៤៤
ព្រះបន្ទូលស្តីបន្ទោសជនជាតិយូដាដែលភៀសខ្លួនទៅស្រុកអេស៊ីព្ទ
១ នេះជាព្រះបន្ទូល ដែលមកដល់យេរេមា ពីដំណើរពួកយូដាទាំងប៉ុន្មាន ដែលនៅស្រុកអេស៊ីព្ទ គឺត្រង់មីកដុល ថាផ្នេស ណូព ហើយនៅស្រុកប៉ាត្រូសថា
២ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ឯងរាល់គ្នាបានឃើញគ្រប់ទាំងសេចក្តីអាក្រក់ ដែលអញបាននាំមកលើក្រុងយេរូសាឡិម និងលើអស់ទាំងទីក្រុងស្រុកយូដាហើយ មើលសព្វថ្ងៃនេះ ទីក្រុងទាំងនោះត្រូវខូចបង់ ឥតមានអ្នកណានៅឡើយ
៣ ដោយព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្តជាការដែលនាំឲ្យអញខឹង ដោយគេបានទៅដុតកំញានគោរពដល់ព្រះដទៃ ជាព្រះដែលគេ ឬឯងរាល់គ្នា ឬពួកព្ធយុកោឯង មិនបានស្គាល់ផង
៤ ប៉ុន្តែអញបានចាត់ពួកហោរាទាំងប៉ុន្មាន ជាអ្នកបំរើរបស់អញឲ្យមកឯឯងរាល់គ្នា គឺបានក្រោកពីព្រលឹមស្រាង ដើម្បីនឹងចាត់គេផង ដោយពាក្យថា ឱសូមកុំធ្វើការគួរខ្ពើម ដែលអញស្អប់នេះឡើយ
៥ តែគេមិនបានស្តាប់តាម ឬផ្ទៀងត្រចៀក ដើម្បីនឹងបែរចេញពីអំពើអាក្រក់របស់គេ ដោយលែងដុតកំញានថ្វាយដល់ព្រះដទៃឡើយ
៦ ហេតុនោះបានជាសេចក្តីកំហឹង និងសេចក្តីក្រោធរបស់អញបានចាក់ចេញ ហើយកាត់ឆេះឡើង នៅក្នុងទីក្រុងស្រុកយូដាទាំងប៉ុន្មាន និងនៅអស់ទាំងផ្លូវរបស់ក្រុងយេរូសាឡិមផង ដូច្នេះ ទីក្រុងទាំងនោះត្រូវខូចបង់ ហើយចោលស្ងាត់ ដូចសព្វថ្ងៃនេះ
៧ ហេតុនោះឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា ហេតុអ្វីបានឯងរាល់គ្នាប្រព្រឹត្តអំពើអាក្រក់យ៉ាងធំនេះ ទាស់នឹងព្រលឹងរបស់ខ្លួនដូច្នេះ ជាការដែលនឹងកាត់ពួកឯងរាល់គ្នាទាំងប្រុសទាំងស្រី ទាំងក្មេង និងកូននៅបៅ ចេញពីពួកយូដា ឥតទុកឲ្យមានណាមួយនៅសល់ឡើយ
៨ ដោយដៃឯងរាល់គ្នាតែងប្រព្រឹត្តការដែលនាំឲ្យអញខឹង គឺជាការដុតកំញានថ្វាយដល់ព្រះដទៃ នៅក្នុងស្រុកអេស៊ីព្ទ ជាកន្លែងដែលឯងរាល់គ្នាបានទៅស្នាក់នៅនោះ ជាការដែលនឹងកាត់ឯងរាល់គ្នាចេញ ហើយឲ្យឯងរាល់គ្នាត្រឡប់ជាទីផ្តាសា និងជាទីត្មះតិះដៀល នៅកណ្តាលអស់ទាំងសាសន៍នៅផែនដី
៩ តើឯងរាល់គ្នាបានភ្លេចអំពើអាក្រក់របស់ពួកព្ធយុកោឯង ហើយអំពើអាក្រក់របស់ពួកស្តេចយូដា និងភរិយារបស់គេ ព្រមទាំងអំពើអាក្រក់ដែលខ្លួនឯងរាល់គ្នា និងប្រពន្ធរបស់ឯងរាល់គ្នាបានប្រព្រឹត្តផង គឺជាការដែលគ្រប់គ្នាបានធ្វើនៅក្នុងស្រុកយូដា ហើយនៅផ្លូវក្រុងយេរូសាឡិមទាំងប៉ុន្មានឬអី
១០ ដរាបដល់សព្វថ្ងៃនេះ ឯងរាល់គ្នាមិនទាន់បន្ទាបខ្លួននៅឡើយ ក៏មិនបានកោតខ្លាច ឬប្រព្រឹត្តតាមក្រឹត្យវិន័យ និងបញ្ញត្តច្បាប់របស់អញ ដែលអញបានដាក់នៅមុខឯងរាល់គ្នា និងពួកព្ធយុកោរបស់ឯងរាល់គ្នាផង។
១១ ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា មើលអញនឹងតាំងមុខទាស់នឹងឯងរាល់គ្នា សំរាប់ជាការអាក្រក់ គឺដើម្បីនឹងកាត់ពួកយូដាទាំងអស់ចេញ
