២
ពាក្យទូន្មានក្នុងការទូលអង្វរព្រះ
១ ដូច្នេះ ខ្ញុំទូន្មានសេចក្តីនេះជាមុនដំបូងថា ចូរពោលពាក្យអរព្រះគុណ ពាក្យទូលសូម ពាក្យអធិស្ឋាន និងពាក្យទូលអង្វរឲ្យមនុស្សទាំងអស់
២ គឺឲ្យស្តេច ហើយឲ្យពួកនាម៉ឺនទាំងប៉ុន្មានផង ដើម្បីឲ្យយើងរាល់គ្នាបាននៅជាសុខសាន្ត ហើយស្រគត់ស្រគំ ដោយកោតខ្លាច ហើយដោយនឹងធឹងគ្រប់ជំពូក
៣ ដ្បិតយ៉ាងនោះ ទើបបានល្អ ហើយគាប់ព្រះហឫទ័យ ដល់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង
៤ ដែលទ្រង់សព្វព្រះហឫទ័យ ឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឲ្យបានស្គាល់សេចក្តីពិត
៥ ពីព្រោះមានព្រះតែ១ ហើយមានអ្នកសង្រួបសង្រួមតែ១ នៅកណ្តាលព្រះ និងមនុស្ស គឺជាមនុស្សដ៏ជាព្រះគ្រីស្ទយេស៊ូវនោះ
៦ ទ្រង់បានថ្វាយព្រះអង្គទ្រង់ ទុកជាថ្លៃលោះមនុស្សទាំងអស់ ដែលត្រូវមានទីបន្ទាល់នៅពេលកំណត់
៧ ហើយទ្រង់បានតាំងខ្ញុំ ឲ្យធ្វើជាអ្នកប្រកាសប្រាប់ និងជាសាវ័កពីការនោះឯង គឺជាគ្រូបង្រៀនដល់ពួកសាសន៍ដទៃ ដោយសេចក្តីជំនឿ និងសេចក្តីពិត (ខ្ញុំនិយាយតាមសេចក្តីពិតមិនកុហកទេ)។
៨ ដូច្នេះ ខ្ញុំចង់ឲ្យពួកប្រុសៗលើកដៃបរិសុទ្ធឡើង និងអធិស្ឋាននៅគ្រប់ទីកន្លែង ដោយឥតខឹង ឬឈ្លោះប្រកែកឡើយ
៩ ឯពួកស្រីៗ នោះខ្ញុំក៏ចង់ឲ្យគេតែងខ្លួនតាមបែបគួរសម ឲ្យចេះអៀនខ្លួន ហើយដឹងប្រមាណខ្លួន មិនមែនជាអ្នកតែងខ្លួន ដោយក្រងសក់ ឬពាក់មាស កែវមុក្តា ឬសំលៀកបំពាក់យ៉ាងថ្លៃពេកនោះឡើយ
១០ តែឲ្យសំណំនឹងពួកស្ត្រី ដែលរាប់ខ្លួនជាអ្នកកោតខ្លាចដល់ព្រះ គឺដោយការប្រព្រឹត្តល្អវិញ
១១ ត្រូវឲ្យស្រីៗ រៀនដោយសំងាត់ ទាំងចុះចូលគ្រប់ជំពូក
១២ ខ្ញុំមិនបើកឲ្យស្ត្រីណាបង្រៀន ឬឲ្យមានអំណាចលើបុរសទេ ត្រូវឲ្យគេនៅដោយស្រគត់ស្រគំចុះ
១៣ ពីព្រោះព្រះបានបង្កើតលោកអ័ដាមមកជាមុន រួចមកនាងអេវ៉ា
១៤ ហើយមិនមែនលោកអ័ដាម ដែលចាញ់បញ្ឆោតទេ គឺជាស្ត្រីវិញទេតើ ដែលចាញ់បញ្ឆោតនោះ ព្រមទាំងរំលងច្បាប់ផង
១៥ តែបើសិនជានាងនៅជាប់ក្នុងសេចក្តីជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីបរិសុទ្ធ ទាំងមានគំនិតមារយាទ នោះនាងនឹងបានសង្គ្រោះក្នុងកាលដែលបង្កើតកូន។