១៤
កូនចៅអ៊ីស្រាអែលឆ្លងកាត់សមុទ្រ
១ ព្រះយេហូវ៉ាមានព្រះបន្ទូលនឹងម៉ូសេថា
២ ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេបែរទៅដំឡើងត្រសាលនៅឯមុខ ពីហាហីរ៉ុថ ត្រង់កណ្តាលស្រុកមីកដុលហើយនឹងសមុទ្រ ទល់មុខនឹងបាស-សេផុនវិញ ត្រូវឲ្យដំឡើងត្រសាល ប្រឈមនឹងទីនោះ ដែលនៅជិតមាត់សមុទ្រ
៣ ផារ៉ោននឹងនិយាយពីពួកកូនចៅអ៊ីស្រាអែលថា គេបានវង្វេងជាប់នៅស្រុកនោះហើយ ទីរហោស្ថានបានបិទគេជិតជុំវិញ
៤ នោះអញនឹងបណ្តាលឲ្យផារ៉ោនមានចិត្តរឹងទទឹងឡើង ហើយទ្រង់នឹងដេញតាម តែអញនឹងបានកិត្តិសព្ទ ដោយសារផារ៉ោន និងពួកទ័ពទ្រង់ទាំងប៉ុន្មាន ហើយពួកសាសន៍អេស៊ីព្ទនឹងដឹងថា អញជាព្រះយេហូវ៉ាពិត គេក៏ធ្វើសំរេចដូច្នោះ។
៥ មានគេទូលដល់ស្តេចអេស៊ីព្ទថា ពួកអ៊ីស្រាអែលបានរត់រួចទៅហើយ នោះផារ៉ោន និងពួកមហាតលិកទ្រង់ក៏ប្រែគំនិតពីដំណើរគេឡើងវិញ ហើយពោលថា តើយើងបានធ្វើអ្វី នឹងឲ្យពួកអ៊ីស្រាអែលចេញទៅរួចពីការបំរើយើងដូច្នេះ
៦ នោះស្រាប់តែទ្រង់ទឹមរាជរថ ព្រមទាំងនាំពួកពលទៅជាមួយផង
៧ ទ្រង់រើសយករទេះចំបាំងបាន៦០០ ហើយក៏យកអស់ទាំងរទេះចំបាំងនៅស្រុកអេស៊ីព្ទផង គ្រប់ទាំងរទេះទាំងនោះសុទ្ធតែមានមេទ័ពត្រួតត្រាការ
៨ ឯព្រះយេហូវ៉ាទ្រង់ក៏បណ្តាលឲ្យផារ៉ោនជាស្តេចអេស៊ីព្ទមានព្រះទ័យរឹងទទឹងឡើង ហើយស្តេចក៏ដេញតាមពួកកូនចៅអ៊ីស្រាអែល តែពួកកូនចៅអ៊ីស្រាអែលគេបានចេញទៅដោយមានជ័យជំនះ
៩ ពួកសាសន៍អេស៊ីព្ទក៏ដេញតាមទៅ មានទាំងសេះទាំងរាជរថរបស់ផារ៉ោន ទាំងពួកពលសេះ ហើយនឹងពួកពលថ្មើរជើងរបស់ទ្រង់ទាំងអស់ បានទាន់គេនៅត្រង់ទីដំឡើងត្រសាល ក្បែរសមុទ្រដែលជិតនឹងពីហាហីរ៉ុថ ទល់មុខនឹងបាល-សេផុន។
១០ កាលផារ៉ោនចូលទៅជិត នោះពួកកូនចៅអ៊ីស្រាអែល គេងើបភ្នែកឡើង ឃើញពួកសាសន៍អេស៊ីព្ទមកតាមដូច្នោះ ក៏មានសេចក្តីតក់ស្លុតជាខ្លាំង ហើយស្រែកអំពាវនាវដល់ព្រះយេហូវ៉ា
១១ ព្រមទាំងស្តីបន្ទោសដល់ម៉ូសេថា តើដោយព្រោះតែគ្មានផ្នូរនៅស្រុកអេស៊ីព្ទឬអី បានជាអ្នកនាំយើងរាល់គ្នាមក ត្រូវឲ្យស្លាប់នៅទីរហោស្ថាននេះដូច្នេះ ហេតុអ្វីបានជាអ្នកប្រព្រឹត្តចំពោះយើងរាល់គ្នាយ៉ាងនេះ គឺដែលនាំពួកយើងរាល់គ្នា ចេញពីស្រុកអេស៊ីព្ទមកដូច្នេះ
