១០
ព្រះដំបូន្មាន​អំពី​រឿង​លែងលះ​ប្ដី​ប្រពន្ធ
(ម៉ាថាយ ១៩:១-១២ លូកា ១៦:១៨)
១ ព្រះយេស៊ូ​យាង​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​ស្រុក​យូដា និង​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់។ មហាជន​នាំ​គ្នា​ទៅ​រក​ព្រះអង្គ​សា​ជា​ថ្មី ព្រះអង្គ​ក៏​ចាប់​ផ្ដើម​បង្រៀន​គេ​តាម​ទម្លាប់​របស់​ព្រះអង្គ។ ២ មាន​ពួក​ខាង​គណៈ​ផារីស៊ី*​ចូល​មក​ជិត ក្នុង​គោល​បំណង​ល្បងល​មើល​ព្រះអង្គ។ គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​ស្វាមី​មាន​សិទ្ធិ​លែង​ភរិយា​បាន​ឬ​ទេ?»។ ៣ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «តើ​លោក​ម៉ូសេ បង្គាប់​អ្នក​រាល់​គ្នា​អោយ​ធ្វើ​អ្វី?»។ ៤ គេ​ទូល​តប​ថា៖ «លោក​ម៉ូសេ​អនុញ្ញាត​អោយ​ស្វាមី​ធ្វើ​លិខិត​លែងលះ​ប្រពន្ធ​បាន»។ ៥ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «លោក​ម៉ូសេ​ចែង​បទ​បញ្ជា*​ទាំង​នេះ​អោយ​អ្នក​រាល់​គ្នា ព្រោះ​តែ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹងរូស។ ៦ ប៉ុន្តែ កាល​ដើម​ដំបូង​នៅ​ពេល​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​ពិភព​លោក ព្រះអង្គ​បង្កើត​មនុស្ស​មក​ជា​បុរស​ជា​ស្ត្រី ៧ “ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ [ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន]៨ ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ”​ គេ​មិន​មែន​ជា​បុគ្គល​ពីរ​នាក់​ទៀត​ទេ គឺ​ជា​រូប​កាយ​តែ​មួយ​វិញ។ ៩ ដូច្នេះ មនុស្ស​មិន​ត្រូវ​បំបាក់​បំបែក​គូស្រករ ដែល​ព្រះជាម្ចាស់​បាន​ផ្សំ​ផ្គុំ​នោះ​ឡើយ»។ ១០ ពេល​ទៅ​ដល់​ផ្ទះ ពួក​សិស្ស​ទូល​សួរ​ព្រះយេស៊ូ​អំពី​រឿង​នេះ​ម្ដង​ទៀត។ ១១ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ប្រសិន​បើ​ស្វាមី​ណា​លែង​ភរិយា ហើយ​ទៅ​រៀបការ​នឹង​ស្ត្រី​ម្នាក់​ទៀត ស្វាមី​នោះ​បាន​ផិត​ក្បត់​ភរិយា​របស់​ខ្លួន។ ១២ រីឯ​ភរិយា​ណា​ដែល​លែង​ស្វាមី ហើយ​ទៅ​រៀបការ​នឹង​បុរស​ម្នាក់​ទៀត ស្ត្រី​នោះ​ក៏​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។
ព្រះយេស៊ូ​ប្រទាន​ពរ​ដល់​ក្មេងៗ
(ម៉ាថាយ ១៩:១-១៥ លូកា ១៨:១៥-១៧)
