២
ព្រះយេស៊ូប្រោសមនុស្សខ្វិនម្នាក់អោយជា
(ម៉ាថាយ ៩:១-៨ លូកា ៥:១៧-២៦)
១ ប៉ុន្មានថ្ងៃក្រោយមក ព្រះយេស៊ូយាងត្រឡប់មកក្រុងកាពើណិមវិញ ហើយអ្នកស្រុកឮដំណឹងថា ព្រះអង្គគង់នៅក្នុងផ្ទះ។ ២ មានមនុស្សយ៉ាងច្រើន មកមូលផ្ដុំគ្នាកកកុញគ្មានសល់កន្លែងណាសោះឡើយ សូម្បីតែនៅមាត់ទ្វារផ្ទះក៏គ្មានសល់ដែរ។ ព្រះយេស៊ូថ្លែងព្រះបន្ទូលអោយគេស្ដាប់។ ៣ មានបុរសបួននាក់សែងមនុស្សខ្វិនដៃ ខ្វិនជើងម្នាក់មករកព្រះអង្គ។ ៤ ប៉ុន្តែ ដោយមានមនុស្សច្រើនពេក គេពុំអាចនាំមនុស្សខ្វិននោះទៅជិតព្រះយេស៊ូបានឡើយ។ ដូច្នេះ គេក៏ចោះដំបូលផ្ទះចំពីលើកន្លែងដែលព្រះអង្គគង់ ហើយសំរូតមនុស្សខ្វិននៅលើគ្រែស្នែង ចុះតាមប្រឡោះមក។ ៥ កាលព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ «កូនអើយ! ខ្ញុំអត់ទោសអោយអ្នកបានរួចពីបាបហើយ»។ ៦ ពួកអាចារ្យខ្លះ ដែលអង្គុយនៅទីនោះរិះគិតក្នុងចិត្តថា៖ ៧ «ហេតុដូចម្ដេចបានជាអ្នកនេះហ៊ានប្រមាថព្រះជាម្ចាស់ ដោយពោលពាក្យស្មើនឹងព្រះអង្គបែបនេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើនរណាអាចអត់ទោសមនុស្សអោយរួចពីបាបបាន!»។ ៨ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់គេភ្លាម ទ្រង់មានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតដូច្នេះ? ៩ បើខ្ញុំប្រាប់អ្នកពិការនេះថា “ខ្ញុំអត់ទោសអោយអ្នកបានរួចពីបាបហើយ” ឬថា “ចូរក្រោកឡើងយកគ្រែស្នែងរបស់អ្នកដើរទៅចុះ”តើឃ្លាមួយណាស្រួលនិយាយជាង? ១០ ប៉ុន្តែ ខ្ញុំចង់អោយអ្នករាល់គ្នាដឹងថា បុត្រមនុស្សមានអំណាចនឹងអត់ទោសអោយមនុស្សនៅលើផែនដីនេះ រួចពីបាបបាន»។ ព្រះអង្គងាកទៅរកអ្នកខ្វិន ហើយមានព្រះបន្ទូលថា៖ ១១ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកដើរទៅផ្ទះវិញទៅ!»។ ១២ មនុស្សខ្វិនក៏ក្រោកឈរឡើងភ្លាម យកគ្រែស្នែងរបស់ខ្លួន ដើរកាត់មុខមនុស្សទាំងអស់ចេញទៅ ធ្វើអោយគេគ្រប់គ្នាស្ញប់ស្ញែងយ៉ាងខ្លាំង ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ទាំងពោលថា៖ «យើងមិនដែលបានឃើញការអស្ចារ្យណាមួយ ដូចពេលនេះឡើយ!»។
ព្រះយេស៊ូត្រាស់ហៅលោកលេវី
(ម៉ាថាយ ៩:៩-១៣ លូកា ៥:២៧-៣២)
១៣ ព្រះយេស៊ូយាងតាមឆេ្នរសមុទ្រកាលីឡេម្ដងទៀត។ បណ្ដាជនទាំងមូលនាំគ្នាមករកព្រះអង្គ ព្រះអង្គក៏បង្រៀនពួកគេ។ ១៤ កាលព្រះអង្គយាងកាត់តាមនោះ ទ្រង់ទតឃើញលោកលេវី ជាកូនរបស់លោកអាល់ផាយអង្គុយនៅកន្លែងយកពន្ធ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ លោកលេវីក៏ក្រោកឡើង ដើរតាមព្រះអង្គទៅ។
