ការតែងតាំងក្រុមបូជាចារ្យដំបូងបង្អស់
៨
ពិធីតែងតាំងបូជាចារ្យ
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ២ «ចូរនាំអើរ៉ុន និងកូនប្រុសរបស់គាត់ទាំងអស់ ដោយយកសម្លៀកបំពាក់បូជាចារ្យ ប្រេងសំរាប់ធ្វើពិធីតែងតាំង ព្រមទាំងគោបាសំរាប់យញ្ញបូជារំដោះបាប ចៀមឈ្មោលពីរ និងល្អីដែលដាក់នំបុ័ងឥតមេ ៣ រួចប្រមូលសហគមន៍អ៊ីស្រាអែលទាំងមូលអោយមកជួបជុំគ្នា នៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់»។ ៤ លោកម៉ូសេធ្វើតាមបង្គាប់របស់ព្រះអម្ចាស់ គឺលោកប្រមូលជនជាតិអ៊ីស្រាអែល អោយមកជួបជុំគ្នានៅត្រង់ទ្វារពន្លាជួបព្រះអម្ចាស់។
៥ លោកប្រកាសប្រាប់សហគមន៍ថា៖ «នេះជាការដែលព្រះអម្ចាស់បង្គាប់អោយធ្វើ»។ ៦ លោកនាំលោកអើរ៉ុន និងកូនៗមក ហើយយកទឹកធ្វើពិធីជំរះកាយអោយពួកគេ។ ៧ លោកពាក់អាវវែងជូនលោកអើរ៉ុន យកខ្សែក្រវាត់មកក្រវាត់ចង្កេះ ពាក់អាវធំ ហើយពាក់អាវអេផូដ*ពីលើ ព្រមទាំងចងខ្សែអេផូដផង។ ៨ លោកយកប្រដាប់ពាក់លើទ្រូងមកបំពាក់ជូនលោកអើរ៉ុន ដែលនៅក្នុងនោះមានដាក់យូរីម និងធូមីម*។ ៩ លោកពាក់ឆ្នួតក្បាល ដែលមានខ្ទាស់គ្រឿងអលង្ការនៅផ្នែកខាងមុខឆ្នួតនោះជូនលោកអើរ៉ុន ស្របតាមបញ្ជារបស់ព្រះអម្ចាស់។
១០ លោកម៉ូសេយកប្រេងសំរាប់ធ្វើពិធីតែងតាំងមក ហើយប្រើប្រេងនោះញែកព្រះពន្លា និងវត្ថុទាំងអស់នៅក្នុងព្រះពន្លា ទុកជាសក្ការៈ។ ១១ លោកប្រោះប្រេងប្រាំពីរដងទៅលើអាសនៈ ដើម្បីញែកអាសនៈ គ្រឿងបរិក្ខាររបស់អាសនៈ ព្រមទាំងអាងសំរាប់ធ្វើពិធីជំរះកាយ និងកំណល់របស់អាងនោះ ទុកជាសក្ការៈ។ ១២ លោកចាក់ប្រេងលើក្បាលលោកអើរ៉ុន ដើម្បីញែកលោកអោយវិសុទ្ធ*។ ១៣ លោកម៉ូសេបាននាំកូនៗរបស់លោកអើរ៉ុនចូលមក ហើយលោកបំពាក់អាវវែងអោយពួកគេ រួចក្រវាត់ខ្សែក្រវាត់ និងពាក់ឆ្នួតក្បាលអោយពួកគេ ស្របតាមបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
១៤ លោកម៉ូសេនាំគោបាសំរាប់ធ្វើយញ្ញបូជារំដោះបាបចូលមក ហើយលោកអើរ៉ុន និងកូនៗដាក់ដៃលើក្បាលគោបានោះ។ ១៥ លោកម៉ូសេចាក់កគោយកឈាម រួចជ្រលក់ម្រាមដៃទៅក្នុងឈាម លាបលើស្នែងនៅតាមមុមទាំងបួនរបស់អាសនៈ ដើម្បីជំរះអាសនៈអោយបរិសុទ្ធ។ លោកយកឈាមចាក់នៅត្រង់ជើងអាសនៈ និងធ្វើពិធីរំដោះបាប ដើម្បីញែកអាសនៈជាសក្ការៈ។ ១៦ លោកយកខ្លាញ់ទាំងអស់ដែលជាប់នឹងពោះវៀន ថ្លើម ក្រលៀនទាំងពីរ ព្រមទាំងខ្លាញ់ដែលជាប់នឹងក្រលៀន មកដុតនៅលើអាសនៈ។ ១៧ រីឯស្បែកគោ សាច់ និងលាមក លោកយកទៅដុតនៅខាងក្រៅជំរំ ស្របតាមបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
១៨ លោកនាំចៀមឈ្មោលសំរាប់ធ្វើតង្វាយដុតទាំងមូលចូលមក ហើយលោកអើរ៉ុន និងកូនៗដាក់ដៃលើក្បាលចៀមនោះ។ ១៩ លោកម៉ូសេចាក់កចៀម រួចប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ ២០ លោកម៉ូសេកាប់ចៀមជាដុំៗ រួចដុតទាំងក្បាល ទាំងដុំសាច់ ទាំងខ្លាញ់ផង។ ២១ លោកយកទឹកលាងពោះវៀន និងលាងជើងរបស់វា ហើយដុតទាំងអស់នៅលើអាសនៈ។ នេះជាតង្វាយដុតទាំងមូល ជាយញ្ញបូជាដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ស្របតាមបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
