៣
ព្រះយេស៊ូប្រោសមនុស្សស្វិតដៃម្នាក់អោយជា
(ម៉ាថាយ ១២:៩-១៤ លូកា ៦:៦-១១)
១ ព្រះយេស៊ូយាងចូលទៅសាលាប្រជុំ*ម្ដងទៀត នៅទីនោះមានបុរសម្នាក់ស្វិតដៃម្ខាង។ ២ ពួកគេតាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រោសបុរសនេះអោយជា នៅថ្ងៃសប្ប័ទ*ក្នុងគោលបំណងចោទប្រកាន់ព្រះអង្គ។ ៣ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង មកឈរនៅកណ្ដាលគេឯណេះ!»។ ៤ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលសួរទៅគេថា៖ «នៅថ្ងៃសប្ប័ទតើច្បាប់អនុញ្ញាតអោយធ្វើអំពើល្អ ឬធ្វើអំពើអាក្រក់? តើត្រូវសង្គ្រោះមនុស្ស ឬប្រហារជីវិតចោល?»។ ពួកគេនៅស្ងៀមទាំងអស់គ្នា។ ៥ ព្រះយេស៊ូបែរព្រះភក្ត្រទតមើលទៅអ្នកដែលនៅជុំវិញ ទាំងព្រះពិរោធ ហើយព្រះអង្គព្រួយព្រះហឫទ័យ ព្រោះគេមានចិត្តរឹងរូស។ ព្រះអង្គមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ បុរសនោះលាតដៃ ហើយដៃរបស់គាត់ក៏បានជាដូចដើមវិញ។ ៦ ពួកខាងគណៈផារីស៊ី*ចេញពីសាលាប្រជុំ* ហើយទៅពិគ្រោះជាមួយបក្សពួកស្ដេចហេរ៉ូដភ្លាម ដើម្បីរកមធ្យោបាយធ្វើគុតព្រះយេស៊ូ។
មហាជនមកតាមព្រះយេស៊ូ
៧ ព្រះយេស៊ូយាងចេញទៅតាមឆ្នេរសមុទ្រកាលីឡេជាមួយពួកសិស្ស*។ មានបណ្ដាជនជាច្រើននាំគ្នាទៅតាមព្រះអង្គ អ្នកទាំងនោះមកពីស្រុកកាលីឡេ ស្រុកយូដា ៨ ក្រុងយេរូសាឡឹម ស្រុកអេដុម តំបន់ត្រើយខាងនាយទន្លេយ័រដាន់ ព្រមទាំងតំបន់ជុំវិញក្រុងទីរ៉ូស និងក្រុងស៊ីដូន។ បណ្ដាជនមកតាមព្រះយេស៊ូច្រើនយ៉ាងនេះ ព្រោះបានឮគេនិយាយអំពីកិច្ចការទាំងប៉ុន្មានដែលព្រះអង្គធ្វើ។ ៩ ព្រះយេស៊ូប្រាប់ពួកសិស្ស*អោយរៀបចំទូកមួយថ្វាយព្រះអង្គ ក្រែងបណ្ដាជនប្រជ្រៀតគ្នាចោមរោមព្រះអង្គ ១០ ដ្បិតមានអ្នកជំងឺជាច្រើនខំប្រឹងសំរុកចូលមកជិត ដើម្បីពាល់ព្រះអង្គព្រោះព្រះអង្គបានប្រោសមនុស្សជាច្រើនអោយបានជា។ ១១ ម្យ៉ាងទៀតពេលវិញ្ញាណអាក្រក់ឃើញព្រះអង្គ វាក្រាបចុះនៅទៀបព្រះបាទា ហើយស្រែកឡើងថា៖ «ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់»។ ១២ ប៉ុន្តែ ព្រះយេស៊ូបានគំរាមកំហែងវាយ៉ាងម៉ឺងម៉ាត់ មិនអោយនិយាយប្រាប់គេថា ព្រះអង្គជានរណាឡើយ។
ព្រះយេស៊ូតែងតាំងសាវ័ក១២រូប
(ម៉ាថាយ ១០:១-៤ លូកា ៦:១២-១៦)
១៣ បន្ទាប់មក ព្រះយេស៊ូយាងឡើងទៅលើភ្នំ។ ព្រះអង្គបានត្រាស់ហៅអស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យជ្រើសរើស ហើយអ្នកទាំងនោះក៏ចូលមកគាល់ព្រះអង្គ។ ១៤ ព្រះអង្គតែងតាំងសាវ័កដប់ពីររូប អោយគេនៅជាមួយព្រះអង្គ និងដើម្បីចាត់គេអោយទៅប្រកាសដំណឹងល្អ ១៥ ទាំងអោយគេមានអំណាចដេញអារក្សថែមទៀតផង។ ១៦ ព្រះអង្គបានតែងតាំងអ្នកដប់ពីររូបនេះ គឺស៊ីម៉ូនដែលទ្រង់ដាក់ឈ្មោះថា ពេត្រុស ១៧ យ៉ាកុបជាកូនរបស់លោកសេបេដេ និងយ៉ូហានជាប្អូនរបស់គាត់ ដែលព្រះយេស៊ូដាក់ឈ្មោះថា “បោនអ៊ើកេ” ប្រែថា “អ្នកដែលមានចិត្តខ្លាំងដូចផ្គរលាន់” ១៨ អនទ្រេ ភីលីព បារថូឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុបជាកូនអាល់ផាយ ថាដេ ស៊ីម៉ូនជាអ្នកជាតិនិយម ១៩ និងយូដាសអ៊ីស្ការីយ៉ុតជាអ្នកក្បត់ព្រះអង្គ។
