១០
ព្រះជាម្ចាស់ឲ្យខ្ញុំកើតមក ដើម្បីបំផ្លាញខ្ញុំ
១ ចិត្តខ្ញុំជិនណាយនឹងជីវិតរបស់ខ្ញុំ ខ្ញុំនឹងឲ្យសេចក្តីដំអូញរបស់ខ្ញុំចេញហូរហែ ខ្ញុំនឹងនិយាយ ដោយសេចក្តីជូរល្វីងក្នុងចិត្ត
២ ខ្ញុំនឹងទូលដល់ព្រះថា សូមកុំកាត់ទោសទូលបង្គំ សូមបង្ហាញហេតុដែលទ្រង់តតាំងនឹងទូលបង្គំវិញ
៣ ដែលសង្កត់សង្កិនដូច្នេះ តើមានប្រយោជន៍ដល់ទ្រង់ឬ បានជាទ្រង់មើលងាយដល់ស្នាដៃរបស់ទ្រង់ ហើយប្រោសឲ្យពន្លឺទ្រង់ មកបំភ្លឺគំនិតរបស់មនុស្សអាក្រក់វិញ
៤ តើព្រះនេត្រទ្រង់ជាភ្នែកសាច់ឈាម ឬទ្រង់ទតឃើញដូចជាមនុស្សឬអី
៥ តើព្រះជន្មនៃទ្រង់ដូចជាអាយុរបស់មនុស្ស ឬអស់ទាំងឆ្នាំនៃទ្រង់ត្រូវនឹងថ្ងៃរបស់មនុស្សឬទេ
៦ បានជាទ្រង់ស៊ើបសួររកសេចក្តីទុច្ចរិតរបស់ទូលបង្គំ ហើយស្វែងរកអំពើបាបនៃទូលបង្គំដូច្នេះ
៧ ទ្រង់ជ្រាបហើយថា ទូលបង្គំមិនមែនអាក្រក់ ហើយថា គ្មានអ្នកណាអាចនឹងដោះឲ្យរួចពីព្រះហស្តរបស់ទ្រង់បាន
៨ គឺព្រះហស្តនៃទ្រង់ ដែលបង្កើតរាងកាយ ហើយសំរេចរូបទូលបង្គំឲ្យជាប់គ្នាគ្រប់ផ្នែក តែទ្រង់បំផ្លាញទូលបង្គំវិញ
៩ សូមទ្រង់នឹកចាំថា ទ្រង់បានសូនរូបទូលបង្គំ ដូចជាគេសូនដីឥដ្ឋ ចុះតើទ្រង់គិតឲ្យទូលបង្គំត្រឡប់ទៅជាធូលីដីវិញឬ
១០ តើទ្រង់មិនបានចាក់ទូលបង្គំចេញដូចជាទឹកដោះ ហើយឲ្យទូលបង្គំកកខន់ដូចជាផែនទឹកដោះទេឬអី
១១ ទ្រង់បានបំពាក់ទូលបង្គំដោយសាច់ និងស្បែក ព្រមទាំងថ្ពាន់ទូលបង្គំឲ្យជាប់គ្នាដោយឆ្អឹង និងសរសៃ
១២ ទ្រង់បានប្រោសផ្តល់ជីវិត និងសេចក្តីសប្បុរសដល់ទូលបង្គំ ហើយការឃុំគ្រងរបស់ទ្រង់បានគាំពារជីវិតទូលបង្គំ។
១៣ ប៉ុន្តែសេចក្តីទាំងនេះទ្រង់បានលាក់ទុកនៅក្នុងព្រះហឫទ័យវិញ ទូលបង្គំដឹងហើយថា នេះនៅតែក្នុងទ្រង់ទេ
១៤ គឺថា បើទូលបង្គំធ្វើបាប នោះទ្រង់ចំណាំទូលបង្គំទុក ហើយទ្រង់មិនលែងឲ្យទូលបង្គំបានរួចពីទោសឡើយ
១៥ បើទូលបង្គំអាក្រក់មែន នោះវរហើយ តែបើសុចរិតវិញ នោះក៏មិនបានងើបក្បាលឡើងដែរ ដោយមានពេញជាសេចក្តីខ្មាស ហើយមើលតែសេចក្តីវេទនារបស់ទូលបង្គំ
១៦ បើកាលណាក្បាលទូលបង្គំងើបឡើង នោះទ្រង់ដេញទូលបង្គំដូចជាសិង្ហ រួចទ្រង់សំដែងព្រះចេស្តាយ៉ាងអស្ចារ្យលើទូលបង្គំទៀត
១៧ ទ្រង់ចេះតែមានសាក្សីថ្មីទាស់នឹងទូលបង្គំ ក៏ចំរើនសេចក្តីគ្នាន់ក្នាញ់ទាស់នឹងទូលបង្គំ គឺមានសេចក្តីប្រែប្រួល នឹងសេចក្តីតាំងនៅជាប់នឹងទូលបង្គំជានិច្ច។
១៨ យ៉ាងនោះ ម្តេចក៏ទ្រង់បានធ្វើឲ្យទូលបង្គំ ចេញពីផ្ទៃម្តាយមក ឱបើទូលបង្គំបានស្លាប់វិញ ឥតមានអ្នកណាឃើញទៅអេះ
១៩ នោះទូលបង្គំនឹងបានដូចជាមិនដែលកើតមកសោះ គេនឹងបាននាំយកទូលបង្គំពីផ្ទៃម្តាយទៅកប់តែម្តង
២០ តើអស់ទាំងថ្ងៃអាយុនៃទូលបង្គំមិនមែនតិចណាស់ទេឬអី ដូច្នេះ សូមឈប់ ទុកឲ្យទូលបង្គំនៅតែឯងចុះ ដើម្បីឲ្យបានសំរាកបន្តិច
២១ មុនដែលទូលបង្គំទៅឯទីដែលមិនត្រឡប់មកវិញឡើយ គឺដល់ស្ថាននៃសេចក្តីងងឹត និងម្លប់នៃសេចក្តីស្លាប់
២២ ជាស្ថានដែលងងឹតឈឹង ដូចជាយប់ជ្រៅ ជាទីម្លប់នៃសេចក្តីស្លាប់ ដែលឥតមានរបៀបអ្វី ជាកន្លែងដែលទាំងពន្លឺ ក៏ដូចជាកណ្តាលអធ្រាត្រដែរ។