ដំណឹងល្អ​រៀប​រៀង​ដោយ
លោក​ម៉ាកុស
លោក​យ៉ូហានបាទីស្ដ​ប្រៀនប្រដៅ​បណ្ដាជន
(ម៉ាថាយ ៣:១-៦, ១១-១២ លូកា ៣:១-១៨)
១ ដំណឹងល្អ*​អំពី​ព្រះយេស៊ូ​គ្រិស្ដ*​ជា​ព្រះបុត្រា របស់​ព្រះជាម្ចាស់​ចាប់​ផ្ដើម​ដូច​ត​ទៅៈ ២ ក្នុង​គម្ពីរ​ព្យាការី​អេសាយ​មាន​ចែង​ទុក​មក​ថា៖
«យើង​ចាត់​ទូត​យើង​អោយ​ទៅ​មុន​ព្រះអង្គ
ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះអង្គ។
៣ មាន​សំឡេង​បុរស​ម្នាក់ ស្រែក​នៅ​វាល​រហោស្ថាន
ថាៈ “ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះអម្ចាស់
ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះអង្គ”»​។
៤ ពេល​នោះ លោក​យ៉ូហាន​មក​ដល់ ស្រប​តាម​បទ​គម្ពីរ​នេះ​មែន ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​នៅ​វាល​រហោស្ថាន។ លោក​ប្រកាស​អោយ​មនុស្សម្នា​កែ​ប្រែ​ចិត្ត​គំនិត​ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក ដើម្បី​ព្រះជាម្ចាស់​លើកលែង​ទោស​អោយ​រួច​ពី​បាប។ ៥ អ្នក​ស្រុក​យូដា​ទាំង​អស់ និង​អ្នក​ក្រុង​យេរូសាឡឹម​ទាំង​មូល​នាំ​គ្នា​ចេញ​ទៅ​រក​លោក។ គេ​ទទួល​សារភាព​អំពើ​បាប​របស់​ខ្លួន ហើយ​លោក​ក៏​ធ្វើ​ពិធី​ជ្រមុជ​ទឹក​អោយ​គេ​ក្នុង​ទន្លេ​យ័រដាន់។ ៦ លោក​យ៉ូហាន​ស្លៀក​សម្លៀកបំពាក់​ធ្វើ​ពី​រោម​អូដ្ឋ ពាក់​ខ្សែ​ក្រវាត់​ធ្វើ​ពី​ស្បែក ហើយ​បរិភោគ​កណ្ដូប និង​ទឹក​ឃ្មុំ។ ៧ លោក​ប្រកាស​ប្រាប់​បណ្ដាជន​ថា៖ «លោក​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ នឹង​មក​តាម​ក្រោយ​ខ្ញុំ។ ខ្ញុំ​មាន​ឋានៈ​ទាប​ណាស់ សូម្បី​តែ​អោន​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ផង។ ៨ ខ្ញុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​អោយ​អ្នក​រាល់​គ្នា​ក្នុង​ទឹក រីឯ​លោក​វិញ លោក​នឹង​ធ្វើ​ពិធី​ជ្រមុជ​អោយ​អ្នក​រាល់​គ្នា​ក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*»។
ព្រះយេស៊ូ​ទទួល​ពិធី​ជ្រមុជ​ទឹក ព្រះអង្គ​ឈ្នះ​ការ​ល្បួង
(ម៉ាថាយ ៣:១៣-១៧, ៤:១-១១ លូកា ៣:២១-២២, ៤:១-២)
