១៨
មុខងារ​របស់​ពួក​បូជាចារ្យ និង​ពួក​លេវី
១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ «អ្នក និង​កូន​ចៅ​របស់​អ្នក ព្រម​ទាំង​ក្រុម​ញាតិ​របស់​អ្នក នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ដែល​កើត​មាន​ក្នុង​ទីសក្ការៈ។ អ្នក និង​កូន​ចៅ​របស់​អ្នក ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ផ្សេងៗ​ដែល​ទាក់ទង​នឹង​មុខងារ​ជា​បូជាចារ្យ។ ២ ចូរ​នាំ​បង​ប្អូន​រួម​លោហិត​របស់​អ្នក ក្នុង​កុលសម្ព័ន្ធ​លេវី​មក​នៅ​ជាប់​ជា​មួយ ដើម្បី​អោយ​ពួក​គេ​ជួយ​បំពេញ​កិច្ចការ នៅ​ពេល​អ្នក និង​កូន​ចៅ​របស់​អ្នក ធ្វើ​ការ​ក្នុង​ពន្លា​នៃ​សន្ធិសញ្ញា។ ៣ ពួក​គេ​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​អ្នក ហើយ​មាន​ភារកិច្ច​ថែរក្សា​ពន្លា​ទាំង​មូល។ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​ជិត​គ្រឿង​បរិក្ខារ​សក្ការៈ ឬ​អាសនៈ​ឡើយ ក្រែង​លោ​ទាំង​អ្នក​រាល់​គ្នា ទាំង​ពួក​គេ ត្រូវ​ស្លាប់។ ៤ ពួក​គេ​ត្រូវ​នៅ​ជាប់​ជា​មួយ​អ្នក ហើយ​មាន​ភារកិច្ច​ថែរក្សា​ពន្លា​នៃ​សន្ធិសញ្ញា និង​បំរើ​ការ​ទាំង​អស់​ក្នុង​ពន្លា។ រីឯ​អ្នក​ផ្សេង​ទៀត គ្មាន​សិទ្ធិ​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ទេ។ ៥ អ្នក​រាល់​គ្នា​មើល​ខុស​ត្រូវ​ទីសក្ការៈ និង​ថែរក្សា​អាសនៈ។ ធ្វើ​ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​មិន​ធ្វើ​អោយ​យើង​មាន​កំហឹង​នឹង​ពួក​គេ​ឡើយ។ ៦ យើង​បាន​ជ្រើស​រើស​ពួក​លេវី ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ចេញ​ពី​ចំណោម​កូន​ចៅ​អ៊ីស្រាអែល ប្រគល់​អោយ​អ្នក​រាល់​គ្នា ដើម្បី​អោយ​ពួក​គេ​បំរើ​ការងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់។ ៧ ចំណែក​ឯ​អ្នក និង​កូន​ចៅ​របស់​អ្នក​វិញ ត្រូវ​បំពេញ​មុខងារ​ជា​បូជាចារ្យ គឺ​បំរើ​ការងារ​នៅ​អាសនៈ និង​ការងារ​ក្នុង​ទីសក្ការៈ​ដែល​នៅ​ខាង​ក្រោយ​វាំងនន។ យើង​បាន​ប្រគល់​មុខងារ​ជា​បូជាចារ្យ​នេះ​អោយ​អ្នក​រាល់​គ្នា តែ​អ្នក​ក្រៅ​ដែល​ចូល​មក​ជិត​យើង នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់»។
បៀរវត្សរ៍​របស់​ពួក​បូជាចារ្យ
