១៧
ដំបងរបស់លោកអើរ៉ុន
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ២ «ចូរបង្គាប់ជនជាតិអ៊ីស្រាអែលអោយប្រាប់មេដឹកនាំកុលសម្ព័ន្ធរបស់ពួកគេ យកដំបងម្នាក់មួយៗមកអោយអ្នក គឺមានដំបងទាំងអស់ដប់ពីរ តាមចំនួនកុលសម្ព័ន្ធរបស់ពួកគេ។ ត្រូវចារឈ្មោះកុលសម្ព័ន្ធរបស់ពួកគេលើដំបងនោះ។ ៣ ចូរចារឈ្មោះអើរ៉ុនលើដំបងរបស់កុលសម្ព័ន្ធលេវី ដ្បិតមេដឹកនាំរបស់កុលសម្ព័ន្ធនីមួយៗត្រូវមានដំបងមួយ។ ៤ ចូរដាក់ដំបងទាំងនោះនៅពីមុខបន្ទះថ្មនៃសន្ធិសញ្ញា ក្នុងពន្លាជួបព្រះអម្ចាស់ ជាកន្លែងដែលយើងមកជួបអ្នករាល់គ្នា។ ៥ ដំបងរបស់អ្នកណាចេញផ្កា គឺអ្នកនោះហើយដែលយើងបានជ្រើសរើស។ យើងនឹងបញ្ឈប់ជនជាតិអ៊ីស្រាអែល លែងអោយរអ៊ូរទាំប្រឆាំងអ្នកទាំងពីរនៅចំពោះមុខយើងទៀត»។
៦ លោកម៉ូសេនាំព្រះបន្ទូលនេះទៅប្រាប់ជនជាតិអ៊ីស្រាអែល ហើយពួកមេដឹកនាំទាំងអស់ក៏នាំគ្នាយកដំបងម្នាក់មួយៗមកជូនលោក គឺមានដំបងដប់ពីរ តាមចំនួនកុលសម្ព័ន្ធរបស់ពួកគេ។ ដំបងរបស់លោកអើរ៉ុនស្ថិតនៅកណ្ដាលដំបងរបស់ពួកគេ។ ៧ លោកម៉ូសេបានដាក់ដំបងទាំងនោះ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ក្នុងពន្លានៃសន្ធិសញ្ញា។ ៨ នៅថ្ងៃបន្ទាប់ ពេលលោកម៉ូសេចូលទៅក្នុងពន្លានៃសន្ធិសញ្ញា លោកឃើញដំបងរបស់លោកអើរ៉ុន ដែលជាតំណាងកុលសម្ព័ន្ធលេវី មានពន្លក ចេញផ្កា ហើយមានទាំងផ្លែទៀតផង។ ៩ លោកម៉ូសេយកដំបងទាំងនោះចេញពីព្រះភក្ត្រព្រះអម្ចាស់ ទៅបង្ហាញជនជាតិអ៊ីស្រាអែល ហើយពួកគេយកដំបងរបស់ខ្លួនវិញ។
១០ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរយកដំបងរបស់អើរ៉ុនទៅដាក់នៅមុខបន្ទះថ្មនៃសន្ធិសញ្ញា រក្សាទុកជាទីសំគាល់ព្រមានពួកបះបោរ ដើម្បីបញ្ឈប់ពួកគេអោយលែងរអ៊ូរទាំ ហើយកុំអោយពួកគេត្រូវស្លាប់»។ ១១ លោកម៉ូសេធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។
១២ ជនជាតិអ៊ីស្រាអែលពោលទៅកាន់លោកម៉ូសេថា៖ «យើងខ្ញុំមុខជាផុតដង្ហើម វិនាសសូន្យទាំងអស់គ្នាមិនខាន! ១៣ ដ្បិតអ្នកដែលចូលជិតព្រះពន្លារបស់ព្រះអម្ចាស់ នឹងត្រូវស្លាប់។ តើយើងខ្ញុំនឹងត្រូវស្លាប់ទាំងអស់គ្នាឬ?»។