១០
លោកកូនេលាសប្រែចិត្តគំនិតជឿព្រះអម្ចាស់
១ នៅក្រុងសេសារា មានបុរសម្នាក់ឈ្មោះកូនេលាស ជានាយទាហានក្នុងកងវរសេនាតូច រ៉ូម៉ាំងមួយឈ្មោះ «កងវរសេនាតូចអ៊ីតាលី»។
២ គាត់ និងក្រុមគ្រួសាររបស់គាត់ទាំងមូល ជាអ្នកគោរពប្រណិប័តន៍ និងកោតខ្លាចព្រះជាម្ចាស់។ គាត់តែងចែកទានជាច្រើនអោយប្រជាជន ព្រមទាំងទូលអង្វរព្រះជាម្ចាស់គ្រប់ពេលវេលា។
៣ ថ្ងៃមួយ ប្រមាណជាម៉ោងបីរសៀលគាត់បាននិមិត្តឃើញទេវតា*មួយរូបរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ ទេវតានោះចូលមកផ្ទះគាត់ ហៅគាត់ថា៖ «លោកកូនេលាសអើយ!»។
៤ លោកកូនេលាសសម្លឹងមើលទៅទេវតា ហើយមានប្រសាសន៍ទៅវិញ ទាំងភ័យខ្លាចថា៖ «លោកម្ចាស់អើយ! តើលោកមានការអ្វី?»។ ទេវតាពោលមកគាត់ថា៖ «ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់លោកហើយ ព្រះអង្គក៏ជ្រាបអំពីទានរបស់លោកដែរ ព្រះអង្គមិនភ្លេចទេ។
៥ សុំលោកចាត់គេអោយទៅក្រុងយ៉ុបប៉េ ឥឡូវនេះ អញ្ជើញបុរសម្នាក់ឈ្មោះស៊ីម៉ូន ហៅពេត្រុសមក។
៦ គាត់ស្នាក់នៅផ្ទះអ្នកសម្លាប់ស្បែកម្នាក់ឈ្មោះស៊ីម៉ូន ផ្ទះនោះនៅក្បែរមាត់សមុទ្រ»។
៧ កាលទេវតា*ដែលបាននិយាយជាមួយគាត់ចេញផុតទៅ លោកកូនេលាសក៏ហៅអ្នកបំរើពីរនាក់ និងទាហានម្នាក់ ដែលនៅក្រោមបញ្ជារបស់គាត់ជាយូរហើយ ហើយគោរពប្រណិប័តន៍ព្រះជាម្ចាស់ផងនោះ អោយចូលមក។
៨ លោកបានរៀបរាប់ហេតុការណ៍ទាំងអស់ប្រាប់ពួកគេ រួចចាត់អោយទៅក្រុងយ៉ុបប៉េ។
៩ នៅថ្ងៃបន្ទាប់ អ្នកទាំងនោះធ្វើដំណើរទៅជិតដល់ក្រុងយ៉ុបប៉េ។ ប្រមាណជាថ្ងៃត្រង់ លោកពេត្រុសឡើងទៅអធិស្ឋាន*នៅលើដំបូលផ្ទះ។
១០ ពេលនោះ លោកឃ្លាន ចង់ពិសាបាយ។ កាលគេកំពុងតែរៀបចំម្ហូបចំណីជូនលោកពិសា លោកបានលង់ស្មារតី
១១ និមិត្តឃើញផ្ទៃមេឃបើកចំហ ឃើញវត្ថុម្យ៉ាងដូចកំរាលតុមួយយ៉ាងធំ ដែលមានចងចុងជាយទាំងបួនជ្រុងចុះពីលើមកដល់ដី។
១២ នៅលើកំរាលនោះ មានសត្វចតុប្បាទគ្រប់ប្រភេទ មានសត្វលូនវារ និងបក្សាបក្សី។
១៣ មានព្រះសូរសៀងបញ្ជាមកគាត់ថា៖ «ពេត្រុសអើយ! ចូរសម្លាប់សត្វទាំងនេះបរិភោគទៅ!»។
១៤ ប៉ុន្តែ លោកពេត្រុសទូលទៅវិញថា៖ «ទេ ព្រះអម្ចាស់ ទូលបង្គំពុំដែលទទួលទានអ្វីដែលវិន័យហាមឃាត់ ឬមិនបរិសុទ្ធ*ទាល់តែសោះ»។
១៥ បន្ទាប់មក លោកពេត្រុសបានឮព្រះសូរសៀងនោះជាលើកទីពីរថា៖ «អ្វីៗដែលព្រះជាម្ចាស់បានប្រោសអោយបរិសុទ្ធហើយ ចូរកុំចាត់ទុកថា វិន័យហាមឃាត់នោះឡើយ!»។
១៦ ហេតុការណ៍នេះកើតមានដល់ទៅបីដង នៅទីបំផុត វត្ថុនោះក៏ឡើងទៅលើមេឃវិញភ្លាមបាត់ទៅ។
១៧ លោកពេត្រុសកំពុងតែនឹកឆ្ងល់មិនដឹងជាត្រូវគិតដូចម្ដេច អំពីហេតុការណ៍ដែលលោកបាននិមិត្តឃើញនោះ ស្រាប់តែពួកអ្នកដែលលោកកូនេលាសចាត់អោយមក បានមកដល់មាត់ទ្វារ ទាំងសាកសួររកផ្ទះរបស់លោកស៊ីម៉ូន។
១៨ គេស្រែកសួរថា៖ «លោកស៊ីម៉ូនហៅពេត្រុសស្នាក់ក្នុងផ្ទះនេះឬទេ?»។
១៩ ពេលលោកពេត្រុសកំពុងរិះគិតអំពីហេតុការណ៍ ដែលលោកនិមិត្តឃើញនោះ ព្រះវិញ្ញាណមានព្រះបន្ទូលមកគាត់ថា៖ «មានបុរសបីនាក់កំពុងសួររកអ្នក
២០ ចូរចុះទៅក្រោមចេញដំណើរទៅជាមួយគេភ្លាមទៅ កុំរារែកឡើយ ដ្បិតយើងនេះហើយដែលបានចាត់គេអោយមក»។
២១ លោកពេត្រុសក៏ចុះទៅក្រោម មានប្រសាសន៍ទៅបុរសទាំងបីនាក់នោះថា៖ «ខ្ញុំនេះហើយដែលអ្នករាល់គ្នាកំពុងតែរក! តើអ្នកមកមានការអ្វី?»។
២២ គេឆ្លើយថា៖ «លោកកូនេលាស ជានាយទាហាន បានចាត់យើងអោយមក គាត់ជាមនុស្សសុចរិត គោរពកោតខ្លាចព្រះជាម្ចាស់ ហើយជាមនុស្សម្នាក់ដែលប្រជាជាតិយូដា សរសើរគ្រប់ៗគ្នា។ ទេវតាដ៏វិសុទ្ធមួយរូបបានមកប្រាប់គាត់អោយអញ្ជើញលោកទៅផ្ទះគាត់ ដើម្បីស្ដាប់លោកមានប្រសាសន៍»។
២៣ លោកពេត្រុសអញ្ជើញអ្នកទាំងនោះចូលក្នុងផ្ទះអោយស្នាក់នៅជាមួយ។
ព្រឹកឡើង លោកក៏ចេញដំណើរទៅជាមួយគេទាំងមានបងប្អូនខ្លះនៅក្រុងយ៉ុបប៉េ ជូនដំណើរទៅផង។
២៤ នៅថ្ងៃបន្ទាប់មកទៀត លោកបានទៅដល់ក្រុងសេសារា។ រីឯលោកកូនេលាសវិញ គាត់បានអញ្ជើញញាតិសន្ដាន និងមិត្តជិតដិតមកផ្ទះរបស់គាត់ ហើយទន្ទឹងរង់ចាំពួកលោកពេត្រុស។
២៥ ពេលលោកពេត្រុសមកដល់ លោកកូនេលាសចេញទៅទទួល ក្រាបចុះទៀបជើងលោក។
២៦ ប៉ុន្តែ លោកពេត្រុសចាប់គាត់អោយក្រោកឡើងទាំងពោលថា៖ «អញ្ជើញក្រោកឡើង ខ្ញុំក៏ជាមនុស្សដែរទេតើ!»។
២៧ លោកដើរចូលទៅខាងក្នុងបណ្ដើរ សន្ទនាជាមួយលោកកូនេលាសបណ្ដើរ។ ដោយលោកឃើញមនុស្សជាច្រើននៅជុំគ្នា
២៨ លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនជ្រាបឬទេ វិន័យ*របស់សាសនាយូដា ហាមមិនអោយសាសន៍យូដាទាក់ទងជាមួយជនបរទេស ឬក៏ចូលទៅក្នុងផ្ទះរបស់គេឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់បានបង្ហាញខ្ញុំអោយដឹងថា មិនត្រូវប្រកាន់នរណាម្នាក់ថា ជាមនុស្សដែលវិន័យហាមឃាត់មិនអោយទាក់ទង ឬជាមនុស្សមិនបរិសុទ្ធនោះឡើយ។
