១០
ទេវតាប្រកាសប្រាប់លោកដានីយ៉ែលអំពីព្រឹត្តិការណ៍ដែលនឹងកើតមាននៅគ្រាចុងក្រោយ
១ នៅឆ្នាំទីបីនៃរជ្ជកាលព្រះចៅស៊ីរូស ជាស្ដេចរបស់ចក្រភពពែរ្ស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកដានីយ៉ែល ហៅបេលថិស្សាសារ។ ព្រះបន្ទូលនេះជាសេចក្ដីពិតដែលប្រកាសពីគ្រាមួយដ៏សែនលំបាក។ លោកដានីយ៉ែលរិះគិតពិចារណាអំពីព្រះបន្ទូលនេះ ហើយយល់អត្ថន័យរបស់និមិត្តហេតុដ៏អស្ចារ្យដែលលោកបានឃើញ។
២ នៅគ្រានោះ ខ្ញុំដានីយ៉ែល បានកាន់ទុក្ខអស់រយៈពេលបីអាទិត្យ។
៣ ខ្ញុំមិនបានទទួលទានអ្វីៗដែលខ្ញុំចូលចិត្តទេ គឺខ្ញុំមិនបានទទួលទានសាច់ ឬស្រាសោះឡើយ ហើយក៏ពុំបានលាបប្រេងក្រអូបអ្វីដែរ រហូតទាល់តែចប់រយៈពេលបីអាទិត្យនោះ។
៤ នៅថ្ងៃទីម្ភៃបួននៃខែទីមួយ ពេលខ្ញុំស្ថិតនៅមាត់ទន្លេធំ គឺទន្លេហ៊ីដេកែល
៥ ខ្ញុំក្រឡេកមើលទៅ ឃើញមនុស្សម្នាក់មានសម្លៀកបំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ហើយមានខ្សែក្រវាត់មាសពីស្រុកអ៊ូផាសនៅចង្កេះផង។
៦ រូបកាយរបស់លោកភ្លឺចាំងដូចត្បូងប៊ុតលឿង ផ្ទៃមុខលោកភ្លឺផ្លេកដូចផ្លេកបន្ទោរ ភ្នែកលោកប្រៀបបាននឹងភ្លើងគប់ ដៃជើងរបស់លោកប្រៀបបាននឹងលង្ហិនដែលគេខាត់យ៉ាងរលោង ហើយសំឡេងរបស់លោកឮសូរអឹងកងដូចសំឡេងមនុស្សយ៉ាងច្រើន។
៧ ខ្ញុំដានីយ៉ែលបានឃើញនិមិត្តហេតុដ៏អស្ចារ្យនេះតែម្នាក់ឯង ដ្បិតអស់អ្នកដែលនៅជាមួយខ្ញុំពុំបានឃើញទេ ពួកគេភិតភ័យជាខ្លាំង ហើយនាំគ្នារត់ពួនអស់។
៨ ពេលខ្ញុំឃើញនិមិត្តហេតុដ៏អស្ចារ្យបំផុតនេះ ខ្ញុំនៅតែម្នាក់ឯង ទន់ដៃទន់ជើងផ្ទៃមុខខ្ញុំក៏ស្លេកស្លាំង ហើយខ្ញុំលែងមានកម្លាំងកំហែងទៀត។
៩ ខ្ញុំបានឮលោកនិយាយ ហើយសំឡេងរបស់លោកធ្វើអោយខ្ញុំលង់ស្មារតី ខ្ញុំក្រាបចុះអោនមុខដល់ដី។
១០ ពេលនោះ មានដៃមួយពាល់ខ្ញុំ ធ្វើអោយខ្ញុំលុតជង្គង់ និងច្រត់ដៃឡើងទាំងញាប់ញ័រ។
១១ លោកនោះពោលមកខ្ញុំថា៖ «លោកដានីយ៉ែលអើយ ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងលោកខ្លាំងណាស់ សុំពិចារណាអោយយល់សេចក្ដីដែលខ្ញុំនឹងថ្លែងប្រាប់លោក។ សុំក្រោកឈរនៅកន្លែងដែលលោកឈរពីមុននោះឡើងវិញ ដ្បិតឥឡូវនេះ ព្រះជាម្ចាស់ចាត់ខ្ញុំអោយមកជួបលោក»។ ពេលលោកកំពុងតែមានប្រសាសន៍ ខ្ញុំក៏ក្រោកឈរឡើងវិញទាំងញាប់ញ័រ។
