៩
១ ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រាកដមែន ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា មនុស្សខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេ មុនបានឃើញព្រះរាជ្យរបស់ព្រះជាម្ចាស់ មកដល់ប្រកបដោយឫទ្ធានុភាព»។
សិរីរុងរឿងរបស់ព្រះយេស៊ូ
(ម៉ាថាយ ១៧:១-១៣ លូកា ៩:២៨-៣៦)
២ ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូនាំលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានឡើងទៅលើភ្នំ គឺព្រះអង្គនាំតែលោកទាំងបីទៅដាច់ឡែកពីគេ។ ពេលនោះ ព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុននៅមុខសិស្ស*ទាំងបីនាក់ ៣ គឺព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សភ្លឺត្រចះត្រចង់ ដែលគ្មានមនុស្សណានៅលើផែនដីអាចធ្វើអោយសយ៉ាងនេះបានឡើយ។ ៤ ពេលនោះ សិស្សទាំងបីនាក់ឃើញព្យាការី*អេលីយ៉ា និងលោកម៉ូសេ* សន្ទនាជាមួយព្រះយេស៊ូ។ ៥ លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ យើងខ្ញុំនឹងសង់ជំរកបី គឺមួយសំរាប់ព្រះគ្រូ មួយសំរាប់លោកម៉ូសេ និងមួយទៀតសំរាប់លោកអេលីយ៉ា»។ ៦ លោកពេត្រុសមានប្រសាសន៍ដូច្នេះ មកពីលោកពុំដឹងថាចង់និយាយអំពីអ្វីឡើយ ដ្បិតសិស្សទាំងបីភ័យខ្លាចយ៉ាងខ្លាំង។ ៧ ពេលនោះ ស្រាប់តែមានពពក*មកគ្របបាំងគេទាំងអស់គ្នា មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ចូរស្ដាប់ព្រះអង្គចុះ!»។ ៨ រំពេចនោះ ពួកសិស្សក្រឡេកមើលជុំវិញខ្លួន ពុំឃើញនរណាទៀតឡើយ ឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះដែលគង់ជាមួយគេ។
៩ ពេលព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសិស្សទាំងបីទ្រង់ហាមប្រាមគេ មិនអោយនិយាយអំពីហេតុការណ៍ដែលខ្លួនបានឃើញប្រាប់នរណាឡើយ រហូតដល់បុត្រមនុស្សរស់ឡើងវិញ។ ១០ អ្នកទាំងបីធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ តែសាកសួរគ្នាថា៖ «តើ“រស់ឡើងវិញ” មានន័យដូចម្ដេច?»។ ១១ បន្ទាប់មក គេទូលសួរព្រះអង្គថា៖ «ហេតុដូចម្ដេចបានជាពួកអាចារ្យចេះតែនិយាយថា ព្យាការីអេលីយ៉ាត្រូវអញ្ជើញមកមុន?»។ ១២ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ព្យាការីអេលីយ៉ាអញ្ជើញមកមុនមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ។ ប៉ុន្តែ ហេតុអ្វីបានជាមានចែងទុកក្នុងគម្ពីរថា បុត្រមនុស្សត្រូវរងទុក្ខលំបាកជាច្រើនព្រមទាំងត្រូវគេមើលងាយផងដូច្នេះ?