៨ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ «យើង​អោយ​អ្នក​ទទួល​ខុស​ត្រូវ​លើ​អ្វីៗ​ដែល​ប្រជាជន​ញែក​ទុក​សំរាប់​យើង។ យើង​ប្រគល់​តង្វាយ​នោះ​អោយ​អ្នក និង​កូន​ចៅ​របស់​អ្នក ទុក​ជា​កំរៃ សំរាប់​មុខងារ​ដែល​យើង​បាន​តែងតាំង​អ្នក​អោយ​បំពេញ ជា​រៀង​រហូត​ត​ទៅ។ ៩ ក្នុង​បណ្ដា​គ្រឿង​សក្ការៈ​បំផុត​ដែល​គេ​មិន​ដុត គឺ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ប្រជាជន​យក​មក​ថ្វាយ​យើង មាន​តង្វាយ​ផ្សេងៗ តង្វាយ​ម្សៅ យញ្ញបូជា​រំដោះ​បាប យញ្ញបូជា​សុំ​លើកលែង​ទោស អ្នក​អាច​យក​ទុក​ជា​ចំណែក​របស់​អ្នក និង​កូន​ចៅ​របស់​អ្នក។ ១០ ត្រូវ​បរិភោគ​របស់​ទាំង​នេះ​នៅ​ក្នុង​កន្លែង​ដ៏​សក្ការៈ គឺ​ប្រុសៗ​ទាំង​អស់​អាច​បរិភោគ​បាន ដ្បិត​របស់​ទាំង​នោះ​សុទ្ធ​តែ​សក្ការៈ​សំរាប់​អ្នក។
១១ ចំណែក​ដែល​អ្នក​អាច​យក​បាន​ទៀត​នោះ គឺ​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ជន​ជាតិ​អ៊ីស្រាអែល​យក​មក​លើក​ថ្វាយ យើង​ប្រគល់​អោយ​អ្នក ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី​ដែល​នៅ​ជា​មួយ​អ្នក​រហូត​ត​ទៅ។ អស់​អ្នក​ដែល​រក្សា​ខ្លួន​អោយ​បរិសុទ្ធ ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក មាន​សិទ្ធិ​បរិភោគ​បាន​ទាំង​អស់។ ១២ យើង​ក៏​ប្រគល់​ផល​ដំបូង​នៃ​អ្វីៗ​ទាំង​អស់​ដែល​ប្រជាជន​យក​មក​ថ្វាយ​យើង​អោយ​អ្នក​ដែរ គឺ​ប្រេង​ដ៏​ល្អ​បំផុត ស្រា​ទំពាំងបាយជូរ​ថ្មី​ដ៏​ល្អ​បំផុត និង​ស្រូវ​ថ្មី។ ១៣ ផល​ដំបូង​នៃ​ភោគផល​ដុះ​ចេញ​ពី​ដី ដែល​ប្រជាជន​យក​មក​ថ្វាយ​យើង ក៏​នឹង​បាន​ទៅ​អ្នក​ដែរ។ អស់​អ្នក​ដែល​រក្សា​ខ្លួន​អោយ​បរិសុទ្ធ នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក មាន​សិទ្ធិ​បរិភោគ​បាន​ទាំង​អស់។ ១៤ អ្វីៗ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ថ្វាយ​ផ្ដាច់​ដល់​យើង នោះ​យើង​ប្រគល់​អោយ​អ្នក។ ១៥ កូន​ដំបូង​ទាំង​អស់​ដែល​ប្រជាជន​យក​មក​ថ្វាយ​យើង គឺ​ទាំង​កូន​មនុស្ស ទាំង​កូន​សត្វ ត្រូវ​បាន​ជា​ចំណែក​របស់​អ្នក។ ប៉ុន្តែ ចូរ​អោយ​គេ​លោះ​កូន​ច្បង​របស់​មនុស្ស និង​កូន​ដំបូង​របស់​សត្វ​ដែល​មិន​បរិសុទ្ធ។ ១៦ ត្រូវ​អោយ​គេ​លោះ​កូន​ដំបូង ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ តាម​តម្លៃ​គិតគូរ​របស់​អ្នក គឺ​ប្រាក់​ប្រាំ​ណែន