៩ នៅ​គ្រា​នោះ ព្រះយេស៊ូ​យាង​មក​ពី​ភូមិ​ណាសារ៉ែត ក្នុង​ស្រុក​កាលីឡេ។ ព្រះអង្គ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក*​ពី​លោក​យ៉ូហាន ក្នុង​ទន្លេ​យ័រដាន់។ ១០ ពេល​ព្រះអង្គ​យាង​ឡើង​ពី​ទឹក​មក​ភ្លាម ទ្រង់​ទត​ឃើញ​ផ្ទៃ​មេឃ​រហែក​ជា​ពីរ​ ហើយ​ព្រះវិញ្ញាណ​យាង​ចុះ​ដូច​សត្វ​ព្រាប មក​សណ្ឋិត​លើ​ព្រះអង្គ។ ១១ មាន​ឮ​ព្រះសូរសៀង​ពី​លើ​មេឃ​មក​ថា៖ «ព្រះអង្គ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ចិត្ត​នឹង​ព្រះអង្គ​ណាស់!»។
១២ រំពេច​នោះ ព្រះវិញ្ញាណ​ក៏​នាំ​ព្រះយេស៊ូ​ឆ្ពោះ​ទៅ​វាល​រហោស្ថាន។ ១៣ ព្រះអង្គ​គង់​នៅ​វាល​រហោស្ថាន​អស់​រយៈ​ពេល​សែសិប​ថ្ងៃ ត្រូវ​មារ*​សាតាំង​ល្បួង។ ព្រះអង្គ​គង់​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​មាន​ពួក​ទេវតា*​បំរើ​ព្រះអង្គ​ផង។
ព្រះយេស៊ូ​ត្រាស់​ហៅ​សិស្ស​បួន​រូប
(ម៉ាថាយ ៤:១២-២២ លូកា ៤:១៤-១៥, ៥:១-១១)
១៤ ក្រោយ​គេ​ចាប់​លោក​យ៉ូហាន​យក​ទៅ​ឃុំឃាំង​ព្រះយេស៊ូ​យាង​ទៅ​ស្រុក​កាលីឡេ ហើយ​ប្រកាស​ដំណឹងល្អ*​របស់​ព្រះជាម្ចាស់។ ១៥ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ពេល​កំណត់​មក​ដល់​ហើយ រីឯ​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់ ក៏​មក​ជិត​បង្កើយ​ដែរ។ ចូរ​នាំ​គ្នា​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ជឿ​ដំណឹងល្អ​ចុះ!»។
១៦ កាល​ព្រះយេស៊ូ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលីឡេ​ព្រះអង្គ​ទត​ឃើញ​លោក​ស៊ីម៉ូន និង​លោក​អនទ្រេ ជា​ប្អូន​របស់​គាត់ កំពុង​តែ​បង់​សំណាញ់ ព្រោះ​អ្នក​ទាំង​ពីរ​ជា​អ្នក​នេសាទ​ត្រី។ ១៧ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​អ្នក​អោយ​នេសាទ​មនុស្ស​វិញ»។ ១៨ អ្នក​ទាំង​ពីរ​ក៏​ទុក​សំណាញ់​នៅ​ទី​នោះ​ភ្លាម រួច​ដើរ​តាម​ព្រះអង្គ​ទៅ។
១៩ កាល​ព្រះយេស៊ូ​យាង​ទៅ​មុខ​បន្តិច ព្រះអង្គ​ទត​ឃើញ​លោក​យ៉ាកុប និង​លោក​យ៉ូហាន​ជា​ប្អូន កំពុង​តែ​រៀបចំ​អួន​នៅ​ក្នុង​ទូក​មួយ អ្នក​ទាំង​ពីរ​ជា​កូន​លោក​សេបេដេ។ ២០ ព្រះអង្គ​ត្រាស់​ហៅ​អ្នក​ទាំង​ពីរ​ភ្លាម គេ​ក៏​ដើរ​តាម​ព្រះយេស៊ូ​ទៅ ទុក​ឪពុក​អោយ​នៅ​ក្នុង​ទូក​ជា​មួយ​ពួក​កូន​ឈ្នួល។
ព្រះយេស៊ូ​ប្រោស​បុរស​ម្នាក់ ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល
(លូកា ៤:៣១-៣៧)