។ ១៣ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្យាការីអេលីយ៉ាបានអញ្ជើញមករួចហើយ តែពួកគេបានធ្វើបាបលោកសព្វបែបយ៉ាងតាមអំពើចិត្តរបស់គេ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់»។
ព្រះយេស៊ូដេញវិញ្ញាណអាក្រក់ចេញពីក្មេងម្នាក់
(ម៉ាថាយ ១៧:១៤-២១ លូកា ៩:៣៧-៤៣)
១៤ ព្រះយេស៊ូ និងអ្នកទាំងបី បានមកជួបសិស្សឯទៀតៗ ទ្រង់ទតឃើញបណ្ដាជនច្រើនកុះករឈរនៅជុំវិញសិស្សទាំងនោះ ហើយឃើញពួកអាចារ្យ*ជជែកជាមួយគេផង។ ១៥ កាលបណ្ដាជនឃើញព្រះយេស៊ូ គេស្រឡាំងកាំងគ្រប់គ្នា ហើយរត់ទៅថ្វាយបង្គំព្រះអង្គ។ ១៦ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើអ្នករាល់គ្នាជជែកជាមួយគេអំពីរឿងអ្វី?»។ ១៧ ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ទូលព្រះអង្គថា៖ «លោកគ្រូ! ខ្ញុំប្របាទនាំកូនប្រុសរបស់ខ្ញុំប្របាទមករកលោកគ្រូ ដ្បិតវាមានវិញ្ញាណអាក្រក់ក្នុងខ្លួន ធ្វើអោយគនិយាយពុំរួច។ ១៨ នៅទីណាក៏ដោយ ពេលវិញ្ញាណអាក្រក់ចូលម្ដងៗ វាផ្ដួលកូនខ្ញុំប្របាទលើដីអោយបែកពពុះមាត់ សង្កៀតធ្មេញ ហើយរឹងខ្លួន។ ខ្ញុំប្របាទបានសុំសិស្សរបស់លោកអោយដេញវិញ្ញាណអាក្រក់នេះដែរ ប៉ុន្តែ គេពុំអាចដេញវាចេញបានសោះ»។ ១៩ ព្រះយេស៊ូមានព្រះបន្ទូលទៅបណ្ដាជនថា៖ «នែ៎! ពួកមនុស្សពុំព្រមជឿអើយ! តើត្រូវអោយខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំក្មេងនោះមកអោយខ្ញុំ»។ ២០ គេក៏នាំវាចូលមកជិតព្រះយេស៊ូ។ កាលវិញ្ញាណអាក្រក់ឃើញព្រះអង្គ វាផ្ដួលក្មេងនោះអោយប្រកាច់ប្រកិន ព្រមទាំងននៀលបែកពពុះមាត់។ ២១ ព្រះយេស៊ូសួរទៅឪពុកថា៖ «តើវាវេទនាបែបនេះ តាំងពីអង្កាល់មក?»។ ឪពុកតបថា៖ «តាំងតែពីតូចម៉្លេះ។ ២២ វិញ្ញាណអាក្រក់ធ្វើអោយវាដួលលើភ្លើង អោយវាធ្លាក់ក្នុងទឹកជាច្រើនលើកច្រើនសា ចង់អោយវាបាត់បង់ជីវិត។ ប្រសិនបើលោកអាចធ្វើបាន សូមមេត្តាជួយយើងខ្ញុំ សូមអាណិតអាសូរយើងខ្ញុំផង»។ ២៣ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកពោលថា “ប្រសិនបើលោកអាចជួយបាន” ដូច្នេះ? ព្រះជាម្ចាស់អាចសំរេចកិច្ចការសព្វគ្រប់ទាំងអស់ដល់អ្នកជឿ»។ ២៤ ឪពុករបស់ក្មេងបន្លឺសំឡេងឡើងភ្លាមថា៖ «ខ្ញុំប្របាទជឿហើយ! សូមមេត្តាជួយអោយខ្ញុំប្របាទ ដែលជាអ្នកមិនជឿនេះផង!»