១១
លោកពេត្រុសធ្វើសេចក្ដីរាយការណ៍ជូនក្រុមអ្នកជឿនៅក្រុងយេរូសាឡឹម
១ ក្រុមសាវ័ក* និងបងប្អូននៅស្រុកយូដា ឮដំណឹងថា សាសន៍ដទៃបានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។
២ កាលលោកពេត្រុសឡើងទៅដល់ក្រុងយេរូសាឡឹមវិញ អ្នកជឿដែលជាសាសន៍យូដា នាំគ្នារិះគន់លោកថា៖
៣ «លោកបានចូលក្នុងផ្ទះសាសន៍ដទៃ ហើយក៏បានបរិភោគជាមួយពួកគេថែមទៀតផង!»។
៤ លោកពេត្រុសក៏រៀបរាប់ប្រាប់គេយ៉ាងក្បោះក្បាយថា៖
៥ «កាលខ្ញុំនៅក្រុងយ៉ុបប៉េ ក្នុងពេលអធិស្ឋាន*ខ្ញុំលង់ស្មារតី និមិត្តឃើញវត្ថុម្យ៉ាងដូចកំរាលតុមួយយ៉ាងធំ ដែលមានចងចុងជាយទាំងបួនជ្រុង ចុះពីលើមកដល់ខ្ញុំ។
៦ ពេលខ្ញុំពិនិត្យយ៉ាងដិតដល់ទៅ ខ្ញុំឃើញមានសត្វចតុប្បាទ សត្វព្រៃ សត្វលូនវារ និងបក្សាបក្សី។
៧ ខ្ញុំក៏បានឮព្រះសូរសៀងបញ្ជាមកខ្ញុំថាៈ “ពេត្រុសអើយ! ចូរសម្លាប់សត្វទាំងនេះបរិភោគទៅ!”។
៨ ប៉ុន្តែ ខ្ញុំទូលទៅវិញថាៈ “ទេ ព្រះអម្ចាស់ ទូលបង្គំពុំដែលទទួលទានអ្វីដែលវិន័យ*ហាមឃាត់ ឬមិនបរិសុទ្ធ*ទាល់តែសោះ”។
៩ ព្រះសូរសៀងនោះក៏បន្លឺចុះពីលើមេឃមក ជាលើកទីពីរថាៈ “អ្វីៗដែលព្រះជាម្ចាស់បានប្រោសអោយបរិសុទ្ធហើយ ចូរកុំចាត់ទុកថាវិន័យហាមឃាត់នោះឡើយ!”។
១០ ហេតុការណ៍នេះបានកើតមានដល់ទៅបីដង ទើបវត្ថុនោះឡើងទៅលើមេឃវិញអស់។
១១ ពេលនោះ ស្រាប់តែមានបុរសបីនាក់ ដែលគេចាត់ពីក្រុងសេសារាអោយមករកខ្ញុំ បានមកដល់ផ្ទះដែលយើងស្នាក់នៅ។
១២ ព្រះវិញ្ញាណមានព្រះបន្ទូលប្រាប់ខ្ញុំអោយចេញដំណើរទៅជាមួយគេ កុំរារែកឡើយ។ ពេលនោះ មានបងប្អូនប្រាំមួយនាក់ បានជូនដំណើរខ្ញុំទៅដែរ ហើយយើងបានទៅដល់ផ្ទះលោកកូនេលាស។
១៣ លោកបានរៀបរាប់ប្រាប់យើងថា លោកបានឃើញទេវតាមកជួបលោកនៅក្នុងផ្ទះ ទាំងពោលថាៈ “សុំលោកចាត់មនុស្សអោយទៅក្រុងយ៉ុបប៉េ រកម្នាក់ឈ្មោះស៊ីម៉ូនហៅពេត្រុស
១៤ គាត់នឹងប្រកាសព្រះបន្ទូលដែលផ្ដល់ការសង្គ្រោះអោយលោក និងក្រុមគ្រួសាររបស់លោកទាំងមូល”។
១៥ នៅពេលខ្ញុំចាប់ផ្ដើមនិយាយ ព្រះវិញ្ញាណដ៏វិសុទ្ធក៏យាងចុះមកសណ្ឋិតលើពួកគេ ដូចព្រះអង្គបានយាងចុះមកសណ្ឋិតលើយើង កាលពីដើមដំបូងនោះដែរ។
១៦ ពេលនោះ ខ្ញុំក៏នឹកឃើញព្រះបន្ទូលរបស់ព្រះអម្ចាស់ថា “លោកយ៉ូហានបានធ្វើពិធីជ្រមុជអោយគេក្នុងទឹក រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ”។
១៧ ប្រសិនបើព្រះជាម្ចាស់ប្រទានព្រះអំណោយទានដល់គេ ដូចព្រះអង្គប្រទានមកយើង ដែលជឿលើព្រះអម្ចាស់យេស៊ូគ្រិស្ដដែរនោះ តើរូបខ្ញុំនេះមានអំណាចអ្វីនឹងឃាត់ឃាំងព្រះជាម្ចាស់បាន?»។