១២ លោកនោះពោលមកខ្ញុំទៀតថា៖ «លោកដានីយ៉ែលអើយ កុំភ័យខ្លាចអី! តាំងពីថ្ងៃដំបូងដែលលោកមានបំណងចង់យល់សេចក្ដីទាំងនោះ ហើយបន្ទាបខ្លួននៅចំពោះព្រះភក្ត្រព្រះរបស់លោក ទ្រង់ក៏ព្រះសណ្ដាប់ឮពាក្យរបស់លោក ហេតុនេះបានជាខ្ញុំមកជួបលោក។
១៣ ទេវតាថែរក្សាចក្រភពពែរ្សបានតទល់នឹងខ្ញុំ អស់រយៈពេលម្ភៃមួយថ្ងៃ។ បន្ទាប់មក មហាទេវតាមីកែល ដែលជាមេដ៏សំខាន់របស់ពពួកទេវតាបានមកជួយខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅទីនេះ ជាមួយស្ដេចនានារបស់ជនជាតិពែរ្ស។
១៤ ខ្ញុំមកពន្យល់ប្រាប់លោកអោយដឹងអំពីហេតុការណ៍ ដែលនឹងកើតមានចំពោះប្រជាជនរបស់លោកទៅអនាគត ដ្បិតមាននិមិត្តហេតុអស្ចារ្យមួយ សំរាប់គ្រានោះដែរ»។
១៥ ពេលលោកកំពុងរៀបរាប់សេចក្ដីទាំងនោះប្រាប់ខ្ញុំ ខ្ញុំអោនមុខចុះ នៅស្ងៀម
១៦ ស្រាប់តែមានម្នាក់ដូចបុត្រមនុស្សពាល់បបូរមាត់ខ្ញុំ ហើយខ្ញុំក៏ហាមាត់និយាយទៅកាន់លោកម្នាក់ដែលស្ថិតនៅខាងមុខខ្ញុំនោះថា៖ «លោកម្ចាស់អើយ ព្រោះតែនិមិត្តហេតុដ៏អស្ចារ្យនោះ ខ្ញុំប្របាទតប់ប្រមល់ក្នុងចិត្តគ្មានកម្លាំងកំហែងទៀតទេ។
១៧ តើខ្ញុំប្របាទនិយាយទៅកាន់លោកម្ចាស់ដូចម្ដេចកើត បើឥឡូវនេះ ខ្ញុំប្របាទគ្មានកម្លាំងសោះ ហើយដង្ហើមរបស់ខ្ញុំប្របាទក៏ខ្សោយដែរ»។
១៨ ពេលនោះ លោកដែលមានទ្រង់ទ្រាយដូចមនុស្សបានពាល់ខ្ញុំសាជាថ្មី ធ្វើអោយខ្ញុំមានកម្លាំងឡើងវិញ។
១៩ រួចហើយលោកពោលមកខ្ញុំថា៖ «កុំភ័យខ្លាចអី ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងលោកខ្លាំងណាស់ សូមអោយលោកបានប្រកបដោយសេចក្ដីសុខសាន្ត! ចូរមានកម្លាំងមាំមួនឡើង!»។ ពេលលោកមានប្រសាសន៍មកខ្ញុំដូច្នេះ ខ្ញុំក៏មានកម្លាំងឡើងវិញ ហើយជំរាបលោកថា៖ «សូមលោកម្ចាស់មានប្រសាសន៍មកខ្ញុំប្របាទចុះ ព្រោះលោកម្ចាស់ធ្វើអោយខ្ញុំប្របាទមានកម្លាំងហើយ»។
២០ លោកពោលមកខ្ញុំថា៖ «តើលោកដឹងឬទេ ហេតុអ្វីបានជាខ្ញុំមករកលោក? ឥឡូវនេះ ខ្ញុំត្រូវត្រឡប់ទៅប្រយុទ្ធនឹងទេវតាថែរក្សាចក្រភពពែរ្សវិញ។ ពេលខ្ញុំចេញទៅនោះទេវតាថែរក្សាអាណាចក្រក្រិកនឹងមកដល់។
២១ ប៉ុន្តែ ខ្ញុំចង់ជំរាបលោកអោយដឹង អំពីសេចក្ដីដែលមានចែងទុកនៅក្នុងក្រាំងនៃសេចក្ដីពិតនេះសិន។ ក្រៅពីមហាទេវតាមីកែល ជាទេវតាថែរក្សាអ៊ីស្រាអែល គ្មាននរណាម្នាក់បានជួយខ្ញុំ តទល់នឹងពួកនោះទេ។