១១
១ រីឯខ្ញុំវិញ នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅដារីយុស ជាជនជាតិមេឌី ខ្ញុំបានស្ថិតនៅជាមួយមហាទេវតាមីកែល ដើម្បីជួយគាំទ្រលោក។
២ ឥឡូវនេះ ខ្ញុំសូមប្រាប់សេចក្ដីពិតជូនលោកដូចតទៅ:
ចំបាំងរវាងស្ដេចនៃអាណាចក្រខាងជើង និងស្ដេចនៃអាណាចក្រខាងត្បូង
ស្ដេចបីអង្គនឹងឡើងគ្រងរាជ្យ លើចក្រភពពែរ្ស បន្ទាប់មក មានស្ដេចទីបួនដែលប្រមូលបានទ្រព្យសម្បត្តិច្រើនជាងស្ដេចឯទៀតៗ។ ពេលស្ដេចនោះមានអំណាចរឹងប៉ឹង ដោយសារទ្រព្យសម្បត្តិដ៏ច្រើន ស្ដេចក៏ប្រើគ្រប់មធ្យោបាយធ្វើសឹកនឹងអាណាចក្រក្រិក។
៣ ប៉ុន្តែ នឹងមានស្ដេចមួយអង្គទៀតដ៏ពូកែឡើងគ្រងរាជ្យ ប្រកបដោយឫទ្ធិអំណាចជាខ្លាំង ហើយស្ដេចនេះធ្វើអ្វីៗបានស្រេចតែនឹងចិត្ត។
៤ ពេលស្ដេចបានថ្កុំថ្កើងឡើង ចក្រភពរបស់ស្ដេចត្រូវបាក់បែកជាបួនចំណែក។ ព្រះរាជវង្សរបស់ស្ដេចនឹងមិនស្នងរាជសម្បត្តិឡើយ ដ្បិតរាជសម្បត្តិនោះ ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់អ្នកផ្សេង តែអ្នកទាំងនោះពុំមានឫទ្ធិអំណាចដូចស្ដេចមុនទេ។
៥ ស្ដេចរបស់អាណាចក្រខាងត្បូងនឹងមានឫទ្ធិអំណាចយ៉ាងខ្លាំង តែមេទ័ពមួយរូបរបស់ស្ដេចនឹងមានអំណាចខ្លាំងជាង ក៏ឡើងគ្រប់គ្រងស្រុកដែរ ហើយអាណាចក្ររបស់លោកមានអំណាចខ្លាំងជាងអាណាចក្ររបស់ស្ដេចនោះ។
៦ ប៉ុន្មានឆ្នាំក្រោយមកទៀត គេនឹងចងស្ពានមេត្រីជាមួយគ្នាវិញ គឺបុត្រីរបស់ស្ដេចអាណាចក្រខាងត្បូង នឹងទៅនៅជាមួយស្ដេចរបស់អាណាចក្រខាងជើង ដើម្បីបញ្ជាក់អំពីចំណងនៃស្ពានមេត្រីនេះ។ ប៉ុន្តែ នាងរក្សាអំណាចមិនបានយូរទេ ហើយស្ដេចខាងត្បូង និងរាជវង្សក៏មិនស្ថិតស្ថេរដែរ គឺទាំងនាង ទាំងអស់អ្នកដែលហែហមនាង ទាំងបិតាទាំងអ្នកដែលជួយគាំទ្រនាង នឹងត្រូវគេប្រហារជីវិតនៅពេលនោះ។
៧ ពេលនោះ នឹងមានស្ដេចមួយអង្គដែលកើតចេញពីវង្សត្រកូលរបស់នាង ហើយស្នងរាជ្យជំនួសបិតា។ ស្ដេចនេះនឹងលើកទ័ពទៅវាយលុកបន្ទាយរបស់ស្ដេចខាងជើង ហើយមានជ័យជំនះ។
៨ ស្ដេចនាំយកជយភ័ណ្ឌទៅស្រុកអេស៊ីប គឺមានរូបព្រះ រូបសំណាកផ្សេងៗដែលធ្វើពីលោហធាតុដ៏ភ្លឺៗ និងវត្ថុដ៏មានតម្លៃធ្វើពីប្រាក់ពីមាសជាដើម។ បន្ទាប់មក ស្ដេចនេះនឹងឈប់ធ្វើសឹកសង្គ្រាមជាមួយស្ដេចខាងជើងមួយរយៈ។
