១៣
ក្រឹត្យវិន័យផ្សេងទៀតដែលទាក់ទងនឹងបុណ្យរំលង
១ ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
២ នៅក្នុងពួកកូនចៅអ៊ីស្រាអែល ត្រូវញែកអស់ទាំងកូនច្បងចេញទុកសំរាប់អញ គឺជាកូនណាដែលកើតពីពោះម្តាយមកមុនបង្អស់ ទោះមនុស្សឬសត្វក្តី នោះជារបស់ផងអញ។
៣ ម៉ូសេក៏ប្រាប់ដល់បណ្តាជនរាល់គ្នាថា ចូរនឹកចាំពីថ្ងៃនេះ គឺពីថ្ងៃដែលអ្នករាល់គ្នាបានចេញពីផ្ទះបាវបំរើនៅស្រុកអេស៊ីព្ទមក ដ្បិតព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញមក ដោយព្រះហស្តខ្លាំងពូកែហើយ ដូច្នេះមិនត្រូវឲ្យអ្នកណាបរិភោគនំបុ័ងមានដំបែទេ
៤ គឺនៅថ្ងៃនេះឯងក្នុងខែចេត្រដែលអ្នករាល់គ្នាបានចេញមក
៥ ដូច្នេះកាលណាព្រះយេហូវ៉ា ទ្រង់បាននាំអ្នករាល់គ្នាចូលទៅក្នុងស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ហេវី ហើយនឹងសាសន៍យេប៊ូស ដែលទ្រង់បានស្បថនឹងពួកឰយុកោអ្នករាល់គ្នាថា នឹងប្រទានមកអ្នករាល់គ្នា គឺជាស្រុកដែលមានទឹកដោះហើយទឹកឃ្មុំហូរហៀរ នោះអ្នករាល់គ្នាត្រូវធ្វើបុណ្យនេះនៅក្នុងខែនេះឯង
៦ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតដំបែក្នុងរវាង៧ថ្ងៃនោះ ហើយដល់ថ្ងៃទី៧ ត្រូវឲ្យមានបុណ្យថ្វាយព្រះយេហូវ៉ា
៧ នៅ៧ថ្ងៃទាំងនោះ ត្រូវឲ្យអ្នករាល់គ្នាបរិភោគតែនំបុ័ងឥតដំបែប៉ុណ្ណោះ មិនត្រូវឲ្យឃើញនំបុ័ងមានដំបែនៅនឹងអ្នករាល់គ្នាឡើយ ក៏មិនត្រូវឲ្យឃើញមានដំបែណានៅគ្រប់ក្នុងព្រំស្រុករបស់អ្នករាល់គ្នាផង
៨ ហើយនៅក្នុងថ្ងៃនោះ អ្នករាល់គ្នាត្រូវប្រាប់ដល់កូនចៅថា យើងធ្វើបុណ្យនេះ ដោយព្រោះការដែលព្រះយេហូវ៉ាបានប្រោសដល់យើង ក្នុងកាលដែលយើងចេញពីស្រុកអេស៊ីព្ទមក
៩ នោះនឹងបានសំរាប់ជាទីសំគាល់នៅដៃអ្នករាល់គ្នា ហើយក៏ជាសេចក្តីរំឭកនៅកណ្តាលថ្ងាសអ្នករាល់គ្នា ដើម្បីឲ្យក្រឹត្យវិន័យព្រះយេហូវ៉ាបាននៅក្នុងមាត់អ្នករាល់គ្នា ដ្បិតព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដោយព្រះហស្តយ៉ាងខ្លាំងពូកែហើយ
១០ ដូច្នេះរាល់តែឆ្នាំ ដល់កំណត់ហើយ ត្រូវឲ្យអ្នករាល់គ្នាកាន់តាមរបៀបនេះ។
១១ កាលណាព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចូលទៅក្នុងស្រុករបស់សាសន៍កាណាន ដូចទ្រង់បានស្បថនឹងអ្នករាល់គ្នា នូវពួកឰយុកោ ព្រមទាំងប្រទានស្រុកនោះឲ្យអ្នករាល់គ្នាហើយ