។ ២៥ ពេលនោះ ព្រះយេស៊ូទតឃើញបណ្ដាជនរត់មក ព្រះអង្គក៏គំរាមវិញ្ញាណអាក្រក់ដោយបញ្ជាថា៖ «នែ៎វិញ្ញាណគថ្លង់! យើងសុំប្រាប់ថា ចេញពីក្មេងនេះទៅ កុំចូលវាទៀតអោយសោះ!»។ ២៦ វាក៏ស្រែកឡើង ព្រមទាំងធ្វើអោយក្មេងនោះប្រកាច់ប្រកិនយ៉ាងខ្លាំង រួចចេញទៅ។ ពេលនោះ ក្មេងនៅដេកស្ដូកស្ដឹងដូចមនុស្សស្លាប់ ធ្វើអោយមនុស្សជាច្រើនស្មានថាវាស្លាប់បាត់ទៅហើយ។ ២៧ រីឯព្រះយេស៊ូវិញ ព្រះអង្គចាប់ដៃវាលើកឡើង ក្មេងនោះក៏ក្រោកឈរ។
២៨ កាលព្រះយេស៊ូយាងចូលទៅក្នុងផ្ទះ ពួកសិស្ស*ទូលសួរព្រះអង្គ ដាច់ឡែកពីគេថា៖ «ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញវិញ្ញាណអាក្រក់នេះចេញបាន?»។ ២៩ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «គេអាចដេញវិញ្ញាណប្រភេទនេះបាន លុះត្រាតែអធិស្ឋាន*»។
ព្រះយេស៊ូប្រកាសសាជាថ្មីអំពីព្រះអង្គត្រូវសោយទិវង្គត
(ម៉ាថាយ ១៧:២២-២៣ លូកា ៩:៤៣-៤៥)
៣០ ព្រះយេស៊ូយាងចាកចេញពីទីនោះជាមួយពួកសិស្ស* កាត់តាមស្រុកកាលីឡេ។ ព្រះអង្គមិនសព្វព្រះហឫទ័យអោយនរណាដឹងឡើយ។ ៣១ ព្រះអង្គបង្រៀនពួកសិស្សអោយដឹងថា បុត្រមនុស្ស*នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោក គេនឹងធ្វើគុតព្រះអង្គ ប៉ុន្តែ បីថ្ងៃក្រោយពីគេធ្វើគុត ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ។ ៣២ ពួកសិស្សពុំបានយល់ព្រះបន្ទូលនេះឡើយ តែគេមិនហ៊ានទូលសួរព្រះអង្គទេ។
អ្នកដែលធំជាងគេ
(ម៉ាថាយ ១៨:១-៥ លូកា ៩:៤៦-៤៨)
៣៣ ព្រះយេស៊ូ និងពួកសិស្ស*ធ្វើដំណើរមកដល់ក្រុងកាពើណិម។ កាលព្រះអង្គគង់នៅក្នុងផ្ទះ ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្សថា៖ «ពេលដើរតាមផ្លូវ អ្នករាល់គ្នានិយាយអំពីរឿងអ្វី?»។ ៣៤ ពួកសិស្សនៅស្ងៀម ដ្បិតកាលធ្វើដំណើរតាមផ្លូវ គេបានប្រកែកគ្នាចង់ដឹងថាក្នុងចំណោមពួកគេ អ្នកណាធំជាងគេ។ ៣៥ ព្រះយេស៊ូគង់ចុះ ទ្រង់ត្រាស់ហៅសិស្សទាំងដប់ពីររូបមក ហើយមានព្រះបន្ទូលថា៖ «អ្នកណាចង់ធ្វើមេគេ អ្នកនោះត្រូវដាក់ខ្លួនអោយតូចជាងគេ ព្រមទាំងបំរើគេទាំងអស់គ្នាផង»។ ៣៦ បន្ទាប់មក ព្រះអង្គយកក្មេងម្នាក់ អោយមកឈរនៅកណ្ដាលពួកសិស្ស។ ព្រះអង្គឱបក្មេងនោះ រួចមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ ៣៧ «អ្នកណាទទួលក្មេងណាម្នាក់ដូចក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំមិនត្រឹមតែទទួលខ្ញុំប៉ុណ្ណោះទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំអោយមកនោះដែរ»។
អ្នកណាមិនជំទាស់យើងអ្នកនោះជាពួកយើង
(លូកា ៩:៤៩-៥០)
៣៨ លោកយ៉ូហានទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបានឃើញបុរសម្នាក់ដេញអារក្ស ក្នុងនាមព្រះគ្រូ។ យើងខ្ញុំបានឃាត់គេ ព្រោះគេមិនមកតាមយើងខ្ញុំទេ»។ ៣៩ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំឃាត់គេអី ពុំដែលមាននរណាអាចធ្វើការអស្ចារ្យក្នុងនាមខ្ញុំ រួចបែរជានិយាយអាក្រក់អំពីខ្ញុំភ្លាមនោះឡើយ ៤០ ដ្បិតអ្នកណាមិនជំទាស់នឹងយើង អ្នកនោះជាគ្នាយើងហើយ។ ៤១ ម្យ៉ាងទៀត បើអ្នកណាអោយទឹកមួយកែវដល់អ្នករាល់គ្នា ក្នុងនាមអ្នករាល់គ្នាជាសិស្សរបស់ព្រះគ្រិស្ដ*ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។
កុំនាំអ្នកដទៃអោយប្រព្រឹត្តអំពើបាប
(ម៉ាថាយ ១៨:៦-៩ លូកា ១៧:១-២)
៤២ «អ្នកណានាំអ្នកតូចតាចម្នាក់ ក្នុងបណ្ដាអ្នកជឿទាំងនេះអោយប្រព្រឹត្តអំពើបាប ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងកគាត់ទម្លាក់ទៅក្នុងសមុទ្រ នោះប្រសើរជាជាងទុកអោយគាត់នៅរស់។ ៤៣ ប្រសិនបើដៃនាំអ្នកអោយប្រព្រឹត្តអំពើបាប ចូរកាត់ចោលទៅ ព្រោះបើអ្នកចូលទៅក្នុងជីវិត មានដៃតែម្ខាង ប្រសើរជាងមានដៃពីរ ហើយត្រូវធ្លាក់ទៅក្នុងនរក ដែលមានភ្លើងមិនចេះរលត់ [ ៤៤ ជាកន្លែងដែលមានដង្កូវមិនចេះងាប់ មានភ្លើងមិនចេះរលត់]។ ៤៥ ប្រសិនបើជើងនាំអ្នកអោយប្រព្រឹត្តអំពើបាប ចូរកាត់ចោលទៅ ព្រោះបើអ្នកចូលទៅក្នុងជីវិតមានតែជើងមួយ នោះប្រសើរជាងមានជើងពីរ ហើយត្រូវគេបោះទៅក្នុងនរក [ ៤៦ ជាកន្លែងដែលមានដង្កូវមិនចេះងាប់ មានភ្លើងមិនចេះរលត់]។ ៤៧ ប្រសិនបើភ្នែកនាំអ្នកអោយប្រព្រឹត្តអំពើបាប ចូរខ្វេះចេញទៅ ព្រោះបើអ្នកចូលទៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់មានតែភ្នែកម្ខាងនោះប្រសើរជាងមានភ្នែកពីរ ហើយត្រូវគេបោះទៅក្នុងនរក ៤៨ ជាកន្លែងដែលមានដង្កូវមិនចេះងាប់ មានភ្លើងមិនចេះរលត់ ៤៩ ដ្បិតមនុស្សគ្រប់ៗរូបនឹងមានជាតិប្រៃដោយសារភ្លើង។ ៥០ អំបិលជារបស់មួយសំខាន់ណាស់ ប៉ុន្តែ បើវាបាត់ជាតិប្រៃហើយ តើអ្នករាល់គ្នាធ្វើដូចម្ដេចនឹងអោយវាប្រៃឡើងវិញបាន? ៥១ ចូរមានជាតិប្រៃនៅក្នុងខ្លួន ហើយរស់នៅជាមួយគ្នាដោយសុខសាន្តទៅ»។