ព្រះញាតិវង្សរបស់ព្រះយេស៊ូមកនាំព្រះអង្គយកទៅវិញ
២០ កាលព្រះយេស៊ូយាងត្រឡប់មកផ្ទះវិញ បណ្ដាជនជួបជុំគ្នាសាជាថ្មី ជាហេតុនាំអោយព្រះអង្គ និងពួកសិស្ស*រកពេលបរិភោគមិនបានសោះ។ ២១ ព្រះញាតិវង្សរបស់ព្រះអង្គឮដំណឹងនេះ ក៏នាំគ្នាធ្វើដំណើរមកដើម្បីចាប់ព្រះអង្គទៅវិញ ព្រោះគេថាព្រះអង្គវង្វេងស្មារតីហើយ។
ព្រះយេស៊ូឆ្លើយតបនឹងពួកអ្នកចោទប្រកាន់ព្រះអង្គ
(ម៉ាថាយ ១២:២២-៣២ លូកា ១១:១៤-២៣, ១២:១០)
២២ ពួកអាចារ្យ* ដែលចុះមកពីក្រុងយេរូសាឡឹមនិយាយថា៖ «អ្នកនេះមានបេលសេប៊ូលជាស្ដេចអារក្សនៅក្នុងខ្លួន គាត់អាចដេញអារក្សដូច្នេះ ព្រោះស្ដេចអារក្សប្រគល់អំណាចអោយ»។ ២៣ ព្រះយេស៊ូត្រាស់ហៅគេមក រួចមានព្រះបន្ទូលជាប្រស្នាថា៖ «តើមារ*សាតាំងអាចដេញមារសាតាំងដូចម្ដេចកើត? ២៤ ប្រសិនបើពលរដ្ឋក្នុងនគរណាមួយបែកបាក់ទាស់ទែងគ្នាឯង នគរនោះពុំអាចស្ថិតស្ថេរគង់វង្សតទៅមុខបានឡើយ។ ២៥ ប្រសិនបើមានក្រុមគ្រួសារមួយបែកបាក់ទាស់ទែងគ្នា ក្រុមគ្រួសារនោះក៏ពុំអាចនៅស្ថិតស្ថេរគង់វង្សបានដែរ។ ២៦ ដូច្នេះ ប្រសិនបើមារសាតាំងក្រោកឡើងប្រឆាំងនឹងខ្លួនឯង បែកបាក់ទាស់ទែងនឹងខ្លួនឯង វាមិនអាចនៅស្ថិតស្ថេរគង់វង្សបានឡើយ គឺវាមុខជាត្រូវវិនាសមិនខាន។ ២៧ គ្មាននរណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំងពូកែ ហើយប្លន់យកទ្រព្យសម្បត្តិរបស់គាត់បានឡើយ គឺត្រូវតែចងមនុស្សខ្លាំងពូកែនោះជាមុនសិន ទើបអាចប្លន់យកទ្រព្យសម្បត្តិក្នុងផ្ទះគាត់បាន។ ២៨ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា បើមនុស្សលោកធ្វើអំពើបាប និងពោលពាក្យប្រមាថព្រះជាម្ចាស់ ព្រះអង្គនឹងលើកលែងទោសទាំងអស់។ ២៩ រីឯអ្នកដែលពោលពាក្យប្រមាថព្រះវិញ្ញាណដ៏វិសុទ្ធវិញ ព្រះអង្គមិនលើកលែងទោសសោះឡើយ ដ្បិតអ្នកនោះមានទោសអស់កល្បជានិច្ច»។
៣០ ព្រះយេស៊ូមានព្រះបន្ទូលដូច្នេះ ព្រោះគេនិយាយថា ព្រះអង្គមានវិញ្ញាណអាក្រក់នៅក្នុងខ្លួន។
ព្រះញាតិវង្សដ៏ពិតប្រាកដរបស់ព្រះយេស៊ូ
(ម៉ាថាយ ១២:៤៦-៥០ លូកា ៨:១៩-២១)
៣១ ពេលនោះ មាតា និងបងប្អូនរបស់ព្រះយេស៊ូមកដល់ឈរនៅខាងក្រៅផ្ទះ ហើយចាត់គេអោយចូលមកហៅព្រះអង្គ។ ៣២ បណ្ដាជនដែលអង្គុយនៅជុំវិញព្រះយេស៊ូ ទូលព្រះអង្គថា៖ «លោកគ្រូ ម្ដាយ និងបងប្អូនលោក មករកលោកនៅខាងក្រៅ!»។ ៣៣ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «តើនរណាជាម្ដាយខ្ញុំ? នរណាជាបងប្អូនខ្ញុំ?»។ ៣៤ ព្រះអង្គទតមើលទៅមនុស្សដែលនៅជុំវិញព្រះអង្គ រួចមានព្រះបន្ទូលថា៖ «អ្នកទាំងនេះហើយជាមាតា និងជាបងប្អូនរបស់ខ្ញុំ ៣៥ ដ្បិតអ្នកណាប្រព្រឹត្តតាមព្រះហឫទ័យព្រះជាម្ចាស់ អ្នកនោះជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ»។