១៣ មាន​មនុស្សម្នា​នាំ​ក្មេង​តូចៗ​មក​អោយ​ព្រះយេស៊ូ​ដាក់​ព្រះហស្ដ​លើ​ពួក​វា ប៉ុន្តែ ពួក​សិស្ស*​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ។ ១៤ កាល​ព្រះយេស៊ូ​ឃើញ​ដូច្នោះ ព្រះអង្គ​ទាស់​ព្រះហឫទ័យ​ណាស់ ហើយ​មាន​ព្រះបន្ទូល​ថា៖ «ទុក​អោយ​ក្មេងៗ មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​វា​ឡើយ ដ្បិត​មាន​តែ​អ្នក​មាន​ចិត្ត​ដូច​ក្មេងៗ​ទាំង​នេះ​ប៉ុណ្ណោះ ដែល​ចូល​ក្នុង​ព្រះរាជ្យ*​ព្រះជាម្ចាស់​បាន។ ១៥ ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​មិន​ព្រម​ទទួល​ព្រះរាជ្យ​ព្រះជាម្ចាស់ ដូច​ក្មេង​តូច​មួយ​ទទួល​ទេ អ្នក​នោះ​មិន​អាច​ចូល​ក្នុង​ព្រះរាជ្យ​ព្រះអង្គ​បាន​ឡើយ»។
១៦ បន្ទាប់​មក ព្រះអង្គ​ឱប​ក្មេង​ទាំង​នោះ រួច​ប្រទាន​ពរ​អោយ​ពួក​វា ដោយ​ដាក់​ព្រះហស្ដ​ពី​លើ។
អ្នក​មាន​ម្នាក់​ចង់​បាន​ជីវិត​អស់កល្ប​ជានិច្ច
(ម៉ាថាយ ១៩:១៦-៣០ លូកា ១៨:១៨-៣០)
១៧ កាល​ព្រះយេស៊ូ​កំពុង​ចេញ​ដំណើរ​ទៅ មាន​បុរស​ម្នាក់​រត់​មក​ដល់ លុត​ជង្គង់​ចុះ​នៅ​មុខ​ព្រះអង្គ​ទូល​ថា៖ «លោក​គ្រូ​ដ៏​សប្បុរស​អើយ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​អោយ​បាន​ទទួល​ជីវិត​អស់កល្ប​ជានិច្ច​ទុក​ជា​មត៌ក?»។ ១៨ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ថា ខ្ញុំ​សប្បុរស​ដូច្នេះ? ក្រៅ​ពី​ព្រះជាម្ចាស់​មួយ​ព្រះអង្គ គ្មាន​នរណា​ម្នាក់​សប្បុរស​ឡើយ។ ១៩ អ្នក​ស្គាល់​បទ​បញ្ជា​ស្រាប់​ហើយ​ថា “កុំ​សម្លាប់​មនុស្ស កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​លួច​ទ្រព្យ​សម្បត្តិ​គេ កុំ​និយាយ​កុហក​ធ្វើ​អោយ​គេ​មាន​ទោស កុំ​កេងប្រវ័ញ្ច​យក​សម្បត្តិ​នរណា​អោយ​សោះ ចូរ​គោរព​មាតាបិតា”​»។ ២០ បុរស​នោះ​ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ​អើយ! ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បទ​បញ្ជា*​ទាំង​នេះ តាំង​ពី​ក្មេង​មក»។ ២១ ព្រះយេស៊ូ​ទត​មើល​ទៅ​គាត់ ហើយ​មាន​ព្រះហឫទ័យ​ស្រឡាញ់​គាត់ ទ្រង់​មាន​ព្រះបន្ទូល​ថា៖ «នៅ​ខ្វះ​កិច្ចការ​មួយ​ទៀត​ដែល​អ្នក​មិន​ទាន់​ធ្វើ គឺ​ត្រូវ​អញ្ជើញ​ទៅ​លក់​អ្វីៗ​ដែល​អ្នក​មាន រួច​ចែក​អោយ​ជន​ក្រីក្រ​ទៅ ធ្វើ​ដូច្នេះ ទើប​អ្នក​មាន​សម្បត្តិ​សួគ៌ បន្ទាប់​មក សឹម​អញ្ជើញ​មក​តាម​ខ្ញុំ»។ ២២ កាល​បុរស​នោះ​ឮ​ដូច្នេះ គាត់​មាន​ទឹក​មុខ​ស្រពោន ហើយ​វិល​ត្រឡប់​ទៅ​វិញ​ទាំង​ព្រួយ​ចិត្ត ដ្បិត​គាត់​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ណាស់។