១៥ បន្ទាប់មក ព្រះយេស៊ូសោយព្រះស្ងោយនៅផ្ទះលោកលេវី។ មានអ្នកទារពន្ធ* ព្រមទាំងមនុស្សបាបជាច្រើន មករួមតុជាមួយព្រះអង្គ និងពួកសិស្ស*។ មានមនុស្សប្រភេទនោះច្រើននាក់បានមកតាមព្រះអង្គ។ ១៦ ពួកអាចារ្យពីគណៈផារីស៊ី* ឃើញព្រះយេស៊ូសោយព្រះស្ងោយជាមួយអ្នកទាំងនោះ គេនិយាយទៅកាន់ពួកសិស្សថា៖ «ហេតុអ្វីបានជាលោកបរិភោគជាមួយអ្នកទារពន្ធ និងជាមួយមនុស្សបាប?»។ ១៧ ព្រះយេស៊ូបាន ឮគេនិយាយដូច្នេះ ក៏មានព្រះបន្ទូលថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យឡើយ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺខ្ញុំមករកមនុស្សបាបវិញ»។
អំពីការតមអាហារ
(ម៉ាថាយ ៩:១៤-១៧ លូកា ៥:៣៣-៣៨)
១៨ ថ្ងៃមួយ ពួកសិស្សរបស់លោកយ៉ូហានបាទីស្ដ និងពួកសិស្សខាងគណៈផារីស៊ីនាំគ្នាតមអាហារ។ ពួកគេមកទូលសួរព្រះយេស៊ូថា៖ «សិស្សរបស់លោកយ៉ូហាន និងសិស្សខាងគណៈផារីស៊ី*តមអាហារ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោកមិនតមដូច្នេះ?»។ ១៩ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ក្នុងពិធីមង្គលការ នៅពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចតមអាហារកើតឬ?។ ទេ! ដរាបណាកូនកំលោះនៅជាមួយ គេមិនអាចតមអាហារបានឡើយ។ ២០ ថ្ងៃក្រោយពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារ។ ២១ ពុំដែលមាននរណាយកក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ឡើយ បើធ្វើដូច្នេះ ក្រណាត់ថ្មីនឹងបណ្ដាលអោយសម្លៀកបំពាក់ចាស់រហែកលើសដើមទៅទៀត។ ២២ ពុំដែលមាននរណាច្រកស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ឡើយ បើធ្វើដូច្នោះ ស្រានឹងធ្វើអោយថង់ស្បែកនោះធ្លាយ បណ្ដាលអោយខូចទាំងស្រា ទាំងថង់ស្បែកជាមិនខាន។ ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី»។
ព្រះយេស៊ូមានអំណាចលើថ្ងៃសប្ប័ទ
(ម៉ាថាយ ១២:១-៨, លូកា ៦:១-៥)
២៣ មានថ្ងៃមួយជាថ្ងៃសប្ប័ទ* ព្រះយេស៊ូយាងកាត់វាលស្រែ សិស្ស*របស់ព្រះអង្គនាំគ្នាដើរបណ្ដើរ បូតកួរស្រូវបណ្ដើរ។ ២៤ ពួកខាងគណៈផារីស៊ី*ទូលព្រះយេស៊ូថា៖ «សូមលោកមើលចុះ ហេតុអ្វីបានជាសិស្សរបស់លោកធ្វើការដែលបញ្ញត្តិហាមមិនអោយធ្វើនៅថ្ងៃសប្ប័ទដូច្នេះ?»។ ២៥ ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរមានអត្ថបទមួយស្ដីអំពីការដែលព្រះបាទដាវីឌ និងបរិពារបានប្រព្រឹត្ត នៅពេលឃ្លាន ហើយត្រូវការអាហារបរិភោគ។ ២៦ នៅសម័យនោះ លោកអបៀថើរធ្វើជាមហាបូជាចារ្យ*។ ព្រះបាទដាវីឌបានចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យកនំបុ័ងដែលគេតាំងថ្វាយព្រះជាម្ចាស់មកសោយ ព្រមទាំងចែកអោយពួកបរិពារបរិភោគទៀតផង។ តាមច្បាប់*មានតែពួកបូជាចារ្យ*ប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំបុ័ងនោះ។ តើអ្នករាល់គ្នាមិនដែលអានអត្ថបទនោះទេឬ!»។ ២៧ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «ព្រះជាម្ចាស់បានបង្កើតថ្ងៃសប្ប័ទ ដើម្បីជាប្រយោជន៍ដល់មនុស្ស ព្រះអង្គមិនបានបង្កើតមនុស្ស ដើម្បីអោយបំរើថ្ងៃសប្ប័ទឡើយ។ ២៨ ហេតុនេះហើយបានជាបុត្រមនុស្ស* ជាម្ចាស់លើថ្ងៃសប្ប័ទ»។