៤
ការឡោមព័ទ្ធក្រុងយេរូសាឡិម
១ មួយទៀត កូនមនុស្សអើយ ចូរយកក្បឿង១មក ដាក់នៅមុខឯង ហើយគូរផែនទីក្រុងយេរូសាឡិមនៅលើក្បឿងនោះ
២ រួចនាំទាហានមកឡោមព័ទ្ធច្បាំងនឹងវា ព្រមទាំងសង់ប៉ម ជីកស្នាមភ្លោះ តាំងបន្ទាយទាស់នឹងវា ហើយធ្វើគ្រឿងបុកទំលាយកំផែងនៅជុំវិញផង
៣ ត្រូវឲ្យយកបន្ទះដែកមកដាក់កណ្តាលឯង ហើយនឹងទីក្រុងទុកជាកំផែងដែក រួចឲ្យដំរង់មុខឯងទាស់នឹងវា នោះទីក្រុងនឹងត្រូវគេឡោមព័ទ្ធហើយ ដោយឯងឡោមព័ទ្ធច្បាំងនឹងគេដូច្នេះ ការនេះនឹងបានជាទីសំគាល់ ដល់ពួកវង្សអ៊ីស្រាអែល។
៤ មួយទៀត ចូរឯងដេកផ្អៀងទៅខាងឆ្វេង ហើយផ្ទុកសេចក្តីទុច្ចរិតរបស់ពូជពង្សអ៊ីស្រាអែល នៅលើខ្លួនចុះត្រូវឲ្យឯងទទួលសេចក្តីទុច្ចរិតរបស់គេ តាមចំនួនថ្ងៃដែលឯងដេកផ្អៀងខាងនោះ
៥ ដ្បិតអញបានរាប់ចំនួនថ្ងៃឲ្យស្មើនឹងចំនួនឆ្នាំ ដែលគេត្រូវរងសេចក្តីទុច្ចរិតរបស់ខ្លួន គឺ៣៩០ថ្ងៃ ត្រូវឲ្យឯងទទួលអំពើទុច្ចរិតរបស់ពូជពង្សអ៊ីស្រាអែល នៅលើខ្លួនយ៉ាងដូច្នោះ
៦ រួចកាលណាឯងបានសំរេចថ្ងៃទាំងនោះហើយ នោះត្រូវឲ្យឯងដេកផ្អៀងទៅខាងស្តាំវិញ ហើយត្រូវទទួលអំពើទុច្ចរិតរបស់ពូជពង្សយូដាអស់៤០ថ្ងៃទៀត អញបានកំណត់១ថ្ងៃ ទុកជា១ឆ្នាំដល់ឯង
៧ លំដាប់នោះ ត្រូវឲ្យឯងដំរង់មុខទៅខាងការឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម ដោយមានដើមដៃឯងបើកទទេនៅ ហើយត្រូវទាយទាស់នឹងទីក្រុងដែរ
៨ មើលអញដាក់ខ្សែនេះចងឯងជាប់ មិនឲ្យប្រែខ្លួនពីម្ខាងទៅម្ខាងឡើយ ដរាបដល់បានសំរេចកំណត់ថ្ងៃដែលឯងឡោមព័ទ្ធច្បាំងនោះ។
៩ ត្រូវឲ្យឯងយកម្សៅភោជ្ជសាលី ម្សៅឱក សណ្តែកអង្គុយ សណ្តែកបាយ ថ្ពៅ ហើយស្រូវអេប៉ូតមកដាក់ក្នុងផើង ហើយប្រើធ្វើជានំបុ័ងសំរាប់ខ្លួន តាមចំនួនថ្ងៃដែលឯងត្រូវដេកផ្អៀងនោះ គឺឯងត្រូវស៊ីនំបុ័ងនោះគ្រប់៣៩០ថ្ងៃ
១០ ឯអាហារដែលឯងនឹងស៊ី នោះត្រូវថ្លឹងជាកន្លះនាលិសំរាប់១ថ្ងៃ ហើយត្រូវស៊ីបន្តិចម្តងៗ
១១ ក៏ត្រូវផឹកទឹកដោយវាល់ដែរ គឺ២កំប៉ុងក្នុង១ថ្ងៃ ហើយត្រូវផឹកបន្តិចម្តងៗដូចគ្នា
១២ ត្រូវឲ្យឯងស៊ីនំបុ័ងនោះទុកដូចជានំម្សៅឱក ហើយត្រូវចំអិននំបុ័ងនោះនៅមុខគេ ដោយដុតលាមកដែលចេញពីមនុស្ស
១៣ ព្រះយេហូវ៉ាទ្រង់ក៏មានព្រះបន្ទូលថា ពួកកូនចៅអ៊ីស្រាអែលនឹងស៊ីនំបុ័ងស្មោកគ្រោករបស់គេយ៉ាងដូច្នោះ នៅកណ្តាលអស់ទាំងសាសន៍ដែលអញបណ្តេញគេទៅ
១៤ ខ្ញុំក៏ប្រកែកថា ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល ព្រលឹងទូលបង្គំមិនដែលត្រូវស្មោកគ្រោកឡើយ ចាប់តាំងពីក្មេង ដរាបដល់សព្វថ្ងៃនេះ ទូលបង្គំមិនដែលទទួលទានអ្វីដែលស្លាប់ឯង ឬដែលត្រូវសត្វណាហែកហួរឡើយ ក៏មិនដែលមានសាច់គួរខ្ពើមចូលក្នុងមាត់ទូលបង្គំដែរ
១៥ នោះទ្រង់មានព្រះបន្ទូលមកខ្ញុំថា មើល អញឲ្យឯងប្រើអាចម៍គោ ជំនួសលាមករបស់មនុស្សវិញ ឯងនឹងចំអិននំបុ័ងឯង ដោយដុតអាចម៍គោនោះបាន
១៦ ទ្រង់មានព្រះបន្ទូលមកខ្ញុំទៀតថា កូនមនុស្សអើយ អញនឹងផ្តាច់ស្បៀងចេញពីក្រុងយេរូសាឡិម គេនឹងស៊ីនំបុ័ងដោយថ្លឹងហើយបារម្ភព្រួយ ក៏នឹងផឹកទឹកដោយវាល់ ហើយភ្លាំងភ្លឹកដែរ
១៧ ដើម្បីឲ្យគេខ្វះនំបុ័ង និងទឹក ព្រមទាំងមានសេចក្តីភ្លាំងភ្លឹកជាមួយគ្នា ហើយរោយរៀវទៅក្នុងអំពើទុច្ចរិតរបស់គេ។