៩ ក្រោយមកស្ដេចខាងជើងក៏ចេញទៅច្បាំងនឹងអាណាចក្ររបស់ស្ដេចខាងត្បូង រួចវិលត្រឡប់ទៅទឹកដីរបស់ខ្លួនវិញ។
១០ បុត្ររបស់ស្ដេចនោះនាំគ្នាលើកទ័ពទៅច្បាំងដោយប្រមូលកងពលយ៉ាងច្រើនឥតឧបមា។ បុត្រមួយអង្គវាយឆ្លងព្រំដែនដូចទឹកជំនន់ហូរយ៉ាងខ្លាំង រួចវិលត្រឡប់ទៅស្រុករបស់ខ្លួន ទាំងវាយលុកក្រុងមួយដែលមានកំពែងនៅតាមផ្លូវផង។
១១ ពេលនោះ ស្ដេចខាងត្បូងក្ដៅក្រហាយយ៉ាងខ្លាំង ក៏លើកទ័ពយ៉ាងច្រើនទៅវាយលុកស្ដេចខាងជើង ហើយកងទ័ពដ៏ច្រើនរបស់ស្ដេចខាងជើង ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចខាងត្បូង។
១២ ដោយឃើញខ្មាំងយ៉ាងច្រើនធ្លាក់ក្នុងកណ្ដាប់ដៃខ្លួនដូច្នេះ ស្ដេចក៏មានចិត្តអួតបំប៉ោង ហើយប្រហារជីវិតពួកគេរាប់ម៉ឺនរាប់សែន។ ទោះបីយ៉ាងនេះក៏ដោយ ក៏ស្ដេចនៅតែយកជ័យជំនះពុំបានដែរ។
១៣ ស្ដេចខាងជើងវិលត្រឡប់មកវិញ ទាំងលើកទ័ពច្រើនជាងមុន។ ប៉ុន្មានឆ្នាំក្រោយមក ស្ដេចខាងជើងនឹងលើកទ័ពយ៉ាងធំទាំងមានគ្រឿងសស្រ្ដាវុធយ៉ាងច្រើនមកជាមួយផង។
១៤ នៅគ្រានោះ នឹងមានមនុស្សជាច្រើនប្រឆាំងនឹងស្ដេចខាងត្បូង ហើយមានមនុស្សឃោរឃៅជាច្រើនក្នុងចំណោមប្រជាជនរបស់លោក លើកគ្នាបះបោរ ស្របតាមនិមិត្តហេតុដ៏អស្ចារ្យនោះ តែពួកគេពុំអាចសំរេចគំរោងការរបស់ខ្លួនបានឡើយ។
១៥ ទ័ពស្ដេចខាងជើងកាន់តែរុលទៅមុខ គេលើកដីយ៉ាងខ្ពស់ព័ទ្ធជុំវិញក្រុងមួយ ដែលមានកំពែងរឹងមាំ ហើយវាយយកក្រុងនោះ។ កងទ័ពរបស់ស្ដេចខាងត្បូង និងកងពលដ៏ពូកែៗរបស់ពួកគេ ពុំមានកម្លាំងអាចទប់ទល់បានឡើយ។
១៦ ស្ដេចខាងជើងក៏វាយលុកពួកគេ ហើយប្រព្រឹត្តចំពោះពួកគេតាមអំពើចិត្ត គ្មាននរណាតទល់បានទាល់តែសោះ រួចស្ដេចក៏ឈប់ត្រឹមស្រុកដ៏ស្អាត ហើយកំទេចអ្វីៗទាំងអស់ដែលស្ដេចជួបប្រទះ។
១៧ ស្ដេចខាងជើងមានបំណងទៅជួបស្ដេចខាងត្បូង ដើម្បីបង្ហាញឫទ្ធិអំណាចនៃអាណាចក្រទាំងមូលរបស់ខ្លួន និងចង់ចងស្ពានមេត្រីជាមួយស្ដេចខាងត្បូង។ ទ្រង់លើកបុត្រីអោយធ្វើជាមហេសីស្ដេចខាងត្បូង ក្នុងគោលបំណងបោកបញ្ឆោតស្ដេចនោះ តែពុំបានសំរេចដូចបំណងឡើយ។