១២ កាលនៅស្រុកអេស៊ីព្ទនៅឡើយ តើយើងរាល់គ្នាមិនបាននិយាយសេចក្តីនេះឯងនឹងអ្នកទេឬអី ថា កុំឲ្យមកវីវរនឹងយើងរាល់គ្នាឡើយ ចូរទុកឲ្យយើងនៅបំរើសាសន៍អេស៊ីព្ទចុះ ដ្បិតដែលយើងរាល់គ្នាបាននៅបំរើសាសន៍អេស៊ីព្ទ នោះវិសេសជាជាងស្លាប់នៅទីរហោស្ថាននេះ
១៣ តែម៉ូសេតបឆ្លើយថា កុំខ្លាចអី ឈប់សិន ចាំមើលសេចក្តីសង្គ្រោះរបស់ព្រះយេហូវ៉ា ដែលទ្រង់នឹងប្រោសដល់អ្នករាល់គ្នានៅថ្ងៃនេះ ដ្បិតពួកសាសន៍អេស៊ីព្ទដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ នោះនឹងលែងឃើញទៀតជាដរាបទៅ
១៤ ព្រះយេហូវ៉ាទ្រង់នឹងច្បាំងជំនួសអ្នករាល់គ្នា ឯអ្នករាល់គ្នានឹងនៅតែស្ងៀមវិញ។
១៥ រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ឯងអំពាវនាវរកអញធ្វើអី ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ឲ្យដើរទៅមុខទៅ
១៦ ឯឯង ត្រូវលើកដំបងលូកដៃទៅលើសមុទ្រញែកទឹកចេញពីគ្នា ដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបានដើរតាមដីគោកនៅកណ្តាលសមុទ្រ
១៧ ឯអញៗនឹងបណ្តាល ឲ្យពួកសាសន៍អេស៊ីព្ទមានចិត្តរឹងទទឹង ចូលទៅតាមឯងរាល់គ្នា នោះអញនឹងបានកិត្តិសព្ទដោយឈ្នះផារ៉ោន និងពួកទ័ពទ្រង់ ហើយនឹងអស់ទាំងរទេះចំបាំង ព្រមទាំងពួកពលសេះទ្រង់ផង
១៨ នោះទើបសាសន៍អេស៊ីព្ទគេនឹងដឹងថា អញជាព្រះយេហូវ៉ាពិត គឺក្នុងកាលដែលអញបានកិត្តិសព្ទដោយឈ្នះផារ៉ោន និងអស់ទាំងរទេះចំបាំង ហើយនឹងពួកពលសេះទ្រង់ដូច្នោះ។
១៩ នោះទេវតានៃព្រះដែលបាននាំមុខពួកអ៊ីស្រាអែល ទ្រង់ក៏ត្រឡប់ទៅនៅខាងក្រោយវិញ ហើយបង្គោលពពកក៏ចេញពីមុខទៅនៅខាងក្រោយដែរ
២០ ពពកនោះស្ថិតនៅជាកណ្តាលពួកសាសន៍អេស៊ីព្ទ និងពួកអ៊ីស្រាអែល ក៏ងងឹតខាងម្ខាង ហើយភ្លឺខាងម្ខាង នៅវេលាយប់ បានជាពួកទាំង២នោះមិនបានមកជិតគ្នា នៅវេលាយប់នោះឡើយ