២៩ ហេតុនេះហើយ បានជាខ្ញុំមកភ្លាម ឥតមានជំទាស់អ្វីសោះ នៅពេលដែលបងប្អូនហៅខ្ញុំមក។ ឥឡូវនេះ សុំប្រាប់ខ្ញុំមើល៍ បងប្អូនហៅខ្ញុំមកមានការអ្វី?»។
៣០ លោកកូនេលាសមានប្រសាសន៍ថា៖ «កាលពីបីថ្ងៃមុន ពេលខ្ញុំកំពុងអធិស្ឋាន*ក្នុងផ្ទះខ្ញុំ នៅម៉ោងបីរសៀល មានបុរសម្នាក់ស្លៀកសម្លៀកបំពាក់ភ្លឺត្រចះត្រចង់មកឈរនៅមុខខ្ញុំ ហើយពោលថា
៣១ “លោកកូនេលាសអើយ ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់លោកហើយ រីឯទានរបស់លោក ក៏ព្រះអង្គមិនភ្លេចដែរ។
៣២ ឥឡូវនេះ ចូរចាត់គេអោយទៅហៅបុរសម្នាក់ឈ្មោះស៊ីម៉ូន ហៅពេត្រុស នៅក្រុងយ៉ុបប៉េមក។ គាត់ស្នាក់នៅផ្ទះរបស់លោកស៊ីម៉ូនជាអ្នកសម្លាប់ស្បែក ផ្ទះនោះស្ថិតនៅមាត់សមុទ្រ”។
៣៣ ខ្ញុំក៏បានចាត់គេអោយទៅអញ្ជើញលោកភ្លាម លោកមកដូច្នេះជាការប្រពៃណាស់។ ឥឡូវនេះ យើងខ្ញុំទាំងអស់គ្នាស្ថិតនៅទីនេះចំពោះព្រះភក្ត្រព្រះជាម្ចាស់រង់ចាំស្ដាប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានបង្គាប់មកលោក»។
សុន្ទរកថារបស់លោកពេត្រុសនៅផ្ទះលោកកូនេលាស
៣៤ ពេលនោះ លោកពេត្រុសចាប់ផ្ដើមមានប្រសាសន៍ថា៖ «ឥឡូវនេះ ខ្ញុំបានយល់យ៉ាងច្បាស់ហើយថា ព្រះជាម្ចាស់រាប់រកមនុស្សទួទៅឥតរើសមុខឡើយ
៣៥ ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន អ្នកណាក៏ដោយអោយតែគោរពកោតខ្លាចព្រះអង្គ ហើយប្រព្រឹត្តអំពើសុចរិត* ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងអ្នកនោះមិនខាន។
៣៦ ព្រះអង្គបានប្រទានព្រះបន្ទូលមកអោយជនជាតិអ៊ីស្រាអែល ដោយនាំដំណឹងល្អ*មកប្រាប់គេ អំពីសេចក្ដីសុខសាន្ត តាមរយៈព្រះយេស៊ូគ្រិស្ដ* គឺព្រះយេស៊ូនេះហើយ ដែលជាព្រះអម្ចាស់លើមនុស្សទាំងអស់។
៣៧ បងប្អូនជ្រាបហេតុការណ៍ដែលកើតឡើងនៅស្រុកយូដាទាំងមូលស្រាប់ហើយ ជាហេតុការណ៍ដែលបានចាប់ផ្ដើមនៅស្រុកកាលីឡេ គឺបន្ទាប់ពីពេលដែលលោកយ៉ូហាន បានប្រកាសអោយបណ្ដាជនទទួលពិធីជ្រមុជទឹក។