១៨ ដូច្នេះ ស្ដេចនោះក៏បែរទៅរកកោះនានា ហើយវាយយកបានជាច្រើន។ ប៉ុន្តែ មានមេទ័ពម្នាក់មកបញ្ឈប់សកម្មភាពដ៏អាម៉ាស់របស់ស្ដេច តែស្ដេចមិនអាចធ្វើអោយគាត់ត្រូវអាម៉ាស់វិញទេ។
១៩ បន្ទាប់មក ស្ដេចវិលទៅធ្វើសឹកតាមក្រុងដែលមានកំពែង នៅស្រុករបស់ខ្លួនវិញ តែស្ដេចត្រូវបរាជ័យ ហើយវិនាសសូន្យទៅ។
២០ ស្ដេចមួយអង្គទៀតដែលឡើងស្នងរាជ្យ នឹងចាត់ជនកំណាចមួយរូបអោយទៅរឹបអូសយកទ្រព្យពីវិមានដ៏ថ្កុំថ្កើងជាងគេក្នុងអាណាចក្រ។ ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក ស្ដេចនោះនឹងត្រូវវិនាសតែ មិនមែនដោយការបះបោរ ឬដោយសង្គ្រាមទេ។
២១ ពេលនោះ មានមនុស្សម្នាក់គួរអោយមាក់ងាយ ឡើងសោយរាជ្យ ដោយឥតនរណាអភិសេកជាស្ដេច។ ស្ដេចថ្មីនេះដណ្ដើមយករាជសម្បត្តិបាន ក្នុងគ្រាមានសុខសាន្តត្រាណដោយប្រើកលល្បិច។
២២ កងទ័ពដ៏ខ្លាំងពូកែដែលមកលុកលុយស្រុក នឹងត្រូវចុះចាញ់ស្ដេចនោះ ហើយសូម្បីតែមហាបូជាចារ្យរបស់ប្រជារាស្ត្រនៃសម្ពន្ធមេត្រីក៏បរាជ័យដែរ។
២៣ ស្ដេចនោះនឹងចងសម្ពន្ធមិត្តជាមួយអ្នកឯទៀតៗដើម្បីបោកប្រាស់ពួកគេ ហើយពង្រឹងអំណាចកាន់តែខ្លាំងឡើងៗ ទោះបីមានបក្សពួកតិចក៏ដោយ។
២៤ ក្នុងឱកាសដែលគេកំពុងតែមានសន្តិភាព ស្ដេចនោះឆ្លៀតពង្រីកទឹកដី រហូតទៅដល់ស្រុកដែលមានជីជាតិច្រើនជាងគេក្នុងអាណាខេត្ត ហើយទ្រង់ប្រព្រឹត្តអំពើដែលពួកអយ្យកោពុំបានប្រព្រឹត្ត គឺទ្រង់រឹបអូសរបស់របរ និងទ្រព្យសម្បត្តិរបស់គេចែកអោយបក្សពួកខ្លួន។ ស្ដេចប្រើល្បិចកិច្ចកលផ្សេងៗ ដើម្បីវាយលុកបន្ទាយនានា តែការនេះកើតមានមួយរយៈប៉ុណ្ណោះ។
២៥ ដោយអាងលើកម្លាំង និងចិត្តក្លាហានរបស់ខ្លួន ស្ដេចនោះលើកទ័ពទៅវាយស្ដេចខាងត្បូង។ ស្ដេចខាងត្បូងក៏លើកទ័ពយ៉ាងសន្ធឹកសន្ធាប់ និងខ្លាំងពូកែមកតទល់ តែពុំអាចយកជ័យជំនះបានឡើយ ព្រោះស្ដេចខាងជើងប្រើល្បិចកិច្ចកលផ្សេងៗប្រឆាំងស្ដេចខាងត្បូង
២៦ គឺពួកជំនិតរបស់ស្ដេចផ្ទាល់នឹងនាំគ្នាក្បត់ស្ដេច ធ្វើអោយទ័ពរបស់ស្ដេចត្រូវបរាជ័យ ហើយទាហានមួយចំនួនធំត្រូវស្លាប់បាត់បង់ជីវិត។
