១០
ព្រះអម្ចាស់​អត់ទោស​អោយ​ប្រជាជន​អ៊ីស្រាអែល
១ «នៅ​គ្រា​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា: “ចូរ​ដាប់​ថ្ម​ពីរ​បន្ទះ ដូច​បន្ទះ​ថ្ម​មុន រួច​ឡើង​ទៅ​ជួប​យើង​នៅ​លើ​ភ្នំ។ ចូរ​ធ្វើ​ហិប​មួយ​ពី​ឈើ​ដែរ។ ២ យើង​នឹង​សរសេរ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចារឹក​លើ​បន្ទះ​ថ្ម​ពី​មុន នៅ​លើ​បន្ទះ​ថ្ម​ថ្មី ហើយ​អ្នក​ត្រូវ​ទុក​បន្ទះ​ថ្ម​នេះ​នៅ​ក្នុង​ហិប”។ ៣ ខ្ញុំ​ក៏​បាន​ធ្វើ​ហិប​មួយ​ពី​ឈើ​នាងនួន ហើយ​ដាប់​ថ្ម​ពីរ​បន្ទះ​ដូច​បន្ទះ​ថ្ម​មុន​ដែរ រួច​ខ្ញុំ​ឡើង​ទៅ​លើ​ភ្នំ ដោយ​កាន់​ថ្ម​ទាំង​ពីរ​បន្ទះ​ទៅ​ជា​មួយ​ផង។ ៤  ព្រះអម្ចាស់​បាន​ចារ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​លើ​បន្ទះ​ថ្ម​មុន លើ​បន្ទះ​ថ្ម​ថ្មី​នេះ គឺ​បទ​បញ្ជា​ទាំង​ដប់​ប្រការ​ ដែល​ព្រះអង្គ​បាន​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា​ពី​ក្នុង​ភ្លើង នៅ​លើ​ភ្នំ ក្នុង​ពេល​អ្នក​រាល់​គ្នា​ជួបជុំ​គ្នា រួច​ហើយ​ព្រះអម្ចាស់​ប្រគល់​បន្ទះ​ថ្ម​ទាំង​ពីរ​មក​អោយ​ខ្ញុំ។ ៥ ខ្ញុំ​ចុះ​ពី​ភ្នំ​មក​វិញ ដាក់​បន្ទះ​ថ្ម​នៅ​ក្នុង​ហិប​ដែល​ខ្ញុំ​បាន​ធ្វើ ហើយ​បន្ទះ​ថ្ម​ក៏​នៅ​ក្នុង​ហិប​នោះ​រហូត ដូច​ព្រះអម្ចាស់​បាន​បង្គាប់​មក​ខ្ញុំ»។
៦ ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ដំណើរ​ពី​ប្អៀរ៉ូត-បេនេយ៉ាកាន​ឆ្ពោះ​ទៅ​ម៉ូសេរ៉ា។ នៅ​ទី​នោះ លោក​អើរ៉ុន​បាន​ទទួល​មរណភាព ហើយ​គេ​ក៏​បញ្ចុះ​សព​លោក។ លោក​អេឡាសារ ជា​កូន បាន​ទទួល​មុខងារ​ជា​បូជាចារ្យ​បន្ត​ពី​លោក។ ៧ បន្ទាប់​មក ពួក​គេ​ចេញ​ដំណើរ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​គុតកូថា ហើយ​ចេញ​ពី​គុតកូថា ឆ្ពោះ​ទៅ​កាន់​យ៉ុតបាថា ជា​ស្រុក​ដែល​មាន​ទឹក​អូរ​ច្រើន។ ៨ នៅ​គ្រា​នោះ ព្រះអម្ចាស់​បាន​ញែក​កុលសម្ព័ន្ធ​លេវី​ទុក​ដោយ​ឡែក ដើម្បី​អោយ​ពួក​គេ​សែង​ហិប​នៃ​សម្ពន្ធមេត្រី*​របស់​ព្រះអម្ចាស់ អោយ​ពួក​គេ​បំរើ​ព្រះអង្គ និង​ជូន​ពរ​ដល់​ប្រជាជន​ក្នុង​នាម​ព្រះអង្គ ដូច​ពួក​គេ​បាន​ធ្វើ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ៩ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​លេវី​គ្មាន​ចំណែក​មត៌ក​អ្វី រួម​ជា​មួយ​បង​ប្អូន​របស់​ខ្លួន​ឡើយ ដ្បិត​ព្រះអម្ចាស់​ផ្ទាល់​ជា​ចំណែក​មត៌ក​របស់​ពួក​គេ ដូច​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក មាន​ព្រះបន្ទូល​ប្រាប់​ពួក​គេ។
១០ «ខ្ញុំ​ស្ថិត​នៅ​លើ​ភ្នំ​ចំនួន​សែសិប​ថ្ងៃ សែសិប​យប់​ដូច​ពី​មុន។ ព្រះអម្ចាស់​យល់​ព្រម​ស្ដាប់​តាម​ពាក្យ​ទូលអង្វរ​របស់​ខ្ញុំ​សា​ជា​ថ្មី ព្រះអង្គ​មិន​ចង់​បំផ្លាញ​អ្នក​ទេ។ ១១  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា: “ចូរ​ក្រោក​ឡើង ដើរ​នាំ​មុខ​ប្រជាជន​នេះ។ ចូរ​អោយ​ពួក​គេ​ចូល​កាន់​កាប់​ទឹក​ដី ដែល​យើង​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ​ថា នឹង​ប្រគល់​អោយ​ពួក​គេ”»។