១២ នោះត្រូវឲ្យញែកអស់ទាំងកូនដែលកើតមុនបង្អស់ ថ្វាយដល់ព្រះយេហូវ៉ា ឯកូនច្បងដែលកើតពីសត្វរបស់អ្នករាល់គ្នា បើជាឈ្មោល នោះសុទ្ធតែជារបស់ផងព្រះយេហូវ៉ាទាំងអស់
១៣ ឯអស់ទាំងកូនច្បងរបស់សត្វលា នោះត្រូវថ្វាយកូនចៀម ដើម្បីស្នងនឹងលោះវា តែបើមិនចង់លោះទេ នោះត្រូវបំបាក់កវាទៅ ហើយអស់ទាំងកូនច្បងរបស់មនុស្ស ក្នុងពួកកូនចៅនៃអ្នករាល់គ្នា នោះក៏ត្រូវលោះដែរ
១៤ រួចដល់ថ្ងៃក្រោយ បើកូនចៅអ្នករាល់គ្នាសួរថា ការនេះជាអ្វី នោះត្រូវប្រាប់ថា នេះគឺដោយព្រោះព្រះយេហូវ៉ាបាននាំយើងរាល់គ្នាចេញពីផ្ទះបាវបំរើនៅស្រុកអេស៊ីព្ទមក ដោយព្រះហស្តខ្លាំងពូកែ
១៥ ដ្បិតកាលផារ៉ោនបានតាំងព្រះទ័យរឹងទទឹងមិនព្រមឲ្យយើងរាល់គ្នាទៅ នោះព្រះយេហូវ៉ាក៏សំឡាប់អស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទចោល ចាប់តាំងពីកូនច្បងរបស់មនុស្ស រហូតដល់កូនច្បងនៃពួកសត្វ ដោយហេតុនោះបានជាអញថ្វាយអស់ទាំងកូនឈ្មោល ដែលកើតមុនបង្អស់ ទៅជាយញ្ញបូជាដល់ព្រះយេហូវ៉ា តែអស់ទាំងកូនច្បងបង្កើតរបស់អញ នោះអញលោះវិញ
១៦ នេះនឹងបានជាទីសំគាល់នៅលើដៃ និងជាស្លាកនៅកណ្តាលថ្ងាសអ្នករាល់គ្នា ដ្បិតព្រះយេហូវ៉ាបាននាំយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដោយព្រះហស្តខ្លាំងពូកែ។
ព្រះដឹកនាំរាស្ត្ររបស់ព្រះអង្គ
១៧ កាលផារ៉ោនបានឲ្យគេទៅហើយ នោះព្រះទ្រង់មិនបាននាំគេ តាមផ្លូវកាត់ស្រុករបស់សាសន៍ភីលីស្ទីនទេ ទោះបើផ្លូវនោះជិតក៏ដោយ ដ្បិតព្រះទ្រង់មានព្រះបន្ទូលថា ខ្លាចក្រែងគេឃើញចំបាំង ហើយរសាយចិត្ត រួចត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ
១៨ គឺទ្រង់បាននាំគេដើរពង្វាងតាមផ្លូវទីរហោស្ថាន ក្បែរសមុទ្រក្រហមវិញ ពួកកូនចៅអ៊ីស្រាអែលក៏ឡើងចេញពីស្រុកអេស៊ីព្ទទៅទាំងកាន់គ្រឿងសស្ត្រាវុធ
១៩ ម៉ូសេក៏យកឆ្អឹងខ្មោចយ៉ូសែបទៅជាមួយដែរ ដ្បិតយ៉ូសែបបានចាប់ពួកកូនចៅអ៊ីស្រាអែលឲ្យស្បថដោយថា ព្រះទ្រង់នឹងប្រោសឯងរាល់គ្នាជាមិនខាន នោះត្រូវឲ្យយកឆ្អឹងអញពីទីនេះឡើងទៅជាមួយផង។
២០ គេក៏ចេញពីសិកូតទៅដំឡើងត្រសាលនៅឯស្រុកអេថាម ត្រង់ក្បែរទីរហោស្ថាន
២១ នៅវេលាថ្ងៃ ព្រះយេហូវ៉ាទ្រង់តែងយាងនៅមុខគេក្នុងបង្គោលពពក ដើម្បីនឹងនាំផ្លូវ ហើយនៅវេលាយប់ ទ្រង់យាងក្នុងបង្គោលភ្លើង ដើម្បីនឹងបំភ្លឺគេ ប្រយោជន៍ឲ្យគេដើរបានទាំងយប់ទាំងថ្ងៃ
២២ ហើយបង្គោលពពកដែលសំរាប់ពេលថ្ងៃ និងបង្គោលភ្លើងដែលសំរាប់ពេលយប់ នោះមិនបានថយចេញពីគេឡើយ។