៤៥
លោកយេរេមាសំរាលទុក្ខលោកបារូក
១ នេះជាពាក្យដែលហោរាយេរេមាបាននិយាយនឹងបារូក ជាកូននេរីយ៉ា ក្នុងកាលដែលបារូកបានសរសេរពាក្យទាំងនេះ ចុះក្នុងក្រាំងតាមមាត់យេរេមា គឺនៅក្នុងឆ្នាំទី៤នៃរាជ្យយេហូយ៉ាគីម ជាបុត្រយ៉ូសៀស ស្តេចយូដា
២ គឺថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដល់បារូកឯងដូច្នេះ
៣ ឯងបាននិយាយថា ឥឡូវនេះ វរហើយខ្ញុំ ដ្បិតព្រះយេហូវ៉ា ទ្រង់បានបន្ថែមសេចក្តីសោកសៅ ដល់សេចក្តីទុក្ខព្រួយរបស់ខ្ញុំ ខ្ញុំក៏ល្វើយទៅដោយថ្ងូរ ឥតមានសេចក្តីសំរាកឡើយ
៤ ត្រូវឲ្យនិយាយនឹងវាយ៉ាងនេះថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល របស់អ្វីដែលអញបានស្អាងឡើង នោះអញនឹងរំលំចុះ ហើយរបស់អ្វីដែលអញបានដាំ នោះអញនឹងដករំលើងវិញ ក៏នឹងធ្វើយ៉ាងនោះនៅពេញក្នុងស្រុកផង
៥ ដូច្នេះ តើឯងស្វែងរកការយ៉ាងធំសំរាប់ខ្លួនឬ កុំឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញនឹងនាំសេចក្តីអាក្រក់មកលើគ្រប់ទាំងសាច់ តែឯជីវិតឯង នោះអញនឹងឲ្យដល់ឯងទុកជារំពា នៅគ្រប់ទីកន្លែងណាដែលឯងនឹងទៅផង។