២៣ ព្រះយេស៊ូ​ទត​មើល​ជុំវិញ រួច​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «អ្នក​មាន​មិន​ងាយ​ចូល​ទៅ​ក្នុង​ព្រះរាជ្យ*​ព្រះជាម្ចាស់​បាន​ទេ»។ ២៤ ពួក​សិស្ស​ងឿងឆ្ងល់​នឹង​ព្រះបន្ទូល​របស់​ព្រះអង្គ​ជា​ខ្លាំង។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ទៀត​ថា៖ «កូន​ចៅ​អើយ ព្រះរាជ្យ​ព្រះជាម្ចាស់​ពិបាក​ចូល​ណាស់! ២៥ សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល ងាយ​ជាង​អ្នក​មាន​ចូល​ក្នុង​ព្រះរាជ្យ*​ព្រះជាម្ចាស់​ទៅ​ទៀត»។ ២៦ ពួក​សិស្ស​រឹត​តែ​ឆ្ងល់​ថែម​ទៀត ហើយ​និយាយ​គ្នា​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ណា​អាច​ទទួល​ការ​សង្គ្រោះ​បាន?»។ ២៧ ព្រះយេស៊ូ​ទត​មើល​គេ រួច​មាន​ព្រះបន្ទូល​ថា៖ «ការ​នេះ​មនុស្ស​ធ្វើ​ពុំ​កើត​ទេ តែ​ព្រះជាម្ចាស់​ធ្វើ​កើត ដ្បិត​ព្រះអង្គ​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន»។ ២៨ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ព្រះអង្គ​ទត​ឃើញ​ស្រាប់​ហើយ​ថា យើង​ខ្ញុំ​បាន​លះបង់​ចោល​អ្វីៗ​ទាំង​អស់ ហើយ​យើង​ខ្ញុំ​បាន​មក​តាម​ព្រះអង្គ»។ ២៩ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​លះបង់​ផ្ទះ​សម្បែង​បង​ប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ​កូន ឬ​ស្រែ​ចំការ ព្រោះ​តែ​ខ្ញុំ និង​ព្រោះ​តែ​ដំណឹងល្អ* ៣០ អ្នក​នោះ​នឹង​ទទួល​ក្នុង​ពេល​ឥឡូវ​នេះ​មួយ​ជា​មួយ​រយ គឺ​ផ្ទះ​សម្បែង បង​ប្អូន​ប្រុស​ស្រី ម្ដាយ​កូន និង​ស្រែ​ចំការ ព្រម​ទាំង​ទទួល​ការ​បៀតបៀន​ហើយ​ក៏​នឹង​មាន​ជីវិត​អស់កល្ប​ជានិច្ច នៅ​លោក​ខាង​មុខ​ថែម​ទៀត​ផង។ ៣១ មនុស្ស​ជា​ច្រើន​ដែល​នៅ​ខាង​មុខ នឹង​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ រីឯ​អ្នក​ដែល​នៅ​ខាង​ក្រោយ នឹង​ត្រឡប់​ទៅ​នៅ​ខាង​មុខ​វិញ»។
ព្រះយេស៊ូ​ប្រកាស​ជា​លើក​ទី​បី​អំពី​ព្រះអង្គ​ចូល​ទិវង្គត
(ម៉ាថាយ ២០:១៧-១៩ លូកា ១៨:៣១-៣៤)
៣២ ព្រះយេស៊ូ​យាង​ឡើង​ទៅ​ក្រុង​យេរូសាឡឹម​ជា​មួយ​ពួក​សិស្ស*។ ព្រះអង្គ​យាង​នាំ​មុខ​គេ ពួក​សិស្ស​ភ័យ​ខ្លាច​ជា​ខ្លាំង រីឯ​អស់​អ្នក​ដែល​ដើរ​តាម​ក្រោយ​ក៏​ភិតភ័យ​ដែរ។ ព្រះយេស៊ូ​នាំ​សិស្ស​ទាំង​ដប់ពីរ​រូប​មក​ជា​មួយ​ព្រះអង្គ​សា​ជា​ថ្មី រួច​មាន​ព្រះបន្ទូល​អំពី​ហេតុការណ៍​ដែល​នឹង​កើត​មាន​ដល់​ព្រះអង្គ៖ ៣៣ «ឥឡូវ​នេះ យើង​ឡើង​ទៅ​ក្រុង​យេរូសាឡឹម បុត្រ​មនុស្ស*​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​នាយក​បូជាចារ្យ និង​ពួក​អាចារ្យ។ គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក ហើយ​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ។ ៣៤ ពួក​នោះ​នឹង​ចំអក​អោយ​លោក ព្រម​ទាំង​ស្ដោះ​ទឹក​មាត់​ដាក់​លោក​ផង។ គេ​នឹង​វាយ​ធ្វើ​បាប​លោក រួច​ប្រហារ​ជីវិត​លោក។ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។
សំណូម​ពរ​របស់​លោក​យ៉ាកុប និង​លោក​យ៉ូហាន
(ម៉ាថាយ ២០:២០-២៨)
៣៥ បន្ទាប់​មក លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​កូន​លោក​សេបេដេ ចូល​មក​គាល់​ព្រះយេស៊ូ​ទូល​ថា៖ «ព្រះគ្រូ! សូម​មេត្តា​យល់​ព្រម​តាម​ពាក្យ​សុំ​របស់​យើង​ខ្ញុំ​ផង»។ ៣៦ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​គេ​ថា៖ «តើ​អ្នក​ទាំង​ពីរ​ចង់​អោយ​ខ្ញុំ​ធ្វើ​អ្វី?»។ ៣៧ គេ​ទូល​ព្រះអង្គ​ថា៖ «ពេល​ព្រះគ្រូ​គ្រង​រាជ្យ​ប្រកប​ដោយ​សិរីរុងរឿង​សូម​ប្រទាន​អោយ​យើង​ខ្ញុំ​បាន​អង្គុយ​អម​ព្រះគ្រូ​ផង គឺ​ម្នាក់​នៅ​ខាង​ស្ដាំ ម្នាក់​នៅ​ខាង​ឆ្វេង»។ ៣៨ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «អ្នក​ទាំង​ពីរ​មិន​ដឹង​ថា​ខ្លួន​សុំ​អ្វី​ឡើយ តើ​អ្នក​អាច​ទទួល​ពែង​ដែល​ខ្ញុំ​ត្រូវ​ទទួល​នោះ​បាន​ឬ​ទេ? អ្នក​អាច​ទទួល​ពិ ធី​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល​បាន​ឬ​ទេ?»។ ៣៩ គេ​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «អ្នក​នឹង​ទទួល​ពែង​ដែល​ខ្ញុំ​ត្រូវ​ទទួល និង​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល​បាន​មែន ៤០ ចំណែក​ឯ​អង្គុយ​នៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង​ខ្ញុំ ខ្ញុំ​មិន​អាច​សំរេច​បាន​ឡើយ ព្រោះ​កន្លែង​នោះ​បម្រុង​ទុក សំរាប់​តែ​អ្នក​ដែល​ព្រះជាម្ចាស់​បាន​សំរេច​អោយ​ប៉ុណ្ណោះ»។
៤១ កាល​សិស្ស​ដប់​រូប​ទៀត​បាន​ឮ​ដូច្នោះ គេ​ទាស់​ចិត្ត​នឹង​លោក​យ៉ាកុប និង​លោក​យ៉ូហាន​ជា​ខ្លាំង។ ៤២ ព្រះយេស៊ូ​ត្រាស់​ហៅ​សិស្ស​ទាំង​អស់​មក ហើយ​មាន​ព្រះបន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ អ្នក​ដែល​គេ​ចាត់​ទុក​ជា​មេ​គ្រប់គ្រង​ស្រុក តែង​ជិះជាន់​ប្រជារាស្ត្រ​របស់​ខ្លួន រីឯ​អ្នក​ធំ​តែងតែ​ប្រើ​អំណាច​ខ្លួន​លើ​ប្រជារាស្ត្រ។ ៤៣ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មិន​មែន​ដូច្នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បើ​មាន​ម្នាក់​ចង់​ធ្វើ​ធំ​ជាង​គេ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​អោយ​អ្នក​នោះ​បំរើ​អ្នក​រាល់​គ្នា។ ៤៤ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​មាន​ម្នាក់​ចង់​ធ្វើ​មេ​គេ ត្រូវ​ធ្វើ​ជា​ខ្ញុំ​បំរើ​គេ​គ្រប់​គ្នា​សិន ៤៥ ដ្បិត​បុត្រ​មនុស្ស*​មក​ក្នុង​ពិភព​លោក​នេះ មិន​មែន​ដើម្បី​អោយ​គេ​បំរើ​លោក​ឡើយ គឺ​លោក​មក​បំរើ​គេ​វិញ ព្រម​ទាំង​បូជា​ជីវិត ដើម្បី​លោះ​មនុស្ស​ទាំង​អស់​ផង»។
ព្រះយេស៊ូ​ប្រោស​មនុស្ស​ខ្វាក់​ម្នាក់​ឈ្មោះ​បារទីមេ​អោយ​ភ្លឺ
(ម៉ាថាយ ២០:២៩-៣៤ លូកា ១៨:៣៥-៤៣)
៤៦ ព្រះយេស៊ូ និង​ពួក​សិស្ស​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​យេរីខូ។ កាល​ព្រះអង្គ​យាង​ចេញ​ពី​ទីក្រុង​ជា​មួយ​ពួក​សិស្ស និង​បណ្ដាជន​ដ៏​ច្រើន​កុះករ មាន​មនុស្ស​ខ្វាក់​ម្នាក់​ឈ្មោះ​បារទីមេ ជា​កូន​របស់​លោក​ទីមេ អង្គុយ​សុំ​ទាន​នៅ​ក្បែរ​ផ្លូវ។ ៤៧ កាល​គាត់​ឮ​ថា​ព្រះយេស៊ូ​ជា​អ្នក​ភូមិ​ណា​សារ៉ែត យាង​តាម​នោះ គាត់​ក៏​ស្រែក​ឡើង​ថា៖ «ឱ​ព្រះយេស៊ូ ជា​ព្រះរាជវង្ស​ព្រះបាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​ទូលបង្គំ​ផង»។ ៤៨ មនុស្ស​ជា​ច្រើន​បាន​គំរាម​គាត់​អោយ​នៅ​ស្ងៀម ប៉ុន្តែ គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើងៗ​ថា៖ «ឱ​ព្រះរាជវង្ស​ព្រះបាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​ទូលបង្គំ​ផង»។ ៤៩ ព្រះយេស៊ូ​ក៏​ឈប់​ហើយ​មាន​ព្រះបន្ទូល​ថា៖ «សុំ​ហៅ​គាត់​មក»។ គេ​ហៅ​មនុស្ស​ខ្វាក់​មក ដោយ​ពោល​ថា៖ «កុំ​អស់​សង្ឃឹម​ក្រោក​ឡើង លោក​ហៅ​អ្នក»។ ៥០ គាត់​ក៏​បោះ​អាវ​ធំ​ចោល ស្ទុះ​ក្រោក​ឡើង តម្រង់​ទៅ​រក​ព្រះយេស៊ូ។ ៥១ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​គាត់​ថា៖ «តើ​អ្នក​ចង់​អោយ​ខ្ញុំ​ធ្វើ​អ្វី?»។ អ្នក​ខ្វាក់​ទូល​ព្រះអង្គ​ថា៖ «ព្រះគ្រូ! សូម​ប្រោស​ភ្នែក​ទូលបង្គំ​អោយ​បាន​ភ្លឺ​ផង»។ ៥២ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​ទៅ​ចុះ! ជំនឿ​របស់​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ!»។ រំពេច​នោះ គាត់​មើល​ឃើញ​ភ្លាម ហើយ​ដើរ​តាម​ផ្លូវ​ជា​មួយ​ព្រះយេស៊ូ​ទៅ។