គិត​តាម​ទម្ងន់​ប្រាក់​ណែន​របស់​ទីសក្ការៈ ពោល​គឺ​ម្ភៃ​កេរ៉ា*។ ១៧ ប៉ុន្តែ មិន​ត្រូវ​អោយ​គេ​លោះ​កូន​ដំបូង​របស់​គោ កូន​ដំបូង​របស់​ចៀម និង​កូន​ដំបូង​របស់​ពពែ​ឡើយ ដ្បិត​សត្វ​ទាំង​នោះ​ត្រូវ​ទុក​សំរាប់​ថ្វាយ​យញ្ញបូជា។ ត្រូវ​យក​ឈាម​របស់​វា​ប្រោះ​នៅ​លើ​អាសនៈ ហើយ​ដុត​ខ្លាញ់​វា​ក្នុង​ភ្លើង ដើម្បី​អោយ​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់១៨ រីឯ​សាច់​របស់​វា គឺ​មាន​សាច់​ទ្រូង​ដែល​គេ​លើក​ថ្វាយ​ជា​តង្វាយ និង​សាច់​ភ្លៅ​ស្ដាំ ត្រូវ​បាន​ជា​ចំណែក​របស់​អ្នក។ ១៩ អ្វីៗ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ញែក​ពី​តង្វាយ​សក្ការៈ យើង​ប្រគល់​អោយ​អ្នក ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី​ដែល​នៅ​ជា​មួយ​អ្នក រហូត​ត​ទៅ។ នេះ​ជា​សម្ពន្ធមេត្រី​ដែល​យើង​ចង​ជា​មួយ​អ្នក និង​ពូជពង្ស​របស់​អ្នក ជា​សម្ពន្ធមេត្រី​ដែល​នៅ​ស្ថិតស្ថេរ​រហូត ពុំ​អាច​ផ្លាស់​ប្រែ​ឡើយ»។
២០ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ «អ្នក​នឹង​គ្មាន​ទឹក​ដី​ជា​កេរមត៌ក​នៅ​ក្នុង​ស្រុក ហើយ​ក៏​គ្មាន​ចំណែក​អ្វី​រួម​ជា​មួយ​ពួក​គេ​ដែរ គឺ​យើង​ផ្ទាល់​ជា​ចំណែក​មត៌ក​របស់​អ្នក នៅ​ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រាអែល។ ២១ យើង​ប្រគល់​មួយ​ភាគ​ដប់​នៃ​ភោគផល​ទាំង​អស់ នៅ​ស្រុក​អ៊ីស្រាអែល អោយ​កូន​ចៅ​លេវី ទុក​ជា​ថ្នូរ​ចំពោះ​កិច្ចការ​ដែល​ពួក​គេ​ធ្វើ នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់។ ២២ មិន​ត្រូវ​អោយ​ប្រជាជន​អ៊ីស្រាអែល​ចូល​មក​ជិត​ពន្លា​ជួប​ព្រះអម្ចាស់​ទៀត​ឡើយ ក្រែង​លោ​ពួក​គេ​ទទួល​ទោស ហើយ​ត្រូវ​ស្លាប់។ ២៣ ពួក​លេវី​ដែល​បំរើ​ការងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ នឹង​ទទួល​ខុស​ត្រូវ​លើ​កំហុស​ដែល​ខ្លួន​ប្រព្រឹត្ត។ នេះ​ជា​ច្បាប់​ដែល​ត្រូវ​ណែនាំ​អោយ​ពួក​លេវី​គ្រប់​ជំនាន់​ដឹង​ថា ពួក​គេ​នឹង​មិន​ទទួល​ចំណែក​មត៌ក​អ្វី​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​ឡើយ។ ២៤ យើង​ប្រគល់​ភោគផល​មួយ​ភាគ​ដប់ ដែល​ជន​ជាតិ​អ៊ីស្រាអែល​ញែក​ទុក​ដោយ​ឡែក​សំរាប់​យើង អោយ​កូន​ចៅ​លេវី។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រកាស​អំពី​ពួក​គេ​ថា: “ពួក​គេ​នឹង​មិន​ទទួល​ចំណែក​មត៌ក​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រាអែល​ឡើយ”»។
