៤៧
ព្រះបន្ទូលស្តីអំពីជនជាតិភីលីស្ទីន
១ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់ហោរាយេរេមា ពីដំណើរពួកសាសន៍ភីលីស្ទីន កាលមុនដែលផារ៉ោនបានវាយយកក្រុងកាសា
២ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល មានទឹកឡើងចេញពីទិសខាងជើង ទឹកនោះនឹងត្រឡប់ជាទន្លេដែលលិចច្រាំង ក៏នឹងជន់ឡើងលិចស្រុក និងបណ្តាដែលនៅក្នុងស្រុកទាំងប៉ុន្មានដែរ គឺទាំងទីក្រុង និងមនុស្សដែលអាស្រ័យនៅផង នោះបណ្តាមនុស្សនឹងស្រែកឡើង ពួកអ្នកដែលអាស្រ័យនៅទាំងប៉ុន្មាននឹងទ្រហោយំ
៣ ដោយឮសូរព្រូសព្រឹបនៃជើងសេះដ៏ខ្លាំងពូកែរបស់គេ ដោយសូររន្ថាន់របស់រទេះចំបាំងគេ និងសូររ៉ូងរ៉ាងនៃកង់រទេះផង ឪពុកទាំងប៉ុន្មាននឹងមិនងាកទៅក្រោយមើលកូនឡើយ ដោយព្រោះខ្សោយដៃ
៤ ដ្បិតថ្ងៃដែលត្រូវបំផ្លាញពួកភីលីស្ទីនទាំងអស់បានមកដល់ហើយ ដើម្បីនឹងកាត់អស់ទាំងអ្នកជំនួយ ដែលនៅសល់ចេញពីក្រុងទីរ៉ុស និងក្រុងស៊ីដូនបង់ ពីព្រោះព្រះយេហូវ៉ាទ្រង់នឹងបំផ្លាញសាសន៍ភីលីស្ទីន គឺជាសំណល់មនុស្សដែលមកពីកោះកាប់ថោរទៅ
៥ ក្រុងកាសាបានទៅជាទំពែកហើយ ក្រុងអាសកាឡូនបានត្រូវសាបសូន្យទៅ ព្រមទាំងសំណល់មនុស្សនៅវាលច្រកភ្នំនោះផង តើឯងនឹងអារសាច់ខ្លួន ដល់កាលណាទៀត
៦ ឱដាវនៃព្រះយេហូវ៉ាអើយ តើដល់កាលណាបានឯងឈប់ទ្រឹងវិញ ចូរស៊កខ្លួនទៅក្នុងស្រោមចុះ ចូរផ្អាក ហើយស្ងៀមនៅ
៧ ឯងនឹងនៅស្ងៀមឯណាបាន ដ្បិតឃើញថា ព្រះយេហូវ៉ាបានបង្គាប់ការហើយ គឺទ្រង់តម្រូវឲ្យទាស់នឹងក្រុងអាសកាឡូន ហើយនឹងឆ្នេរសមុទ្រផង។