១១
ប្រសាសន៍របស់លោកសូផារ: សូមវិលមករកព្រះវិញ!
១ នោះសូផារ សាសន៍ន៉ាអាម៉ា ក៏ឆ្លើយឡើងថា
២ ដែលមានពាក្យសំដីជាច្រើនដល់ម៉្លេះ តើមិនគួរឆ្លើយតទេឬអី តើគួររាប់មនុស្សហៃនិយាយទុកជាសុចរិតឬ
៣ តើពាក្យអំនួតរបស់អ្នកនឹងធ្វើឲ្យមនុស្សនៅស្ងៀមបានឬ កាលណាអ្នកឡកឡឺយយ៉ាងនេះ តើមិនត្រូវឲ្យមានគេធ្វើឲ្យអ្នកខ្មាសដែរទេឬ
៤ ដ្បិតអ្នកថា គោលលទ្ធិរបស់អ្នកជាស្អាតសុទ្ធ ឥតខុសឆ្គងនៅចំពោះព្រះនេត្រនៃព្រះ
៥ ឱបើព្រះនឹងមានព្រះបន្ទូលមក ហើយបើកព្រះរឹមទាស់នឹងអ្នក
៦ ដើម្បីនឹងបង្ហាញឲ្យអ្នកស្គាល់សេចក្តីអាថ៌កំបាំងនៃប្រាជ្ញាទៅអេះ នោះអ្នកនឹងឃើញថា ខ្លឹមនៃសេចក្តីនឹងយល់បានច្រើនយ៉ាង ដូច្នេះ ចូរដឹងថា ព្រះទ្រង់យកទោសស្រាលជាងសេចក្តីដែលសំណំនឹងអំពើទុច្ចរិតរបស់អ្នកវិញ។
៧ បើអ្នកខំស្វែងរក តើអាចនឹងស្គាល់សភាពនៃព្រះបាន ឬយល់ដល់សេចក្តីគ្រប់លក្ខណ៍របស់ព្រះដ៏មានគ្រប់ព្រះចេស្តាបានដែរឬ
៨ នោះខ្ពស់ជាងស្ថានសួគ៌ទៅទៀត តើអ្នកអាចនឹងធ្វើយ៉ាងណាបាន ក៏ជ្រៅជាងស្ថានឃុំព្រលឹងមនុស្សស្លាប់ផង ធ្វើដូចម្តេចឲ្យអ្នកយល់បាន
៩ បើនឹងវាស់ នោះក៏វែងជាងផែនដី ហើយធំជាងសមុទ្រទៅទៀត
១០ បើទ្រង់យាងកាត់ទៅ ហើយកោះឃុំអ្នកណា ព្រមទាំងហៅប្រជុំជំនុំជំរះ នោះតើអ្នកណាអាចនឹងឃាត់ទ្រង់បាន
១១ ដ្បិតទ្រង់ស្គាល់មនុស្សកំភូត ទ្រង់ក៏ឃើញសេចក្តីទុច្ចរិត ឥតចាំពិចារណាផង
១២ មនុស្សមោឃគេឥតមានយោបល់សោះ អើ មនុស្សសុទ្ធតែកើតមកដូចជាកូនលាព្រៃ។
១៣ បើអ្នកតាំងចិត្តត្រឹមត្រូវឡើង ហើយប្រវាដៃទៅឯទ្រង់
១៤ ព្រមទាំងបោះបង់សេចក្តីអាក្រក់ដែលនៅដៃអ្នកចេញ ហើយមិនឲ្យមានសេចក្តីទុច្ចរិតណានៅក្នុងទីលំនៅរបស់អ្នកឡើយ
១៥ នោះប្រាកដជាអ្នកនឹងងើបមុខឡើងឥតមានប្រឡាក់អ្វីសោះ អើ អ្នកនឹងបានមាំមួនឥតភ័យខ្លាចអ្វីផង
១៦ ដ្បិតអ្នកនឹងភ្លេចសេចក្តីវេទនារបស់អ្នកទៅ រួចអ្នកនឹងនឹកចាំពីសេចក្តីនោះ ដូចជាចាំពីទឹកដែលហូរបាត់ហើយ
១៧ នោះជីវិតនៃអ្នកនឹងបានត្រចះថ្លាជាងពេលថ្ងៃត្រង់ បើសិនជាមានសេចក្តីងងឹតខ្លះ នោះនឹងបានដូចជាពេលព្រឹកព្រាងឡើងវិញ
១៨ អ្នកនឹងបានសាន្តត្រាណ ដោយព្រោះមានទីសង្ឃឹម អើ អ្នកនឹងស្វែងរកជុំវិញ រួចនឹងដេកសំរាកទៅដោយសុខសាន្ត
១៩ អ្នកនឹងដេកទៅឥតមានអ្នកណាបំភ័យអ្នកឡើយ ហើយមនុស្សជាច្រើននឹងមកអង្វរដល់អ្នក
២០ ឯភ្នែកនៃពួកមនុស្សអាក្រក់វិញ នោះនឹងត្រូវងងឹតទៅ គេនឹងរកទីពឹងគ្មាន ហើយសេចក្តីសង្ឃឹមរបស់គេនឹងបានជាសេចក្តីស្លាប់នោះឯង។