៨
ព្រះអម្ចាស់អប់រំអ៊ីស្រាអែលនៅវាលរហោស្ថាន
១ «ចូរកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់អោយអ្នករាល់គ្នា នៅថ្ងៃនេះ ដើម្បីអោយអ្នករាល់គ្នាមានជីវិត កើនចំនួនច្រើនឡើង ហើយកាន់កាប់ទឹកដី ដែលព្រះអម្ចាស់សន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងប្រគល់អោយបុព្វបុរសរបស់អ្នករាល់គ្នា។
២ ចូរនឹកចាំថាព្រះអម្ចាស់ ជាព្រះរបស់អ្នក បានអោយអ្នកធ្វើដំណើរកាត់វាលរហោស្ថាននេះ អស់រយៈពេលសែសិបឆ្នាំ ដើម្បីអោយអ្នកស្គាល់ទុក្ខលំបាក។ ព្រះអង្គល្បងលអ្នក ចង់ដឹងថា តើអ្នកមានចិត្តដូចម្ដេច ហើយអ្នកកាន់តាមបទបញ្ជារបស់ព្រះអង្គ ឬយ៉ាងណា។
៣ ព្រះអង្គបានអោយអ្នកជួបទុក្ខលំបាក និងការអត់ឃ្លាន ព្រះអង្គប្រទាននំម៉ាណាអោយអ្នកបរិភោគ គឺជាអាហារដែលអ្នក និងដូនតារបស់អ្នក ពុំធ្លាប់ស្គាល់។ ធ្វើដូច្នេះ ព្រះអង្គប្រៀនប្រដៅអោយអ្នកដឹងថា មនុស្សមិនមែនរស់ដោយអាហារប៉ុណ្ណោះទេ តែមនុស្សរស់ដោយសារព្រះបន្ទូលទាំងប៉ុន្មាន ដែលចេញមកពីព្រះឱស្ឋរបស់ព្រះអម្ចាស់។
៤ ក្នុងអំឡុងពេលសែសិបឆ្នាំនេះ សម្លៀកបំពាក់របស់អ្នកមិនដែលសឹក ហើយជើងរបស់អ្នកក៏មិនដែលហើមដែរ។
៥ ចូរទទួលស្គាល់ថា ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានអប់រំអ្នកដូចឪពុកអប់រំកូន។
៦ ចូរកាន់តាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក ហើយដើរតាមមាគ៌ារបស់ព្រះអង្គ និងគោរពកោតខ្លាចព្រះអង្គ»។
ការល្បួងផ្សេងៗនៅក្នុងទឹកដីសន្យា
៧ «ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងនាំអ្នកចូលទៅក្នុងស្រុកដ៏ល្អ ជាស្រុកសម្បូណ៌ស្ទឹង អណ្ដូង និងប្រភពទឹក ដែលហូរចេញមកស្រោចស្រពតាមវាល និងតាមភ្នំ។
៨ ស្រុកនោះក៏សម្បូណ៌ស្រូវ ពោត ទំពាំងបាយជូរ ឧទុម្ពរ និងទទឹម ព្រមទាំងដើមអូលីវ និងទឹកឃ្មុំ។
៩ នៅស្រុកនោះ អ្នកនឹងមានអាហារបរិបូណ៌ ឥតខ្វះខាតអ្វីឡើយ។ ស្រុកនោះសម្បូណ៌ដែកនៅក្នុងថ្ម ហើយមានរ៉ែស្ពាន់នៅតាមភ្នំ។
១០ ពេលអ្នកមានអាហារបរិភោគគ្រប់គ្រាន់ហើយ ចូរអរព្រះគុណព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលបានប្រទានស្រុកនេះអោយអ្នក។
១១ ចូរប្រយ័ត្ន ក្រែងអ្នកភ្លេចព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយលែងកាន់តាមបទបញ្ជា វិន័យ និងច្បាប់របស់ព្រះអង្គ ដែលខ្ញុំប្រគល់អោយអ្នកនៅថ្ងៃនេះ។
១២ ពេលអ្នកមានអាហារបរិភោគគ្រប់គ្រាន់ ពេលអ្នកសង់ផ្ទះស្អាតៗធ្វើជាលំនៅដ្ឋាន
១៣ ពេលអ្នកមានហ្វូងគោ ហ្វូងចៀម មាសប្រាក់ និងអ្វីៗទាំងអស់យ៉ាងច្រើន
១៤ ចូរប្រយ័ត្នក្រែងលោអ្នកមានចិត្តអួតអាង ហើយភ្លេចព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញមកពីស្រុកអេស៊ីប ជាកន្លែងដែលអ្នកធ្វើជាទាសករ។
១៥ ព្រះអង្គបានអោយអ្នកធ្វើដំណើរក្នុងវាលរហោស្ថានដ៏ធំធេង គួរអោយស្ញែងខ្លាច ជាកន្លែងសម្បូណ៌ដោយពស់ភ្លើង និងខ្យាដំរី ជាវាលហួតហែង គ្មានទឹកទាល់តែសោះ។ ព្រះអង្គធ្វើអោយមានទឹកហូរចេញពីថ្មដ៏រឹងបំផុត សំរាប់អ្នក។
១៦ ព្រះអង្គប្រទាននំម៉ាណាអោយអ្នកបរិភោគ ជាអាហារដែលដូនតារបស់អ្នកពុំធ្លាប់ស្គាល់។ ព្រះអង្គធ្វើអោយអ្នកជួបទុក្ខលំបាក និងល្បងលអ្នកដូច្នេះ ដើម្បីប្រទានពរអ្នកនៅពេលក្រោយ។
១៧ មិនត្រូវគិតថា អ្នកមានសម្បត្តិដោយសារកម្លាំង និងស្នាដៃរបស់អ្នកផ្ទាល់។
១៨ ចូរនឹកចាំពីព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលប្រទានអោយអ្នកមានកម្លាំង ប្រមូលបានសម្បត្តិ ដើម្បីបញ្ជាក់សម្ពន្ធមេត្រី* ដែលព្រះអង្គបានចងជាមួយបុព្វបុរសរបស់អ្នក ដូចព្រះអង្គធ្វើនៅថ្ងៃនេះស្រាប់។
១៩ ប្រសិនបើអ្នកបំភ្លេចព្រះអម្ចាស់ ជាព្រះរបស់អ្នក ទៅជំពាក់ចិត្តនឹងព្រះដទៃ ប្រសិនបើអ្នកគោរពបំរើ និងថ្វាយបង្គំព្រះទាំងនោះ ខ្ញុំសូមប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់នៅថ្ងៃនេះថា អ្នករាល់គ្នាមុខជាវិនាសសូន្យពុំខាន។
២០ ពិតមែនហើយ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាទេ អ្នករាល់គ្នានឹងត្រូវវិនាសដូចប្រជាជាតិនានា ដែលព្រះអង្គបានធ្វើអោយវិនាសសូន្យ បាត់ពីមុខអ្នករាល់គ្នាដែរ»។