២២ លោកនាំចៀមឈ្មោលទីពីរចូលមក គឺចៀមសំរាប់ធ្វើពិធីតែងតាំងបូជាចារ្យ។ លោកអើរ៉ុន និងកូនៗដាក់ដៃលើក្បាលចៀមនោះ។ ២៣ លោកម៉ូសេចាក់កចៀម រួចយកឈាមលាបលើស្លឹកត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់លោកអើរ៉ុន។ ២៤ បន្ទាប់មក លោកក៏នាំកូនៗលោកអើរ៉ុនចូលមក ហើយយកឈាមលាបលើស្លឹកត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់ពួកគេ។ លោកប្រោះឈាមដែលនៅសល់ទៅលើជ្រុងទាំងបួនរបស់អាសនៈ។ ២៥ លោកយកខ្លាញ់ កន្ទុយ ខ្លាញ់ទាំងអស់ដែលជាប់នឹងពោះវៀន អ្វីៗដែលជាប់នឹងថ្លើម ក្រលៀនទាំងពីរ ខ្លាញ់ដែលជាប់នឹងក្រលៀន និងភ្លៅស្ដាំ ២៦ រួចយកនំបុ័ងឥតមេនៅក្នុងល្អីដែលតម្កល់នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ នំធ្វើពីម្សៅលាយជាមួយប្រេង និងនំក្រៀប ទៅដាក់នៅលើខ្លាញ់ និងភ្លៅស្ដាំ។ ២៧ លោកម៉ូសេយកតង្វាយទាំងអស់នោះដាក់លើដៃលោកអើរ៉ុន និងកូនៗ រួចបង្គាប់អោយពួកគេលើកតង្វាយនោះ ថ្វាយព្រះអម្ចាស់។ ២៨ បន្ទាប់មក លោកទទួលតង្វាយពីដៃរបស់ពួកគេ យកទៅដុតលើអាសនៈ ពីលើតង្វាយដុតទាំងមូល។ នេះជាយញ្ញបូជាសំរាប់តែងតាំងបូជាចារ្យ ជាយញ្ញបូជាដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
២៩ លោកម៉ូសេយកសាច់ទ្រូងរបស់ចៀម ដែលជាយញ្ញបូជាសំរាប់តែងតាំងបូជាចារ្យ លើកថ្វាយព្រះអម្ចាស់។ សាច់នេះត្រូវបានជាចំណែករបស់លោក ស្របតាមសេចក្ដីដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
៣០ លោកម៉ូសេយកប្រេងសំរាប់ធ្វើពិធីតែងតាំង និងឈាមខ្លះនៅលើអាសនៈ ប្រោះលើលោកអើរ៉ុន ព្រមទាំងសម្លៀកបំពាក់របស់លោក ហើយប្រោះលើកូនៗរបស់លោកអើរ៉ុន ព្រមទាំងសម្លៀកបំពាក់របស់ពួកគេ។ ធ្វើរបៀបនេះ លោកញែកលោកអើរ៉ុន និងកូនប្រុសរបស់លោក រួមទាំងសម្លៀកបំពាក់របស់ពួកគេ អោយទៅជាវិសុទ្ធ។
៣១ លោកម៉ូសេពោលទៅកាន់លោកអើរ៉ុន និងកូនៗរបស់គាត់ថា៖ «ចូរចំអិនសាច់នៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់ អ្នករាល់គ្នាត្រូវបរិភោគនៅកន្លែងនោះ ជាមួយនំបុ័ងនៅក្នុងល្អី ដែលប្រើសំរាប់ពិធីតែងតាំងជាបូជាចារ្យ ដូចខ្ញុំបានបង្គាប់អោយអ្នករាល់គ្នាបរិភោគ។ ៣២ សាច់ និងនំបុ័ង ដែលនៅសល់ត្រូវដុតចោល។ ៣៣ អ្នករាល់គ្នាត្រូវនៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់អស់រយៈពេលប្រាំពីរថ្ងៃ មិនត្រូវចាកចេញពីទីនេះមុនថ្ងៃទីប្រាំពីរ ដែលជាថ្ងៃចុងក្រោយនៃពិធីតែងតាំងអ្នករាល់គ្នាឡើយ។ ៣៤ ព្រះអម្ចាស់ផ្ទាល់បញ្ជាអោយធ្វើពិធីដូចយើងបានធ្វើនៅថ្ងៃនេះ ដើម្បីរំដោះអ្នករាល់គ្នាពីអំពើបាប។ ៣៥ អ្នករាល់គ្នាត្រូវនៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់ ទាំងយប់ ទាំងថ្ងៃ ក្នុងរយៈពេលប្រាំពីរថ្ងៃ។ ធ្វើដូច្នេះ អ្នករាល់គ្នានៅបំរើព្រះអម្ចាស់ ដោយមិនត្រូវស្លាប់ឡើយ។ នេះជាបញ្ជាដែលខ្ញុំបានទទួលពីព្រះជាម្ចាស់»។
៣៦ លោកអើរ៉ុន និងកូនប្រុសរបស់លោក ធ្វើតាមព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់មកតាមរយៈលោកម៉ូសេ។