព សំរាប់អរព្រះគុណ ត្រូវតែបរិភោគអោយអស់នៅថ្ងៃនោះ គឺមិនត្រូវទុកអោយនៅសល់រហូតដល់ស្អែកឡើយ។
១៦ ប្រសិនបើយញ្ញបូជាដែលគេយកមកថ្វាយជាតង្វាយលាបំណន់ ឬជាតង្វាយស្ម័គ្រចិត្ត ត្រូវបរិភោគសាច់ដែលថ្វាយជាយញ្ញបូជា នៅថ្ងៃនោះ ហើយសាច់នៅសល់ក៏អាចបរិភោគរហូតដល់ថ្ងៃស្អែកដែរ។ ១៧ ប៉ុន្តែ បើមានសាច់នៃយញ្ញបូជានេះនៅសល់រហូតដល់ថ្ងៃទីបី គេត្រូវតែដុតវា។ ១៨ នៅថ្ងៃទីបី ប្រសិនបើនរណាម្នាក់បរិភោគសាច់ដែលខ្លួនបានថ្វាយជាយញ្ញបូជាមេត្រីភាព អ្នកនោះនឹងនាំអោយខ្លួនមានទោស។ ព្រះអម្ចាស់មិនព្រមទទួលយញ្ញបូជារបស់គេទេ ព្រោះជាយញ្ញបូជាឥតបានការ ហើយជាសាច់សៅហ្មង។
១៩ ប្រសិនបើសាច់នោះទៅប៉ះនឹងវត្ថុមិនបរិសុទ្ធ មិនត្រូវបរិភោគវាឡើយ គឺត្រូវតែដុតចោល។ មានតែអ្នកបរិសុទ្ធប៉ុណ្ណោះ ទើបអាចបរិភោគសាច់នៃយញ្ញបូជាបាន។ ២០ ប្រសិនបើនរណាម្នាក់មិនបរិសុទ្ធ ហើយបរិភោគសាច់នៃយញ្ញបូជាមេត្រីភាពដែលគេថ្វាយព្រះអម្ចាស់ ត្រូវតែបណ្ដេញអ្នកនោះចេញពីកុលសម្ព័ន្ធរបស់ខ្លួន។ ២១ រីឯអ្នកដែលប៉ះពាល់វត្ថុមិនបរិសុទ្ធ មនុស្សមិនបរិសុទ្ធ ឬសត្វមិនបរិសុទ្ធ ឬអ្វីៗមិនបរិសុទ្ធ គួរស្អប់ខ្ពើម រួចបរិភោគសាច់របស់យញ្ញបូជាមេត្រីភាព ដែលគេថ្វាយព្រះអម្ចាស់ ក៏ត្រូវតែបណ្ដេញចេញពីកុលសម្ព័ន្ធរបស់ខ្លួនដែរ»។
ច្បាប់សំរាប់ប្រជាជន
២២ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ២៣ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: “អ្នករាល់គ្នាមិនត្រូវបរិភោគខ្លាញ់គោ ខ្លាញ់ចៀម ឬខ្លាញ់ពពែជាដាច់ខាត។ ២៤ រីឯខ្លាញ់របស់សត្វដែលងាប់ដោយជំងឺ ឬដោយសត្វព្រៃហែកសម្លាប់ នោះអ្នករាល់គ្នាអាចយកទៅធ្វើអ្វីក៏បាន តែមិនត្រូវបរិភោគឡើយ។ ២៥ ប្រសិនបើនរណាបរិភោគខ្លាញ់សត្វ ដែលគេបានថ្វាយជាយញ្ញបូជាចំពោះព្រះអម្ចាស់ ត្រូវបណ្ដេញអ្នកនោះចេញពីកុលសម្ព័ន្ធរបស់ខ្លួន។ ២៦ ទោះបីអ្នករាល់គ្នាទៅរស់នៅទីណាក្ដី មិនត្រូវបរិភោគឈាមរបស់សត្វចតុប្បាទ ឬសត្វស្លាបឡើយ។ ២៧ អ្នកណាបរិភោគឈាម អ្នកនោះនឹងត្រូវបណ្ដេញចេញពីកុលសម្ព័ន្ធរបស់ខ្លួន”»។
