៥
ព្រះដាក់ទោសអ៊ីស្រាអែល
១ មួយទៀត កូនមនុស្សអើយ ចូរយកកាំបិតមុត ជាកាំបិតរបស់ជាងកោរ មកកោរសក់ និងពុកចង្កាឯងចុះ រួចយកត្រាជូមកថ្លឹង ហើយបែងចែកសក់នោះ
២ ឯ១ភាគក្នុង៣ ត្រូវឲ្យឯងដុតនៅកណ្តាលទីក្រុង ក្នុងកាលដែលចំនួនថ្ងៃនៃការឡោមព័ទ្ធនោះបានសំរេច ១ភាគក្នុង៣ទៀត ត្រូវឲ្យយកកាំបិតកាត់ក្រឡឹងជុំវិញ ហើយ១ភាគក្នុង៣ទៀត ត្រូវឲ្យគ្រវែងចោលឲ្យខ្យល់ផាត់ទៅ រួចអញនឹងហូតដាវទៅតាមក្រោយ
៣ ត្រូវឲ្យឯងយកសរសៃសក់នោះប្រមាណបន្តិចមកចងនៅជាយអាវឯង
៤ រួចពីចំនួនសរសៃសក់ទាំងនោះ ត្រូវឲ្យឯងយកខ្លះបោះទៅក្នុងភ្លើងដុតទៅ នឹងមានភ្លើងចេញពីនោះមក ទាស់នឹងពូជពង្សអ៊ីស្រាអែលទាំងអស់។
៥ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា នេះគឺជាក្រុងយេរូសាឡិម ដែលអញបានតាំងឲ្យនៅកណ្តាលអស់ទាំងសាសន៍ និងប្រទេសទាំងប៉ុន្មាននៅជុំវិញ
៦ ប៉ុន្តែវាបានរឹងទទឹងនឹងបញ្ញត្តច្បាប់របស់អញ ដោយប្រព្រឹត្តអំពើអាក្រក់ លើសជាងអស់ទាំងសាសន៍ ហើយរឹងទទឹងនឹងក្រឹត្យក្រមរបស់អញ លើសជាងប្រទេសនៅជុំវិញទាំងប៉ុន្មាន ដ្បិតគេបានបោះបង់ចោលបញ្ញត្តច្បាប់របស់អញឥតដែលដើរតាមសោះ
៧ ហេតុនោះបានជាព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា ដោយព្រោះឯងរាល់គ្នាជ្រួលជ្រើមលើសជាងអស់ទាំងសាសន៍ ដែលនៅជុំវិញឯង ក៏មិនបានដើរតាមច្បាប់អញ ឬរក្សាបញ្ញត្តអញ ហើយមិនបានប្រព្រឹត្តតាមបញ្ញត្តរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅជុំវិញឯងផង
៨ បានជាព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញ គឺអញនេះហើយ បានទាស់នឹងឯង អញនឹងសំរេចសេចក្តីយុត្តិធម៌ នៅកណ្តាលឯង ឲ្យសាសន៍ដទៃបានឃើញដែរ
៩ អញនឹងធ្វើការ១នៅក្នុងឯង ជាការដែលអញមិនដែលធ្វើពីដើមមក ហើយទៅមុខទៀតក៏មិនដែលធ្វើឲ្យដូចឡើយ ដោយព្រោះអស់ទាំងការគួរស្អប់ខ្ពើមរបស់ឯង
១០ ដូច្នេះ ឪពុកនឹងស៊ីកូន ហើយកូននឹងស៊ីឪពុកនៅកណ្តាលឯង ហើយអញនឹងសំរេចសេចក្តីយុត្តិធម៌ដល់ឯង ព្រមទាំងកំចាត់កំចាយសំណល់របស់ឯងទៅតាមខ្យល់ពីគ្រប់ទិស
១១ ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញនឹងបន្ថយឲ្យឯងកាន់តែតិចទៅ ភ្នែកអញនឹងមើលឯង ដោយឥតប្រណី ហើយអញនឹងមិនអាណិតមេត្តាដល់ឯងឡើយ ដោយព្រោះបានបង្អាប់ទីបរិសុទ្ធរបស់អញ ដោយអស់ទាំងរបស់គួរស្អប់ខ្ពើម ហើយគួរឆ្អើមរបស់ឯង
១២ ពួកឯង១ភាគក្នុង៣នឹងត្រូវស្លាប់ ដោយអាសន្នរោគ ហើយនឹងត្រូវសូន្យទៅ ដោយអំណត់អត់នៅកណ្តាលឯង ឯ១ភាគក្នុង៣ទៀត នឹងដួលស្លាប់ដោយដាវ នៅជុំវិញឯងហើយភាគទី៣ អញនឹងកំចាត់កំចាយទៅតាមខ្យល់គ្រប់ទិស រួចនឹងហូតដាវតាមក្រោយគេទៀត។
១៣ គឺយ៉ាងនោះឯង ដែលសេចក្តីកំហឹងរបស់អញនឹងបានសំរេច ហើយអញនឹងឲ្យសេចក្តីក្រោធរបស់អញនៅលើគេនោះអញនឹងបានរសាយចិត្ត កាលណាអញបានសំរេចសេចក្តីក្រោធរបស់អញដល់គេ នោះគេនឹងដឹងថា ជាអញនេះហើយ គឺព្រះយេហូវ៉ា ដែលបាននិយាយដោយសេចក្តីស្រវាស្រទេញរបស់អញ
១៤ អញនឹងធ្វើឲ្យឯងទៅជាទីខូចបង់ ហើយជាទីមើលងាយ នៅកណ្តាលអស់ទាំងសាសន៍ ដែលនៅជុំវិញឯង ឲ្យគ្រប់មនុស្សដែលដើរបង្ហួសបានឃើញផង
១៥ ដូច្នេះ ការនោះនឹងបានជាហេតុ នាំឲ្យមានសេចក្តីត្មះតិះដៀល សេចក្តីអុចអាលសេចក្តីប្រៀនប្រដៅ និងសេចក្តីស្រឡាំងកាំង ដល់អស់ទាំងសាសន៍ដែលនៅជុំវិញឯង ក្នុងកាលដែលអញសំរេចសេចក្តីយុត្តិធម៌ដល់ឯង ដោយសេចក្តីកំហឹង សេចក្តីឃោរឃៅ នឹងពាក្យបន្ទោសដោយក្តៅខ្លាំង (អញនេះគឺយេហូវ៉ា បានចេញវាចាហើយ)
១៦ គឺក្នុងកាលដែលអញនឹងចាត់ប្រើព្រួញដ៏អាក្រក់នៃសេចក្តីអំណត់ ដែលសំរាប់បំផ្លាញ ជាសេចក្តីដែលអញនឹងចាត់មកលើឯងរាល់គ្នា នោះអញនឹងធ្វើឲ្យសេចក្តីអំណត់អត់ចំរើនឡើង ដល់ឯងហើយនឹងផ្តាច់ស្បៀងអាហាររបស់ឯងរាល់គ្នាបង់
១៧ អញនឹងបាត់សេចក្តីអំណត់អត់ និងសត្វកំណាចមកលើឯងរាល់គ្នា នោះនឹងបំរាសកូនឯងទៅ ហើយនឹងមានទាំងអាសន្នរោគ និងឈាមមកកណ្តាលឯងផង អញនឹងនាំដាវមកលើឯង អញនេះ គឺយេហូវ៉ា បានចេញវាចាហើយ។