សេចក្តីប្រកាសអំពីប្រជាជាតិនានា
៤៦
ព្រះបន្ទូលស្តីអំពីស្រុកអេស៊ីព្ទ
១ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់ហោរាយេរេមា ពីដំណើរសាសន៍ដទៃទាំងប៉ុន្មាន។
២ ពីស្រុកអេស៊ីព្ទ គឺពីដំណើរពលទ័ពរបស់ផារ៉ោន-នេកោ ជាស្តេចស្រុកអេស៊ីព្ទ ដែលនៅត្រង់កើកេមីស ក្បែរមាត់ទន្លេអ៊ើប្រាត ជាស្រុកដែលនេប៊ូក្នេសា ស្តេចបាប៊ីឡូនបានវាយយក ក្នុងឆ្នាំទី៤នៃរាជ្យយេហូយ៉ាគីម ជាបុត្រយ៉ូសៀសស្តេចយូដា
៣ ចូររៀបចំខែលតូចខែលធំ ហើយចូលទៅឯចំបាំងចុះ
៤ ឱពួកពលសេះអើយ ចូរត្រៀមសេះហើយឡើងជិះចុះ ចូរចេញមកទាំងពាក់មួកសឹក ចូរខាត់លំពែង ហើយពាក់អាវក្រោះទៅ
៥ ហេតុអ្វីបានជាអញត្រូវឃើញដូច្នេះ គេត្រូវស្លុតចិត្ត ហើយបានថយចេញទៅពួកខ្លាំងពូកែរបស់គេបានត្រូវវាយផ្តួលចុះ ក៏រត់ទៅឥតងាកបែរទៅខាងក្រោយឡើយ ព្រោះមានសេចក្តីស្ញែងខ្លាចនៅគ្រប់ជុំវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
៦ កុំបើកឲ្យមនុស្សលឿនរត់ទៅបាត់ ឬមនុស្សខ្លាំងពូកែរួចខ្លួនឡើយ គេបានចំពប់ដួលចុះ នៅស្រុកខាងជើង ក្បែរទន្លេអ៊ើប្រាតហើយ
៧ តើអ្នកណានេះ ដែលឡើងមក ដូចជាទឹកជន់ដែលទឹកនោះកំរើកឡើងដូចជាទន្លេ
៨ ស្រុកអេស៊ីព្ទឡើងមកដូចជាទឹកជន់ ហើយទឹកនោះក៏កំរើកឡើងដូចជាទន្លេ គេអួតថា អញនឹងក្រោកឡើង អញនឹងគ្របលើផែនដី អញនឹងបំផ្លាញអស់ទាំងទីក្រុង និងមនុស្សដែលអាស្រ័យនៅផង
៩ សេះទាំងឡាយអើយ ចូរឡើងទៅ រទេះចំបាំងទាំងឡាយអើយ ចូរសំរុកចូលចុះ ហើយត្រូវឲ្យមនុស្សស្ទាត់ជំនាញចេញទៅដែរ គឺទាំងពួកគូស និងពួកពូត ជាពួកអ្នកដែលកាន់ខែល ហើយពួកលូឌដែលកាន់ ហើយដំឡើងធ្នូ
១០ ដ្បិតថ្ងៃនេះជាថ្ងៃរបស់ព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ គឺជាថ្ងៃសឹក សំរាប់ឲ្យទ្រង់បានសងសឹកនឹងពួកខ្មាំងសត្រូវ ហើយដាវនឹងស៊ីទាល់តែឆ្អែត ក៏ផឹកឈាមគេយ៉ាងស្កប់ស្កល់ ពីព្រោះព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ ទ្រង់មានយញ្ញបូជានៅស្រុកខាងជើងក្បែរទន្លេអ៊ើប្រាត
១១ ឱកូនស្រីក្រមុំនៃស្រុកអេស៊ីព្ទអើយ ចូរឡើងទៅឯស្រុកកាឡាត យកប្រទាលមុខសះចុះ ឯងនឹងប្រើថ្នាំច្រើនមុខ ជាឥតប្រយោជន៍ទេ ឯងនឹងមើលខ្លួនមិនជាឡើយ
១២ អស់ទាំងសាសន៍បានឮនិយាយពីសេចក្តីអាម៉ាស់ខ្មាសរបស់ឯង ហើយផែនដីក៏ឮពេញដោយសំរែករបស់ឯងដែរ ដ្បិតមនុស្សខ្លាំងពូកែបានចំពប់នឹងមនុស្សខ្លាំងពូកែ ហើយទាំង២បានដួលជាមួយគ្នា។
១៣ នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងហោរាយេរេមា ពីដំណើរនេប៊ូក្នេសា ជាស្តេចសាសន៍បាប៊ីឡូន ដែលនឹងមកវាយស្រុកអេស៊ីព្ទ
១៤ ចូរថ្លែងប្រាប់នៅស្រុកអេស៊ីព្ទ ហើយប្រកាសប្រាប់នៅក្រុងមីកដុល ព្រមទាំងនៅក្រុងណូព និងនៅក្រុងថាផ្នេសផង ត្រូវឲ្យប្រាប់ថា ចូរឈរឡើង ហើយរៀបខ្លួនចុះ ដ្បិតដាវបានស៊ីនៅព័ទ្ធជុំវិញឯងអស់ហើយ
១៥ ហេតុអ្វីបានជាមនុស្សខ្លាំងពូកែរបស់ឯងត្រូវកៀរយកទៅដូច្នេះ គេមិនបានឈរនឹងនៅទេ គឺពីព្រោះព្រះយេហូវ៉ាទ្រង់បានច្រានគេទៅ