២១ ព្រះយេស៊ូ​យាង​ចូល​ក្រុង​កាពើណិម​ជា​មួយ​ពួក​សិស្ស*។ នៅ​ថ្ងៃ​សប្ប័ទ* ព្រះយេស៊ូ​យាង​ចូល​ក្នុង​សាលា​ប្រជុំ* ហើយ​ព្រះអង្គ​បង្រៀន​អ្នក​ស្រុក។ ២២ អ្នក​ដែល​បាន​ស្ដាប់​ព្រះអង្គ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​អំពី​បែប​បទ​ដែល​ព្រះអង្គ​បង្រៀន ព្រោះ​ព្រះអង្គ​មាន​ព្រះបន្ទូល ប្រកប​ដោយ​អំណាច​ខុស​ប្លែក​ពី​ពួក​អាចារ្យ*។ ២៣ នៅ​ពេល​នោះ ក្នុង​សាលា​ប្រជុំ*​មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​អាក្រក់​នៅ​ក្នុង​ខ្លួន ស្រែក​ឡើង​ថា៖ ២៤ «ព្រះយេស៊ូ​ជា​អ្នក​ភូមិ​ណាសារ៉ែត​អើយ! តើ​ព្រះអង្គ​ចង់​ធ្វើ​អ្វី​យើង? ព្រះអង្គ​មក​បំផ្លាញ​យើង! ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ ដែល​មក​ពី​ព្រះជាម្ចាស់»។ ២៥ ព្រះយេស៊ូ​គំរាម​វិញ្ញាណ​អាក្រក់​នោះ​ថា៖ «ស្ងៀម! ចេញ​ពី​អ្នក​នេះ​ភ្លាម!»។ ២៦ វិញ្ញាណ​អាក្រក់​ក៏​ធ្វើ​អោយ​បុរស​នោះ​ដួល​ប្រកាច់ប្រកិន ហើយ​វា​ចេញ​ទៅ​ទាំង​ស្រែក​យ៉ាង​ខ្លាំង​ផង។ ២៧ មនុស្សម្នា​ទាំង​អស់ ភ័យ​ស្រឡាំងកាំង គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ម្ដេច​ក៏​អស្ចារ្យ​ម៉្លេះ! លោក​បង្រៀន​តាម​របៀប​ថ្មី ប្រកប​ដោយ​អំណាច។ លោក​បញ្ជា​ទៅ​វិញ្ញាណ​អាក្រក់ ហើយ​វិញ្ញាណ​អាក្រក់​ក៏​ស្ដាប់​បង្គាប់​លោក»។ ២៨ ព្រះកិត្តិនាម​របស់​ព្រះយេស៊ូ​ល្បី​ខ្ចរខ្ចាយ ពាសពេញ​តំបន់​កាលីឡេ​ទាំង​មូល។
ព្រះយេស៊ូ​ប្រោស​អ្នក​ជំងឺ​ជា​ច្រើន​អោយ​ជា
(ម៉ាថាយ ៨:១៤-១៧ លូកា ៤:៣៨-៤១)
២៩ ព្រះយេស៊ូ និង​សិស្ស*​នាំ​គ្នា​ចេញ​ពី​សាលា​ប្រជុំ*​ទៅ​ផ្ទះ​លោក​ស៊ីម៉ូន និង​លោក​អនទ្រេ លោក​យ៉ាកុប និង​លោក​យ៉ូហាន ក៏​ទៅ​ជា​មួយ​ដែរ។ ៣០ ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​កំពុង​តែ​គ្រុន សម្រាន្ដ​នៅ​លើ​គ្រែ។ ពេល​ព្រះយេស៊ូ​យាង​ទៅ​ដល់​គេ​ទូល​ព្រះអង្គ​ភ្លាម​ថា​គាត់​ឈឺ។ ៣១ ព្រះអង្គ​យាង​ចូល​ទៅ​ជិត ចាប់​ដៃ​គាត់​អោយ​ក្រោក​ឡើង គាត់​ក៏​បាត់​គ្រុន ហើយ​បំរើ​ភ្ញៀវ។
៣២ លុះ​ដល់​ល្ងាច ក្រោយ​ពេល​ថ្ងៃ​លិច គេ​នាំ​អ្នក​ជំងឺ និង​មនុស្ស​អារក្ស​ចូល​ទាំង​អស់​មក​រក​ព្រះយេស៊ូ។ ៣៣ អ្នក​ក្រុង​ទាំង​ប៉ុន្មាន​មក​ផ្ដុំ​គ្នា​នៅ​មាត់​ទ្វារ​ក្រុង។ ៣៤ ព្រះយេស៊ូ​ប្រោស​មនុស្ស​ជា​ច្រើន​នាក់ ដែល​មាន​ជំងឺ​ផ្សេងៗ​អោយ​បាន​ជា​សះស្បើយ ហើយ​ព្រះអង្គ​ដេញ​អារក្ស​ជា​ច្រើន​ចេញ​ពី​មនុស្ស​ផង ព្រះអង្គ​មិន​អនុញ្ញាត​អោយ​អារក្ស​និយាយ​ជា​ដាច់​ខាត ពីព្រោះ​ពួក​វា​ដឹង​ឋានៈ​របស់​ព្រះអង្គ។
ព្រះយេស៊ូ​យាង​ចាក​ចេញ​ពី​ក្រុង​កាពើណិម