២៨ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ២៩ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើនរណាម្នាក់ថ្វាយយញ្ញបូជាមេត្រីភាព គេត្រូវយកចំណែករបស់ព្រះអម្ចាស់ថ្វាយព្រះអង្គ។ ៣០ គេត្រូវយកតង្វាយដុតដែលជាចំណែករបស់ព្រះអម្ចាស់ មកថ្វាយព្រះអង្គ ដោយផ្ទាល់ដៃ គឺមានខ្លាញ់ និងសាច់ទ្រូង ដែលត្រូវលើកថ្វាយព្រះអង្គ។ ៣១ បូជាចារ្យដុតខ្លាញ់នៅលើអាសនៈ រីឯសាច់ទ្រូងត្រូវបានទៅលោកអើរ៉ុន និងកូនៗរបស់គាត់។ ៣២ ត្រូវរំលែកភ្លៅស្ដាំរបស់សត្វដែលអ្នករាល់គ្នាថ្វាយជាយញ្ញបូជាមេត្រីភាពនោះ ជូនទៅបូជាចារ្យផងដែរ។ ៣៣ ភ្លៅស្ដាំនេះត្រូវបានជាចំណែករបស់បូជាចារ្យណាដែលថ្វាយខ្លាញ់ និងឈាមនៅលើអាសនៈ។ ៣៤ យើងនឹងយកសាច់ទ្រូងដែលគេលើកថ្វាយ និងភ្លៅដែលគេរំលែកពីយញ្ញបូជាមេត្រីភាពរបស់ជនជាតិអ៊ីស្រាអែល ប្រគល់អោយបូជាចារ្យអើរ៉ុន និងកូនចៅរបស់គាត់។ ជនជាតិអ៊ីស្រាអែលត្រូវប្រគល់ចំណែកទាំងនេះជូនបូជាចារ្យ រហូតតរៀងទៅ។ ៣៥ នេះជាចំណែកនៃយញ្ញបូជាដែលត្រូវបានទៅលោកអើរ៉ុន និងកូនចៅរបស់គាត់ ចាប់ពីថ្ងៃដែលពួកគេបានទទួលការតែងតាំងជាបូជាចារ្យបំរើព្រះអម្ចាស់។ ៣៦ ព្រះអម្ចាស់បង្គាប់ជនជាតិអ៊ីស្រាអែល អោយប្រគល់ចំណែកទាំងនេះដល់ពួកគេ ចាប់តាំងពីថ្ងៃដែលពួកគេបានទទួលការចាក់ប្រេងតែងតាំងជាបូជាចារ្យ។ នេះជាច្បាប់ដែលត្រូវតែអនុវត្តតាមគ្រប់ជំនាន់តរៀងទៅ ឥតប្រែប្រួលឡើយ»។
៣៧ នេះជាក្រឹត្យវិន័យទាំងប៉ុន្មាន ស្ដីអំពីតង្វាយដុតទាំងមូល តង្វាយម្សៅ យញ្ញបូជារំដោះបាប យញ្ញបូជាលោះបាប យញ្ញបូជាសំរាប់តែងតាំងបូជាចារ្យ និងយញ្ញបូជាមេត្រីភាព។ ៣៨ ព្រះអម្ចាស់ប្រគល់ក្រឹត្យវិន័យទាំងនេះមកលោកម៉ូសេ នៅភ្នំស៊ីណៃ នាថ្ងៃដែលព្រះអង្គបង្គាប់អោយជនជាតិអ៊ីស្រាអែលយកតង្វាយមកថ្វាយព្រះអង្គ នៅវាលរហោស្ថានស៊ីណៃ។