១៨ កាលពួកអ្នកជឿបានឮសេចក្ដីទាំងនេះ គេក៏ធូរចិត្ត ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ទាំងពោលថា៖ «សូម្បីតែសាសន៍ដទៃ ក៏ព្រះជាម្ចាស់ប្រោសប្រទានអោយគេកែប្រែចិត្តគំនិត ដើម្បីទទួលជីវិតដែរ!»។
ក្រុមគ្រិស្ដបរិស័ទនៅក្រុងអន់ទីយ៉ូក
១៩ ក្រោយពីជនជាតិយូដាបានសម្លាប់លោកស្ទេផានហើយ ពួកគេក៏បៀតបៀនអ្នកជឿ ធ្វើអោយអ្នកទាំងនោះខ្ចាត់ខ្ចាយ អ្នកខ្លះទៅដល់ស្រុកភេនីស អ្នកខ្លះទៅដល់កោះគីប្រុស និងអ្នកខ្លះទៀតទៅដល់ក្រុងអន់ទីយ៉ូក។ អ្នកជឿទាំងនោះពុំបានប្រកាសព្រះបន្ទូលប្រាប់នរណាផ្សេងទៀត ក្រៅពីសាសន៍យូដាឡើយ។
២០ ក៏ប៉ុន្តែ មានអ្នកជឿខ្លះពីកោះគីប្រុស និងពីស្រុកគីរេនមកដល់ក្រុងអន់ទីយ៉ូក ហើយផ្សព្វផ្សាយដំណឹងល្អ*ស្ដីអំពីព្រះអម្ចាស់យេស៊ូ ប្រាប់ពួកអ្នកដែលនិយាយភាសាក្រិក។
២១ ព្រះអម្ចាស់បានជួយជ្រោមជ្រែងគេ ហើយមានមនុស្សដ៏ច្រើនលើសលប់បានជឿ ព្រមទាំងបែរចិត្តគំនិតមករកព្រះអម្ចាស់ផង។
២២ ក្រុមជំនុំ*នៅក្រុងយេរូសាឡឹមបានឮដំណឹងនេះ ក៏ចាត់លោកបារណាបាស អោយទៅក្រុងអន់ទីយ៉ូក។
២៣ ពេលគាត់ទៅដល់ ហើយឃើញព្រះគុណរបស់ព្រះជាម្ចាស់ដូច្នេះ គាត់ត្រេកអរសប្បាយ។ គាត់ទូន្មានគេទាំងអស់គ្នាអោយប្ដេជ្ញាចិត្តនៅស្មោះត្រង់នឹងព្រះអម្ចាស់ជានិច្ច។
២៤ លោកបារណាបាសជាមនុស្សម្នាក់មានចិត្តសប្បុរស ពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយជំនឿ។ ពេលនោះ មានបណ្ដាជនជាច្រើនបានមកចូលរួមជាមួយព្រះអម្ចាស់។
២៥ បន្ទាប់មកទៀត លោកបារណាបាសចេញដំណើរទៅរកលោកសូល នៅក្រុងតើសុស។
២៦ កាលបានជួបហើយ គាត់ក៏នាំលោកមកក្រុងអន់ទីយ៉ូក។ លោកទាំងពីរបានរស់នៅជាមួយក្រុមជំនុំ អស់រយៈពេលមួយឆ្នាំហើយបង្រៀនបណ្ដាជនជាច្រើនផង។ នៅក្រុងអន់ទីយ៉ូកនោះហើយ ដែលគេហៅពួកសិស្ស* ជាលើកទីមួយថា «គ្រិស្ដបរិស័ទ»។
២៧ នៅគ្រានោះ មានពួកព្យាការី*ធ្វើដំណើរចុះពីក្រុងយេរូសាឡឹម មកដល់ក្រុងអន់ទីយ៉ូក។
២៨ ក្នុងចំណោមព្យាការីទាំងនោះ មានម្នាក់ឈ្មោះអកាប៊ូស។ ដោយព្រះវិញ្ញាណបានបំភ្លឺ គាត់ក្រោកឡើងប្រាប់ពួកអ្នកជឿអោយដឹងថា បន្តិចទៀតនឹងមានកើតទុរ្ភិក្សនៅលើផែនដីទាំងមូល (ទុរ្ភិក្សនោះក៏កើតមានមែន គឺនៅក្នុងរជ្ជកាលព្រះចៅអធិរាជក្លូឌាស)។
២៩ ពួកសិស្ស*នាំគ្នាសំរេចចិត្តផ្ញើជំនួយ តាមសមត្ថភាពរៀងៗខ្លួន ទៅជូនបងប្អូននៅស្រុកយូដា។
៣០ គេបានប្រមូលប្រាក់ ហើយផ្ញើតាមលោកបារណាបាស និងលោកសូលយកទៅជូនពួកព្រឹទ្ធាចារ្យ*។