២៨
ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ
(ម៉ាកុស ១៦:១-៨ លូកា ២៤:១-១២ យ៉ូហាន ២០:១-២០)
១ ក្រោយថ្ងៃសប្ប័ទ* គឺនៅព្រឹកថ្ងៃអាទិត្យ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីម្នាក់ទៀតនាំគ្នាទៅមើលផ្នូរ។ ២ ពេលនោះ ស្រាប់តែផែនដីរញ្ជួយយ៉ាងខ្លាំង ដ្បិតមានទេវតា*របស់ព្រះអម្ចាស់ ចុះពីស្ថានបរមសុខ*មកប្រមៀលថ្មចេញពីមាត់ផ្នូរ ហើយអង្គុយលើថ្មនោះថែមទៀតផង។ ៣ ទេវតានោះមានទ្រង់ទ្រាយភ្លឺដូចផ្លេកបន្ទោរ និងមានសម្លៀកបំពាក់សដូចសំឡី។ ៤ ទាហានភ័យញ័រជាខ្លាំង ភាំងស្មារតីដូចមនុស្សស្លាប់។ ៥ ទេវតានិយាយទៅកាន់ស្ត្រីៗថា៖ «កុំភ័យខ្លាចអ្វី! ខ្ញុំដឹងថានាងៗ មករកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែតដែលគេបានឆ្កាង។ ៦ ព្រះអង្គមិននៅទីនេះទេ ព្រះជាម្ចាស់បានប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញ ដូចទ្រង់មានព្រះបន្ទូលរួចមកហើយ សុំមកមើលកន្លែងដែលគេដាក់ព្រះសពព្រះអង្គឯណេះសិន ៧ ហើយសឹមអញ្ជើញទៅប្រាប់ពួកសិស្សរបស់ព្រះអង្គជាប្រញាប់ ថាព្រះអង្គមានព្រះជន្មរស់ឡើងវិញហើយ ឥឡូវនេះព្រះអង្គយាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា។ នៅទីនោះ អ្នករាល់គ្នានឹងឃើញព្រះអង្គ សុំនាងជ្រាប!»។
៨ ស្ត្រីទាំងនោះប្រញាប់ប្រញាល់ចេញពីផ្នូរ ទាំងភ័យទាំងអរយ៉ាងខ្លាំង នាំដំណឹងនេះរត់ទៅជំរាបពួកសិស្ស។ ៩ ពេលនោះ ស្រាប់តែព្រះយេស៊ូយាងមកជួបពួកនាង ទ្រង់មានព្រះបន្ទូលថា៖ «ជំរាបសួរនាង!»។ នាងទាំងនោះក៏ចូលមកឱបព្រះបាទា ហើយក្រាបថ្វាយបង្គំព្រះអង្គ។ ១០ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំភ័យខ្លាចអ្វីឡើយ! សុំទៅប្រាប់បងប្អូនខ្ញុំអោយទៅស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅទីនោះ»។
១១ កាលស្ដ្រីទាំងនោះកំពុងតែធ្វើដំណើរទៅ ទាហានខ្លះនាំគ្នាចូលទៅទីក្រុង ជំរាបពួកនាយកបូជាចារ្យ អំពីហេតុការណ៍ទាំងប៉ុន្មានដែលកើតឡើង។ ១២ ពួកនាយកបូជាចារ្យក៏ប្រជុំពិភាក្សាគ្នា ជាមួយពួកព្រឹទ្ធាចារ្យ ហើយសំរេចចិត្តអោយប្រាក់យ៉ាងច្រើនដល់ពួកទាហាន ១៣ ទាំងប្រាប់ថា៖ «ត្រូវនិយាយថា “ពេលយើងខ្ញុំកំពុងដេកលក់ មានសិស្សរបស់អ្នកនោះមកលួចយកសពទៅទាំងយប់”។ ១៤ ប្រសិនបើរឿងនេះលេចឮដល់លោកទេសាភិបាល ចាំយើងជួយដោះស្រាយ ដើម្បីកុំអោយអ្នករាល់គ្នាមានទោស»។
១៥ ពួកទាហានទទួលយកប្រាក់ ហើយធ្វើតាមសេចក្ដីដែលគេបង្គាប់។ រឿងនេះក៏លេចឮសុសសាយក្នុងចំណោមជនជាតិយូដា រហូតមកទល់សព្វថ្ងៃ។
ព្រះយេស៊ូបង្ហាញខ្លួនអោយពួកសិស្សឃើញ
(ម៉ាកុស ១៦:១៤-១៨ លូកា ២៤:៣៦-៤៩ យ៉ូហាន ២០:១៩-២៣កិច្ចការ ១:៦-៨)
១៦ សិស្ស*ទាំងដប់មួយរូប នាំគ្នាធ្វើដំណើរទៅស្រុកកាលីឡេ ហើយឡើងទៅលើភ្នំដែលព្រះយេស៊ូបានប្រាប់អោយគេទៅ។ ១៧ កាលគេបានឃើញព្រះអង្គ គេក្រាបថ្វាយបង្គំ ប៉ុន្តែ មានអ្នកខ្លះនៅសង្ស័យ។ ១៨ ព្រះយេស៊ូយាងចូលមកជិតគេ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំបានទទួលគ្រប់អំណាច ទាំងនៅស្ថានបរមសុខ* ទាំងនៅលើផែនដី។ ១៩ ដូច្នេះ ចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍អោយធ្វើជាសិស្ស ហើយធ្វើពិធីជ្រមុជទឹកអោយគេ ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ*។ ២០ ត្រូវបង្រៀនគេអោយប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។