១២
ចម្លើយរបស់យ៉ូប: គ្មាននរណាអាចបង្ក្រាបព្រះបានទេ
១ នោះយ៉ូបក៏ឆ្លើយឡើងថា
២ គ្មានផ្លូវសង្ស័យឡើយ មានតែអ្នករាល់គ្នាទេដែលជាមនុស្ស ហើយប្រាជ្ញានឹងរលត់ទៅជាមួយនឹងអ្នករាល់គ្នាជាពិត
៣ ប៉ុន្តែ ខ្ញុំក៏មានយោបល់ដូចជាអ្នករាល់គ្នាដែរ ខ្ញុំមិនថោកថយជាងអ្នករាល់គ្នាទេ តើមានអ្នកណាដែលមិនស្គាល់សេចក្តីយ៉ាងនោះ
៤ ខ្ញុំជាទីសើចឡកដល់មិត្រសំឡាញ់ខ្ញុំ ជាអ្នកដែលបានអំពាវនាវដល់ព្រះ ហើយទ្រង់ក៏ឆ្លើយមកផង គឺជាមនុស្សសុចរិតត្រឹមត្រូវ ដែលត្រូវគេសើចឡកឲ្យ
៥ ក្នុងគំនិតនៃអ្នកដែលមានសេចក្តីសុខ នោះតែងមានសេចក្តីមើលងាយចំពោះគ្រោះថ្នាក់គេ សេចក្តីនោះឯងប្រុងប្រៀបសំរាប់អ្នកណាដែលភ្លាត់ជើង
៦ ទីលំនៅរបស់ពួកចោរចេះតែមានសេចក្តីចំរើន ហើយពួកអ្នកដែលធ្វើឲ្យព្រះថ្នាំងថ្នាក់ព្រះហឫទ័យ ក៏តែងមានសេចក្តីសុខ គឺជាពួកអ្នកដែលទទួលតែអំណាចរបស់ខ្លួនទុកជាព្រះហើយ។
៧ ចូរអ្នកសួរសត្វតិរច្ឆានឥឡូវចុះ វានឹងបង្រៀនអ្នក ហើយសត្វស្លាប ដែលហើរលើអាកាសផង វានឹងប្រាប់ឲ្យអ្នកដឹង
៨ ឬឲ្យនិយាយនឹងដីចុះ នោះនឹងបង្រៀនអ្នកដែរ ហើយត្រីនៅសមុទ្រនឹងថ្លែងប្រាប់មកអ្នក
៩ ក្នុងពួកទាំងនោះ តើមានណាមួយដែលមិនដឹងថា ព្រះហស្តនៃព្រះយេហូវ៉ាបានបង្កើតទាំងអស់
១០ ដែលជីវិតនៃសត្វទាំងឡាយ សុទ្ធតែនៅក្នុងព្រះហស្តទ្រង់ ព្រមទាំងខ្យល់ដង្ហើមរបស់មនុស្សផងដូច្នេះ
១១ ឯត្រចៀក តើមិនស្តាប់យល់ពាក្យសំដី ដូចជាមាត់ភ្លក់ឲ្យដឹងរសអាហារដែរទេឬអី
១២ មនុស្សចាស់ៗតែងមានប្រាជ្ញា ហើយមនុស្សមានអាយុយឺន ទើបមានយោបល់។
១៣ ឯព្រះទ្រង់មានទាំងប្រាជ្ញា និងឥទ្ធិឫទ្ធិផង ទ្រង់ក៏មានព្រះដំរិះ និងយោបល់ដែរ
១៤ មើល ទ្រង់រំលំ ហើយគេនឹងសង់ឡើងវិញមិនបាន ទ្រង់រាំងផ្លូវដល់មនុស្ស ហើយគ្មានអ្នកណាអាចនឹងបើកបានឡើយ
១៥ មើល ទ្រង់ទប់ទឹក ហើយទាំងអស់ក៏រីងស្ងួតទៅ រួចទ្រង់បើកវិញ នោះក៏ហូរបង្ខូចផែនដីអស់
១៦ ទ្រង់មានកំឡាំងឫទ្ធិ ហើយនឹងប្រាជ្ញា ក៏កំរាបបានទាំងមនុស្សឆោត និងមនុស្សឆបោកផង
១៧ ទ្រង់ដឹកនាំពួកអ្នកជួយគំនិតទៅតែខ្លួនទទេ ហើយប្រគល់ពួកចៅក្រមទៅក្នុងសេចក្តីល្ងីល្ងើ
១៨ ទ្រង់រំលាយអំណាចនៃពួកស្តេច ហើយចងខ្សែភ្ជាប់នៅចង្កេះផង
១៩ ទ្រង់ក៏ដឹកនាំពួកសង្ឃទៅតែខ្លួនទទេ ហើយទំលាក់ងារពួកមានអំណាច
២០ ទ្រង់ដកពាក្យសំដីពីពួកអ្នកដែលគួរទុកចិត្តបាន ហើយក៏ដោះយកយោបល់ពីពួកចាស់ទុំចេញ
២១ ទ្រង់ចាក់សេចក្តីមើលងាយទៅលើពួកសេដ្ឋី ក៏បន្ធូរខ្សែក្រវាត់នៃពួកខ្លាំងពូកែ
២២ ទ្រង់បើកអស់ទាំងសេចក្តីជ្រៅជ្រះចេញពីងងឹតមក ក៏នាំយកម្លប់សេចក្តីស្លាប់ចេញមក ដាក់នៅពន្លឺដែរ
២៣ ទ្រង់ចំរើនសាសន៍ទាំងប៉ុន្មាន ហើយក៏បំផ្លាញគេវិញ ទ្រង់ពង្រីកឲ្យគេធំឡើង រួចក៏ដឹកនាំគេទៅជាឈ្លើយ
២៤ ទ្រង់ដកប្រាជ្ញាពីពួកអ្នកជាប្រធាននៃបណ្តាជននៅផែនដីចេញ ហើយបណ្តាលឲ្យគេដើរសាត់ព្រាត់ នៅទីរហោស្ថានដែលឥតមានផ្លូវសោះ
២៥ គេដើរទ្រាបក្នុងទីងងឹតឥតមានពន្លឺសោះ ទ្រង់ក៏ធ្វើឲ្យគេដើរទ្រេតទ្រោតដូចជាមនុស្សស្រវឹងផង។