៩
អ៊ីស្រាអែលចូលកាន់កាប់ទឹកដីបាន ព្រោះតែអំពើបាបរបស់ប្រជាជាតិនានា
១ «អ៊ីស្រាអែលអើយ ចូរស្ដាប់! ថ្ងៃនេះ អ្នកនឹងឆ្លងទន្លេយ័រដាន់ ទៅចាប់យកទឹកដីរបស់ប្រជាជាតិដែលមានគ្នាច្រើន និងមានកម្លាំងជាងអ្នក។ ក្រុងរបស់ពួកគេជាក្រុងធំៗ មានកំពែងខ្ពស់កប់ពពក។
២ ពួកគេជាប្រជាជនមាឌមាំខ្ពស់ គឺកូនចៅអណាក់ ដែលអ្នកធ្លាប់ស្គាល់ និងធ្លាប់ឮគេនិយាយថា “គ្មាននរណាអាចតទល់នឹងកូនចៅអណាក់ឡើយ”។
៣ ថ្ងៃនេះ អ្នកនឹងទទួលស្គាល់ថា ព្រះអម្ចាស់ ជាព្រះរបស់អ្នក យាងនៅមុខអ្នក ព្រះអង្គប្រៀបបាននឹងភ្លើងដ៏សន្ធោសន្ធៅ ព្រះអង្គនឹងកំទេចពួកគេ ព្រះអង្គនឹងធ្វើអោយពួកគេបរាជ័យនៅមុខអ្នក។ អ្នកនឹងដេញពួកគេចេញពីទឹកដី ហើយបំផ្លាញពួកគេភ្លាមៗ ដូចព្រះអម្ចាស់បានសន្យាជាមួយអ្នក។
៤ ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក កំចាត់ពួកគេចេញពីមុខអ្នកហើយ មិនត្រូវនឹកគិតថា ព្រះអម្ចាស់ប្រទានស្រុកនេះអោយអ្នក ព្រោះតែអ្នកសុចរិតឡើយ។ ព្រះអម្ចាស់ដេញប្រជាជាតិទាំងនោះចេញពីមុខអ្នក ព្រោះតែអំពើអាក្រក់ដែលពួកគេប្រព្រឹត្ត។
៥ អ្នកចូលកាន់កាប់ស្រុកដូច្នេះ មិនមែនមកពីអ្នកសុចរិត ឬមានចិត្តទៀងត្រង់ទេ តែព្រះអម្ចាស់ ជាព្រះរបស់អ្នកដេញប្រជាជាតិទាំងនោះចេញពីមុខអ្នក ព្រោះតែអំពើអាក្រក់របស់ពួកគេ។ ព្រះអង្គក៏ធ្វើតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ ជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នក។
៦ ដូច្នេះ ចូរទទួលស្គាល់ថា ព្រះអម្ចាស់ប្រទានទឹកដីដ៏ល្អនេះអោយអ្នកទុកជាកម្មសិទ្ធិ មិនមែនមកពីអ្នកសុចរិតទេ ដ្បិតអ្នកជាប្រជាជនដែលមានចិត្តរឹងរូស»។
កូនគោមាសៈ អ៊ីស្រាអែលប្រព្រឹត្តអំពើបាប
៧ «ចូរចងចាំ កុំអោយភ្លេចថា នៅវាលរហោស្ថាន អ្នកបានធ្វើអោយព្រះអម្ចាស់ ជាព្រះរបស់អ្នក ទ្រង់ព្រះពិរោធ គឺចាប់ពីថ្ងៃដែលអ្នកចាកចេញពីស្រុកអេស៊ីប រហូតមកដល់កន្លែងនេះ អ្នករាល់គ្នាចេះតែបះបោរប្រឆាំងនឹងព្រះអម្ចាស់ជានិច្ច។
៨ នៅភ្នំហោរែប អ្នករាល់គ្នាបានធ្វើអោយព្រះអម្ចាស់ទ្រង់ព្រះពិរោធ រហូតដល់ចង់បំផ្លាញអ្នករាល់គ្នា។
៩ នៅពេលខ្ញុំឡើងទៅលើភ្នំ ដើម្បីទទួលបន្ទះថ្ម គឺបន្ទះថ្មនៃសម្ពន្ធមេត្រី*ដែលព្រះអម្ចាស់បានចងជាមួយអ្នករាល់គ្នា ខ្ញុំស្ថិតនៅលើភ្នំ អស់រយៈពេលសែសិបថ្ងៃសែសិបយប់ ដោយមិនបានបរិភោគអាហារ ឬទឹកទេ។