២១ នោះម៉ូសេក៏លើកដៃទៅលើសមុទ្រ ហើយព្រះយេហូវ៉ាទ្រង់ច្រានផាត់សមុទ្រចេញ ដោយកំឡាំងខ្យល់ពីខាងកើត ដែលបក់យ៉ាងខ្លាំងពេញ១យប់នោះ ទ្រង់ធ្វើឲ្យទឹកបានញែកចេញពីគ្នា ឲ្យសមុទ្រទៅជាគោកវិញ
២២ រួចពួកកូនចៅអ៊ីស្រាអែល គេក៏ចូលទៅនាកណ្តាលសមុទ្រ តាមដីគោក ហើយមានទឹកជាកំផែងនៅខាងស្តាំ និងខាងឆ្វេងគេ
២៣ ពួកសាសន៍អេស៊ីព្ទក៏ប្រឹងដេញចូលទៅ ត្រង់កណ្តាលសមុទ្រតាមគេ ព្រមទាំងសេះផារ៉ោន និងរទេះចំបាំង ហើយទាំងពលសេះទ្រង់ផង
២៤ នៅវេលាយាមព្រឹកនោះ ព្រះយេហូវ៉ាទ្រង់ក៏ទតពីបង្គោលភ្លើង ហើយនឹងពពក ទៅឃើញពួកពលទ័ពសាសន៍អេស៊ីព្ទ រួចទ្រង់បណ្តាលឲ្យពួកពលទ័ពសាសន៍អេស៊ីព្ទកោលាហលឡើង
២៥ ក៏ធ្វើឲ្យរបូតកង់ពីរទេះគេចេញ ឲ្យគេបរដោយពិបាក បានជាពួកសាសន៍អេស៊ីព្ទនិយាយថា ចូរយើងរាល់គ្នារត់ពីសាសន៍អ៊ីស្រាអែលនេះចេញ ដ្បិតព្រះយេហូវ៉ាទ្រង់ច្បាំងនឹងយើងជំនួសគេហើយ។
២៦ ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរឯងលើកដៃទៅលើសមុទ្រទៅ ដើម្បីឲ្យទឹកបានហូរត្រឡប់គ្របទៅលើពួកសាសន៍អេស៊ីព្ទ ព្រមទាំងរទេះ និងពួកទ័ពសេះគេផង
២៧ នោះម៉ូសេក៏លើកដៃទៅលើសមុទ្រ ហើយដល់ព្រឹកឡើង ទឹកក៏ហូរប្រសព្វចូលទៅ នៅកន្លែងធម្មតាវិញ ពួកសាសន៍អេស៊ីព្ទក៏នាំគ្នារត់ចេញពីទឹក ប៉ុន្តែព្រះយេហូវ៉ាទ្រង់ផ្តួលគេនៅកណ្តាលសមុទ្រទៅ
២៨ ហើយទឹកក៏ត្រឡប់មកគ្របលើអស់ទាំងរទេះ និងពួកពលសេះ ហើយនឹងពលទ័ពផារ៉ោនទាំងអស់ ដែលបានចូលទៅក្នុងសមុទ្រតាមពួកកូនចៅអ៊ីស្រាអែល គ្មានរួចអ្នកណាមួយសោះឡើយ
២៩ តែពួកកូនចៅអ៊ីស្រាអែលបានដើរនៅកណ្តាលសមុទ្រតាមដីគោកវិញ ដោយមានទឹកជាកំផែងនៅពីខាងស្តាំ និងខាងឆ្វេង។
៣០ ដូច្នេះនៅថ្ងៃនោះឯង ព្រះយេហូវ៉ាទ្រង់បានជួយពួកអ៊ីស្រាអែល ឲ្យរួចពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទ ហើយពួកអ៊ីស្រាអែល បានឃើញខ្មោចពួកសាសន៍អេស៊ីព្ទរាយនៅតាមឆ្នេរសមុទ្រ
៣១ ក៏បានឃើញការយ៉ាងធំដែលស្នាដៃនៃព្រះយេហូវ៉ាបានធ្វើដល់សាសន៍អេស៊ីព្ទ នោះគេក៏មានសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយក៏ជឿដល់ព្រះយេហូវ៉ា ព្រមទាំងដល់ម៉ូសេ ជាអ្នកបំរើទ្រង់ផង។