២៧ បន្ទាប់មក ស្ដេចទាំងពីរអង្គុយចរចាជាមួយគ្នា តែដោយគំនិតរបស់គេសុទ្ធតែអាក្រក់ គេពោលពាក្យកុហកគ្នាទៅវិញទៅមក។ ដូច្នេះ ការចរចារបស់គេពុំអាចបានផលអ្វីឡើយ ដ្បិតមិនទាន់ដល់គ្រាបញ្ចប់ដែលបានកំណត់ទុក។
២៨ ស្ដេចខាងជើងក៏វិលត្រឡប់ទៅស្រុកវិញ ទាំងនាំទ្រព្យសម្បត្តិយ៉ាងច្រើនទៅជាមួយផង។ ពេលនោះ ស្ដេចនឹងធ្វើបាបប្រជារាស្ត្រនៃសម្ពន្ធមេត្រីដ៏វិសុទ្ធ តាមគំរោងការរបស់ខ្លួន រួចបន្តដំណើរវិលទៅស្រុករបស់ខ្លួនវិញ។
២៩ លុះដល់ពេលកំណត់ ស្ដេចខាងជើងក៏លើកទ័ពទៅវាយអាណាចក្រខាងត្បូងសាជាថ្មី ប៉ុន្តែ លើកនេះពុំដូចគ្រាមុនទេ
៣០ គឺមាននាវាជាច្រើនពីស្រុកគីទីមមកច្បាំងនឹងស្ដេច ធ្វើអោយស្ដេចបាក់ទឹកចិត្ត ហើយដកទ័ពថយទៅវិញ។ តាមផ្លូវស្ដេចខ្ញាល់ជាខ្លាំង ហើយក៏ធ្វើបាបប្រជារាស្ត្រនៃសម្ពន្ធមេត្រីដ៏វិសុទ្ធ ដោយរួមគំនិតជាមួយអស់អ្នកដែលក្បត់សម្ពន្ធមេត្រីដ៏វិសុទ្ធ។
៣១ ពេលនោះ កងទ័ពដែលស្ថិតនៅក្រោមបញ្ជារបស់ស្ដេច នឹងនាំគ្នាបន្ថោកបន្ទាយដែលជាទីសក្ការៈ ហើយបញ្ឈប់ការថ្វាយយញ្ញបូជាប្រចាំថ្ងៃ ហើយយកវត្ថុចង្រៃដ៏គួរស្អប់ខ្ពើមមកតាំងជំនួសវិញ។
៣២ ស្ដេចនោះនឹងពោលពាក្យបញ្ចើចបញ្ចើ ល្បួងអស់អ្នកដែលក្បត់សម្ពន្ធមេត្រី។ ប៉ុន្តែ ប្រជាជនដែលស្គាល់ព្រះជាម្ចាស់នឹងកាន់ចិត្តរឹងប៉ឹង។
៣៣ ពួកអ្នកមានប្រាជ្ញាក្នុងចំណោមប្រជាជន នឹងនាំគ្នាអប់រំមនុស្សជាច្រើន។ ក៏ប៉ុន្តែ ក្នុងពេលមួយរយៈ ក្នុងចំណោមអ្នកមានប្រាជ្ញាទាំងនោះ មានអ្នកខ្លះត្រូវគេសម្លាប់ ត្រូវគេដុត ត្រូវគេកៀរយកទៅជាឈ្លើយ ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិមួយរយៈ។
៣៤ ក្នុងពេលដែលគេធ្វើបាបអ្នកទាំងនោះ នឹងមានអ្នកខ្លះមកជួយបន្តិចដែរ។ មនុស្សជាច្រើននឹងមកចូលរួមជាមួយអ្នកទាំងនោះ តែដោយប្រើកលល្បិច។
៣៥ ក្នុងចំណោមអ្នកមានប្រាជ្ញា នឹងមានអ្នកខ្លះបាត់បង់ជីវិត ដើម្បីអោយពួកគេបានស្អាតបរិសុទ្ធ និងបានសស្គុសរហូតដល់គ្រាចុងក្រោយ ដ្បិតគ្រានោះ នឹងកើតមានតាមពេលកំណត់។