១០ ព្រះអម្ចាស់ប្រគល់បន្ទះថ្មពីរមកអោយខ្ញុំ ជាបន្ទះថ្មចារដោយព្រះអង្គុលីរបស់ព្រះអង្គផ្ទាល់ មានចែងអំពីសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូលពីក្នុងភ្លើងមកកាន់អ្នករាល់គ្នានៅលើភ្នំ ក្នុងថ្ងៃដែលអ្នកជួបជុំគ្នា។
១១ សែសិបថ្ងៃសែសិបយប់ ក្រោយពេលខ្ញុំឡើងទៅជួបព្រះអម្ចាស់ ព្រះអង្គប្រទានបន្ទះថ្មនៃសម្ពន្ធមេត្រីនេះមកខ្ញុំ។
១២ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា “ចូរក្រោកឡើង ហើយចុះទៅវិញជាប្រញាប់ ដ្បិតប្រជាជនរបស់អ្នក គឺប្រជាជនដែលអ្នកនាំចេញពីស្រុកអេស៊ីប បានប្រព្រឹត្តអំពើបាបមួយយ៉ាងធ្ងន់។ ពួកគេឆាប់ងាកចេញពីមាគ៌ា ដែលយើងបង្ហាញដល់ពួកគេដោយសិតធ្វើរូបបដិមាមួយ”។
១៣ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ: “យើងបានឃើញថា ប្រជាជននេះសុទ្ធតែជាមនុស្សមានចិត្តរឹងរូស។
១៤ ចូរទុកអោយយើងបំផ្លាញពួកគេ និងលុបឈ្មោះពួកគេ អោយបាត់សូន្យពីផែនដី រួចយើងនឹងធ្វើអោយមានប្រជាជាតិមួយកើតចេញពីអ្នក ជាប្រជាជាតិខ្លាំងពូកែ ហើយមានគ្នាច្រើនជាងប្រជាជននេះ”។
១៥ ខ្ញុំក៏ចុះពីភ្នំមកវិញ ទាំងកាន់បន្ទះថ្មនៃសម្ពន្ធមេត្រីទាំងពីរផ្ទាំង។ ពេលនោះ មានភ្លើងពាសពេញលើភ្នំ។
១៦ ខ្ញុំក្រឡេកមើលទៅ ឃើញអ្នករាល់គ្នាប្រព្រឹត្តអំពើបាបប្រឆាំងនឹងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា គឺអ្នករាល់គ្នាបានសិតធ្វើរូបកូនគោមួយ អ្នករាល់គ្នាឆាប់ងាកចេញពីមាគ៌ាដែលព្រះអម្ចាស់បង្ហាញដល់អ្នករាល់គ្នា។
១៧ ខ្ញុំក៏ចាប់បន្ទះថ្មមកកាន់ក្នុងដៃទាំងពីរ ហើយបោកបន្ទះថ្មទាំងពីរនោះអោយបែក នៅចំពោះមុខអ្នករាល់គ្នា»។
រូបកូនគោមាស លោកម៉ូសេទូលអង្វរព្រះអម្ចាស់
១៨ «បន្ទាប់មក ខ្ញុំបានក្រាបនៅចំពោះព្រះភក្ត្រព្រះអម្ចាស់។ អស់រយៈពេលសែសិបថ្ងៃសែសិបយប់ ខ្ញុំមិនបរិភោគអាហារ ឬទឹក ដូចពីមុន ព្រោះតែអំពើបាបទាំងប៉ុន្មានរបស់អ្នករាល់គ្នា គឺអ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ បណ្ដាលអោយព្រះអង្គទ្រង់ព្រះពិរោធ។
១៩ ខ្ញុំភ័យខ្លាចជាខ្លាំង ដោយឃើញព្រះអម្ចាស់ទ្រង់ព្រះពិរោធ និងក្រេវក្រោធចំពោះអ្នករាល់គ្នា រហូតដល់មានបំណងបំផ្លាញអ្នករាល់គ្នា។ ប៉ុន្តែ នៅលើកនេះទៀត ព្រះអម្ចាស់ឆ្លើយតបនឹងពាក្យទូលអង្វររបស់ខ្ញុំ។