(ម៉ាថាយ ៤:២៣ លូកា ៤:៤១-៤៤)
៣៥ ព្រឹក​ឡើង កាល​ងងឹត​នៅ​ឡើយ ព្រះយេស៊ូ​តើន​ឡើង ទ្រង់​យាង​ចេញ​ពី​ផ្ទះ ទៅ​កន្លែង​មួយ​ស្ងាត់ ហើយ​អធិស្ឋាន*​នៅ​ទី​នោះ។ ៣៦ លោក​ស៊ីម៉ូន និង​អ្នក​ដែល​នៅ​ជា​មួយ​គាត់ នាំ​គ្នា​តាម​រក​ព្រះអង្គ។ ៣៧ លុះ​បាន​ជួប​ហើយ​គេ​ទូល​ថា៖ «គេ​ខំ​ស្វែង​រក​លោក​គ្រប់ៗ​គ្នា»។ ៣៨ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា៖ «យើង​ត្រូវ​នាំ​គ្នា​ទៅ​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​នេះ ខ្ញុំ​ត្រូវ​ប្រកាស​ដំណឹងល្អ*​នៅ​ទី​នោះ​ដែរ ដ្បិត​ខ្ញុំ​ចេញ​មក​ដើម្បី​បំពេញ​ការ​នេះ​ឯង»។
៣៩ ព្រះអង្គ​យាង​ទៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​កាលីឡេ​ហើយ​ប្រកាស​ដំណឹងល្អ*​នៅ​តាម​សាលា​ប្រជុំ*​ទាំងឡាយ ព្រម​ទាំង​ដេញ​អារក្ស​ចេញ​ពី​មនុស្ស​ផង។
ព្រះយេស៊ូ​ប្រោស​មនុស្ស​ឃ្លង់​ម្នាក់​អោយ​ជា
(ម៉ាថាយ ៨:១-៤ លូកា ៥:១២-១៦)
៤០ មាន​មនុស្ស​ឃ្លង់​ម្នាក់​ចូល​មក​រក​ព្រះយេស៊ូ គាត់​លុត​ជង្គង់ ទូលអង្វរ​ព្រះអង្គ​ថា៖ «ប្រសិន​បើ​លោក​មិន​យល់​ទាស់​ទេ​ សូម​ប្រោស​ខ្ញុំ​ប្របាទ​អោយ​បាន​ជា​ស្អាត​បរិសុទ្ធ*​ផង»។ ៤១ ព្រះយេស៊ូ​មាន​ព្រះហឫទ័យ​អាណិតអាសូរ​គាត់​ពន់ពេក​ណាស់ ព្រះអង្គ​ក៏​លូក​ព្រះហស្ដ​ទៅ​ពាល់​គាត់ ទាំង​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ចូរ​អោយ​បាន​ជា​ស្អាត​បរិសុទ្ធ​ចុះ!»។ ៤២ មនុស្ស​ឃ្លង់​ក៏​បាន​ជា​ស្អាត​បរិសុទ្ធ​ភ្លាម។ ៤៣ បន្ទាប់​មក ព្រះយេស៊ូ​ដេញ​គាត់​អោយ​ចេញ​ទៅ​ភ្លាម ទាំង​មាន​ព្រះបន្ទូល​យ៉ាង​តឹងរ៉ឹង​ថា៖ ៤៤ «ចូរ​ប្រយ័ត្ន​អោយ​មែន​ទែន កុំ​និយាយ​ហេតុការណ៍​នេះ​ប្រាប់​អោយ​នរណា​ដឹង​ឡើយ! ផ្ទុយ​ទៅ​វិញ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​លោក​បូជាចារ្យ*​រួច​ថ្វាយ​តង្វាយ ដូច​លោក​ម៉ូសេ*​បាន​បង្គាប់​ទុក ដើម្បី​ជា​សក្ខីភាព​បញ្ជាក់​ថា អ្នក​បាន​ជា​ស្អាត​បរិសុទ្ធ​មែន»។ ៤៥ ប៉ុន្តែ បុរស​នោះ​ចេញ​ទៅ​ប្រកាស និង​ផ្សព្វផ្សាយ​រឿង​នេះ​នៅ​គ្រប់​កន្លែង​អោយ​គេ​ដឹង។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះយេស៊ូ​មិន​អាច​យាង​ចូល​ទីក្រុង ដូច​ពី​មុន​បាន​ទៀត​ឡើយ គឺ​ព្រះអង្គ​គង់​នៅ​តែ​ខាង​ក្រៅ​ទីក្រុង​ត្រង់​កន្លែង​ស្ងាត់ៗ ហើយ​មាន​មនុស្ស​ពី​គ្រប់​ទិសទី​នាំ​គ្នា​មក​គាល់​ព្រះអង្គ។