៣៦ ស្ដេចនោះធ្វើអ្វីៗបានស្រេចតែនឹងចិត្ត គឺអួតបំប៉ោងលើកខ្លួនឡើងធំជាងព្រះទាំងឡាយទៅទៀត ហើយក៏ពោលពាក្យព្រហើនៗទាស់នឹងព្រះលើព្រះនានាផង។ ស្ដេចនោះនឹងចំរើនមាំមួនឡើង រហូតទាល់តែព្រះពិរោធកើនដល់កំរិត ដ្បិតហេតុការណ៍អ្វីដែលព្រះជាម្ចាស់គ្រោងទុកត្រូវតែបានសំរេច។
៣៧ ស្ដេចនោះមិនយោគយល់ដល់ព្រះ ដែលអយ្យកោរបស់ខ្លួនធ្លាប់គោរព ហើយក៏មិនយោគយល់ដល់ព្រះដែលពួកស្ត្រីៗស្រឡាញ់ដែរ គឺស្ដេចមិនយោគយល់ដល់ព្រះណាឡើយ ព្រោះទ្រង់តម្កើងខ្លួនឯងទុកជាធំ លើសអ្វីៗទាំងអស់។
៣៨ ក៏ប៉ុន្តែ ស្ដេចនោះគោរពព្រះមួយ ជាព្រះការពារបន្ទាយ ហើយយកមាស ប្រាក់ ត្បូង ពេជ្រ និងរបស់ដ៏មានតម្លៃទៅថ្វាយ។ អយ្យកោរបស់ស្ដេចមិនដែលស្គាល់ព្រះនេះទេ។
៣៩ ស្ដេចទៅវាយទីតាំងទ័ពរបស់សាសន៍នានា ដោយពឹងផ្អែកលើព្រះនៃជនបរទេស។ ស្ដេចលើកកិត្តិយសអស់អ្នកដែលទទួលស្គាល់ព្រះនេះ ហើយអោយពួកគេគ្រប់គ្រងលើមនុស្សជាច្រើន ព្រមទាំងចែកទឹកដីអោយពួកគេជារង្វាន់ផង។
៤០ នៅគ្រាចុងក្រោយ ស្ដេចខាងត្បូងនឹងទៅប្រយុទ្ធនឹងស្ដេចខាងជើង។ ស្ដេចខាងជើងក៏លើកទ័ពទៅវាយសំរុកស្ដេចខាងត្បូងដោយប្រើរទេះចំបាំង ទ័ពសេះ និងនាវាចំបាំងជាច្រើន។ ស្ដេចនោះនាំពលទ័ពយ៉ាងគគ្រឹកគគ្រេងឆ្លងព្រំដែនចូលទៅក្នុងស្រុកនានាដូចទឹកជំនន់
៤១ គឺឆ្លងកាត់ស្រុកដែលស្អាតជាងគេ ហើយប្រហារជីវិតមនុស្សជាច្រើន តែជនជាតិអេដុម ជនជាតិម៉ូអាប់ ព្រមទាំងអ្នកដឹកនាំសំខាន់ៗរបស់ជនជាតិអាំម៉ូន នឹងគេចផុតពីកណ្ដាប់ដៃរបស់ស្ដេច។
៤២ ស្ដេចនោះនឹងវាតអំណាចទៅលើស្រុកនានា ហើយសូម្បីតែស្រុកអេស៊ីបក៏គេចមិនផុតដែរ។
៤៣ ស្ដេចនឹងយកទ្រព្យសម្បត្តិនៅស្រុកអេស៊ីបមកធ្វើជាកម្មសិទ្ធិ គឺមាស ប្រាក់ និងរបស់របរដ៏មានតម្លៃ។ ជនជាតិលីប៊ី និងជនជាតិអេត្យូពីនឹងសុំធ្វើជាចំណុះរបស់ស្ដេចនោះ។
៤៤ បន្ទាប់មក មានលេចឮដំណឹងអំពីហេតុការណ៍ដែលកើតឡើងនៅបូព៌ាប្រទេស និងស្រុកខាងជើងបណ្ដាលអោយស្ដេចបារម្ភក្រៃលែង។ ស្ដេចពោរពេញដោយកំហឹងយ៉ាងខ្លាំង ក៏លើកទ័ពទៅកំទេចស្រុកនានា ព្រមទាំងសម្លាប់រង្គាលមនុស្សជាច្រើន។
៤៥ ស្ដេចនឹងសង់ពន្លានៅចន្លោះសមុទ្រទាំងពីរ គឺនៅជិតភ្នំដ៏រុងរឿងវិសុទ្ធ។ បន្ទាប់មក ស្ដេចនោះក៏បាត់បង់ជីវិតទៅ ដោយឥតមាននរណាជួយឡើយ។