២០ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងលោកអើរ៉ុនយ៉ាងខ្លាំងដែរ រហូតដល់មានបំណងបំផ្លាញគាត់ទៀតផង។ នៅគ្រានោះ ខ្ញុំក៏បានទូលអង្វរព្រះអង្គអោយលោកអើរ៉ុនដែរ។
២១ ខ្ញុំបានយករូបកូនគោ ដែលជាស្នាដៃនៃអំពើបាបរបស់អ្នករាល់គ្នានោះ ទៅដុតកំទេចក្នុងភ្លើងអោយម៉ដ្ដដូចធូលីដី ហើយបោះចោលទៅក្នុងទឹកជ្រោះដែលហូរចុះពីលើភ្នំ។
២២ នៅតាបេរ៉ា នៅម៉ាសា និងនៅគីប្រូត-ហាតាវ៉ា អ្នករាល់គ្នាក៏បានធ្វើអោយព្រះអម្ចាស់ទ្រង់ព្រះពិរោធដែរ។
២៣ ព្រះអម្ចាស់បង្គាប់អ្នករាល់គ្នានៅកាដែស-បារនា ថា “ចូរទៅចាប់យកទឹកដី ដែលយើងប្រគល់អោយអ្នករាល់គ្នាចុះ!”។ ប៉ុន្តែ អ្នករាល់គ្នាបានបះបោរប្រឆាំងនឹងបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ អ្នករាល់គ្នាពុំបានជឿលើព្រះអង្គ ហើយពុំស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គទេ។
២៤ តាំងពីខ្ញុំស្គាល់អ្នករាល់គ្នាមក អ្នករាល់គ្នាបះបោរប្រឆាំងនឹងព្រះអម្ចាស់ជានិច្ច។
២៥ ខ្ញុំក្រាបនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ អស់រយៈពេលសែសិបថ្ងៃ សែសិបយប់ ដ្បិតព្រះអង្គមានព្រះបន្ទូលថា ព្រះអង្គមានបំណងបំផ្លាញអ្នករាល់គ្នា។
២៦ ខ្ញុំបានទូលអង្វរព្រះអម្ចាស់ថា: “បពិត្រព្រះជាអម្ចាស់ សូមកុំបំផ្លាញប្រជាជននេះឡើយ។ ពួកគេជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ ព្រះអង្គបានរំដោះពួកគេ ដោយព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ ព្រះអង្គបាននាំពួកគេចេញពីស្រុកអេស៊ីប ដោយព្រះបារមីរបស់ព្រះអង្គ។
២៧ សូមនឹកដល់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាអ្នកបំរើរបស់ព្រះអង្គ។ សូមកុំដាក់ទោសប្រជាជននេះ ព្រោះតែចិត្តរឹងរូស ចិត្តអាក្រក់ ព្រមទាំងអំពើបាបរបស់ពួកគេឡើយ
២៨ ក្រែងលោអ្នកស្រុកអេស៊ីបពោលថា ព្រះអម្ចាស់គ្មានអំណាចនឹងនាំប្រជាជននេះចូលទៅក្នុងទឹកដីសន្យាទេ ព្រះអង្គស្អប់ពួកគេបានជាព្រះអង្គនាំពួកគេចេញទៅសម្លាប់នៅវាលរហោស្ថាន។
២៩ អ្នកទាំងនេះជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ ព្រះអង្គបាននាំពួកគេចេញមកដោយឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់ និងដោយតេជបារមីរបស់ព្រះអង្គ”»។