២៥ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២៦ «ចូរ​ប្រាប់​កូន​ចៅ​លេវី​ដូច​ត​ទៅ: “ពេល​ណា​ជន​ជាតិ​អ៊ីស្រាអែល​នាំ​យក​ភោគផល​មួយ​ភាគ​ដប់​មក​អោយ​អ្នក​រាល់​គ្នា គឺ​ចំណែក​ដែល​យើង​ប្រគល់​អោយ​អ្នក​រាល់​គ្នា​ទុក​ជា​មត៌ក​នោះ អ្នក​រាល់​គ្នា​ត្រូវ​ញែក​មួយ​ភាគ​ដប់​ពី​ភោគផល​មួយ​ភាគ​ដប់ ថ្វាយ​ព្រះអម្ចាស់២៧ តង្វាយ​មួយ​ភាគ​ដប់​ដែល​អ្នក​រាល់​គ្នា​ញែក​ទុក​ដោយ​ឡែក​នេះ ត្រូវ​រាប់​ដូច​ជា​តង្វាយ ដែល​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ញែក​ទុក​ពី​ស្រូវ និង​ស្រា​ទំពាំងបាយជូរ​របស់​គេ​ដែរ។ ២៨ ដូច្នេះ ភោគផល​មួយ​ភាគ​ដប់​ដែល​ប្រជាជន​អ៊ីស្រាអែល​យក​មក​អោយ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ត្រូវ​ញែក​មួយ​ភាគ​ដប់ ទុក​ថ្វាយ​ព្រះអម្ចាស់។ ត្រូវ​ប្រគល់​តង្វាយ​ដែល​អ្នក​រាល់​គ្នា​ញែក​ថ្វាយ​ព្រះអម្ចាស់ ជូន​លោក​បូជាចារ្យ​អើរ៉ុន។ ២៩ ភោគផល​ដែល​ប្រជាជន​យក​មក​ជូន​អ្នក​រាល់​គ្នា​នោះ ត្រូវ​ញែក​មួយ​ចំណែក​ថ្វាយ​ព្រះអម្ចាស់ គឺ​ញែក​មួយ​ផ្នែក​ដ៏​ល្អ​វិសេស​ជា​ចំណែក​សក្ការៈ”។ ៣០ ចូរ​ប្រាប់​ពួក​លេវី​ថា: ពេល​ណា​អ្នក​រាល់​គ្នា​ញែក​ផ្នែក​ដ៏​ល្អ​វិសេស​មួយ​ភាគ​ដប់​ហើយ ចំណែក​ដែល​នៅ​សល់ អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ដូច​ជា​ស្រូវ និង​ស្រា​ទំពាំងបាយជូរ ដែល​នៅ​សល់​របស់​ប្រជាជន​ដែរ។ ៣១ អ្នក​រាល់​គ្នា​បរិភោគ​ភោគផល​ទាំង​នេះ រួម​ជា​មួយ​គ្រួសារ​របស់​អ្នក​រាល់​គ្នា នៅ​កន្លែង​ណា​ក៏​បាន ដ្បិត​ភោគផល​ទាំង​នេះ​ជា​កំរៃ​សំរាប់​ការងារ​ដែល​អ្នក​រាល់​គ្នា​បំពេញ នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់។ ៣២ ប្រសិន​បើ​អ្នក​រាល់​គ្នា​ញែក​ចំណែក​ដ៏​ល្អ​វិសេស​ទុក​សំរាប់​យើង​ហើយ អ្នក​រាល់​គ្នា​នឹង​គ្មាន​បាប​នៅ​ពេល​បរិភោគ​ចំណែក​ដែល​នៅ​សល់ អ្នក​រាល់​គ្នា​ក៏​មិន​បណ្ដាល​អោយ​តង្វាយ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ក្លាយ​ទៅ​ជា​សៅហ្មង ហើយ​អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​ស្លាប់​ដែរ»។