សំបុត្រទី១របស់ប៉ុលដល់
ធីម៉ូថេ
១
សេចក្តីផ្តើម
១ សំបុត្រប៉ុលខ្ញុំ ជាសាវ័កនៃព្រះយេស៊ូវគ្រីស្ទ តាមបង្គាប់របស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង និងព្រះយេស៊ូវគ្រីស្ទ ដ៏ជាទីសង្ឃឹមនៃយើងរាល់គ្នា
២ ខ្ញុំផ្ញើមកអ្នកធីម៉ូថេ ជាកូនពិតក្នុងសេចក្តីជំនឿ សូមឲ្យអ្នកបានប្រកបដោយព្រះគុណ សេចក្តីមេត្តាករុណា និងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។
ពាក្យដាស់តឿនឲ្យប្រយ័ត្ននឹងសេចក្តីបង្រៀនក្លែងក្លាយ
៣ កាលខ្ញុំរៀបនឹងទៅឯស្រុកម៉ាសេដូន នោះខ្ញុំបានសូមឲ្យអ្នកនៅតែក្នុងក្រុងអេភេសូរចុះ ដើម្បីឲ្យអ្នកបានហាមប្រាមដល់អ្នកខ្លះ កុំឲ្យគេបង្រៀនពីសេចក្តីណាផ្សេងទៀត
៤ ឬស្តាប់តាមរឿងព្រេង និងពង្សាវតារ ដែលមិនចេះអស់មិនចេះហើយនោះឡើយ ដែលរឿងទាំងនោះតែងបង្កើតឲ្យមាន សេចក្តីដេញដោល ជាជាងចំរើនការនៃព្រះក្នុងសេចក្តីជំនឿ
៥ ហេតុដែលហាមយ៉ាងដូច្នោះ នោះគឺប្រយោជន៍ចង់ឲ្យបានសេចក្តីស្រឡាញ់ ដែលកើតពីចិត្តស្អាត ពីបញ្ញាចិត្តជ្រះថ្លា ហើយពីសេចក្តីជំនឿដ៏ស្មោះត្រង់វិញ
៦ ព្រោះអ្នកខ្លះបានជ្រួសចេញពីសេចក្តីនោះទៅហើយ ព្រមទាំងបែរចេញ ទៅខាងពាក្យសំដី ដែលឥតប្រយោជន៍ផង
៧ គេចង់ធ្វើជាគ្រូនៃក្រឹត្យវិន័យ តែគេមិនទាំងយល់សេចក្តីដែលគេនិយាយ ឬពីសេចក្តីដែលគេប្រកាន់នោះផង
៨ រីឯយើងៗ ដឹងថា ក្រឹត្យវិន័យល្អមែន បើអ្នកណាប្រើតាមត្រឹមត្រូវ
៩ ដោយដឹងថា ក្រឹត្យវិន័យមិនមែនតាំងសំរាប់មនុស្សសុចរិតទេ គឺសំរាប់មនុស្សទទឹងច្បាប់ និងមនុស្សរឹងចចេស មនុស្សទមិលល្មើស និងមនុស្សដែលមានបាប គឺជាមនុស្សមិនបរិសុទ្ធ និងមនុស្សមិនរាប់ព្រះ មនុស្សដែលវាយឪពុកម្តាយ និងមនុស្សដែលសំឡាប់គេ
១០ មនុស្សកំផិត លេងកូនជឹង ចាប់មនុស្សលក់ ភូតកុហក ហើយស្បថបំពានវិញ ព្រមទាំងការអ្វីដែលទាស់ទទឹងនឹងសេចក្តីបង្រៀនដ៏ត្រឹមត្រូវដែរ
១១ នោះគឺតាមដំណឹងពីសិរីល្អនៃព្រះដ៏មានពរ ជាដំណឹង ដែលផ្ញើទុកនឹងខ្ញុំ។
ព្រះហឫទ័យសប្បុរសរបស់ព្រះ
១២ ខ្ញុំអរព្រះគុណដល់ព្រះ ដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ គឺជាព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ពីព្រោះទ្រង់បានរាប់ខ្ញុំទុកជាស្មោះត្រង់ ទាំងតាំងខ្ញុំឲ្យមានការងារ
១៣ ដែលពីដើមខ្ញុំជាអ្នកប្រមាថ ធ្វើទុក្ខបៀតបៀន ហើយព្រហើនឈ្លានពាន តែទ្រង់បានអាណិតមេត្តាដល់ខ្ញុំ ពីព្រោះខ្ញុំបានប្រព្រឹត្តដោយខ្លៅល្ងង់ ឥតមានសេចក្តីជំនឿ
១៤ តែព្រះគុណរបស់ព្រះអម្ចាស់នៃយើង បានចំរើនជាបរិបូរហូរហៀរឡើង ព្រមទាំងសេចក្តីជំនឿ និងសេចក្តីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវផង
១៥ ពាក្យនេះគួរជឿ ហើយគួរទទួលគ្រប់យ៉ាង គឺថា ព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ៍ ដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប ដែលខ្ញុំនេះជាលេខ១ក្នុងពួកគេ
១៦ ដោយហេតុនោះបានជាទ្រង់អាណិតមេត្តាដល់ខ្ញុំ ដើម្បីឲ្យព្រះយេស៊ូវគ្រីស្ទបានសំដែងចេញ គ្រប់ទាំងសេចក្តីអត់ធន់របស់ទ្រង់ក្នុងខ្លួនខ្ញុំ ដែលជាអ្នកលេខ១នោះ ឲ្យខ្ញុំបានធ្វើជាក្បួនដល់ពួកអ្នក ដែលនឹងជឿដល់ទ្រង់ ប្រយោជន៍ឲ្យគេបានជីវិត អស់កល្បជានិច្ច
១៧ រីឯស្តេចនៃអស់ទាំងកល្ប ដែលទ្រង់មិនចេះសុគត ហើយមើលទ្រង់មិនឃើញ គឺជាព្រះតែ១ព្រះអង្គ នោះសូមឲ្យទ្រង់បានល្បីព្រះនាម និងសិរីល្អអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។
១៨ ឱធីម៉ូថេ ជាកូនអើយ ខ្ញុំប្រគល់ពាក្យបណ្តាំនេះទុកនឹងអ្នក តាមសេចក្តីទំនាយដែលបានទាយពីអ្នកជាមុន ដើម្បីឲ្យអ្នកបានច្បាំងជាចំបាំងយ៉ាងល្អ ដោយសារសេចក្តីទាំងនោះ
១៩ ព្រមទាំងរក្សាសេចក្តីជំនឿ និងបញ្ញាចិត្តជ្រះថ្លា ដែលមនុស្សខ្លះបានបោះបង់ចោល ហើយគេបានលិចបាត់ខាងឯសេចក្តីជំនឿផង
២០ ក្នុងពួកនោះ មានឈ្មោះហ៊ីមេនាស និងអ័លេក្សានត្រុស ដែលខ្ញុំបានប្រគល់ទៅអារក្សសាតាំង ឲ្យត្រូវវាយផ្ចាល ដើម្បីឲ្យគេរាងចាលកុំឲ្យប្រមាថទៀត។