១៦ ទ្រង់បានធ្វើឲ្យច្រើនគ្នាចំពប់ អើ គេបានដួលគរលើគ្នា គេបាននិយាយគ្នាថា ចូរយើងក្រោកឡើងវិលទៅឯសាសន៍យើង នៅស្រុកកំណើតរបស់យើងវិញទៅ ដើម្បីនឹងរួចពីដាវដែលធ្វើទុក្ខ
១៧ នៅទីនោះ គេបានស្រែកឡើងថា ផារ៉ោន ជាស្តេចអេស៊ីព្ទ ទ្រង់ជាសូរកំទរទទេ ទ្រង់បានទុកឲ្យពេលដែលស្រួលកន្លងហួសទៅ
១៨ ឯមហាក្សត្រដែលទ្រង់ព្រះនាមជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ស្បថដោយព្រះជន្មទ្រង់ដ៏របស់នៅថា ភ្នំតាបោរនៅកណ្តាលស្រុកភ្នំ ហើយភ្នំកើមែលនៅឆ្នេរសមុទ្រជាយ៉ាងណា នោះពិតប្រាកដជាគេនឹងមកយ៉ាងនោះដែរ
១៩ ឱកូនស្រីដែលនៅស្រុកអេស៊ីព្ទអើយ ចូរផ្គត់ផ្គង់ដល់ខ្លួន សំរាប់នឹងទៅជាឈ្លើយចុះ ដ្បិតក្រុងណូពនឹងត្រូវខូចបង់ ហើយដុតចោលឥតមានអ្នកណានៅ
២០ ស្រុកអេស៊ីព្ទជាគោក្រមុំយ៉ាងល្អក្រៃលែង ប៉ុន្តែមេបំផ្លាញបានចេញពីស្រុកខាងជើងមកក៏មកដល់ហើយ
២១ មួយទៀត ជើងឈ្នួលរបស់ស្រុកអេស៊ីព្ទ ប្រៀបដូចជាកូនគោបំប៉ននៅកណ្តាលស្រុក គេក៏បានបែរខ្នងដែរ គេបានរត់ចេញទៅជាមួយគ្នា ឥតឈរនឹងនៅទេ ដ្បិតថ្ងៃអន្តរាយរបស់គេ គឺជាវេលាធ្វើទោសដល់គេបានមកលើគេហើយ
២២ សូរសន្ធឹកនៃថ្ងៃនោះ ដូចជាសូរនៃពស់លូន ដ្បិតពួកនោះនឹងដើរមកជាក្បួនទ័ព ក៏នឹងមកទាស់នឹងគេ មានទាំងពូថៅ ដូចអ្នកកាប់ឈើផង
២៣ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គេនឹងកាប់រំលំព្រៃរបស់ស្រុកអេស៊ីព្ទបង់ ទោះបើជាព្រៃស្តុក ដល់ចូលមិនបានក៏ដោយ ដ្បិតគេមានគ្នាច្រើនជាងកណ្តូប គឺហួសប្រមាណនឹងរាប់បាន
២៤ កូនស្រីរបស់ស្រុកអេស៊ីព្ទនឹងត្រូវខ្មាស នាងនឹងត្រូវប្រគល់ទៅ ក្នុងកណ្តាប់ដៃរបស់ពួកសាសន៍ ពីស្រុកខាងជើង
២៥ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា មើល អញនឹងធ្វើទោសដល់អាំម៉ូន-នរ និងផារ៉ោន ហើយស្រុកអេស៊ីព្ទ ព្រមទាំងព្រះទាំងប៉ុន្មាន និងស្តេចរបស់គេផង គឺផារ៉ោន និងអស់អ្នកដែលទុកចិត្តដល់វា
២៦ អញនឹងប្រគល់គេ ទៅក្នុងកណ្តាប់ដៃនៃពួកអ្នក ដែលរកជីវិតគេ គឺទៅក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន និងទៅក្នុងកណ្តាប់ដៃនៃពួកអ្នកបំរើវាដែរ ក្រោយមកស្រុកអេស៊ីព្ទនឹងមានគេអាស្រ័យនៅ ដូចកាលពីដើមឡើងវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
២៧ ប៉ុន្តែ ឱយ៉ាកុប ជាអ្នកបំរើរបស់អញអើយ កុំឲ្យខ្លាចឲ្យសោះ ឱអ៊ីស្រាអែលអើយ កុំឲ្យស្រយុតចិត្តឡើយ ដ្បិតមើល អញនឹងជួយសង្គ្រោះឯង ឲ្យបានរួចពីទីឆ្ងាយ ហើយពូជឯងចេញពីស្រុកដែលគេនៅជាឈ្លើយ នោះពួកយ៉ាកុបនឹងវិលមកវិញ ហើយនឹងនៅដោយសុខស្រួលនឹងសេចក្តីស្ងប់ស្ងាត់ ឥតមានអ្នកណាបំភ័យឡើយ
២៨ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱយ៉ាកុប ជាអ្នកបំរើរបស់អញអើយ កុំឲ្យខ្លាចឲ្យសោះ ដ្បិតអញនៅជាមួយនឹងឯងហើយ អញនឹងធ្វើឲ្យអស់ទាំងនគរ ដែលអញបានបណ្តេញឯងទៅនោះ បានផុតអស់រលីងទៅ តែអញនឹងមិនបំផុតឯងអស់រលីងទេ គឺនឹងគ្រាន់តែវាយផ្ចាលឯង តាមខ្នាតប៉ុណ្ណោះ ប៉ុន្តែអញមិនទុកឲ្យឯងនៅជាឥតទោសឡើយ។