១២ អញនឹងចាប់យកសំណល់ពួកយូដា ដែលបានតាំងចិត្តនឹងទៅអាស្រ័យនៅឯស្រុកអេស៊ីព្ទ ឲ្យគេវិនាសអស់រលីងទៅ គឺគេនឹងដួលនៅក្នុងស្រុកអេស៊ីព្ទ គេនឹងសូន្យទៅដោយដាវ និងអំណត់អត់ គេនឹងស្លាប់ទៅ ចាប់តាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត ដោយសារដាវ និងអំណត់អត់ នោះគេនឹងត្រឡប់ជាទីត្មះតិះដៀល ជាទីស្រឡាំងកាំង និងជាទីផ្តាសា ហើយជាទីប្រមាថមើលងាយ
១៣ ដ្បិតអញនឹងធ្វើទោសដល់ពួកអ្នក ដែលស្នាក់នៅក្នុងស្រុកអេស៊ីព្ទនេះដូចជាអញបានធ្វើទោសដល់ក្រុងយេរូសាឡិម ដោយដាវអំណត់អត់ និងអាសន្នរោគដែរ
១៤ ដល់ម៉្លេះបានជាក្នុងសំណល់ពួកយូដា ដែលបានមកអាស្រ័យនៅក្នុងស្រុកអេស៊ីព្ទ នោះនឹងគ្មានអ្នកណាមួយរួចខ្លួន ឬសល់នៅ ដើម្បីនឹងវិលទៅក្នុងស្រុកយូដា ដែលគេប្រាថ្នាចង់ត្រឡប់ទៅអាស្រ័យនៅនោះឡើយ ដ្បិតនឹងគ្មានអ្នកណាវិលទៅវិញសោះ លើកតែពួកអ្នកដែលនឹងរត់រួចបានប៉ុណ្ណោះ។
១៥ ឯបណ្តាមនុស្សទាំងប៉ុន្មានដែលដឹងថា ប្រពន្ធខ្លួនធ្លាប់ដុតកំញានថ្វាយដល់ព្រះដទៃ និងពួកស្រីៗទាំងអស់ដែលឈរនៅទីនោះ ជាជំនុំយ៉ាងធំ គឺបណ្តាមនុស្សដែលអាស្រ័យនៅត្រង់ប៉ាត្រូសក្នុងស្រុកអេស៊ីព្ទ គេឆ្លើយដល់យេរេមាថា
១៦ ឯពាក្យដែលលោកបានប្រាប់មកយើងដោយនូវព្រះនាមព្រះយេហូវ៉ានោះ យើងមិនព្រមស្តាប់តាមទេ
១៧ គឺយើងនឹងប្រព្រឹត្តតាមតែពាក្យទាំងប៉ុន្មាន ដែលចេញពីមាត់យើងវិញ ដើម្បីនឹងដុតកំញានថ្វាយដល់ព្រះចន្ទ ហើយនឹងច្រួចដង្វាយច្រួចថ្វាយទ្រង់ដែរ ដូចជាយើងបានធ្លាប់ធ្វើមកហើយ ទោះទាំងខ្លួនយើង ពួកព្ធយុកោយើង និងពួកស្តេច ហើយពួកចៅហ្វាយរបស់យើង នៅក្នុងទីក្រុងទាំងប៉ុន្មានរបស់ស្រុកយូដា ហើយនៅអស់ទាំងផ្លូវរបស់ក្រុងយេរូសាឡិមផង ដ្បិតនៅគ្រានោះ យើងមានអាហារជាបរិបូរ ហើយក៏នៅដោយសប្បាយ ឥតឃើញសេចក្តីអាក្រក់ណាឡើយ
១៨ តែតាំងពីយើងលះលែងការដុតកំញានថ្វាយដល់ព្រះចន្ទ ហើយច្រួចដង្វាយច្រួចថ្វាយទ្រង់ទៅ នោះយើងចេះតែខ្វះខាតគ្រប់ទាំងអស់ ហើយបានវិនាសទៅដោយដាវ និងអំណត់អត់ផង
១៩ មួយទៀត កាលយើងបានដុតកំញានថ្វាយដល់ព្រះចន្ទ ហើយច្រួចដង្វាយច្រួចថ្វាយទ្រង់ នោះតើយើងបានធ្វើនំសំរាប់គោរពដល់ទ្រង់ ហើយច្រួចដង្វាយច្រួច ថ្វាយដល់ទ្រង់ក្រៅពីប្តីយើងឬ។
២០ ឯបណ្តាជនប្រុសស្រីទាំងឡាយ គឺអស់មនុស្សដែលបានឆ្លើយមកយេរេមាដូច្នោះ នោះលោកប្រាប់ដល់គេថា
២១ កំញានដែលអ្នករាល់គ្នាបានដុត នៅក្នុងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ហើយនៅអស់ទាំងផ្លូវក្រុងយេរូសាឡិម ទោះទាំងអ្នករាល់គ្នា ពួកព្ធយុកោ ពួកស្តេច ពួកចៅហ្វាយ និងបណ្តាជននៅក្នុងស្រុកទាំងប៉ុន្មាន នោះតើព្រះយេហូវ៉ាមិនបាននឹកចាំ តើទ្រង់មិនបានរឮកពីអំពើទាំងនោះទេឬអី