ការ​ទូន្មាន​អោយ​ស្រឡាញ់ និង​ស្ដាប់​បង្គាប់​ព្រះអម្ចាស់
១២ ឥឡូវ​នេះ អ៊ីស្រាអែល​អើយ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក សព្វ​ព្រះហឫទ័យ​អោយ​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គ ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ ហើយ​អោយ​អ្នក​ស្រឡាញ់ និង​គោរព​បំរើ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត និង​អស់​ពី​គំនិត។ ១៣  ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​អោយ​អ្នក​កាន់​តាម​បទ​បញ្ជា និង​ច្បាប់​ផ្សេងៗ​របស់​ព្រះអង្គ ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក​នៅ​ថ្ងៃ​នេះ ដើម្បី​អ្នក​មាន​សុភមង្គល។ ១៤ ផ្ទៃ​មេឃ អាកាសវេហាស៍​ដ៏​ខ្ពស់​បំផុត និង​ផែនដី ព្រម​ទាំង​អ្វីៗ​នៅ​ទី​នោះ សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ ១៥ ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ព្រះអម្ចាស់​ជំពាក់​ព្រះហឫទ័យ និង​ស្រឡាញ់​តែ​បុព្វបុរស​របស់​អ្នក​ប៉ុណ្ណោះ។ ក្រោយ​មក ព្រះអង្គ​ក៏​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ដែល​ជា​ពូជពង្ស​របស់​ពួក​លោក​ដែរ ដូច​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ​ស្រាប់​ហើយ។ ១៦ ចូរ​ថ្វាយ​ចិត្ត​គំនិត​ទៅ​ព្រះអង្គ​ ហើយ​កុំ​មាន​ចិត្ត​រឹងរូស​អោយ​សោះ ១៧ ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ទ្រង់​ជា​ព្រះ​លើ​ព្រះ​នានា ជា​ព្រះអម្ចាស់​លើ​ព្រះអម្ចាស់​នានា។ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម ប្រកប​ដោយ​ព្រះចេស្ដា និង​គួរ​អោយ​ស្ញែង​ខ្លាច។ ព្រះអង្គ​មិន​រើស​មុខ​នរណា​ឡើយ ហើយ​ក៏​មិន​ទទួល​សំណែន​ពី​នរណា​ដែរ។ ១៨ ព្រះអង្គ​រក​យុត្តិធម៌​អោយ​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ ព្រះអង្គ​ស្រឡាញ់​ជន​បរទេស ព្រម​ទាំង​ប្រគល់​អាហារ និង​សម្លៀកបំពាក់​អោយ​ពួក​គេ។ ១៩ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​ជន​បរទេស ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​ជន​បរទេស​នៅ​ស្រុក​អេស៊ីប​ដែរ។
២០ «ចូរ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ត្រូវ​គោរព​បំរើ​ព្រះអង្គ ជំពាក់​ចិត្ត​លើ​ព្រះអង្គ ហើយ​ស្បថ​ក្នុង​នាម​ព្រះអង្គ​តែ​ប៉ុណ្ណោះ។ ២១ ចូរ​លើក​តម្កើង​តែ​ព្រះអង្គ​ប៉ុណ្ណោះ ព្រះអង្គ​ជា​ព្រះ​របស់​អ្នក គឺ​ព្រះអង្គ​ហើយ​ដែល​បាន​ធ្វើ​ការ​អស្ចារ្យ​ដ៏​ធំៗ​គួរ​ស្ញែង​ខ្លាច នៅ​ក្នុង​ចំណោម​អ្នក ដូច​អ្នក​បាន​ឃើញ​ស្រាប់។ ២២ កាល​បុព្វបុរស​របស់​អ្នក​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីប ពួក​គេ​មាន​គ្នា​តែ​ចិតសិប​នាក់​ប៉ុណ្ណោះ។ ឥឡូវ​នេះ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ធ្វើ​អោយ​អ្នក​មាន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ»។