៣៨ បងប្អូនបានជ្រាបថា ព្រះជាម្ចាស់បានចាក់ព្រះវិញ្ញាណដ៏វិសុទ្ធ* និងឫទ្ធានុភាព អភិសេកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែត។ បងប្អូនក៏ជ្រាបដែរថា ព្រះយេស៊ូបានយាងពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រព្រឹត្តអំពើល្អ និងប្រោសអស់អ្នកដែលត្រូវមារ*សង្កត់សង្កិនអោយបានជា ដ្បិតព្រះជាម្ចាស់គង់ជាមួយព្រះអង្គ។
៣៩ យើងជាបន្ទាល់អំពីកិច្ចការទាំងអស់ដែលព្រះអង្គបានធ្វើ នៅក្នុងដែនដីរបស់ជនជាតិយូដា និងនៅក្រុងយេរូសាឡឹម។ ពួកគេបាននាំគ្នាធ្វើគុតព្រះអង្គដោយព្យួរនៅលើឈើ។
៤០ ព្រះជាម្ចាស់បានប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី និងប្រោសប្រទានអោយព្រះអង្គបង្ហាញខ្លួន
៤១ ដល់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើសជាមុនអោយធ្វើជាបន្ទាល់ បានឃើញ គឺយើងហ្នឹងហើយជាបន្ទាល់ដែលបានបរិភោគជាមួយព្រះអង្គ ក្រោយពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ ព្រះជាម្ចាស់ពុំបានអោយព្រះយេស៊ូបង្ហាញខ្លួនអោយប្រជារាស្ត្រទាំងមូលឃើញទេ។
៤២ ព្រះយេស៊ូបានបញ្ជាអោយយើងធ្វើជាបន្ទាល់ប្រកាសប្រាប់ប្រជាជនថា ព្រះជាម្ចាស់បានតែងតាំងព្រះអង្គអោយវិនិច្ឆ័យទោសមនុស្សរស់ និងមនុស្សស្លាប់។
៤៣ ព្យាការី*ទាំងប៉ុន្មានសុទ្ធតែបានផ្ដល់សក្ខីភាពអំពីព្រះយេស៊ូថា អស់អ្នកដែលជឿលើព្រះអង្គ នឹងទទួលការលើកលែងទោសអោយរួចពីបាប ដោយសារព្រះនាមព្រះអង្គ»។
ជនជាតិដទៃបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ
៤៤ លោកពេត្រុសកំពុងមានប្រសាសន៍នៅឡើយ ស្រាប់តែព្រះវិញ្ញាណដ៏វិសុទ្ធ*យាងចុះមកសណ្ឋិតលើអស់អ្នកដែលស្ដាប់ព្រះបន្ទូល។
៤៥ ពួកអ្នកជឿជាសាសន៍យូដា ដែលមកជាមួយលោកពេត្រុស ងឿងឆ្ងល់ណាស់ ដោយព្រះជាម្ចាស់បានចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធប្រទានអោយសាសន៍ដទៃដែរ
៤៦ ព្រោះគេបានឮសាសន៍ដទៃទាំងនោះនិយាយភាសាចំឡែកអស្ចារ្យ* ព្រមទាំងលើកតម្កើងព្រះជាម្ចាស់ផង។
៤៧ ពេលនោះ លោកពេត្រុសមានប្រសាសន៍ថា៖ «គ្មាននរណាអាចឃាត់យើង មិនអោយធ្វើពិធីជ្រមុជទឹកជូនអស់អ្នកដែលបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដូចជាយើងបានទទួលដែរនោះទេ!»។
៤៨ លោកក៏បញ្ជាអោយគេធ្វើពិធីជ្រមុជទឹកជូនអ្នកទាំងនោះ ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ*។ បន្ទាប់មក ពួកគេសុំអោយលោកស្នាក់នៅជាមួយគេ បានយូរថ្ងៃបន្តិចទៀត។