២២ ដល់ម៉្លេះបានជាព្រះយេហូវ៉ាទ្រង់ទ្រាំមិនបានទៀត ដោយព្រោះអំពើអាក្រក់ទាំងប៉ុន្មានរបស់អ្នករាល់គ្នា ហើយដោយព្រោះការគួរខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្ត គឺហេតុនោះបានជាស្រុករបស់អ្នករាល់គ្នាត្រូវចោលស្ងាត់ ហើយបានត្រឡប់ជាទីស្រឡាំងកាំង និងជាទីផ្តាសា ឥតមានអ្នកណាអាស្រ័យនៅ ដូចជាសព្វថ្ងៃនេះ
២៣ ពីព្រោះអ្នករាល់គ្នាបានដុតកំញាននោះ ហើយធ្វើបាបនឹងព្រះយេហូវ៉ាវិញ ក៏មិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ឬប្រព្រឹត្តតាមក្រឹត្យវិន័យទ្រង់ ឬតាមបញ្ញត្តច្បាប់ ឬសេចក្តីបន្ទាល់របស់ទ្រង់ឡើយ គឺហេតុនោះបានជាការអាក្រក់នេះបានកើតដល់អ្នករាល់គ្នា ដូចជាសព្វថ្ងៃនេះ។
២៤ មួយទៀត យេរេមាក៏ប្រាប់ដល់ជនទាំងឡាយ គឺដល់ទាំងពួកស្រីៗផងថា នែពួកយូដាទាំងប៉ុន្មាន ដែលអាស្រ័យនៅស្រុកអេស៊ីព្ទអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
២៥ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ឯងរាល់គ្នាព្រមទាំងប្រពន្ធរបស់ឯង បានចេញវាចាពីមាត់រៀងខ្លួនហើយ ក៏បានសំរេចតាម ដោយដៃខ្លួនដែរ ថាយើងរាល់គ្នានឹងលាបំណន់ ដែលយើងបានបន់ជាមិនខាន គឺនឹងដុតកំញានថ្វាយដល់ព្រះចន្ទ ហើយច្រួចដង្វាយច្រួចថ្វាយទ្រង់ដែរ ដូច្នេះ ចូរឲ្យឯងរាល់គ្នាបន់ទៅ ហើយលាបំណន់របស់ឯងចុះ
២៦ នែ ពួកយូដាទាំងប៉ុន្មាន ដែលអាស្រ័យក្នុងស្រុកអេស៊ីព្ទអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញបានស្បថដោយឈ្មោះដ៏ធំរបស់អញថា ឈ្មោះអញនឹងមិនដែលចេញពីមាត់របស់ពួកយូដាណាមួយ ដែលអាស្រ័យនៅក្នុងស្រុកអេស៊ីព្ទទៀត តាមសម្បថដែលគេធ្លាប់ស្បថថា ដូចជាព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះជន្មរស់នៅ នោះឡើយ
២៧ មើល អញនឹងត្រួតមើលគេ សំរាប់ជាសេចក្តីអាក្រក់ មិនមែនជាសេចក្តីល្អទេ ហើយពួកយូដាទាំងប៉ុន្មានដែលអាស្រ័យនៅក្នុងស្រុកអេស៊ីព្ទ នឹងសាបសូន្យទៅដោយដាវ និងអំណត់អត់ ដរាបដល់អស់រលីងទៅ
២៨ ឯពួកអ្នកដែលរួចពីដាវ គេនឹងចេញពីស្រុកអេស៊ីព្ទវិលទៅឯស្រុកយូដាវិញ មានគ្នាតិចទេ នោះសំណល់ពួកយូដាទាំងប៉ុន្មាន ដែលបានទៅអាស្រ័យនៅស្រុកអេស៊ីព្ទ គេនឹងដឹងជាពាក្យណាដែលនឹងស្ថិតស្ថេរនៅ ទោះបើជាពាក្យរបស់អញ ឬពាក្យរបស់គេក្តី
២៩ ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នេះនឹងបានជាទីសំគាល់ឲ្យឯងរាល់គ្នាដឹងថា អញនឹងធ្វើទោសដល់ឯងនៅទីនេះ ដើម្បីឲ្យឯងរាល់គ្នាបានដឹងថា ពាក្យរបស់អញនឹងបានតាំងទាស់នឹងឯង សំរាប់ជាការអាក្រក់
៣០ គឺព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងប្រគល់ផារ៉ោន-ហុបរ៉ា ស្តេចស្រុកអេស៊ីព្ទទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ គឺទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលរកជីវិតវា ដូចជាអញបានប្រគល់សេដេគា ជាស្តេចយូដា ទៅក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ស្តេចបាប៊ីឡូន ដែលជាខ្មាំងសត្រូវ ហើយក៏រកជីវិតវាដែរ។